Friday, 29 June 2012

ក្រសួង​សេដ្ឋកិច្ច៖​ក្រុមហ៊ុន​ផ្ទះ​ល្វែង​ចំនួន​១៧​គ្មាន​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម

2012-06-28
ក្រុម​ការងារ​អន្តរ​ក្រសួង ដើម្បី​គ្រប់​គ្រង​អាជីវកម្ម​អភិវឌ្ឍន៍​អចលនវត្ថុ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រំលឹក​ប្រជាពលរដ្ឋ​ឲ្យ​បាន​ជ្រាប​ថា សព្វ​ថ្ងៃ​នេះ​មាន​ក្រុមហ៊ុន​ផ្ទះ​ល្វែង ឬ​បុរី​ចំនួន​១៧ សាងសង់​គ្មាន​អាជ្ញាប័ណ្ណ​ពី​ស្ថាប័ន​ជំនាញ​ទេ

សេចក្តី​ជូន​ដំណឹង ចុះ​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០១២ របស់​ក្រសួង​សេដ្ឋកិច្ច​បាន​បង្ហាញ​ឈ្មោះ​ក្រុមហ៊ុន​ទាំង​១៧ សង់​គ្មាន​អាជ្ញាប័ណ្ណ​ រួម​មាន បុរី រុងរឿង Luxurious Apartment 240 បុរី អាកាសចរណ៍ សំណង់​ផ្ទះ​ល្វែង ម៉ៅ យឹម សំណង់​ផ្ទះ​ល្វែង តុល លន បុរី មនោរម្យ (ឫស្សីកែវ) បុរី សូនី បុរី កាំង ម៉េង Hawaii Apartment & Resort បុរី ពោធិចិនតុង បុរី ភូមិ​ខ្ញុំ បុរី​សែន​មនោរម្យ បុរី ទំនើប​ឡូស៊ីផេង បុរី វាលស្បូវ បុរី New York City ក្រុមហ៊ុន​ផ្ទះ​ល្វែង កូឡុន កម្ពុជា និង​សំណង់​ផ្ទះ​ល្វែង​រុក្ខជាតិ​បៃតង

មន្ត្រី​ជំនាញ​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ទាំង​១៧ នេះ កំពុង​លក់​លំនៅឋាន​របស់​ខ្លួន គ្មាន​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម​អភិវឌ្ឍន៍​អចលនវត្ថុ ពី​ក្រសួង​សេដ្ឋកិច្ច ឲ្យ​ស្រប​តាម​ប្រកាស​ចុះ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០០៩ ស្តី​ពី​ការ​គ្រប់​គ្រង​អាជីវកម្ម​អភិវឌ្ឍន៍​អចលនវត្ថុ​នោះ​ទេ។
ទោះ​ក្រសួង​សេដ្ឋកិច្ច​បាន​បញ្ចេញ​ឈ្មោះ​ក្រុមហ៊ុន បុរី ឬ​ផ្ទះ​ល្វែង​គ្មាន​ច្បាប់ និង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រយ័ត្ន​ប្រយែង​ក្នុង​ការ​ទិញ​ផ្ទះ​ក្តី ក៏​ប៉ុន្តែ​ត្រូវ​បាន​សមាជិក​សភា​បក្ស​ប្រឆាំង និង​មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​ធ្ងន់ធ្ងរ​ទៅ​វិញ។

លោក យ៉ែម បុញ្ញប្ញទ្ធិ អគ្គលេខាធិការ និង​ជា​សមាជិក​សភា​គណបក្ស សិទ្ធិ​មនុស្ស នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១២ លោក​បាន​ចាត់​ទុក​ការ​គ្រប់​គ្រង់​របស់​ក្រសួង​ពាក់ព័ន្ធ​ទៅ​លើ​ក្រុមហ៊ុន​ សំណង់​ផ្ទះ​ល្វែង ឬ​បុរី ថា មាន​ភាព​អន់​ខ្សោយ និង​មិន​ទទួល​ខុស​ត្រូវ។

លោក​ថា ក្រសួង​ជំនាញ​គួរ​ជា​អ្នក​ទទួល​ខុស​ត្រូវ ឬ​ការពារ​សុវត្ថិភាព​ផ្នែក​ច្បាប់​ជូន​ពលរដ្ឋ មិន​មែន​ពលរដ្ឋ​រង​គ្រោះ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ទេ ព្រោះ​រដ្ឋាភិបាល ឬ​ក្រសួង​ជំនាញ​ជា​អ្នក​អនុញ្ញាតិ​ឲ្យ​ក្រុមហ៊ុន​ផ្ទះ​ល្វែង ឬ​បុរី​សង់​សំណង់​គ្មាន​ច្បាប់ ប៉ុន្តែ​គ្មាន​វិធានការ​ទប់​ស្កាត់​ទៅ​វិញ។

លោក យ៉ែម បុញ្ញប្ញទ្ធិ៖ «ពេល​សំណង់​សង់​ហើយ ប្រជាពលរដ្ឋ​ទិញ​ហើយ ទើប​ប្រកាស​បែប​នេះ​ទៅ​វិញ។ ដូច្នេះ អ្នក​ដែល​រង​គ្រោះ គឺ​ប្រជាពលរដ្ឋ ដោយ​សារ​លោក​មិន​បាន​ដឹង ហើយ​ផ្ទះ​អាច​មាន​គ្រោះថ្នាក់​ទៅ​ថ្ងៃ​អនាគត ដោយ​សារ​គ្មាន​ការ​ធានា​រ៉ាប់រង​ច្បាស់​លាស់ ខាត​បង់​ច្រើន​ណាស់។ ការ​ប្រឈម​មួយ​ទៀត គឺ​ការ​ខាត​បង់​ថវិកា​របស់​ប្រជាពលរដ្ឋ​នេះ ជា​រឿង​មួយ​ដ៏​ធ្ងន់ធ្ងរ​បំផុត។ ខ្ញុំ​យល់​ថា ការ​គ្រប់​គ្រង​បែប​នេះ​មាន​ផល​វិបាក​ដល់​សង្គម​ធ្ងន់ធ្ងរ​មែន​ទែន»

មិន​ខុស​គ្នា​ទេ សម្រាប់​មន្ត្រី​សង្គម​ស៊ីវិល ក៏​បាន​រិះគន់​របៀប​គ្រប់​គ្រង​របស់​ថ្នាក់​ដឹកនាំ​ក្រសួង​ជំនាញ នៃ​រាជ​រដ្ឋាភិបាល ជុំវិញ​ការ​អនុញ្ញាតិ​ឲ្យ​សំណង់​ផ្ទះ​ល្វែង ឬ​បុរី សាងសង់​គ្មាន​ច្បាប់។
លោក សន ជ័យ ជា​មន្ត្រី​សម្រប​សម្រួល​បណ្ដាញ​រួប​រួម ដើម្បី​គណនេយ្យ​ភាព​សង្គម ប្រចាំ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក។ លោក​ថ្លែង​ថា ការ​អនុញ្ញាតិ​ឲ្យ​ក្រុមហ៊ុន​ផ្ទះ​ល្វែង ឬ​បុរី រក​ស៊ី​ខុស​ច្បាប់ និង​ប្រាស់​ប្រជាពលរដ្ឋ​ស្ថាប័ន​ជំនាញ​ជា​អ្នក​ទទួល​ខុស​ត្រូវ។

លោក សន ជ័យ៖ «យើង​ចង់​ឲ្យ​រដ្ឋាភិបាល​បំពេញ​តួនាទី​ឲ្យ​បាន​គ្រប់​ ជ្រុង​ជ្រោយ។ ផ្ទះ​ដែល​បាន​ទិញ​ហើយ រដ្ឋាភិបាល​ត្រូវ​តែ​បំពេញ​ភាព​ស្រប​ច្បាប់​របស់​ខ្លួន​ឲ្យ​បាន​ត្រឹម​ ត្រូវ។ ពិសេស​ក្រសួង​រៀបចំ​ដែនដី ឲ្យ​មាន​វិធានការ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​តាម​គ្រប់​មធ្យោបាយ ដើម្បី​ឲ្យ​សំណង់​ស្រប​ច្បាប់​ជូន​ពលរដ្ឋ។ បើ​មិន​ដូច្នេះ​ទេ អ្នក​ដែល​រងគ្រោះ គឺ​ប្រជាពលរដ្ឋ ហើយ​អ្នក​ដែល​កេង​ចំណេញ​ពី​ផល​ប្រយោជន៍​នៃ​ការ​លក់​អាគារ គឺ​ក្រុមហ៊ុន ហើយ​អ្នក​ដែល​ត្រូវ​ទទួល​រង​ការ​ស្តី​បន្ទោស គឺ​រដ្ឋាភិបាល​ទៅ​វិញ​ទេ»

ទោះ​យ៉ាង​ណា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ដាស់​ស្មារតី​ដល់​សាធារណជន មិន​គួរ​គប្បី​ទិញ​លំនៅឋាន​ខុស​ច្បាប់ ក្នុង​គម្រោង​ក្រុមហ៊ុន​ចំនួន​១៧ ដែល​ក្រសួង​បាន​ជូន​ដំណឹង​នេះ​ទេ ដរាប​ណា​ម្ចាស់​ក្រុមហ៊ុន​មិន​ទាន់​សង់​រួច ឬ​គ្មាន​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​អភិវឌ្ឍន៍​អចលនវត្ថុ ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នោះ៕

No comments:

Enhancing Loan Payment Efficiency Through Mobile App Technology Utilization in the Banking Sector of Battambang City, Cambodia

Enhancing Loan Payment Efficiency Through Mobile App Technology Utilization in the Banking Sector of Battambang City, Cambodia : In the cont...