- ម្តាយនាម : គឹម ស៊ុម
- លោកបានទទួលសញ្ញាប័ត្រ ផ្នែកវិស្វករជំនាញសាធារណៈការ នៅទីក្រុងហាណូយ ក្នុងសម័យអាណានិគមបារាំង។ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយ កញ្ញា ផ្លែក សូណារ៉េត ដែលត្រូវជាប្អូនស្រីបង្កើត របស់លោកស្រី ផ្លែក ភិរុណ ប្រធានកាកបាទក្រហមកម្ពុជា ។ ជាមួយនឹង នាង ផ្លែក សូណារ៉េត លោកអ៊ុង ក្រពុំផ្កា មានបុត្រ ៦នាក់ ក្នុងនោះរួមមានប្រុស ៣នាក់ និងស្រី៣នាក់ ដែលសព្វថ្ងៃ រស់នៅប្រទេសបារាំង។
លោក អ៊ុង ក្រពុំផ្កា បានត្រូវតែងតាំងជា នាយរងផ្នែកកម្មន្ត និង អាគារស៊ីវិល នៅឆ្នាំ១៩៥៥ ដែលមានតួនាទីពិនិត្យលើគម្រោងសាធារណៈការសំខាន់ៗ នៅទីក្រុងភ្នំពេញ ក្រៅពីជំនាញវិស្វករសំណង់ស៊ីវិលលោកក៏ជាស្ថាបត្យករមួយរូបផងដែរ។
ក្នុងសម័យសង្គមរាស្រ្តនិយមលោក អ៊ុង ក្រពុំផ្កា មានមុខងារជាអនុរដ្ឋលេខាធិការ សាធារណៈការ និង ទូរគមនាគមន៍។ បន្ទាប់មកក៏ត្រូវបានតែងតាំងជារដ្ឋលេខាធិការ សាធារណៈការ និងទូរគមនាគមន៍ ( ១៩៦០ ដល់ ១៩៦១)។ចាប់ពីឆ្នាំ១៩៦១ -១៩៦៥ លោកបានក្លាយជារដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម, សាធារណៈការ និង ទូរគមនាគមន៍។
ចាប់ពីឆ្នាំ១៩៦៩ -១៩៧០ លោកត្រូវបានតែងតាំងជា រដ្ឋមន្រ្តី សាធារណៈការ និង សិល្បៈស្ថាបនាជនបទ ។
ពីឆ្នាំ ១៩៧២ ដល់ ១៩៧៥ លោកត្រូវបានតែងតាំងជា ប្រធានអគ្គនាយក ក្រុមហ៊ុន អាកាសចរ AIR CAMBODGE ដែលមានទំនាក់ទំនងពាណិជ្ជកម្មជាមួយ AIR FRANCE និង UTA។
លោក អ៊ុង ក្រពុំផ្កា បានទុកសមិទ្ធផលជាច្រើនរួមមានដូចជា ៖
-បង្កើតទីភ្នាក់ងារប្រៃសណីយ៍ ៧កន្លែង នៅភ្នំពេញ
-បង្កើតសម្ព័ន្ធវិទ្យុ ទូរស័ព្ទផ្ទាល់ រវាងកម្ពុជា-បារាំង (១៩៦១)
-ចាប់ផ្តើមការដ្ឋានសាងសង់ ស្ពាន លើដៃទន្លេសាប ជួសជួលផ្លូវពី ភ្នំក្រវ៉ាញ ទៅឆ្លូងលើ
-រៀបចំធ្វើផ្លូវរទេះភ្លើង ភ្នំពេញ-ព្រះសីហនុ
ចំណែកឯស្នាដៃសំណង់របស់លោក មានដូចជា៖
-ផ្ទះសំណាក់រដ្ឋនៅបាត់ដំបង
-សាកលវិទ្យាល័យភូមិន្ទបាត់ដំបង
-ភូមិគ្រឹះគន្ធបុប្ផា(ព្រឹទ្ធសភាសព្វថ្ងៃ)
លោក អ៊ុង ក្រពុំផ្កា បានបាត់ខ្លួននៅក្នុងរបបខ្មែរក្រហមនៅក្នុងឆ្នាំ១៩៧៥ ។
(ប្រភព Colorise & Old Photos of Cambodia )