Friday 6 July 2012

ញឹក ប៊ុនឆៃ បន្ទោស​រណឫទ្ធិ​ចំពោះ​ព្រឹត្តិការណ៍​៥-៦​កក្កដា


06 July 2012 មាស សុខជា

ភ្នំពេញៈ លោក ញឹក ប៊ុនឆៃ ប្រធាន​ប្រតិបតិ្ត​ គណបក្ស​ហ៊្វុនស៊ិនប៉ិច​បច្ចុប្បន្ន បាន​បន្ទោស​និង​ទម្លាក់​កំហុស​ ទៅ​លើ​ព្រះអង្គ​ម្ចាស់​នរោត្តម រណាឫទ្ធិ ចំពោះ​ការ​កើត​មាន​ព្រឹត្តិការណ៍​ផ្ទុះ​អាវុធ​ដ៏​បង្ហូរ​ឈាម នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី ៥-៦ កក្កដា កាល​ពី ១៦ ឆ្នាំ​មុន​។

កាល ​ពី​ថ្ងៃ​ទី​ ៥-៦ កក្កដា ឆ្នាំ ១៩៩៧ មាន​ការ​ផ្ទុះ​អាវុធ​ដ៏​បង្ហូរ​ឈាម​មួយ នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ ដែល​អ្នក​ខ្លះ​ហៅ​ថាជា​«រដ្ឋ​ប្រហារ» រវាង​កង​កម្លាំង​ ដែល​ស្មោះ​ត្រង់​នឹង​ព្រះអង្គ​ម្ចាស់​នរោត្តម រណឫទ្ធិ ដែល​កាល​នោះ​ជា​នាយក​រដ្ឋ​មន្ត្រី​ទី ១ និង​កង​កម្លាំង​ដែល​ស្មោះត្រង់ និង​លោក​ហ៊ុន សែន ដែល​កាល​នោះ​ជា​នាយក​រដ្ឋ​មន្ត្រី​ទី ២។ ការ​ផ្ទុះ​អាវុធ ដែល​មាន​ការ​បាញ់​​ផ្លោង​កាំភ្លើង​ធំ និង​ប្រើ​កង​រថ​ក្រោះ នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ ដែល​មាន​មនុស្ស​ច្រើន​កុះករ​នោះ ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ធ្វើ​ឲ្យ​កង​កម្លាំង​ និង​មន្ត្រី​ដែល​ស្មោះត្រង់ ​នឹង​ព្រះ​អង្គ​ម្ចាស់​នរោត្តម រណឫទ្ធិ យ៉ាង​ហោច​ណាស់ ជាង ១០០ នាក់ ត្រូវ​បាន​គេ​សម្លាប់ ទាំង​នៅ​ក្នុង​ព្រឹត្តិការណ៍​និង​នៅ​ក្រោយ​ព្រឹត្តិការណ៍។ 

ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ មិន​ត្រឹម​តែ​មិន​មាន​នរណា​ម្នាក់ ឬ​ក្រុម​ណា​មួយ ​ត្រូវ​បាន​គេ​នាំ​យក​ទៅ​ផ្តន្ទាទោស​ ប៉ុណ្ណោះ​ទេ ថែម​ទាំង​អ្នក​ដែល​គេ​មើល​ឃើញ​ថា មាន​ចំណែក​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ ហាក់​បី​ដូច​ជា​បាន​នាំ​គ្នា​បំភ្លេច​ពី​ព្រឹត្តិការណ៍​នេះ​ទៅ​វិញ​។ នៅ​ក្នុង​សន្និសីទ​កាសែត​ដ៏​កម្រ​មួយ កាល​ពី​ម្សិលមិញ លោក ញឹក ប៊ុនឆៃ អតីត​មេទ័ព​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​បច្ចុប្បន្ន បាន​ថ្លែង​ថា ការ​ផ្ទុះ​អាវុធ ​ថ្ងៃ ៥-៦ កក្កដា ឆ្នាំ ១៩៩៧ ​កើត​ឡើង​ដោយ​សារ​ការ​មិន​ជឿ​ទុក​ចិត្ត​គ្នា​នៅ​ក្នុង​រដ្ឋាភិបាល​ចម្រុះ​។

លោក ញឹក ប៊ុនឆៃ ដែល​ក៏​កាន់​តំណែង​ជា​ឧប​នាយក​រដ្ឋ​មន្ត្រី នៅ​ក្នុង​រដ្ឋាភិបាល​បច្ចុប្បន្ន​ ​ដែល​មាន​សម្ព័ន្ធភាព ស្អិតល្មួត ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ហាក់​បាន​ទម្លាក់​កំហុស​ ទៅ​លើ​ព្រះ​អង្គ​ម្ចាស់ នរោត្តម រណឫទិ្ធ ចំពោះ​ការ​កើត​មាន​ព្រឹត្តិការណ៍ ថ្ងៃ ៥-៦ កក្កដា​។ លោក​បាន​គូស​បញ្ជាក់​ថា​៖ «ព្រះ​អង្គ​ (រណឫទ្ធិ) ចង់​ឲ្យ​កម្លាំង​មាន​តុល្យភាព ជាមួយ​នឹង​កង​កម្លាំង​របស់​គណបក្ស​ ប្រជាជន​កម្ពុជា ខណៈ​ពេល​ដែល​ព្រះ​អង្គ​ធ្វើ​ជា​នាយក​រដ្ឋ​មន្រ្តី​ទី ១ ព្រះ​អង្គ​មាន​កងទ័ព​តែ ២០០០០ នាក់ ហើយ​លោក ហ៊ុន សែន ​នាយក​រដ្ឋ​មន្រ្តី​ទី ២ មាន​កង​ទ័ព​រហូត​ដល់​ ១១០០០០ នាក់​។

លោក ញឹក ប៊ុនឆៃ បាន​លើក​ឡើង​ដូច្នេះ​ថា៖ «​សម្តេច​ក្រុម​ព្រះ ​បាន​នាំ​អាវុធ​ចូល​មក [កម្ពុជា]។ ព្រះ​អង្គ បាន​បញ្ជា​ខ្ញុំ​ទៅ​ជួប​លោក ខៀវ សំផន មេ​ដឹក​នាំ​ខ្មែរ​ក្រហម ចូល​ដោយ​មិន​បាន​ប្រាប់​សម្តេច ហ៊ុន សែន។ ចំណុច​នេះ​ បង្ក​ឲ្យ​មាន​ភាព​មិន​ប្រាកដ​ប្រជា ក្នុង​រដ្ឋាភិបាល​ចម្រុះ»។ លោក​បាន​បន្ថែម​ថា៖ «​សម្តេច ហ៊ុន​ សែន បាន​ស្នើ​ជួប​សម្តេច​ក្រុម​ព្រះ ដើម្បី​ពិភាក្សា​ ពី​បញ្ហា​ទាំង​នេះ ប៉ុន្តែ​សម្តេច​ក្រុម​ព្រះ​មិន​ព្រម ហើយ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​។ នោះ​ហើយ ជា​មូល​ហេតុ បណ្តាល​ឲ្យ​មាន​ព្រឹត្តការណ៍​ថ្ងៃ​ទី ៥‑៦ កក្កដា ឆ្នាំ​១៩៩៧»។ លោក ញឹក ប៊ុនឆៃ បាន​គូស​បញ្ជាក់​ទៀត​ថា៖«សម្តេច​ក្រុម​ព្រះ គួរ​ហ៊ាន​ទទួល​ខុស​ត្រូវ ចំពោះ​មួយ​ផ្នែក​ធំ នៃ​ព្រឹត្តិការណ៍​នេះ»។

បើ​ទោះ​បី​ជា​មាន​ការ​ រិះគន់​ជា​ច្រើន​ថា នៅ​ក្នុង​និង​ក្រោយ​ព្រឹត្តិការណ៍​ដ៏​បង្ហូរ​ឈាម​នោះ មាន​ការ​សម្លាប់​ក្រៅ​ច្បាប់​ ទៅ​លើ​មន្ត្រី​ដែល​ស្មោះត្រង់​នឹង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​រហូត​ដល់​ជាង ​ ១០០ នាក់​ក្តី ក៏លោក ញឹក ប៊ុនឆៃ បាន​លើក​ឡើង​ថា វា​ជា​រឿង​ធម្មតា​ ដែល​ទាហាន​ស្លាប់ ​នៅ​ថ្ងៃ​ទី ៥‑៦ ខែ​កក្កដា ព្រោះ​ភាគី​ទាំង​ពីរ​ បាញ់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ពួក​គេ តែង​តែ​ត្រូវ​បាន​សម្លាប់ ​ដោយ​សារ​គ្រាប់​កាំភ្លើង​ពី​ភាគី​ម្ខាង​ទៀត​ ប៉ុន្តែ លោក​​ក៏​បាន​ទទួល​ស្គាល់​ផង​ដែរ​ថា ទាហាន​ខ្លះ ​ត្រូវ​បាន​សម្លាប់​ក្រោយ​ពី​ចាប់ខ្លួន ដោយសារ​កំហឹង​បុគ្គល ហើយ​ទាហាន​ហ៊្វុនស៊ិនប៉ិច​ដទៃ​ទៀត ដែល​ត្រូវ​បាន​ចាប់​ខ្លួន ត្រូវ​បាន​ដោះ​លែង​ បន្ទាប់​ពី​លោក ហ៊ុន សែន បាន​ដឹង​ពី​បញ្ហា​នេះ។

នៅ ​ពេល​ទាក់ទង​កាល​ពី​ម្សិលមិញ លោក ប៉ែន សង្ហា អ្នក​នាំពាក្យ​គណបក្ស​នរោត្តម រណឫទ្ធិ ​មិន​ចង់​ធ្វើ​អត្ថាធិប្បាយ​ច្រើន​ទេ ដោយ​លោក​គ្រាន់​តែ​និយាយ​ថា អ្វី​ដែល​លោក ញឹក ប៊ុនឆៃ លើក​ឡើង គឺ​គ្រាន់​តែ​ដើម្បី​បុព្វហេតុ​នយោបាយ​ប៉ុណ្ណោះ។ លោក​បាន​បញ្ជាក់​ថា៖ «ប្រជាជន​បាន​ដឹង​ ពី​មូលហេតុ​ចម្បង​ ដែល​ធ្វើ​ឲ្យ​កើត​មាន​ព្រឹត្តិការណ៍​ថ្ងៃ​ទី ៥‑៦ ខែ​កក្កដា។ សម្តេច​ក្រុម​ព្រះ​គ្មាន​ហេតុផល​អ្វី ត្រូវ​បង្កើត​ព្រឹត្តិការណ៍​នេះ​ទេ ព្រោះ​ព្រះ​អង្គ​ជា​អ្នក​ឈ្នះ​ឆ្នោត ហើយ​ព្រះ​អង្គ​សង្ឃឹម​ឈ្នះ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ ១៩៩៨ ទៀត»។

នៅ​ ថ្ងៃ​នេះ​ គណបក្ស សម រង្ស៊ី នឹង​ប្រារព្ធ​ពិធី​រំឭក​ខួប ដល់​ការ​សម្លាប់​កងទ័ព​ហ៊្វុនស៊ិនប៉ិច នៅ​ថ្ងៃ​ទី​ ៥‑៦​ ខែ​កក្កដា ដោយ​ហៅ​ព្រឹត្តិការណ៍​នេះ​ថា​ជា​«រដ្ឋ​ប្រហារ» បង្កើត​ឡើង​ដោយ​លោក​ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​ទី ២ នៅ​ពេល​នោះ។ ​លោកគង់ គាំ ប្រធាន​ស្តីទី គណបក្ស សម រង្ស៊ី បាន​ថ្លែង​ថា៖ «យើង​រៀបចំ​ពិធី​នេះ​ ដើម្បី​គោរព​អ្នក​ដែល​ត្រូវ​បាន​សម្លាប់​ក្នុង​អំពើ​រដ្ឋ​ប្រហារ។ យើង​ហៅ​វា​ជា​រដ្ឋ​ប្រហារ ព្រោះ[​គណបក្ស ប្រជាជន​កម្ពុជា] បាន​បណ្តេញ [​គណបក្ស ហ៊្វុនស៊ិនប៉ិច] ដោយ​អាវុធ និង​សម្លាប់​មនុស្ស​នៅ​ក្រៅ​ប្រព័ន្ធ​តុលាការ។

លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន និង​មន្រ្តី​របស់​លោក តែង​តែ​លើក​ឡើង​ថា ការ​ផ្ទុះ​អាវុធ​ថ្ងៃ ៥‑៦ កក្កដា​១៩៩៧​មិន​មែន​ជា​រដ្ឋ​ប្រហារ​ទេ ប៉ុន្តែ​វា​ជា​ការ​បង្ក្រាប​លើ​កម្លាំង​អនាធិបតេយ្យ​៕ TK

No comments:

Opinion: Confucius Institute Enhances Chinese Language Education, Cultural Exchange in NW Cambodia

  Please read from the Phnom Penh Post Please read from the Cambodianess  Confucius institutes have been playing a vital role in promoting C...