Wednesday, 3 September 2014

បទ​វិភាគ៖ តើ​កត្តា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​គុណភាព​អប់រំ​នៅ​កម្ពុជា​មិន​ទាន់​ប្រសើរ?

ដោយ វណ្ណ វិចារ   (Source, RFA)

2014-08-30


ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​គោល​នយោបាយ​កំណែ​ទម្រង់​ស៊ី​ជម្រៅ ដើម្បី​ធានា​គុណភាព​អប់រំ​ឲ្យ​កាន់​តែ​ប្រសើរ។ កំណែ​ទម្រង់​ដំបូង​បំផុត​របស់​ក្រសួង​អប់រំ គឺ​ជា​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ពេល​ប្រឡង ដោយ​អនុវត្ត​ពាក្យ​ស្លោក អ្នក​ចេះ គឺ​ជាប់។

ភាគី​ពាក់ព័ន្ធ​ទាំងអស់​ចាត់​ទុក​ថា លទ្ធផល​ប្រឡង​បាក់​ឌុប​ឆ្នាំ​នេះ ជា​លទ្ធផល​ស្រាវជ្រាវ​ដែល​បង្ហាញ​ពី​គុណភាព​អប់រំ​នៅ​កម្ពុជា និង​ប្រសិទ្ធភាព​នៃ​កំណែ​ទម្រង់។

តើ​វិធី​ដែល​រដ្ឋាភិបាល​ប្រើ​នេះ អាច​ធ្វើ​ឲ្យ​គុណភាព​នៃ​ការ​អប់រំ​បាន​ប្រសើរ​មែន ឬ​យ៉ាង​ណា?
វិធានការ​កម្ចាត់​អំពើ​ពុក​រលួយ​ពេល​ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំ​នេះ បាន​ធ្វើ​ឲ្យ​បេក្ខជន​ជាង ៦​ម៉ឺន​នាក់ ឬ​ប្រមាណ​ជាង ៧៥% ប្រឡង​ធ្លាក់។ ចំនួន​សិស្ស​ប្រឡង​ធ្លាក់ មិន​ត្រឹម​តែ​បង្ហាញ​ពី​ប្រសិទ្ធភាព​នៃ​ការ​ពង្រឹង​វិន័យ​ពេល​ប្រឡង​ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​បង្ហាញ​ពី​កម្រិត​ដ៏​ទន់​ខ្សោយ​នៃ​គុណភាព​អប់រំ​នៅ​កម្ពុជា ដែរ។

រាជ​រដ្ឋាភិបាល​បាន​ដាក់​ចេញ​វិធានការ​លើក​កម្ពស់​វិស័យ​អប់រំ​មួយ​ចំនួន រួម​មាន ការ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អប់រំ​រយៈពេល ៥​ឆ្នាំ​ម្តង គោល​នយោបាយ​ស្ដីពី​ការ​អប់រំ​បច្ចេកទេស គោល​នយោបាយ​ស្ដីពី​ធនធាន​មនុស្ស​ក្នុង​វិស័យ​អប់រំ គោល​នយោបាយ​ស្ដីពី​គ្រូបង្រៀន និង​គោល​នយោបាយ​ជាតិ​ស្ដីពី​ការ​អភិវឌ្ឍ​យុវជន ជាដើម។ មិន​តែ​ប៉ុណ្ណោះ រាជ​រដ្ឋាភិបាល ក៏​ថែម​ទាំង​បង្កើន​ចំនួន​ថវិកា​ជាតិ​វិស័យ​អប់រំ​ឲ្យ​ច្រើន​លើស​ក្រសួង​ណាៗ ​ទាំងអស់។ នៅ​ឆ្នាំ​២០១៤ នេះ ថវិកា​ជាតិ​ដែល​ក្រសួង​អប់រំ គ្រោង​ចំណាយ​មាន​ចំនួន​ជាង ៣០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ បន្ថែម​ពី​នេះ ការ​ផ្តល់​ឱកាស​ឲ្យ​វិស័យ​ឯកជន​បើក​គ្រឹះស្ថាន​អប់រំ ក្នុង​ការ​ជំរុញ​គុណភាព​អប់រំ​ទៀត​ផង។

ទោះ​ជា​យ៉ាង​ណា​ក្តី យុទ្ធសាស្ត្រ គោល​នយោបាយ និង​បរិមាណ​ថវិកា​នេះ ទំនង​ជា​មិន​ធ្វើ​ឲ្យ​ការ​អប់រំ​នៅ​កម្ពុជា មាន​គុណភាព​ខ្ពស់​នោះ​ឡើយ។ គុណភាព​អប់រំ​នៃ​ប្រទេស​មួយ​ល្អ ឬ​មិន​ល្អ អាស្រ័យ​លើ​គ្រូបង្រៀន។ បើ​មាន​គ្រូ​ល្អ ទើប​សិស្ស​ល្អ ហើយ​បើ​មាន​សិស្ស​ល្អ​ច្រើន សង្គម​ក៏​ល្អ។ ក៏ប៉ុន្តែ រាជ​រដ្ឋាភិបាល​កម្ពុជា ហាក់​ដូច​ជា​បែរ​ខ្នង​ដាក់​គ្រូបង្រៀន​ទៅ​វិញ។ គ្រូបង្រៀន​ប្រាក់​ខែ​ចាយ​មិន​គ្រប់ គ្រូ​ប្រពន្ធ​ល្អ ឬ​ក្រ​ប្រពន្ធ​រអ៊ូ​ហ្នឹង​ឯង។ ប្រាក់​ខែ​គ្រូ​បឋម​សិក្សា​នៅ​ឆ្នាំ​២០១៤ នេះ ប្រមាណ​ជាង ៤​សែន​រៀល​ក្នុង​១​ខែ បើ​គិត​ជា​ថ្ងៃ ក្នុង​១​ថ្ងៃ​បាន​ជាង ១​ម៉ឺន​រៀល។ កម្រៃ​នេះ គឺ​ប្រហាក់​ប្រហែល​នឹង​កម្មករ​សំណង់ ដែល​ធ្វើ​ការងារ​ប្រាំបី​ម៉ោង​ក្នុង​១​ថ្ងៃ​ដូច​គ្នា។

ថ្លៃ​សាំង​មួយ​លីត្រ​ជាង ៥​ពាន់​រៀល អង្ករ ១​គីឡូ​ជាង ២​ពាន់​រៀល ត្រី​សាច់​តម្លៃ​លើស​មួយ​ម៉ឺន​ក្នុង​១​គីឡូ ចង​ដៃ​ការ ចូល​បុណ្យ កូន​ទៅ​រៀន មើល​ជំងឺ សុទ្ធ​តែ​ត្រូវ​ប្រើ​លុយ​ទាំងអស់។ គ្រូបង្រៀន​មិន​ជ្រើស​រើស​យក​វិធី​តវ៉ា ឬ​ធ្វើ​បាតុកម្ម ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​ខែ​ទេ ការ​នេះ​ប្រហែល​ជា​ពួក​គាត់​គិត​ថា វា​មិន​បាន​ផល និង​មិន​ចង់​ឈឺ​សាច់​ដោយសារ​សន្តិសុខ​វាយ​ក៏​មិន​ដឹង។ គ្រូបង្រៀន​មួយ​ចំនួន​ធំ បាន​ជ្រើស​យក​វិធី​ផ្សេងៗ​ដើម្បី​រក​លុយ។ គ្រូ​ជាន់​ក​សិស្ស​ឲ្យ​មក​រៀន​កួរ គ្រូ​លក់​មេរៀន និង​វិញ្ញាសា​ឲ្យ​សិស្ស លក់​ពិន្ទុ គ្រូ​លក់​នំ​នៅ​ក្នុង​ថ្នាក់ រត់​ម៉ូតូ​ឌុប និង​ឆ្លៀត​យក​ម៉ោង​បង្រៀន​ទៅ​រក​ស៊ី​ខាង​ក្រៅ ជាដើម។

គ្រូបង្រៀន​បឋម​សិក្សា ត្រូវ​បង្រៀន​យ៉ាង​តិច ៤​ម៉ោង​ក្នុង​១​ថ្ងៃ និង ៥​ថ្ងៃ​ក្នុង​១​អាទិត្យ។ ដើម្បី​បង្រៀន ៤​ម៉ោង​តាម​និយាម​គរុកោសល្យ គ្រូ​ម្នាក់ៗ​ត្រូវ​រៀបចំ​កិច្ច​តែង​ការ​បង្រៀន រៀបចំ​សម្ភារៈ​ឧបទេស និង​សិក្សា​ស្រាវជ្រាវ​ឯកសារ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ដោយ​ចំណាយ​ពេល​មិន​តិច​ជាង ៤​ម៉ោង​ទៀត​ក្នុង​១​ថ្ងៃ​ឡើយ។ បើ​រវល់​រៀបចំ​កិច្ច​តែង​ការ មាន​អង្ករ​ឯណា​ច្រក​ឆ្នាំង? គ្រូ​រៀបចំ​កិច្ច​តែង​ការ​បង្រៀន​នៅ​ពេល​ដែល​មាន​ថ្នាក់​លើ​មក​ត្រួត​ ពិនិត្យ​ម្តងម្កាល​ប៉ុណ្ណោះ។

មន្ត្រី​មន្ទីរ​អប់រំ​ខេត្ត​មួយ​ចំនួន ចុះ​ទៅ​ត្រួត​ពិនិត្យ​នៅ​ថ្នាក់​ការិយាល័យ​ស្រុក​ម្តងៗ ថ្នាក់​ស្រុក​រត់​ខ្វែង​ដៃ​ខ្វែង​ជើង​រក​កាប់​កាប៉ា កាប់​ឆ្កែ​ឲ្យ​មេៗ​ពិសារ។ មាន​សាច់​ហើយ​អត់​ទឹក​ម៉េច​បាន តែ​សូម​ទោស​អស់​លោក​ធំៗ​ទាំង​នោះ មិន​ចេះ​អា​ទឹក​ស​ឡើយ។ កូន​ចៅ​ថ្នាក់​ស្រុក​ត្រូវ​រៀបចំ​ទឹក​ខ្មៅ ABC ទើប​វា​ស្រួល​ក្រពះ​មេ។ ការ​ហូប​ចុក​ស្នាក់​នៅ​ប៉ុណ្ណឹង​មិន​គ្រប់គ្រាន់​ឡើយ កូន​ចៅ​ក៏​ត្រូវ​រៀបចំ​ស្រោម​សំបុត្រ​ឲ្យ​មេ​ថែម​ទៀត​ផង។ បើ​ស្រុក​ណា​ទទួល​មេ​ដិតដល់ ស្រុក​នោះ​ច្បាស់​ជា​មាន​របាយការណ៍​មិន​អន់​ទេ តែ​បើ​ស្រុក​ណា​រខេករខាក​វិញ ប្រាកដ​ជា​មិន​រួច​ខ្លួន​ឡើយ។ ពាក្យ​ស្លោក​នៅ​គរុកោសល្យ​សរសេរ​ថា លោកគ្រូ​អ្នកគ្រូ​ជា​វិស្វករ​នៃ​គំនិត។ ប៉ុន្តែ​បើ​វិស្វករ​គំនិត ជំនាញ​ខាង​គាប​លុយ​សិស្ស និង​ពុក​រលួយ​នោះ តើ​គំនិត​របស់​កូន​សិស្ស​ខ្មែរ​នឹង​ទៅ​ជា​យ៉ាង​ណា?

កូន​សិស្ស​ដែល​រង​ឥទ្ធិពល​ផ្ទាល់​ពី​គ្រូ​សាលា​រដ្ឋ មិន​មែន​ជា​កូន​ចៅ​មន្ត្រី​ធំៗ​ក្នុង​ជួរ​រដ្ឋាភិបាល​ឡើយ។ កូន​ចៅ​មន្ត្រី​ធំៗ​ទាំង​នោះ រៀន​នៅ​សាលា​ឯកជន​ល្អៗ​ដែល​បង់​ថ្លៃ​សាលា​រាប់​ពាន់​ដុល្លារ​ក្នុង​១​ខែៗ។ រៀន​នៅ​សាលា​មាន​បាយ​ញ៉ាំ​ស្រេច មាន​ឡាន​ទំនើប​ជូន​ទៅ​សាលា អ្នក​ខ្លះ​មិន​ទាំង​រៀន​អក្សរ​ខ្មែរ​ផង។ ពេល​ធំ​ឡើង សម្ដេច ឯកឧត្តម លោក​ជំទាវ អស់​លោក​ធំៗ ក៏​បញ្ជូន​កូន​ចៅ​ទៅ​សិក្សា​បន្ត​នៅ​ក្រៅ​ប្រទេស​ទៀត។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និយាយ​ថា កូន​អ្នក​មាន​កូន​អ្នក​ក្រ​កើត​មក​មិន​ដែល​អាណា​រៀន​មហាវិទ្យាល័យ​ទេ គឺ​រៀន​ពី​ថ្នាក់​មត្តេយ្យ​ដូច​គ្នា។ រៀន​ដូច​គ្នា​មែន តែ​កូន​ចៅ​សម្ដេច ឯកឧត្តម រៀន​នៅ​សិង្ហបុរី អូស្ត្រាលី អាមេរិក បើ​រៀន​នៅ​ស្រុក​ខ្មែរ ក៏​ត្រូវ​រៀន​សាលា​កាលីបៗ​ដែរ។ កូន​អ្នក​មធ្យម ក៏​រៀន​ឯកជន​បង់​រាប់​រយ​ដុល្លារ មិន​ចម្លែក​អី​ទេ កូន​គ្រូបង្រៀន កូន​នគរបាល​តូចតាច កូន​មន្ត្រី​យោធា រៀន​សាលា​រដ្ឋ ត្រូវ​គ្រូ​ជំរិត​ទារ​លុយ​រាល់​ថ្ងៃ។

កាល​ពី​សម័យ​រដ្ឋ​កម្ពុជា ប្រាក់​ខែ​គ្រូ​ចាយ​មិន​គ្រប់​មែន តែ​គ្រូ​ដូច​ជា​មិន​សូវ​យ៉ាប់​ដូច​សព្វថ្ងៃ​ទេ។ គ្រូបង្រៀន​ស្រុក​ស្រែ​អាច​រក​ត្រី​សាច់​ម្ហូប​អាហារ រក​អនុផល​ព្រៃ​ឈើ​ចិញ្ចឹម​ជីវិត​បាន​ដោយ​ខ្លួន​ឯង។ ដល់​ពេល​យុទ្ធសាស្ត្រ​ចតុកោណ​របស់​សម្ដេច​ដំណើរ​ការ រដ្ឋាភិបាល​ចាប់​ផ្ដើម​លក់​ខ្ទេច​លក់​ខ្ទី លក់​ដី​លក់​ព្រៃ​ព្រឹក្សា លក់​សម្បត្តិ​រដ្ឋ លក់​បឹង បំផ្លាញ​ត្រី ទំនិញ​ឡើង​ថ្លៃ​គ្រប់​បែប​យ៉ាង។ គ្រូបង្រៀន​ក៏​ត្រូវ​ពឹង​លើ​ប្រាក់​ខែ ដើម្បី​ទិញ​សព្វ​ទិញ​គ្រប់។ ទិញ​វា​មិន​សំខាន់​ទេ សំខាន់​ត្រង់​ថា វា​អត់​លុយ​ទិញ។ ឥឡូវ​នេះ យើង​ពិនិត្យ​មើល​គោល​នយោបាយ​របស់​គ្រូបង្រៀន​វិញ​ម្តង ថា​តើ​គោល​នយោបាយ​ដែល​ចែង​លើ​ក្រដាស​នេះ អនុវត្ត​បាន​ហើយ​ឬ​នៅ? ខ្លឹមសារ​នៃ​គោល​នយោបាយ​នោះ ក៏​មាន​ស្ទើរ​គ្រប់​ចំណុច​ដែល​គ្រូ​ត្រូវ​ការ ដើម្បី​បង្រៀន​សិស្ស​ឲ្យ​មាន​គុណភាព។ គោល​នយោបាយ​ជាតិ​មាន​ចែង​ពី​ការ​លើក​ទឹក​ចិត្ត​គ្រូ ការ​ឧបត្ថម្ភ​ព្យាបាល​ជំងឺ ការ​ដំឡើង​ឋានៈ​តាម​កម្រិត​ការ​បំពេញ​ការងារ ជាដើម។ គោល​នយោបាយ​ល្អ ល្អ​គ្រប់​ចំណុច តែ​ការ​អនុវត្ត​គោល​នយោបាយ​វិញ​មិន​ខុស​អី​នឹង​បាច​អង្កាម​ច្រាស់​ខ្យល់​ទេ។ គ្រូបង្រៀន​ដែល​បាន​ប័ណ្ណ​សរសើរ​ជា​គ្រូ​ល្អ ច្រើន​តែ​ជា​អ្នក​ដែល​ស្និទ្ធ​នឹង​នាយក​សាលា មាន​បង​ប្អូន​ធ្វើ​ការ​នៅ​មន្ទីរ​អប់រំ ហើយ​អ្នក​ខ្លះ​ធ្វើ​គ្រូ​អស់​ជាង ៣០​ឆ្នាំ មិន​ទាន់​បាន​ប័ណ្ណ​សរសើរ​ម្តង​ផង។ ពេល​ចូល​និវត្តន៍ ទៅ​បើក​ប្រាក់​ខែ​សោធន​និវត្តន៍​នៅ​មន្ទីរ​សង្គមកិច្ច ក៏​ត្រូវ​គេ​កាត់​ប្រាក់​ខែ​ដោយ​មិន​ដឹង​មូលហេតុ​ទៀត។ ចង់​ប្រាប់​សម្ដេច​ដែរ តែ​ប្រាប់​យ៉ាង​ម៉េច​ទៅ​បាន បើ​សម្ដេច​មាន​ការងារ​ច្រើន​ម្លឹងៗ អ៊ីចឹង​ចេះ​តែ​ទ្រាំ​សិន​ទៅ។

ពេល​គ្រូបង្រៀន​ឈឺ ឬ​ស្លាប់ នាយក​សាលា​ក៏​ចាប់​ផ្ដើម​រៃអង្គាស​លុយ​សិស្ស​ឲ្យ​គ្រូ​ព្យាបាល​ជំងឺ ឬ​ចូល​បុណ្យ។ គ្រូ​ស្លាប់​វា​គ្រាន់​ទេ ព្រោះ​មាន​លុយ​សមាគម​បុគ្គលិក​សិក្សា​ខ្មែរ ដែល​កាត់​ប្រាក់​ខែ​គ្រូ​រាល់​ខែ​នោះ​ផ្តល់​ឲ្យ​ត្រឡប់​មក​វិញ​បាន ១​លាន ២​លាន​រៀល ​ដែរ គ្រាន់​ឲ្យ​កូន​ចៅ​យក​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ជូន។ តែ​បើ​ឈឺ​វិញ​នោះ ប្រពន្ធ​កូន​ប្ដី​សី ត្រូវ​រត់​រក​លុយ​ខ្ចី​បុល​ចងការ លក់​គោ លក់​ស្រែ យក​មើល​ជំងឺ​ឲ្យ​ពួក​គាត់។ មិន​មាន​មន្ទីរពេទ្យ​រដ្ឋ​ណា​មួយ​ចេញ​បញ្ជា​បញ្ចុះ​ថ្លៃ​ព្យាបាល​ជំងឺ​ឲ្យ​ គ្រូបង្រៀន​ឡើយ។ គ្រូបង្រៀន​ក៏​មិន​មាន​សៀវភៅ​អត្តសញ្ញាណកម្ម​បញ្ជាក់​ពី​ភាព​ក្រីក្រ​ដែរ ព្រោះ​កម្រិត​ជីវភាព​ពួក​គាត់​វា​នៅ​លើ​កម្រិត​វាស់​វែង​វាយ​តម្លៃ​ពី​ភាព​ ក្រីក្រ។ បើ​អត់​លុយ ពេទ្យ​ចាំ​តែ​ពេទ្យ​មើល​តើ! ចង់​វះ​កាត់ ទាល់​តែ​មើល​លុយ​សិន។ ហេតុ​នេះ ក្បាល​ណា​អា​សក់​អា​ហ្នឹង​ហើយ។
ចំពោះ​ការ​ដំឡើង​ឋានៈ​វិញ មិន​ខុស​អី​នឹង​ក្រសួង​ដទៃៗ​ទៀត​ទេ។ ចង់​ឡើង​ទាល់​មាន​សែ មាន​សែ​ក៏​ឡើង​មិន​ទាន់​អ្នក​មាន​ប្រាក់​ដែរ។ អ្នក​ដែល​ចង់​ធ្វើ​នាយក​សាលា ត្រូវ​តែ​ស្អាតស្អំ​ស្មោះ​ត្រង់​ចំពោះ​បក្ស ហើយ​ក៏​ត្រូវ​មាន​ប្រាក់​ខ្លះ​ផង។ មាន​គ្រូបង្រៀន​មិន​តិច​ទេ ដែល​ប៉ុនប៉ង​រក​ទ្រនំ​ថ្មី ព្រោះ​តែ​មិន​អាច​ទ្រាំ​ចំពោះ​ទារុណកម្ម​គំនិត​នេះ​បាន។

បញ្ហា​គ្រូបង្រៀន​មាន​ច្រើន​រាប់​សិប​ជំពូក​ក៏ដោយ ក៏​គ្រូបង្រៀន​មួយ​ចំនួន​ធំ ខំ​បង្រៀន​សិស្ស​ដោយ​ក្តី​អាណិត​ដែរ។ គ្រូ​ចង់​ឲ្យ​សិស្ស​ចេះ គ្រូ​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ខំ​រៀន គ្រូបង្រៀន​បឋម​សិក្សា​ម្នាក់​បង្រៀន​សិស្ស ៥​ថ្នាក់​ម្នាក់​ឯង​ក៏​មាន។

អ្នក​ខំ​ចេះ​តែ​ខំ អ្នក​ស្រួល​ចេះ​តែ​បន្ត​ស្រួល ទាំង​នេះ​ជា​បាបកម្ម​របស់​គ្រូបង្រៀន ឬ​យ៉ាង​ណា? ការ​ចាត់​តាំង​គ្រូបង្រៀន​ឲ្យ​ទៅ​ដល់​គ្រប់​ច្រកល្ហក​ទូទាំង​ប្រទេស នៅ​តែ​ជា​បញ្ហា​មិន​ទាន់​អាច​ដោះ ស្រាយ​បាន​នៅ​ឡើយ។ គ្រូ​គរ​ជើង​នៅ​ទីប្រជុំជន តែ​បើ​តាម​ជនបទ​ដាច់​ស្រយាល គ្រប់​សាលា​ខ្វះ​គ្រូ​រាល់​ឆ្នាំ។ បញ្ហា​របស់​គ្រូបង្រៀន មិន​ត្រូវ​បាន​ដោះស្រាយ​ឲ្យ​មាន​ប្រសិទ្ធភាព ហើយ​កម្មវិធី​សិក្សា និង​វិធីសាស្ត្រ​បង្រៀន​នោះ ក៏​អភិវឌ្ឍ​លឿន​ទៅ​ទៀត។ តាំង​ពី​ចុង​ទសវត្សរ៍​ឆ្នាំ​៩០ មក ក្រសួង​អប់រំ បាន​ប្ដូរ​វិធីសាស្ត្រ​ក្នុង​ការ​បង្រៀន​ពី​គ្រូ​មជ្ឈមណ្ឌល ទៅ​ជា​សិស្ស​មជ្ឈមណ្ឌល​វិញ​ម្តង។ វិធីសាស្ត្រ​ថ្មី​នេះ តម្រូវ​ឲ្យ​សិស្ស​ចែក​ចេញ​ជា​ក្រុម​អាន សិក្សា​ស្វែង​យល់​ដោយ​ខ្លួន​ឯង មាន​សៀវភៅ​សិក្សា​គោល​គ្រប់​ដៃ និង​មាន​គ្រូបង្រៀន​ជា​អ្នក​សម្រប​សម្រួល។ ប៉ុន្តែ​នៅ​ស្រុក​ខ្មែរ សិស្ស​មួយ​ថ្នាក់​មាន​ពី ៤០​នាក់ ទៅ ៦០​នាក់ សៀវភៅ​ពុម្ព​ក៏​មិន​មាន​គ្រប់​ដៃ តើ​ទៅ​បង្រៀន​តាម​បែប​សិស្ស​មណ្ឌល​យ៉ាង​ម៉េច?

គ្រូបង្រៀន​ភាគ​ច្រើន​រអ៊ូ​ថា មាន​សិស្ស​មួយ​ចំនួន​រៀន​ថ្នាក់​ទី​៧ ហើយ​អាន​អក្សរ​មិន​ដាច់​ផង។ ពិបាក​ទាំង​វិធីសាស្ត្រ យ៉ាប់​ទាំង​កម្មវិធី​សិក្សា សៀវភៅ​សិក្សា​ចេះ​តែ​វិវឌ្ឍន៍ ឯ​ការ​បំពាក់បំប៉ន​គ្រូបង្រៀន ក៏​មិន​សូវ​មាន។ ឲ្យ​តែ​មាន​កម្មវិធី​សិក្សា​ថ្មី ក្រសួង​អប់រំ ចាប់​ផ្តើម​រៀបចំ​សិក្ខា​សាលា​ផ្សព្វផ្សាយ​តម្រង់​ទិស​គ្រូ។ កន្លែង​ខ្លះ គម្រោង​សិក្ខា​សាលា​ធ្វើ​បី​ថ្ងៃ តែ​មន្ត្រី​ក្រសួង​តម្រឹម​ធ្វើ​តែ ១​ថ្ងៃ​ប៉ុណ្ណោះ ដើម្បី​ចំណេញ​ថ្លៃ​ស្នាក់នៅ​ហូប​ចុក​ពេល​ធ្វើ​សិក្ខា​សាលា​នោះ។ ជួន​កាល គ្រូបង្រៀន​មិន​ទាំង​បាន​ទៅ​រៀន​បំប៉ន​ផង ក៏​ត្រូវ​ត្រដាបត្រដួស​បង្រៀន​សិស្ស​ទាំង​ខ្លួន​ឯង​មិន​សូវ​យល់​ក៏​មាន។
ទោះ​ជា​យ៉ាង​ណា​ក៏ដោយ គុណភាព​នៃ​ការ​អប់រំ​នៅ​កម្ពុជា ប្រហែល​ជា​មិន​អន់​ឡើយ បើ​គោល​នយោបាយ​ជាតិ​នានា​ទាក់ទង​នឹង​វិស័យ​អប់រំ ត្រូវ​បាន​អនុវត្ត។ សិស្ស​ខ្មែរ​មិន​តិច​នាក់​ទេ ធ្លាប់​ទទួល​បាន​មេដាយ​មាស ប្រាក់ សំរឹទ្ធិ ក្នុង​ការ​ប្រឡង​ប្រជែង​គណិតវិទ្យា និង​រូបវិទ្យា​ថ្នាក់​អន្តរជាតិ​រួច​ហើយ។ សិស្ស​ពូកែ​មួយ​ចំនួន​ធំ ថែម​ទាំង​បាន​ទទួល​អាហារូបករណ៍​ទៅ​រៀន​ក្រៅ​ស្រុក​ទៀត​ផង។

សំណួរ​សួរ​ថា តើ​រាជ​រដ្ឋាភិបាល​មាន​យន្តការ​ប្រមូល​យុវជន​មាន​សមត្ថភាព​ទាំង​នោះ មក​ជួយ​អភិវឌ្ឍ​ប្រទេស​ឬ​នៅ?

ចម្លើយ​អាច​មាន​រួច​ហើយ តែ​ប្រមូល​តែ​ក្រុម​កូន​ចៅ​មន្ត្រី​ធំៗ​ឲ្យ​មក​កាន់​ការ​ក្នុង​ជួរ​ រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ។ បើ​កូន​អ្នក​អត់​សែ​វិញ ធ្វើ​ការ​នៅ​ស្រុក​គេ​ទៅ​អាវ៉ា។ បើ​ចង់​ចូល​ជួយ​ជាតិ ត្រូវ​ធ្វើ​ការ​នៅ​សង្គម​ស៊ីវិល ឬ​អង្គការ​នានា តែ​ភ្លាត់​ហ្នឹង គេ​ហៅ​ថា​ពួក​អគតិ​ទៀត។ រាជ​រដ្ឋាភិបាល​កម្ពុជា ទំនង​ជា​ត្រូវ​ប្ដូរ​ពី​ជំហាន​គីង្គក់​របស់ លោក ហ៊ុន សែន ទៅ​ជា​ជំហាន​យក្ស​វិញ​ហើយ ទើប​អាច​តាម​ទាន់​ប្រទេស​ជិត​ខាង​បាន៕

No comments: