Tuesday 31 July 2012

គុណភាព​អប់រំ​នៅ​កម្ពុជា​ត្រូវតែ​ពង្រឹង!

ទស្សនៈព្រឹត្តិការណ៍សេដ្ឋកិច្ចខ្មែរ

ដោយ គី សុខលីម

ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ប្រទេស​កម្ពុជា​បាន​ផលិត​ធនធាន​មនុស្ស​កាន់តែ​ច្រើន​ឡើងៗ។ ជាក់ស្តែង សាលា​រៀន​ដែល​ជា​ថ្នាល​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​បាន​បើកទ្វារ​កាន់តែ​ ច្រើន​ឡើង​ៗ​ ទាំង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ទាំង​នៅ​តាម​បណ្តា​ខេត្ត​នានា​នៅ​ក្នុង​ប្រទេស។

ក្នុង​មួយ​ឆ្នាំ​ៗ​និសិត្ស​ច្រើន​ពាន់​ម៉ឺន​នាក់​បាន​ចេញ​ពី​សាកល​ វិទ្យាល័យ។ ជាការពិត ជា​រៀងរាល់​ឆ្នាំ​ មាន​និសិ្សត​ច្រើន​ពាន់​នាក់​បាន​បញ្ចប់​ការ​សិក្សា​មែន ​ប៉ុន្តែ​សំណួរ​ដែល​កំពុង​ចោទ​ឡើង​ គឺ​​ទាក់ទង​ទៅ​នឹង​គុណភាព​អប់រំ​ នៅ​ក្នុង​ប្រទេស​ក្រីក្រមួយនេះ។ ប្រសិនបើ​គេ​និយាយ​ក្នុង​ក្របខណ្ឌ​ក្នុង​ប្រទេស ​និង​ផ្អែក​លើហេតុផល​ក្រោយ​របប​ប៉ុលពត​ ជាការ​មិន​អាច​ប្រកែក​បាន​គឺ​ថា គុណភាព​អប់រំ​របស់​កម្ពុជា​មាន​ការ​រីក​ចម្រើន​ទៅ​មុខ​គួរ​សម​មែន ​ប៉ុន្តែ​ប្រសិន​បើ​គេ​ធ្វើ​ការ​ប្រៀបធៀប​គុណភាព​អប់រំ​របស់​កម្ពុជា​ជាមួយ​ ប្រទេស​នៅ​ក្នុង​តំបន់​​ ឬ​ប្រទេស​អភិវឌ្ឍន៍​ធំ​ៗ​វិញ​ វិស័យ​អប់រំ​កម្ពុជា​ស្ថិត​នៅ​ឆ្ងាយ​ដាច់​ពី​គេ​សឹង​ហៅ​មិន​ឮ។
 
តើមូលហេតុអ្វីបានជាវិស័យអប់រំ​​កម្ពុជានៅទន់ខ្សោយ?

មូលហេតុ​មាន​ច្រើន​ ប៉ុន្តែ​ បញ្ហា​ធំ​ៗ​កត់សម្គាល់​​មាន​ដូចជា៖ ទី១ គឺ​ដោយសារ​ប្រាក់​ខែ​គ្រូ​បង្រៀន​នៅ​តាម​សាលា​រដ្ឋ​មាន​ចំនួន​តិចតួច​។ ប្រាក់​ខែ​មិន​អាច​រស់​បាន​ធ្វើ​អោយ​គ្រូ​បង្រៀន​គ្មាន​ចំណង់​នឹង​បង្រៀន​ ឡើយ។

ទី២​៖គឺដោយសារ​គ្រូបង្រៀន​មួយ​ចំនួន​បាត់​បង់​ក្រមសីលធម៌ មានន័យថា ប្រាក់ខែ​រដ្ឋទាប​មែន​ ប៉ុន្តែ​ពួកគេ​អាច​រកក្រៅ​បាន​គួរ​សម​។ រក​កម្រៃ​ក្រៅ​ផ្លូវការ​បាន​ច្រើន​ហើយ​ ប៉ុន្តែ​ពួកគេ​នៅ​តែ​​គ្មាន​ឆន្ទៈ​នឹង​បង្រៀន​ដដែល។ នេះ​គឺ​ដោយសារ​ការ​បាត់បង់​សតិសម្បជញ្ញៈ​ក្នុង​នាម​ជា​អ្នក​បណ្តុះ​បញ្ញា​ ញាណ។

បញ្ហា​ទី៣​ដែល​ទាញ​ទម្លាក់​គុណភាព​អប់រំ​ដែរ​នោះ​ គឺ​គុណភាព​គ្រូ​បង្រៀន​តែ​ម្តង។ គ្រូបង្រៀន​នៅ​តាម​សាលារដ្ឋ​មួយ​ចំនួន​មិន​មែន​ចេញ​មក​ពី​សិស្ស​ឆ្នើម​ ប្រចាំ​សាលា​ទេ។ ដោយសារ​ប្រាក់ខែ​គ្រូ​បង្រៀន​ទាប​ សិស្ស​ឆ្នើម​ភាគ​ច្រើន​មិន​ចង់​ក្លាយ​ខ្លួន​ទៅ​ជា​សាស្រ្តចារ្យ​ឡើយ។

មូលហេតុ​ទី​៤​ដែល​រុញច្រាន​អោយ​គុណភាព​អបរំ​មាន​កម្រិតទាប​ដែរ​នោះ ​គឺ​ដោយសារ​​សាកលវិទ្យាល័យ​មួយ​ចំនួន​គិត​ពី​រឿង​ចំណេញ​ប្រាក់កាស​ច្រើន​ជាង ​គិត​ពី​គុណភាព​សិក្សា។ សាកលវិទ្យាល័យ​ខ្លះ​មិន​ហ៊ាន​រឹត​បន្តឹង​វិន័យ​ខ្លាំង​ទេ​ ពីព្រោះ​ពួកគេ​ខ្លាច​និសិ្សត​មិន​ចុះ​ឈ្មោះ​រៀន​នៅ​ទីនោះ។ ការ​គិត​របៀប​នេះ​វា​នឹង​រុញច្រាន​គុណភាព​អប់រំ​ខ្មែរ​អោយ​ធ្លាក់​ទៅ​រក​ មហន្តរាយ​ថែម​ទៀត។

មូលហេតុ​ចុង​ក្រោយ​ដែល​គ្រោះ​ថ្នាក់​ខ្លាំង​ដែរនោះ ​គឺ​ការ​សូកប៉ាន់​ ដើម្បី​ចៀសវាង​ការ​ប្រឡង​ធ្លាក់​ពី​កម្រិត​មួយ​ទៅ​កម្រិត​មួយ។

អ្នក​តាមដាន​សភាពការណ៍​សង្គម​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ អត្ថាធិប្បាយ​ថា ​រដ្ឋាភិបាល​គួរ​ពិចារណា​បន្ថែម​ទៀត​ពី​រឿង​គុណភាព​អប់រំ​នេះ។ គុណភាព​​មនុស្ស​គឺ​ជា​រឿង​ស្លាប់​រស់​របស់​គ្រួសារ សហគមន៍​ និង​ប្រទេស​ជាតិ។

កាល​ពី​សម័យ​ដើម កុលសម្ព័ន្ធ​នីមួយ​ៗ​វាយ​ប្រហារ​គ្នា​តាម​រយៈកម្លាំង​បាយ ​ដើម្បី​កាន់​កាប់​អំណាច​នៅ​ក្នុង​តំបន់​ណា​មួយ​។ ប៉ុន្តែ​ក្នុង​សម័យ​សតវត្សរ៍​ទី​២១​នេះ សហគមន៍​នីមួយ​ៗ ឬ​ប្រទេស​នី​មួយ​ៗ​លែង​ប្រយុទ្ធ​គ្នា​តាម​កម្លាំង​បាយ​ទៀត​ហើយ។ តែ​ជា​ការ​ប្រយុទ្ធ​គ្នា​ដោយ​ប្រើប្រាស់​បញ្ញា​ញាណ។ តាម​រយៈ​បញ្ញាញាណ​នេះ ប្រទេស​ខ្លះ​ ដូចជា​ ប្រទេស​ជប៉ុន​ជាដើម​​ ធ្លាប់​ក្លាយជា​មហា​អំណាច​សេដ្ឋកិច្ច​ទី​២​ បន្ទាប់​ពី​សហរដ្ឋអាមេរិក​មុន​នឹង​ផ្តល់​តំណែង​នេះ​ទៅ​អោយ​ប្រទេស​ចិន​វិញ។

ឯាកមក​និយាយ​ពី​ប្រទេស​កម្ពុជា​វិញ ប្រសិនបើ​កម្ពុជា​ចង់​ក្លាយ​ទៅ​ជា​ប្រទេស​មហា​អំណាច​ ឬ​ចង់​ក្លាយ​ខ្លួន​ទៅជា​ប្រទេស​មួយ​ដែល​តំបន់​ ឬ​ពិភពល​លោក​ទទួល​ស្គាល់​នោះ ការ​ផលិត​ធនធាន​មនុស្ស​ដែល​មាន​គុណភាព​ខ្ពស់​គឺ​ជា​រឿង​ចាំបាច់​បំផុត។ ជា​ពិសេស​ នៅ​ក្នុង​បរិបទ​ដែល​ប្រទេស​កម្ពុជា​ត្រូវ​ប្រកួត​ប្រជែង​ក្នុង​ក្របខណ្ឌ​ សហគមន៍​អាស៊ាន ​រួម​ជាមួយ​ប្រទេស​ដទៃ​ទៀត​ នៅ​ឆ្នាំ​២០១៥​ខាង​មុខ​នេះ។

សូម​កុំភ្លេច​ថា គ្រួសារ​មួយ សហគមន៍​មួយ ប្រទេស​ជាតិ​មួយ​ ដែល​សម្បូរ​ទៅ​ដោយ​មនុស្ស​មាន​ចំណេះ​ដឹង​​ប្រកប​ដោយ​គុណភាព​ខ្ពស់​ គ្រួសារ​នោះ សហគមន៍​នោះ ប្រទេស​នោះ​ពិតជា​អភិវឌ្ឍ​លឿន​ជាង​គ្រួសារ សហគមន៍ឬ​ប្រទេស​ដែល​មិន​សូវ​មាន​អ្នក​ចេះ​ដឹង​៕

No comments:

Official Resume of H.E. Dr. SAR Sokha, Deputy Prime Minister and Minister (April 2024)

    CURRICULUM VITAE   1.            Surname - Given Name :    SAR SOKHA   7.            FAMILY STATUS: a.        Spouse: KE SOUNSO...