Monday, 6 February 2012

រដ្ឋាភិបាល​គួរ​រៀន​សូត្រ​បទ​ពិសោធ​នៃ​ការ​បណ្តេញ​ចេញ


លោក​និពន្ធ​នាយក​ជាទី​គោរព​រាប់​អាន!
 
តាម ការ​ពិនិត្យ​សង្កេត​របស់​ខ្ញុំ  មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​ បាន​ចុះ​ផ្សាយ​យ៉ាង​ព្រោង​ព្រាត​ ស្ទើរ​តែ​ពេញ​សប្តាហ៍​ទីមួយ​ នៃ​ខែ​មករា​នេះ  អំពី​ហេតុការណ៍​នៃ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ និង​អំពើ​ហិង្សា​ រវាង​អាជ្ញាធរ​មាន​សមត្ថកិច្ច​កម្ពុជា  និង​អតីត​ប្រជា​ពលរដ្ឋ​រស់​នៅ​ប្លុក​បុរី​កីឡា​។ ជាពិ​សេស​សារ​ព័ត៌​មាន​ភ្នំពេញ​បុស្តិ៍ ច្បាប់​ចេញ​ផ្សាយ​ថ្ងៃ​ទី ៥ ខែ មករា ឆ្នាំ ២០១២ ក្រោម​ចំណង​ជើង​ថា ( អ្នក​បុរី​កីឡា ២០០ គ្រួសារ​ត្រូវ​បាន​ជម្លៀស​ទៅ​ទីតាំង​ថ្មី ខណៈ​អ្នក​ខ្លះ​ទៀត​នាំ​ចូល​តុលាការ​) និង​ច្បាប់​ចេញ​ផ្សាយ​ថ្ងៃ​ទី ៦ ខែ មករា ឆ្នាំ ២០១២ ក្រោម​ចំណង​ជើងថា (អ្នក​បុរី​កីឡា សុំ​អន្តរាគមន៍​ពី​ទូត​មហា​អំណាច​)។

ក្រោយ​ពី​បាន​អាន​អត្ថបទ​ទាំង​ ពីនេះ​ហើយ ខ្ញុំ​មាន​អារម្មណ៍​អាណិត​អាសូរ​ជា​ពន់ពេក ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ទាំង​អស់ រួម​ទាំង​អ្នក​រង​របួស និង​អ្នក​ដែល​ត្រូវ​បាន​តុលាការ​កាត់​ទោស ជា​ពិសេស ​នោះ គឺ​ក្រុម​កុមារា-កុមារី។ ជា​ការ​កត់​សម្គាល់​របស់​ខ្ញុំ​ក្រោយ​ហេតុ​ការណ៍​នេះ  ខ្ញុំ​មាន​ទស្សន​ប្រហាក់​ប្រហែល​នឹង​បញ្ញា​វ័ន្ត​ខ្មែរ  អ្នក​នយោបាយ​ខ្មែរ និង​សង្គម​ស៊ីវិល​ជាតិ​ និង​អន្តរជាតិ​មួយ​ចំនួន ដែល​ពួក​គេ​បាន​សម្តែង​នូវ​ការ​ព្រួយ​បារម្ភ​ចំពោះ​ចំណាត់​ការ​របស់​ រដ្ឋាភិបាល ក្នុង​ការ​បណ្តេញ​ចេញ​ដោយ​អំពើ​ហិង្សា​នេះ។

ជា​ការ​ពិត ខ្ញុំ​ទទួល​ស្គាល់​ថា រាល់​ការ​អភិវឌ្ឍ​ទាំង​អស់​នៅ​លើ​ពិភពលោក​យើង​នេះ តែង​តែ​មាន​ផល​ប៉ះ​ពាល់ និង​ការ​ប៉ះ​ទង្គិច​ដោយ​ចៀស​មិន​រួច​រវាង​អាជ្ញាធរ​រដ្ឋាភិបាល និង​ប្រជា​ពលរដ្ឋ​មូលដ្ឋាន​។ តាម​រយៈ​នយោបាយ ឯកជន​ភាវូបនីយកម្ម ឬ សេដ្ឋកិច្ច​ទីផ្សារ​សេរី ប្រទេស​កម្ពុជា បាន​នឹង​កំពុង​តែ​ខិតខំ​ប្រឹងប្រែង​យ៉ាង​សកម្ម​ ក្នុង​ការ​អភិវឌ្ឍ សំណង់​អគារ​សាធារណៈ ​និង​ឯកជន ព្រម​ទាំង​ហេដ្ឋារចនា​សម្ព័ន្ធ​ជាតិ​ជា​ច្រើន​កន្លែង ពាស​ពេញ​ផ្ទៃ​ប្រទេស​។ នៅ​ក្នុង​បរិបទ​នេះ តើ​រដ្ឋាភិបាល​គួរ​មាន​យន្ត​ការ ឬ​គោល​នយោបាយ​ឈ្នះ ឈ្នះ អ្វី​ខ្លះ ដើម្បី​ផ្តល់​អោយ​តួអង្គ ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​អធិករណ៍​នេះ អាច​ទទួល​យក​បាន​ដោយ​ការ​ពេញ​ចិត្ត​ពេញ​ថ្លើម​?

ចម្លើយ ​ចំពោះ​សំណួរ​នេះ​ គឺ​រដ្ឋាភិបាល គួរ​ពិចារណា​ឡើង​វិញ ពី​បទពិសោធ​ដ៏​ជូរ​ចត់​នា​ពេល​អតីត​កាល និង​គួរ​រៀន​សូត្រ​អំពី​បទពិសោធ​ល្អៗ នៃ​បណ្តា​ប្រទេស​ជិត​ខាង​របស់​យើង។ តើ​បទ​ពិសោធ​ជូរចត់​ជា​អ្វី? វា​សំដៅ​ទៅ​លើ​រាល់​សកម្មភាព ឬ​ចំណាត់​ការ​ប្រកប​ដោយ​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​ប៉ះពាល់​ដល់​សិទ្ធិ​មនុស្ស ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​។ តើ​វា​ផ្តល់​ផល​វិបាក​អ្វីខ្លះ​ដល់​សង្គម​ជាតិ​យើង? វា​បាន​ប៉ះពាល់​យ៉ាង​ដំណំ ដល់​កិត្តិសព្ទ​ជាតិ​យើង​ នៅ​លើ​ឆាក​អន្តរជាតិ​ និង​ផ្តល់​ឱកាស​អោយ​បណ្តា​ប្រទេស​មហា​អំណាច​មួយ​ចំនួន ដាក់​គំនាប ឬ​ជ្រៀត​ជ្រែក​មក​លើ​អធិបតេយ្យ​ភាព​ជាតិ​យើង។ តួ​យ៉ាង តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​ ធ្វើ​អោយ​សាធារណៈ​មតិ​អន្តរ​ជាតិ វាយតម្លៃ​ពី​ស្ថានភាព​អវិជ្ជាមាន​ទាំង​ឡាយ និង​មាន​ទស្សន​មិន​ល្អ​មក​លើ​កម្ពុជា។ ជាង​នេះ​ទៀត ខ្មែរ​យើង​នៅ​ពេល​ដែល​មាន​វិវាទ​ដោះ​ស្រាយ​ជាមួយ​គ្នា​មិន​ចេញ​លទ្ធផល យើង​តែង​តែ​រត់​ទៅ​រក​កិច្ច​អន្តរាគមន៍​ពី​ជន​បរទេស​ជាក់​ស្តែង​ដូច​ជា អ្នក​បុរី​កីឡា​ជាដើម​។

ទង្វើ​នេះ បាន​ធ្វើ​អោយ​បរទេស​មើល​ងាយ និង​អាច​ធ្វើ​អោយ​ប៉ះពាល់​ដល់​មោទនភាព​របស់​ជាតិ​យើង។ តើ​យើង​គួរ​រៀន​សូត្រ​បទ​ពិសោធ​ពី​បណ្តា​ប្រទេស​ជិត​ខាង​របស់​យើង​អ្វី​ ខ្លះ? ករណី​ដូច​ជា​នៅ​ប្រទេស ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង សិង្ហបុរី មុន​នឹង​រដ្ឋាភិបាល​សម្រេច​បណ្តេញ​ប្រជា​ពលរដ្ឋ​ចេញ​ពី​តំបន់​ដែល​ពួក​គេ​ រស់​នៅ ដើម្បី​ធ្វើការ​អភិវឌ្ឍ អ្វី​មួយ គេ​បាន​រៀប​ចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ទីតាំង​ថ្មី​រួច​ជា​ស្រេច ដូច​ជា​សាលា​រៀន​ មន្ទីរ​ពេទ្យ ផ្លូវ​ថ្នល់ ទីអារាម ទឹក ភ្លើង អគារ​រស់​នៅ ដើម្បី​អោយ​ប្រជាជន​ប្តូរ​ទៅ​កាន់​ទីតាំង​ថ្មី​នេះ។ លើស​ពី​នេះ​ទៅ​ទៀត គេ​បាន​ធ្វើ​គោល​នយោបាយ និង​ប៉ះប៉ូវ​សំណង​ផ្លូវ​ច្បាប់​សមស្រប ដល់​ប្រជាជន​របស់​គេ ដើម្បី​ចៀស​វាង​អធិករណ៍ ជាយ​ថាហេតុ​ណា​មួយ​កើត​ឡើង​។ តើ​កម្ពុជា​យើង​អាច​ធ្វើ​បាន​ដែរ​ឬទេ? ចំណុច​សំខាន់​គឺ​ឆន្ទៈ​នយោបាយ។
សរុប​សេក្តី​មក រដ្ឋាភិបាល​ គួរ​តែ​ពិចារណា​ឡើង​វិញ​ ចំពោះ​មេរៀន​ពី​អតីត​កាល និង​ខិតខំ​រិះរក​ដំណោះស្រាយ​នយោបាយ​ឈ្នះៗ ដើម្បី​ផល​ប្រយោជន៍​ជាតិ និង​ប្រជាជន​របស់​ខ្លួន។ ប្រជាជន​កម្ពុជា​បាន​ឆ្លង​កាត់​សោដ​នាដកម្ម​នៃ​ភ្លើង​សង្រ្គាម និង​អស្ថិរភាព​នយោបាយ​អស់​ជាច្រើន​ទសសវត្សរ៍​កន្លង​មក​ហើយ ដូច​នេះ ពួក​គេ​គួរ​តែ​រស់​នៅ​អោយ​បាន​សម​សួន​ថ្លៃថ្នូរ​ ក្នុង​ឋានៈ​ជា​ប្រជាជន​មួយ​ដែល​ធ្លាប់​មាន​អារ្យធម៌​រុងរឿង​នា​សម័យ អង្គរ​ដ៏​បវរ​របស់​យើង។ រដ្ឋាភិបាល​គួរ​តែ​ពិចារណា​ផង​ដែរ​ នូវ​អនុសាសន៍​ល្អ​ៗ ពី​សំណាក់​សង្គម​ស៊ីវិល និង​ឥស្សរជន​នយោបាយ​ផ្សេងៗ។

ខ្ញុំ​មាន​សេចក្តី​សង្ឃឹម​យ៉ាង​មុតមាំ ទៅ​លើ​កម្មវិធី​នយោបាយ​របស់​រដ្ឋាភិបាល​។ ខ្ញុំ​ជឿជាក់​ថា ឆ្នាំ​ថ្មី​នេះ រដ្ឋាភិបាល​នឹង​ធ្វើ​កំណែ​ទម្រង់​គោល​នយោបាយ​បន្ថែម​ទៀត ដែល​ផ្តល់​ឧត្តម​ប្រយោជន៍​ដល់​ជាតិ និង​ប្រជាជន​កម្ពុជា​ទាំង​អស់ ឲ្យ​ស័ក្តិសម​ជា​ប្រទេស​កំពុង​បន្ត​ដំណែង ក្នុង​ឋានៈ​ជា​ប្រធាន​សមាគម​ប្រជា​ជាតិ​អាស៊ី​អាគ្នេយ៍៕​

សូម​លោក​និពន្ធ​នាយក មេត្តា​ទទួល​នូវ​ការ​គោរព​រាប់អាន​អំពី​ខ្ញុំ។
សំ រ៉ានី បេក្ខជន​បណ្ឌិត នៃ​សាកល​វិទ្យាល័យ​វិទ្យាសាស្រ្ត​ម៉ាឡេស៊ី (USM)
http://www.postkhmer.com/index.php?option=com_content&view=article&id=71287:2012-01-09-21-26-29&catid=23:letter-to-editor&Itemid=85

No comments:

Enhancing Loan Payment Efficiency Through Mobile App Technology Utilization in the Banking Sector of Battambang City, Cambodia

Enhancing Loan Payment Efficiency Through Mobile App Technology Utilization in the Banking Sector of Battambang City, Cambodia : In the cont...