Monday, 6 February 2012

គុណភាព​អប់រំ​ថ្នាក់​ឧត្តម​សិក្សា​នៅ​កម្ពុជា​ គប្បី​ធ្វើ​ការ​កែទម្រង់​បន្ទាន់!

Educational Quality of Cambodian Higher Education Needs Urgently Reform

Written by Sam Rany January 5, 2012 (Published in the Phnom Penh Post)


លោក កៃ គីមសុង ជាទីរ៉ាប់អាន!

បន្ទាប់​ពី​អាន​អត្ថ​បទ​របស់​លោក ដែល​មាន​ចំណង​ជើង​ថា«For many, it's a matter of degrees» (ថ្ងៃ​ទី ៣ មករា ២០១២) ខ្ញុំ​សូម​សម្តែង​ក្តី​បារម្ភ ចំពោះ​បញ្ហា​គុណភាព​អប់រំ​ក្នុង​គ្រឹះស្ថាន​ឧត្តម​សិក្សា​បច្ចុប្បន្ន​នៅ​ កម្ពុជា។

ក្នុង​ឋានៈ​ជា​មន្រ្តី​រាជការ​ដែល​កំពុង​ធ្វើ​ការ​នៅ​គ្រឹះ​ស្ថាន ឧត្តម​សិក្សា​អស់​រយៈ​៥​ឆ្នាំ ខ្ញុំ​សូម​លើក​ឡើង​ពី​បញ្ហា​សំខាន់​ជា​ច្រើន​ ដែល​ត្រូវ​កែ​ទម្រង់​ជា​បន្ទាន់ ​ដែល​អាច​ប៉ះពាល់​ដល់​គុណភាព​អប់រំ​សម្រាប់​សិស្ស​កម្ពុជា និង​ឱកាស​ទទួល​បាន​ការ​ងារ​។

បញ្ហាទី១ គឺ​ការ​កំហិត​នៃ​ថវិកា​សម្រាប់​ការ​អប់រំ​ថ្នាក់​ឧត្តម​សិក្សា​។ ការ​អប់រំ​ថ្នាក់​ឧត្តម​សិក្សា​ត្រូវ​បាន​កំហិត​ ដោយ​ថវិកា​ប្រចាំ​ឆ្នាំ​របស់​រដ្ឋាភិបាល​។ ​យោង​តាម​ធនាគារ​ពិភពលោក​(ឆ្នាំ​២០១២) ​ការ​ចំណាយ​សរុប​លើ​ការ​អប់រំ​ជា​ផ្នែក​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ មាន​តែ ១,៦០% ​ហើយ​ការ​ចំណាយ​លើ​ការ​អប់រំ​ថ្នាក់​ឧត្តម​សិក្សា​របស់​រដ្ឋ​ទទួល​បាន តែ ០,០៥ % ប៉ុណ្ណោះ។​

បញ្ហា​ទី ២ គឺ​លក្ខខណ្ឌ​ចុះ​ឈ្មោះ​សិស្ស​។ លក្ខ​ខណ្ឌ​ចូល​រៀន ក្នុង​គ្រឹះស្ថាន​ឧត្តម​សិក្សា​មិន​មែន​ជា​លក្ខ​ខណ្ឌ​ជាក់​លាក់ ហើយ​ផ្អែក​លើ​លទ្ធផល​នៃ​ការ​ប្រឡង​ទុតិយ​ភូមិ​។
បញ្ហា​ទី ៣ គឺ​សារៈ​សំខាន់​នៃ​កម្ម​វិធី​អប់រំ​។ ​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​រដ្ឋ​ និង​ឯក​ជន​កំពុង​ប្រកួត​ប្រជែង​ផ្តល់​មុខ​វិជ្ជា​ដូច​គ្នា ដូច​ជា​ ក្នុង​មុខវិជ្ជា​ពាណិជ្ជកម្ម សេដ្ឋ​កិច្ច ​និង​បចេ្ចក​វិទ្យា​ព័ត៌មាន ​ចំណែក​ឯ​មុខ​វិជ្ជា​វិទ្យា​សាស្រ្ត ​គណិត​វិទ្យា កសិកម្ម និង​សុខាភិបាល​ ដែល​សេចក្តី​ត្រូវ​ការ​របស់​ជាតិ​ពុំ​មាន​ការ​ផ្គត់ផ្គង់​គ្រប់​នោះ​ទេ។

ដូច្នេះ អត្រា​គ្មាន​ការងារ​ខ្ពស់​ក្នុង​ចំណោម​សិស្ស​បញ្ចប់​ការ​សិក្សា​ពី​សាកល​ វិទ្យាល័យ គឺ​ដោយ​សារ​កង្វះ​ជំនាញ​ ដែល​ត្រូវ​ការ​ចាំបាច់​លើ​ទីផ្សារ​ការ​ងារ។
​បញ្ហា​ទី ៤ គឺ​ស្វ័យ​ភាព និង​សេរីភាព​អប់រំ​។ គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​រដ្ឋ​ នៅ​តែ​ស្ថិត​ក្រោម​ក្រសួង​គ្រប់គ្រង ​ដែល​មាន​បញ្ហា​ធ្ងន់ធ្ងរ​ដូច​ជា ​គ្មាន​មូលនិធិ​គ្រប់គ្រាន់​និង​ប្រាក់​ខែ​ទាប​។
​សេរីភាព​អប់រំ​នៅ​ក្មេង​ខ្ចី ក្នុង​ប្រព័ន្ធ​អប់រំ​បច្ចុប្បន្ន ​ដោយ​សារ​ឥទិ្ធពល​នយោបាយ និង​កម្មវិធី​អប់រំ​នៅ​មាន​កម្រិត​។ ​បញ្ហា​ចុង​ក្រោយ​គឺ​កង្វះ​ធនធាន​មនុស្ស​ គុណភាព​ការ​បង្រៀន និង​សមត្ថភាព​ស្រាវជ្រាវ​។ ​ឧទាហរណ៍ៈ សាកលវិទ្យាល័យ​នីតិសាស្រ្ត និង​សេដ្ឋកិច្ច មាន​សាស្រ្តាចារ្យ​ដែល​មាន​សញ្ញាបត្រ​បណ្ឌិត​តែ​១៦​នាក់ ចំណែក​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ មាន​តែ​៧​នាក់​ប៉ុណ្ណោះ យោង​តាម​របាយការណ៍​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ឆ្នាំ​ ២០១១។

​ខ្ញុំ​យល់​ស្រប​ ជាមួយ​នឹង​លោក ម៉ាក ងុយ ​អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​ឧត្តម​សិក្សា​នៃ​ក្រសួង​អប់រំ ​ដែល​បាន​និយាយ​ថា ​គ្រូ​សាកល​វិទ្យាល័យ​រដ្ឋ​រក​បាន​ចំណូល​យ៉ាង​តិច​ ១០០ ដុល្លារ​ក្នុង​មួយ​ខែ​ បូក​នឹង​ប្រាក់ ២,៣០ ដុល្លារ​សម្រាប់​ការ​បង្រៀន​១​ម៉ោង​ ប្រសិន​បើ​សាកល​វិទ្យាល័យ​ពួក​គេ​ផ្តល់​ថ្នាក់​ឯក​ជន​បន្ថែម គ្រូ​អាច​រក​បាន​ជាង ៥០០​ដុល្លារ ក្នុង​មួយ​ខែ​។ ក្នុង​បរិ​បទ​នេះ យើង​អាច​សួរ​ថា តើ​គ្រូ​ប៉ុន្មាន​ភាគ​រយ​ ដែល​អាច​រក​ប្រាក់​បាន ៥០០ ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ។

​ក្នុង​ប្រទេស​កម្ពុជា ប្រាក់​បៀវត្សរ៍​ប្រចាំ​ខែ ព្រម​ជាមួយ​នឹង​ប្រាក់​បៀវត្សរ៍​មូល​ដ្ឋាន ប្រាក់​ឧបត្ថម្ភ​បន្ទាប់​បន្សំ (​ហានិភ័យ​តាម​តំបន់ សុខភាព ​គរុកោសល្យ ​និង​សមាជិក​គ្រួសារ)​សម្រាប់​គ្រូ​សាកល​វិទ្យាល័យ​ពេញ​ម៉ោង ​គឺ ៥៥​ម៉ឺន​រៀល (ប្រហែល​១៣០​ដុល្លារ​អាមេរិក) ​ដែល​មិន​គ្រប់​គ្រាន់​សម្រាប់​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​ក្នុង​គ្រួសារ​ឡើយ។ ផ្ទុយ​ទៅ​វិញ ​ប្រាក់​ខែ​ជា​មធ្យម​របស់​គ្រូ​នៅ​បណ្តា​ប្រទេស​អាស៊ី​គឺ ១ ១៨២ ដុល្លារ​អាមេរិក​នៅ​ប្រទេស​ចិន ១ ៥៤៧​ ដុល្លារ​អាមេរិក នៅ​ប្រទេស​ឥណ្ឌា ​៤១១២ ដុល្លារ​អាមេរិក​នៅ​ប្រទេស​ជប៉ុន ៣១០៧ ដុល្លារ​អាមេរិក​នៅ​ប្រទេស​ម៉ាឡេស៊ី ​និង ២៥៦៨ ដុល្លារ​អាមរិក​ នៅ​ប្រទេស​អូស្រ្តាលី​។ ដូច្នេះ​ប្រាក់​ខែ​ទាប​ជា​បញ្ហា​ចម្រូង​ចម្រាស​នៅ​ក្នុង​សង្គម​កម្ពុជា​ បច្ចុប្បន្ន ​បើ​ទោះ​ជា​រាជ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ខែ ២០% ក្នុង​មួយ​ឆ្នាំ​ក៏ដោយ។

​ជា​ទី​បញ្ចប់ ខ្ញុំ​ក៏​សូម​កោត​សរសើរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​អស់​ពី​សមត្ថភាព​របស់ ​រដ្ឋាភិបាល ​ក្នុង​ការ​លើក​កម្ពស់​គុណភាព​អប់រំ ក្នុង​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ​។ ខ្ញុំ​នៅ​តែ​មាន​សុទិដ្ឋិនិយម ចំពោះ​ការ​អភិវឌ្ឍ​នា​ថ្ងៃ​អនាគត សម្រាប់​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​កម្ពុជា ដោយ​សារ​ការ​ប្តេជ្ញា​ខ្ពស់​របស់​រដ្ឋាភិបាល និង​ដៃ​គូ​អភិវឌ្ឍន៍។ ​ខ្ញុំ​កោត​សរសើរ​ ចំពោះ​យន្ត​ការ​ជា​ច្រើន​របស់​រដ្ឋាភិបាល​ ក្នុង​នោះ មាន​គណៈកម្មាធិការ​វាយ​តម្លៃ​កម្ពុជា ឧត្តម​ក្រុម​ប្រឹក្សា​ជាតិ​អប់រំ ផែន​ការ​អប់រំ​ជា​យុទ្ធសាស្រ្ត (២០០៩-២០១៣) ​ផែន​ការ​មេ​សម្រាប់​ការ​ស្រាវជ្រាវ​ក្នុង​វិស័យ​អប់រំ ២០១១-១៥ ។
សូម​ទទួល​ការ​រាប់​អាន​អំពី​ខ្ញុំ​!។

សំ រានី បេក្ខ​ជន​ថ្នាក់​បណ្ឌិត​នៅ Universiti Sains Malaysia (USM)​

No comments:

Enhancing Loan Payment Efficiency Through Mobile App Technology Utilization in the Banking Sector of Battambang City, Cambodia

Enhancing Loan Payment Efficiency Through Mobile App Technology Utilization in the Banking Sector of Battambang City, Cambodia : In the cont...