Wednesday, 1 August 2012

ក្រុមស្រាវជ្រាវ​ឯករាជ​ត្រៀមស៊ើប​អង្កេត​បញ្ហា​ពុករលួយ​ពេល​ប្រឡង​បាក់ឌុប​

ដោយ លាង ដឺលុច

ក្រុម​អ្នក​ស្រាវជ្រាវ​ឯករាជ​មួយ​ក្រុម​ បាន​ប្រកាស​ថា ពួកគេ​នឹង​បើក​យុទ្ធនាការ​ស៊ើប​អង្កេត​រក​អំពើ​ពុករលួយ​ក្នុង​ពេល​ប្រឡង​ សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​នៅ​សប្តាហ៍​ក្រោយ​នេះ។ ​សំណូក និង​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ពេល​ប្រឡង​បាក់ឌុប​ត្រូវ​បាន​រិះគន់​ យ៉ាងខ្លាំង​ជា​រៀងរាល់​ឆ្នាំ​ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​គណបក្ស​ប្រឆាំង។ នៅ​ឆ្នាំ​នេះ មាន​សិស្ស​១១ម៉ឺន​នាក់​ដែល​ត្រូវ​ចូលរួម​ប្រលង​សញ្ញាបត្រ​ទុតិយភូមិ​នេះ។

ការ​ស៊ើប​អង្កេត​រក​អំពើ​ពុក​រលួយ​នៅ​ក្នុង​ការ​ប្រឡង​សញ្ញាបត្រ​ ទុតិយភូមិ ដែល​គេ​ហៅ​ថា​ការ​ប្រឡង​បាក់ឌុប​នោះ នឹង​ត្រូវ​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​ឯករាជ​មួយ​ក្រុម​ដែល​ដឹកនាំ​ ដោយ​លោក​កែម ឡី។​ ជា​ការ​ស្រាវជ្រាវ​ក្នុង​ក្របខណ្ឌ​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ។ ក្រុម​អ្នក​ស្រាវជ្រាវ​យ៉ាងហោច ២០​នាក់ នឹង​ឈ​ជើង​នៅ​ក្នុង​មណ្ឌល​ប្រលង​ចំនួន​១០​ក្នុង​រាជធានី​ភ្នំពេញ ហើយ​នឹង​ជួប​សម្ភាសន៍​បេក្ខជន​ប្រលង​ដើម្បី​បំពេញ​សំណួរ​ប្រមាណ​២០​សំណួរ។

លោក​កែម ឡី ប្រធាន​ក្រុម​អ្នក​ស្រាវជ្រាវ​ឯករាជ​ដែល​មាន​គំនិត​ផ្តួចផ្តើម​បើក​ការ​ ស្រាវជ្រាវ​នេះ បាន​ពន្យល់​ថា ការ​ស្រាវជ្រាវ​នេះ​មាន​គោល​បំណង​ដើម្បី​បង្ហាញ​អោយ​បាន​ច្បាស់​ ថា​តើ​វា​ពិត​ជា​មាន​អំពើ​ពុករលួយ​មែន​ក្នុង​ពេល​កន្លង​មក ឬ​យ៉ាងណា​ ខណៈ​ដែល​មាន​អង្គការ និង​គណបក្ស​ប្រឆាំង​បាន​រិះគន់​បញ្ហា​នេះ ហើយ​ក្រសួង​អប់រំ​បាន​ច្រានចោល​ និង​បដិសេធ​ការ​រិះគន់​ទាំង​នេះ​នោះ។
លោក​កែម ឡី ​អះអាង​ថា ២​សប្តាហ៍ ក្រោយ​ការ​ស្រាវជ្រាវ​នេះ លោក​នឹង​ផ្សព្វផ្សាយ​លទ្ធផល ​ជាមួយ​នឹង​អនុសាសន៍​ផ្ញើ​ទៅ​ក្រសួង​អប់រំ។

សម្រាប់​ប្រធាន​ក្រុម​អ្នក​ស្រាវជ្រាវ​ដដែល ការ​លើក​ឡើង និង​ការ​រិះគន់​អំពី​ភាព​មិនប្រក្រតី​ក្នុង​ពេល​ប្រលង​បាក់ឌុប​ក្នុង​ពេល​ កន្លង​មក បាន​បង្ហាញ​អំពី​ភាព​ធ្ងន់ធ្ងរ​នៃ​ស្ថានភាព​អប់រំ ហើយ​ប្រសិន​បើ​វា​ជា​ការ​ពិត​នោះ គឺ​ក្រសួង​អប់រំ​ត្រូវ​មាន​វិធានការ​ច្បាស់លាស់។
គួរ​បញ្ជាក់​ថា ស្រប​ពេល​ដែល​វិស័យ​បច្ចេកវិទ្យា​កំពុង​រីក​ចំរើន ទូរស័ព្ទ​ទំនើប​ត្រូវ​បាន​គេ​ប្រើប្រាស់​នៅ​ក្នុង​ពេល​ប្រឡង​នេះ ដើម្បី​ស្វែងរក​ចំលើយ​ពី​ខាង​ក្រៅ។ នេះ​មិន​ទាន់​រាប់​អំពី​ការ​ផ្តល់​លុយ​អោយ​មេប្រយោគ​ដែល​នៅ​តែ​កើត​មាន។

នៅ​ក្នុង​ពេល​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​ឆ្នាំ​នេះ មាន​បេក្ខជន​១១ម៉ឺន​នាក់​ដែល​ត្រូវ​ប្រលង​ក្នុង​២៥៤​មណ្ឌលនៅ​ទូទាំង​ប្រទេស។ ការ​ប្រឡង​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី៦ ដល់​ថ្ងៃ​ទី៨​សីហា៕

 

 

No comments:

Enhancing Loan Payment Efficiency Through Mobile App Technology Utilization in the Banking Sector of Battambang City, Cambodia

Enhancing Loan Payment Efficiency Through Mobile App Technology Utilization in the Banking Sector of Battambang City, Cambodia : In the cont...