Monday, 23 July 2012

តើ​ទទួល​បាន​ចំណេះ​ដឹង​អ្វីខ្លះ ពី​ការ​អាន​អត្ថបទ​ដែល​និយាយ​ដើម​គេ​និង​បរិហារកេរ្តិ៍​ជីវិត​ឯកជន​របស់​គេ?

ការ​និយាយ​ដើម​គេ មិន​មែន​ជា​វប្បធម៌ អរិយធម៌​ខ្មែរ​ទេ ​តែ​ជា​ទម្លាប់​មិន​ល្អ​របស់​បុគ្គល​មួយ​ចំនួន​ ដែល​ចូល​ចិត្ត​និយាយ​ដើម​គេ ពោល​គឺ​ភាគ​ច្រើន​និយាយ​អាក្រក់​ ពី​បុគ្គល​ឯកជន​ណា​ម្នាក់​។​ សកម្មភាព​នេះ​ហាក់​បី​ដូចជា​គ្មាន​រឿង​អ្វី​ថ្មី​មក​និយាយ​ គឺ​ដើរ​តែ​និយាយ​ជុំៗ​គ្នា ​ឬ​ដើរ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​នាំ​គ្នា​និយាយ​ដើម​គេ ​ហើយ​ពេល​ខ្លះ​ក៏​ឈ្លោះ​ប្រកែក​គ្នា​ដោយ​សារ​តែ​មាត់​ឥតគ​ម្រប​និយាយ​ដើម​គេ ​នោះ​ដែរ​។​ នេះ​ក៏​មក​តែ​ភាគ​ច្រើន​គាត់​អាន កាសែត​ក្នុង​ស្រុក​មួយ​ចំនួន​ដែល​ចូល​ចិត្ត​តែ​និយាយ​ដើម​គេ​ហ្នឹង​។​ តើ​អ្នក​អាន​ទាំង​នោះ​ ទទួល​បាន​ផល​អ្វី​ខ្លះ​ពី​ការ​អាន​កាសែត​បែប​និយាយ​ដើម​គេ និង​បរិហារកេរ្តិ៍​ជីវិត​ឯកជន​របស់​បុគ្គល​ណា​ម្នាក់​នោះ​?

នេះ​មិន​ មែន​ជា​សកម្មភាព​ដែល​ទើប​តែ​កើត​ឡើង​នា​ពេល​បច្ចុប្បន្ន​នោះ​ទេ​ ចំពោះ​កាសែត​ ក៏​ដូចជា​ទស្សនាវដ្តី​ ក្នុង​ស្រុក​មួយ​ចំនួន​ គឺ​ការ​សរសេរ​អត្ថបទ​ហែក​ហួរ​កេរ្តិ៍​ខ្មាស​ពី​បុគ្គល​ណា​ម្នាក់​ ពី​ជីវិត​ឯកជន​របស់​គេ​។​ មាន​តំាង​ពី​បញ្ហា​ផ្លូវ​ភេទ​បី្ត​ប្រពន្ធ​ ឬ​ការ​យក​រូប​អាក្រាត​របស់​ពួក​គេ​មក​ចុះ​ផ្សាយ​ទៀត​ផង​។ ការ​ចុះ​ផ្សាយ​ទាំង​ងងឹត​ងងល់​ ដោយ​មិន​បាន​សម្ភាស ឬក៏​យក​រូប​ភាព​របស់​បុគ្គល​ឯកជន​នៅ​ក្នុង​កន្លែង​ឯកជន​របស់​បុគ្គល​នោះ​ គឺ​ពុំ​មាន​ការ​យល់​ព្រម​នោះ​ទេ។

ឧទាហរណ៍​៖ កាល​ពី​សប្តាហ៍​មុន​នេះ​ មាន​សារ​ព័ត៌មាន​ក្នុង​ស្រុក​មួយ​ដែល​និយម​ផ្សព្វ​ផ្សាយ​ពី​ការ​និយាយ​ដើម​ គេ​ បាន​ចុះ ផ្សាយ​អត្ថបទ​អេចអូច​ និង​អត្ថាធិប្បាយ​បន្ថែម​រិះគន់​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​ស្រ្តី​ម្នាក់​ និង​រូបថត​របស់​ស្រ្តី​នោះ​ទៀត​ ដែល​កំពុង​ចត​រថយន្ត​ឡើង​លើ​ចិញ្ចើម​ផ្លូវ​ក្បែរ​របង​ស្ថានទូត​បារាំង​ ហើយ​បិទ​កញ្ចក់ បញ្ឆេះ​រថយន្ត​បើក​ម៉ាស៊ីន​ត្រជាក់​ ហើយ​ក៏​សម្រាក​នៅ​ក្នុង​រថយន្ត​នោះ​មួយ​ភាំង​​ បែរ​ទៅ​ជា​អ្នក​ការសែត​នេះ ​បាន​ចាប់​យក​រូប​ភាព​មួយ​ទំហឹង​តែ​ម្តង ហើយ​បាន​អត្ថាធិប្បាយ​បែប​របៀប​បៀត​បៀន​កេរ្តិ៍ខ្មាស និង​បៀត​បៀន​ផ្លូវ​ភេទ​ តាំង​ពី​រូប​សម្រស់​រហូត​ដល់​ហ៊ាន​វិនិច្ឆ័យ​ថា​ស្រវឹង​ស្រា​ទៀត​ផង...។

តែ ​តាម​ពិត​នៅ​ក្នុង​អត្ថបទ​នោះ ​អ្នក​យក​ព័ត៌មាន​នោះ​មិន​បាន​សម្ភាស​ជាមួយ​ស្រ្តី​នោះ​ទេ​ និង​ក៏​គ្មាន​ក្លិន​ស្រា​ចេញ​មក​ខាង​ក្រៅ​ឯ​ណា​ដែរ​។​

តើ​ឯណា​ទៅ​ក្រម ​សីលធម៌​របស់​អ្នក​កាសែត​នោះ​?​ ឬ​មួយ​ក៏​អ្នក​កាសែត​នេះ​មិន​ដែល​បាន​ចូល​សាលា ឬ​ក៏​មិន​ដែល​ធ្លាប់​បាន​ចូល​វគ្គ​បណ្តុះ​បណ្តាល​វិជ្ជាជីវ​សារព័ត៌​មាន​ ហ្នឹង​គេ​ទេ គ្រាន់​តែ​ចេះ​សរសេរ​កំណត់​ហេតុ​ ហើយ​បន្ថែម​បន្ថយ​ពាក្យ​សម្តី​ដោយ​ខ្លួន​ឯង​? ហើយ​ហេតុ​អ្វី​បាន​ជា​នាយក​និពន្ធ​កាសែត​នោះ ដាក់​ទំាង​អត្ថបទ និង​រូបភាព​ស្ត្រី​នេះ​នៅ​ទំព័រ​មុខ​កាសែត​របស់​ខ្លួន​ទៀត​ទាំង​ងងើល​?​ ហ្នឹង​ហើយ​គេ​ហៅថា​អ្នក​កាសែត​ជើង​ចាស់​ដែល​ល្បី​ថា​ពូកែៗ​នោះ ពូកែ​ពេក​ទៅ​រហូត​ដល់​មើល​ឃើញ​ថា​យក​តែ​ម្តង​។​ ឬមួយ​ក៏​អាង​ថា​ខ្លួន​ឯង​ជា​អ្នក​កាសែត​ចង់​សរសេរ​អាក្រក់​ពី​នរណា​ក៏​ចេះ​ តែ​សរសេរ​ទៅ​នោះ ​ដើម្បី​ធ្វើ​យ៉ាង​ណា​​បំពុល​អ្នក​អាន ឲ្យ​ពុល​តាម​ដែល​យក​មក​និយាយ​ដើម​គេតៗ​គ្នា? តើ​អ្នក​អាន​អត្ថបទ​បែប​ហ្នឹង​ ទទួល​បាន​ចំណេះ​ដឹង​អ្វី​ខ្លះ​ពី​ការ​អភិវឌ្ឍ​ខ្លួន​នោះ​? ចំណុច​នេះ​ម្ចាស់​អត្ថបទ​ត្រូវ​តែ​ពិចារណា​ឡើង​វិញ អ្វី​ដែល​ហៅ​ថា​អត្ថបទ​?​ វិចារណក​ថា​?​ ការ​វិភាគ​?​ និង​អ្វី​ដែល​ហៅ​ថា​បុគ្គល​សាធារណៈ​? បុគ្គល​ជីវិត​ឯកជន​?

ចុះ​បើ​ ស្រ្តី​នោះ ត្រូវ​ជា​ប្រពន្ធ​ ឬ​ក៏​បង​ប្អូន​ស្រី​របស់​ម្ចាស់​អត្ថបទ​ ឬ​ក៏​នាយក​និពន្ធ​វិញ ​ហើយ​ត្រូវ​បាន​កាសែត​ផ្សេង​ចុះ​ផ្សាយ​ដូច​គ្នា​អ៊ីចឹង​ដែរ ​តើ​អស់​លោក​មាន​អារម្មណ៍​បែប​ណា​?​ ឬ​មួយ​ក៏​អស់​លោក​មិន​ចេះ​ខ្មាស​គេ​ទេ​?​ ឬ​មួយ​ធ្វើ​កាសែត​ជិត១​ជីវិត​ទៅ​ហើយ​ ចេះ​រក​តែ​អត្ថបទ​បែប​បរិហាកេរ្តិ៍​ជីវិត​ឯកជន​របស់​គេ​ហ្នឹង​ទេ​?​ នេះ​មក​តែ​ពី​ដឹង​អំពី​ឥរិយាបថ​របស់​អ្នក​អាន​ដែល​ចូល​ចិត្ត​និយាយ​ដើម​គេ​ បែប​ហ្នឹង​ ដែល​គ្មាន​ផ្តល់​ចំណេះ​ដឹង​អ្វី​បន្តិច​សោះ ​មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​បញ្ឆេះ​តែ​គំនិត​និយាយ​ដើម​គេ​ទៅ​វិញ​ទេ​។​

តាម ​ពិត​ទៅ​ការ​ដែល​ធ្វើ​ដូច​ស្រ្តី​នោះ ​ដែល​ដឹង​ខ្លួន​ថា​បើក​ទៅ​មុខ​លែង​រួច​រក​កន្លែង​ឈប់​ចត​សម្រាក​បែប​នេះ គឺជា​ការ​ត្រឹមត្រូវ​ទៅ​វិញ​ទេ​។​ ពីព្រោះ​បើ​គាត់​ទៅ​មុខ​ទៀត គឺ​គាត់​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ចរាចរណ៍​ខ្ពស់​ណាស់​ ដែល​ផ្ទុយ​ពី​អ្នក​គ្រោះថ្នាក់​ចរាចរណ៍​ខ្លះ ​ដឹង​ខ្លួន​ថា​ខ្លួន​ឯង​បើក​ទៅ​មុខ​លែង​រួច បាត់​បង់​ភាព​ម្ចាស់​ការ​ក៏​នៅ​តែ​ប្រឹង​ទៅ​មុខ​ទៀត​ដែរ ទាល់​តែ​បុក​គេ​បាន​ដឹង​ខ្លួន​។
ចំពោះ​ករណី​នេះ ​គឺ​ស្រ្តី​រងគ្រោះ​នេះ​អាច​ប្តឹង​កាសែត​នោះ​បាន​ប្រសិន​បើ​ស្រ្តី​នោះ​ មិន​យល់​ព្រម​ គឺ​តាម​ក្រម​ព្រហ្មទណ្ឌ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ឆ្នាំ​២០១០​ ពី​ការ​ប៉ះពាល់​ដល់​ជីវភាព​​ឯកជន មាត្រា​ទី២០៣ បទ​ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល​៖«អំពើ​ថត​រូបភាព​នៃ​បុគ្គល​នៅ ​ក្នុង​ទីកន្លែង​ឯកជន​ ដោយ​គ្មាន​ការ​ព្រមព្រៀង​ពី​បុគ្គល​នេះ​ទេ​ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី១​ (មួយ)​ខែ ​ទៅ​១​(មួយ)​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​១០០.០០០​(មួយ​សែន)​រៀល​ ទៅ​២ .០០០.០០០​(ពីរ​លាន)​រៀល​ លើក​លែង​តែ​ករណី​ដែល​ច្បាប់​អនុញ្ញាត​។​»និង​ក៏​អាច​ប្តឹង​តាម​រយៈ មាត្រា​ទី​៣០៦​អំពើ​បរិហារកេរ្តិ៍​តាម​សារព័ត៌មាន។

ព្រោះ​ករណី​នេះ ​ជា​សិទ្ធិ​ជីវិត​ឯកជន​ ដែល​មិន​មែន​ជា​បុគ្គល​សាធារណៈ ដូច លោក​ ហោ ណាំហុង​មាន​តួនាទី​មុខងារ​សាធារណៈ យក​កូន​ប្រុស​៣​នាក់​មក​ធ្វើ​ការ​កាន់​តួនាទី​ធំៗ​ នៅ​ក្នុង​ក្រសួង​ការ​បរទេស​ និង​ឯកអគ្គរាជ​ទូត​ជប៉ុន​ និង​អង់គ្លេស​ទៀត​។​ ឯ​លោក​ ចម ប្រសិទ្ធ​ លើស​លោក​ ហោ ណាំហុង​ទៀត​ ដែល​មាន​ទាំង​ប្រពន្ធ​ ទាំង​កូន​ប្រពន្ធ​មុន​ ទាំង​ប្រពន្ធ​ក្រោយ​គឺ​នៅ​មូលនប​គ្នា​កាន់​តួនាទី​ធំៗ​សុទ្ធ​តែ​ក​ន្លែង​ សម្រេច​ចិត្ត​  ហើយ​ជ្រៀត​ជ្រែក​កិច្ច​ការ​ក្នុង​ក្រសួង​ពាណិជ្ជកម្ម ដូច​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ធ្លាប់​បាន​ព្រមាន​ម្តង​រួច​មក​ហើយ​កាល​ពី​ខែ​មីនា ​ឆ្នំា​២០១០ មក​ម្ល៉េះ ​តែ​មក​ដល់​ពេល​នេះ ​ការ​ព្រមាន​នោះ​គ្មាន​អ្វី​ផ្លាស់​ប្តូរ​គួរ​ឲ្យ​កត់​សម្គាល់​នោះ​ទេ។

ទី​បំផុត​អ្នក​អាន​កាសែត​របៀប​នេះ​ ជាង​២​ទសវត្សរ៍​ គឺ​មិន​បាន​ទទួល​ផល​ប្រយោជន៍​អ្វី​សោះ​ពី​អត្ថបទ​បែប​នេះ​ទេ គឺ​ថែម​ទាំង​ខាត​ពេលវេលា​ទៀត​។​ ដូច្នេះ​អ្នក​អាន​គួរ​តែ​ជ្រើសរើស​យក​កាសែត​ណា​ដែល​មាន​អត្ថបទ​ផ្តល់​ផល​ ប្រយោជន៍​ និង​ចំណេះ​ដឹង​ដើម្បី​អភិវឌ្ឍ​ខ្លួន​ឯង​។​
ជាមួយ​គ្នា​នេះ​ដែរ អ្វី​ដែល​គួរ​ឲ្យ​ខ្មាស​គេ​នោះ​កាសែត​ដែល​ចូល​ចិត្ត​តែ​បង្ហាញ​ពី​រូបភាព​ ហិង្សា រូបភាព​អាស​អាភាសន៍​ និង​រូប​ភាព​បែប​ហែក​កេរ្តិ៍​បុគ្គល​ជីវិត​ឯកជន​នៅ​ទំព័រមុខ​នោះ ដាក់​បង្ហាញ​ឲ្យ​សមាជិក​អាស៊ាន​មក​ប្រជុំ​អាន​។ ​កុំថា​ឡើយ​ដល់​ឲ្យ​អ្នក​បក​ប្រែ​បក​ឲ្យស្ដាប់នោះ ​ផ្ទុយ​ទៅ​វិញ គេ​គ្រាន់​តែ​ឃើញ​តែ​រូបភាព​ឆ្អែត​បាត់​ទៅ​ហើយ​។​ ទន្ទឹម​នឹង​នោះ គេ​ក៏​អាច​វាយ​តម្លៃ​គុណភាព​នៃ​សារព័ត៌​មាន​ទាំង​នោះ​និង​ពី​ការ​ពុំ​មាន​ សុវត្ថិភាព​ក្នុង​សង្គម​ផងដែរ៕
ចូល​រួម​ផ្តល់​យោបល់​តាម​រយៈ​  soprach.tong@phnompenhpost.com

No comments:

Enhancing Loan Payment Efficiency Through Mobile App Technology Utilization in the Banking Sector of Battambang City, Cambodia

Enhancing Loan Payment Efficiency Through Mobile App Technology Utilization in the Banking Sector of Battambang City, Cambodia : In the cont...