Saturday, 10 August 2013

សមាគម​គ្រូ​បង្រៀន​រិះគន់​ក្រសួង​អប់រំ​ពី​ការ​បែក​ធ្លាយ​វិញ្ញាសា​បាក់​ឌុប

ដោយ ដែន អយុធ្យា
2013-08-09 
 
លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ នៅ​ថ្ងៃ​សុក្រ ទី៩ ខែ​សីហា បាន​ទាត់​ចោល​លទ្ធផល​ប្រឡង​ សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​សញ្ញាបត្រ​បាក់​ឌុបឆ្នាំ​នេះ ព្រោះ​វិញ្ញាសា​ប្រឡង​បាន​បែក​ធ្លាយ​ស្ទើរ​គ្រប់​មុខ​វិជ្ជា។

ជាង​នេះ លោក​រិះគន់​ការ​កោះ​ប្រជុំ​គណៈ​មេ​ប្រយោគ ឬ​ប្រធាន​មណ្ឌល​ប្រឡង​នៅ​ទូទាំង​ប្រទេស​កម្ពុជា របស់ លោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រី​ក្រសួង​អប់រំ ក្រោយ​សម័យ​ប្រឡង​បាន​បញ្ចប់ មិន​អាច​លុប​លាង​ភាព​អាម៉ាស់​របស់​វិស័យ​អប់រំ​ទេ។

លោក រ៉ុង ឈុន និយាយ​ថា ធនធាន​យុវជន​ប្រទេស​កម្ពុជា នឹង​បន្ត​ធ្លាក់​ចុះ​ថែម​ទៀត​នា​ថ្ងៃ​អនាគត បើ​សូម្បី​វិញ្ញាសា​ប្រឡង​ក៏​ក្រសួង​អប់រំ មិន​អាច​ទប់ស្កាត់​មិន​ឲ្យ​បែក​ធ្លាយ​បាន​នោះ៖ «ថ្នាក់​ដឹក​នាំ​ក្រសួង ដែល​មិន​មាន​សេចក្តី​ក្លាហាន​មិន​ហ៊ាន​និយាយ​ការ​ពិត។ ហើយ​ខំ​និយាយ​តាម​សារព័ត៌មាន​វិទ្យុ ទូរទស្សន៍ ដើម្បី​លាក់​បាំង​នូវ​អ្វី​ដែល​ជា​ការ​ពិត។ ហើយ​អ្វី​ដែល​យើង​រក​ឃើញ​នេះ ការ​ដែល​យើង​រក​ឃើញ អ្វី​ដែល​បែក​ធ្លាយ ការ​ដែល​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នេះ គឺ​ជា​ប្រព័ន្ធ​តាំង​ពី​ថ្នាក់​ដឹក​នាំ​ក្រសួង​មួយ​ចំនួន ក៏​ចូល​រួម​ចំណែក​ក្នុង​បញ្ហា​ទាំងអស់​នេះ​ដែរ។ យើង​ចង់​ឲ្យ​ក្រសួង​ពិនិត្យ​មើល​ឡើង​វិញ​ចំពោះ​បញ្ហា​នេះ»

លោក​បន្ថែម​ថា ការ​បែក​ធ្លាយ​វិញ្ញាសា​ប្រឡង​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ហើយ លោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រី​ក្រសួង​អប់រំ ត្រូវ​តែ​ចុះ​ចេញ​ពី​តំណែង​ចំពោះ​កំហុស​ឆ្គង​ក្នុង​ការងារ​របស់​ខ្លួន

យ៉ាង​ណា​ក៏ដោយ លោក អ៊ឹង ង៉ោហុក ប្រធាន​នាយកដ្ឋាន​មធ្យមសិក្សា​នៃ​ក្រសួង​អប់រំ នៅ​តែ​ថ្លែង​ការពារ​ស្ថាប័ន​របស់​ខ្លួន ដោយ​ច្រាន​ចោល​ព័ត៌មាន​ចំពោះ​ការ​បែក​ធ្លាយ​វិញ្ញាសា​ប្រឡង​ឆ្នាំ​នេះ។ លោក​ថា ចំពោះ​ភាព​មិន​ប្រក្រតី​ផ្សេងៗ​នៅ​ក្រោយ​ការ​ប្រឡង​បាន​បញ្ចប់ ថ្នាក់​ដឹក​នាំ​ក្រសួង​អប់រំ បាន​កោះ​ប្រជុំ​ប្រធាន​មណ្ឌល និង​មេ​ប្រយោគ​នៅ​ទូទាំង​ប្រទេស ដើម្បី​វាយ​តម្លៃ​សភាពការណ៍​រួម​នៃ​ការ​ប្រឡង ប៉ុន្តែ​គ្មាន​ព័ត៌មាន​ពី​ភាព​មិន​ប្រក្រតី​កើត​ឡើង​នៅ​ថ្ងៃ​ប្រឡង​ទេ។

លោក អ៊ឹង ង៉ោហុក៖ «នៅ​ក្នុង​បំណែង​ចែក​របស់​ក្រសួងៗ​មាន​គណៈកម្មការ​ ត្រួត​ពិនិត្យ​តាម​ឋានានុក្រម គឺ​មាន​ធំ​ជាង​គេ​នៅ​តាម​រាជធានី​ខេត្ត​និមួយៗ គឺ​មាន​គណៈ​មេ​ប្រយោគ​ទូទាំង​ប្រទេស។ ដោយ​តាម​មណ្ឌល​មាន​ប្រធាន​មណ្ឌល មាន​អ្នក​ត្រួត​ពិនិត្យ​អគារ គឺ​មាន​ប្រធាន​ពួក រហូត​ដល់​អនុរក្ស។ ដូច្នេះ ការ​គ្រប់គ្រង គឺ​យើង​ធ្វើ​ការ​គ្រប់គ្រង​ទៅ​តាម​ឋានានុក្រម​ជាច្រើន​ដំណាក់​កាល។ ហើយ​ចំពោះ​ការ​ចោទ​ប្រកាន់​ចេះ​តែ​មាន​ការ​ចោទ​ប្រកាន់ ក៏ប៉ុន្តែ អ្វី​ដែល​យើង​កំពុង​ធ្វើ គឺ​កំពុង​តែ​ទប់ស្កាត់​កុំ​ឲ្យ​មាន​បញ្ហា​ហ្នឹង​កើត​ឡើង។ ហើយ​គ្មាន​របាយការណ៍​អ្វី​ពី​គណៈកម្មការ​តាម​លំដាប់​ថ្នាក់​ដូច​ខ្ញុំ​បាន​ រៀប​រាប់​អម្បាញ់មិញ​រាយការណ៍​ពី​បញ្ហា​ហ្នឹង​ទេ។ ដូច្នេះ បញ្ហា​នេះ​គ្រាន់​តែ​ជា​ការ​ចោទ​ប្រកាន់​តែ​ប៉ុណ្ណោះ»

ទោះ​ជា​បែប​នេះ​ក្តី ទាំង​បេក្ខជន​ប្រឡង និង​គ្រូ​អនុរក្ស​តាម​បន្ទប់​ប្រឡង បាន​វាយ​តម្លៃ​ថា ការ​បែក​ធ្លាយ​វិញ្ញាសា​ប្រឡង និង​ភាព​មិន​ប្រក្រតី​ក្នុង​បន្ទប់​ប្រឡង​ឆ្នាំ​នេះ បាន​កើត​មាន​ធ្ងន់ធ្ងរ​ជាង​ឆ្នាំ​កន្លង​ទៅ។ គ្រូ​អនុរក្ស​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ និង​តាម​ខេត្ត​មួយ​ចំនួន បាន​ឲ្យ​ដឹង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា ក្រោយ​ឃើញ​វិញ្ញាសា​ប្រឡង​បាន​បែក​ធ្លាយ ពួក​គាត់​ក៏​បង្ខំ​ចិត្ត​ទទួល​លុយ​ពី​បេក្ខជន ជា​ថ្នូរ​ឲ្យ​ពួក​គេ​អាច​បើក​ចម្លង​ចម្លើយ​វិញ្ញាសា​គ្មាន​ការ​ហាម​ឃាត់ ដូច​គ្នា​បទ​ចំរៀង "ទន្សោង​គោ​ព្រៃ តូច​ស៊ី​ដោយ​តូច ធំ​ស៊ី​ដោយ​ធំ"។

ការ​ប្រឡង​សញ្ញាបត្រ​បាក់​ឌុប ចាប់​ផ្ដើម​ពី​ថ្ងៃ​ច័ន្ទ ទី៥ និង​បញ្ចប់​នៅ​ថ្ងៃ​ពុធ ទី៧ ខែ​សីហា។ ក្រសួង​អប់រំ បាន​បញ្ជាក់​ថា សម័យ​ប្រឡង​ឆ្នាំ​នេះ​មាន​បេក្ខជន​ជាង ១០៧.៨៣៥​នាក់។ ហើយ​ការ​ប្រឡង​សញ្ញាបត្រ​នេះ សម្រាប់​មណ្ឌល​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល ប្រកាស​នៅ​ថ្ងៃ​ទី៣០ ខែ​សីហា និង​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​ប្រកាស​នៅ​ថ្ងៃ​ទី៣១ ខែ​សីហា ឆ្នាំ​២០១៣៕
 

No comments:

Enhancing Loan Payment Efficiency Through Mobile App Technology Utilization in the Banking Sector of Battambang City, Cambodia

Enhancing Loan Payment Efficiency Through Mobile App Technology Utilization in the Banking Sector of Battambang City, Cambodia : In the cont...