Saturday 10 March 2012

និស្សិត​សាលា​ច្បាប់​ប្រតិកម្ម​ទៅ​នឹង​ការ​​កំណត់​ប្រធានបទ​សារណា

និស្សិត​ដែល​កំពុង​សិក្សា​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច រាជធានី​ភ្នំពេញ បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ថ្នាក់​ដឹកនាំ​នៃ​សាកល​វិទ្យាល័យ​នេះ ដែល​ហាម​មិន​ឲ្យ​យក​ប្រធានបទ​មួយ​ចំនួន​មក​សរសេរ​សារណា​បញ្ចប់​ថ្នាក់​ បរិញ្ញាបត្រ​ឆ្នាំ​ទី​៤។
ក្រុម​និស្សិត​ទាំង​នោះ​បាន​ថ្លែង​ថា នេះ​ជា​ការ​រឹត​ត្បិត​សិទ្ធិ​សេរីភាព​របស់​ពួកគេ ដែល​គេ​ចង់​ធ្វើ​អ្វី​មួយ​ឲ្យ​ស្រប​ទៅ​តាម​បញ្ហា​ដែល​កំពុង​កើត​មាន​នៅ​ ក្នុង​សង្គម​បច្ចុប្បន្ន។

និស្សិត​ផ្នែក​ច្បាប់​ដែល​ចាប់​ផ្ដើម​ធ្វើ​សារណា​បញ្ចប់​ថ្នាក់​ បរិញ្ញាបត្រ​ឆ្នាំ​ទី​៤ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ឬ​ហៅ​កាត់​ថា រូល (RULE) ស្ថិត​នៅ​សង្កាត់​បឹងត្របែក ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ បាន​ចាត់​ទុក​ថា ការ​ហាម​មិន​សិស្ស​សរសេរ​ប្រធានបទ​មួយ​ចំនួន​របស់​ថ្នាក់​ដឹកនាំ​សាលា​គឺ​ជា ​រឿង​មួយ​គួរ​ឲ្យ​ភ្ញាក់ផ្អើល។
និស្សិត​ដែល​សាលា​មិន​អនុញ្ញាត​ឲ្យ​សរសេរ​សារណា​នោះ គឺ​ជា​និស្សិត​ដែល​រៀន​ពូកែ​មាន​ចំណាត់​ថ្នាក់​លេខ​១ ដល់​លេខ​៥។

និស្សិត​ផ្នែក​ច្បាប់​ម្នាក់​ដែល​កំពុង​សរសេរ​សារណា បាន​ថ្លែង​ថា ពួកគាត់​មាន​ការ​ងឿងឆ្ងល់​ចំពោះ​ថ្នាក់​ដឹកនាំ​សាលា​ដែល​បាន​ហាមប្រាម​ ប្រធានបទ​ខ្លះ ដែល​ជា​បញ្ហា​បច្ចុប្បន្នភាព​ដែល​សិស្ស​កំពុង​ចាប់​អារម្មណ៍​ច្រើន។

យុវជន​រូប​នេះ​បាន​បន្ត​ថា ថ្នាក់​ដឹកនាំ​សាលា​មិន​គួរ​រារាំង​និស្សិត​មិន​ឲ្យ​ជ្រើសរើស​ប្រធានបទ​ សម្រាប់​សរសេរ​សារណា​នោះ​ទេ ហើយ​អាច​ជា​ការ​បន្ទច់បង្អាក់​គំនិត​របស់​ពួកគេ៖ «វា​មាន​ច្រើន ប៉ុន្តែ​ក្នុង​នោះ​វា​មាន ២​ប្រធានបទ​ដែល​ចាប់​អារម្មណ៍​ជាង​គេ ហើយ​គេ​អត់​ឲ្យ​សរសេរ​ទី១ ទាក់ទង​វិស័យ​ការងារ ហើយ​មួយ​ទៀត​ទាក់ទង​ការ​ដោះស្រាយ​វិវាទ​ដីធ្លី ដែល​បច្ចុប្បន្ន​នេះ​វា​ជា​បញ្ហា​មួយ​ដែល​កើត​ឡើង​យ៉ាង​ក្ដៅ​គគុក​នៅ​ក្នុង​ ប្រទេស​របស់​យើង។ អ្វី​ដែល​ខ្ញុំ​ចង់​សរសេរ​គឺ​បាន​រឹតត្បិត​ខ្ញុំ​អត់​ឲ្យ​សរសេរ ...។ ហើយ​សម្រាប់​ខ្ញុំ​ទៀត​សោត មុខវិជ្ជា​ច្បាប់​ភូមិបាល គឺ​ខ្ញុំ​អត់​បាន​រៀន មិន​មែន​គេ​មិន​ឲ្យ​ត្រឹម​តែ​សរសេរ​ទេ ប៉ុន្តែ​គេ​អត់​ឲ្យ​ខ្ញុំ​រៀន​ទៀត។ អ៊ីចឹង​នេះ​ឯង​វា​ជា​ចម្ងល់​សម្រាប់​ខ្ញុំ ពីព្រោះ​នៅ​ពេល​ដែល​ខ្ញុំ​ទៅ​ធ្វើ​ការ​មិនមែន​មាន​ន័យ​ថា ខ្ញុំ​អត់​ធ្វើការ​លើ​ជំនាញ​ហ្នឹង​ទេ»
និស្សិត​ផ្នែក​ច្បាប់​ម្នាក់​ទៀត ក៏​មាន​ការ​យល់​ឃើញ​ប្រហាក់ប្រហែល​គ្នា​ដែរ៖ «ខ្ញុំ ​គិត​ថា មនុស្ស​យើង​ទាំង​អស់​មាន​គំនិត​ផ្សេងៗ​ពី​គ្នា ប្រធានបទ​ដីធ្លី​មែន​តែ​វា​មាន​បញ្ហា​ច្រើន។ ឧទាហរណ៍​ដូចជា​ខ្ញុំ​មួយ​អ៊ីចឹង ខ្ញុំ​មាន​គំនិត​ទាក់ទង​នឹង​ដីធ្លី​ដែរ តែ​ខ្ញុំ​ធ្វើ​ប្រធានបទ​មួយ​ផ្សេង​អ៊ីចឹង​ទៅ ហើយ​ក៏​ម្នាក់​ទៀត​គាត់​ដីធ្លី​ដែរ តែ​គាត់​ធ្វើ​រឿង​ផ្សេង។ អ៊ីចឹង​មុម​ផ្សេងៗ​គ្នា​យក​មក​និយាយ​អាច​ថា វា​បំពេញ​ឲ្យ​គ្នា​ម្នាក់​បន្ដិចៗ​ទៅ​វា​អាច​ធ្វើ​ឲ្យ​ប្រធានបទ​នោះ​កាន់​តែ ​ល្អ។ ការ​សរសេរ​ហ្នឹង​ខ្ញុំ​គិត​ថា បើក​ទូលាយ ព្រោះ​ក្នុង​ការ​សិក្សា​មិន​គួរ​ណា​រឹតត្បិត។ ឧទាហរណ៍​ថា បើ​យើង​រៀន​គឺ​មាន​មុខវិជ្ជា​យើង​តម្រង់​ទិស​មក​អ៊ីចឹង សិស្ស​យើង​ត្រូវ​តែ​រៀន​មុខវិជ្ជា​តម្រង់​ទិស ប៉ុន្តែ​បើ​យើង​សរសេរ​សារណា គឺ​ភាគ​ច្រើន​យើង​ត្រូវ​ទៅ​រក​ប្រធានបទ​ដែល​យើង​ត្រូវ​ការ ឬ​យើង​គិត​ថា​សំខាន់។ តែ​ដល់​ពេល​សាលា​គាត់​អត់​ឲ្យ​ធ្វើ​អ៊ីចឹង​មាន​អារម្មណ៍​ថា​អត់​អស់​ចិត្ត»

នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​របស់​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច កាល​ពី​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០១២ បាន​សរសេរ​ថា និស្សិត​ឆ្នាំ​ទី​៤ ថ្នាក់​បរិញ្ញាបត្រ​នីតិសាស្ត្រ និង​រដ្ឋបាល​សាធារណៈ ក្នុង​ឆ្នាំ​សិក្សា ២០១១​-២០១២ ដែល​ត្រូវ​សរសេរ​សារណា​នោះ មាន​ប្រធានបទ​ចំនួន ១៤​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​យក​មក​សរសេរ​ឡើយ។

ក្នុង​នោះ​មាន​ដូចជា៖ ១. បញ្ហា​គ្រឿង​ញៀន​ក្នុង​សង្គម ២. ការ​រៀបចំ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​កាកបាទ​ក្រហម​កម្ពុជា ៣. គោលការណ៍​និង​នីតិវិធី​ដោះស្រាយ​វិវាទ​ដីធ្លី​នៅ​ក្នុង​ព្រះរាជាណាចក្រ​ កម្ពុជា ៤. សមត្ថកិច្ច​ដោះស្រាយ​វិវាទ​ដីធ្លី​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ៥. ផលប្រយោជន៍​ទីផ្សារ​មូលបត្រ​នៅ​កម្ពុជា ៦. ការ​បង្ការ​និង​ការ​ដោះស្រាយ​វិវាទ​ការងារ ៧. មជ្ឈត្តការ​ពាណិជ្ជកម្ម​និង​មជ្ឈត្តការ​វិវាទ​ការងារ​នៅ​ព្រះរាជាណាចក្រ​ កម្ពុជា ៨. និយ័ត​ករ​ទីផ្សារ​មូលបត្រ ៩. ការ​បោះផ្សាយ​លក់​មូលបត្រ​មហាជន ទី​១០. ដំណើរការ​បោះផ្សាយ​លក់​មូលបត្រ​ជា​សាធារណៈ​របស់​សហគ្រាស​សាធារណៈ​នៅ​កម្ពុជា ១១. ក្រុមហ៊ុន​មូលបត្រ ១២. ការ​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​ជា​លើក​ដំបូង ១៣. ការ​ចុះ​បញ្ជី​ក្រុមហ៊ុន​ពាណិជ្ជកម្ម និង​ទី​១៤. ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​មាន​ឥទ្ធិពល​លើ​មូលបត្រ។

ឆ្លើយតប​ទៅ​នឹង​ចម្ងល់​ពី​ការ​កំណត់​ប្រធានបទ​ក្នុង​ការ​សរសេរ​សារណា​នេះ ប្រធាន​ការិយាល័យ​ស្រាវជ្រាវ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច លោក គង់ សាផន បាន​ពន្យល់​ថា អ្វី​ដែល​សំខាន់​នោះ គឺ​ជៀសវាង​ការ​សរសេរ​ជាន់​គ្នា​ទៅ​នឹង​សិស្ស​ជំនាន់​មុនៗ។ លោក​បញ្ជាក់​ថា ប្រធានបទ​មួយ​ចំនួន​និស្សិត​ពិបាក​ក្នុង​ការ​ស្រាវជ្រាវ​ដោយ​ពុំ​មាន​ កិច្ចសហការ​ពី​ស្ថាប័ន​ពាក់ព័ន្ធ។
លោក គង់ សាផន បញ្ជាក់​ទៀត​ថា ការ​សម្រិត​សម្រាំង​ដក​ប្រធានបទ​មួយ​ចំនួន​ចេញ​នោះ ពុំ​មាន​ហេតុផល​នយោបាយ ឬ​ជា​ការ​កំណត់​ពី​ក្រសួង​អប់រំ ហើយ​ក៏​គ្មាន​ស្ថាប័ន​ណាមួយ​ជ្រៀតជ្រែក​នោះ​ដែរ ផ្ទុយ​ទៅ​វិញ សាលា​បាន​គិត​អំពី​ផលប្រយោជន៍​របស់​និស្សិត។
លោក គង់ សាផន៖ «ជាពិសេស​បំផុត​គ្រឿង​ញៀន​នេះ ចេះ​គិត​ថា ពិបាក​ណាស់ ទី​១ គ្រូ​សាលា​ច្បាប់​យើង​រៀន​តែ​បទល្មើស​ព្រហ្មទណ្ឌ​គ្រឿង​ញៀន។ បញ្ហា​គ្រឿង​ញៀន​ច្បាស់​លាស់​ហ្មង គឺ​អត់​មាន​គ្រូ​ណែនាំ​ទេ តិចតួច​ណាស់។ ហើយ​យើង​ចេះ​តែ​អនុញ្ញាត​ទៅ តែ​ដល់​យូរៗ​ទៅ​អត់​ឃើញ​អី​សំខាន់ ក៏​យើង​ផ្អាក​សិន យើង​គិត​ថា ឥឡូវ​អ៊ីចេះ​បើ​គិត​ថា ឲ្យ​ចុះ​ទៅ ទី​១ ទៅ​អាជ្ញាធរ​គ្រឿង​ញៀន​ដើម្បី​រក​ព័ត៌មាន រក​ទិន្នន័យ ហើយ​រក​ម៉េច​បាន​បើ​ឥឡូវ​កំពុង​មាន​បញ្ហា​អ៊ីចឹង? យើង​និយាយ​ឲ្យ​ខ្លី​ទៅ នៅ​ក្រសួង​មហា​ផ្ទៃ និស្សិត​ដែល​ចប់​គឺ​យំ​ទាំងអស់។ ទី​១ ការ​ចេញ​ចូល​ក៏​ពិបាក ការ​ផ្ដល់​ឯកសារ​ឲ្យ​គ្នា​ក៏​ពិបាក ការ​យក​ចិត្ត​ទុក​ដាក់​ក៏​អត់​សូវ​មាន។ ក្រសួង​គេ​អត់​សូវ​យក​ចិត្ត​ទុក​ដាក់​ជាមួយ​យើង​ទេ ទោះ​បី​ជា​មាន​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​យ៉ាង​ម៉េច​ក៏​ដោយ​ឯកសារ​សំងាត់​ ទាំង​អស់»
ប្រធាន​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន ហៅ​កាត់​ថា YRDPលោក ជាង សុខា មាន​មតិ​ថា ហេតុផល​នៃ​ការ​បកស្រាយ​ដែល​ថ្នាក់​ដឹកនាំ​សាលា​អះអាង​នេះ ហាក់​ពុំ​ទាន់​មាន​លក្ខណៈ​សមស្រប​នៅ​ឡើយ។ លោក​ថា​ការ​ដែល​និស្សិត​មាន​សិទ្ធិ​ទូលំទូលាយ​ក្នុង​ការ​ជ្រើសរើស​ប្រធានបទ​ ដែល​ខ្លួន​ស្រលាញ់ ពេញ​ចិត្ត​យក​មក​សរសេរ​នោះ គឺ​នាំ​ឲ្យ​និស្សិត​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការ​ស្រាវជ្រាវ និង​សរសេរ​បាន​ល្អ។

លោក គង់ សាផន៖ «វា​ជា​ហេតុផល​របស់​សាលា។ ប៉ុន្តែ​បើ​ខ្ញុំ​ស្ដាប់​ទៅ ហេតុផល​ហ្នឹង​ក៏​វា​មិន​មាន​លក្ខណៈ​សមរម្យ​សម្រាប់​ដាក់​កំហិត​សេរីភាព​ សម្រាប់​ការ​ជ្រើសរើស​ប្រធានបទ​ទេ ព្រោះ​វា​ទាមទារ​ឲ្យ​សាលា​ហ្នឹង​ជួយ​ប្រកាស​ធ្វើ​ម៉េច​ឲ្យ​ស្ថាប័ន​ ពាក់ព័ន្ធ​ហ្នឹង​មាន​ការ​សហការ​ជាមួយ​និស្សិត​របស់​យើង​ក្នុង​ការ​សរសេរ​ សារណា ឬ​ក៏​អី​ហ្នឹង។ នេះ​មិនមែន​ជា​ប្រយោជន៍​របស់​និស្សិត​យើង​ទេ គឺ​ជា​ប្រយោជន៍​រួម​របស់​សង្គម​នៅ​ពេល​ដែល​និស្សិត​យើង​បាន​ធ្វើ​ការ​សិក្សា ​ស្រាវជ្រាវ​រក​ឃើញ​អំពី​មូលហេតុ ហើយ​មាន​អនុសាសន៍​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ទៅ​ដល់​រដ្ឋាភិបាល​សុទ្ធ​តែ​ជា​រឿង ​ល្អ​ទាំង​អស់ គឺ​ជួយ​ឲ្យ​សង្គម​មាន​យុទ្ធសាស្ត្រ​ក្នុង​ការ​ដោះស្រាយ​បញ្ហា ទោះ​បី​បញ្ហា​គ្រឿង​ញៀន​ក្ដី បញ្ហា​ដីធ្លី​ក្ដី​សុទ្ធ​តែ​ជា​រឿង​ល្អ​ហើយ»
ក្រៅ​ពី​មុខវិជ្ជា​ច្បាប់ និស្សិត​ដែល​បញ្ចប់​ឆ្នាំ​សិក្សា​២០១១-​២០១២ លើ​មុខ​ជំនាញ​ដូចជា សេដ្ឋកិច្ច គណនេយ្យ ធនាគារ និង​ផ្នែក​ព័ត៌មាន​វិទ្យា ក៏​ត្រូវ​បាន​សាលា​កំណត់​ប្រធានបទ​ហាម​សរសេរ​មួយ​ចំនួន​ដូច​គ្នា​ដែរ ទាក់ទង​នឹង​ប្រធាន​ជម្លោះ​ដីធ្លី​នៅ​កម្ពុជា ការ​ដោះស្រាយ​វិវាទ​ការងារ និង​ទីផ្សារ​មូលបត្រ​កម្ពុជា​នោះ​ដែរ ដោយ​សំអាង​ថា ប្រធានបទ​ដែល​ហាម​សរសេរ​ទាំងនោះ​គឺ​និស្សិត​ជំនាន់​មុន​បាន​សរសេរ​រួច​ហើយ។

និស្សិត​មក​ដែល​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៅ​ ប្រទេស​កាដាណា បាន​ថ្លែង​ថា នេះ​ជា​រឿង​មួយ​ចម្លែក​សម្រាប់​នាង។ ហើយ​ថា សម្រាប់​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​គេ​ពុំ​បាន​បិទ​សិទ្ធិ​សេរីភាព​ សិស្ស​ដោយ​គ្រាន់​តែ​សរសេរ​ប្រធានបទ​ដូច​គ្នា​នោះ​ទេ ពីព្រោះ​គំនិត​នៃ​ការ​សរសេរ និង​ការ​វិភាគ​ផ្សេងៗ​គ្នា និស្សិត​ណា​ចាប់​អារម្មណ៍​លើ​បញ្ហា​អ្វី​ក៏​អាច​សរសេរ​បាន​ដែរ ជៀសវាង​តែ​ការ​លួច​ចម្លង​គ្នា​តែ​ប៉ុណ្ណោះ៕

No comments:

Official Resume of H.E. Dr. SAR Sokha, Deputy Prime Minister and Minister (April 2024)

    CURRICULUM VITAE   1.            Surname - Given Name :    SAR SOKHA   7.            FAMILY STATUS: a.        Spouse: KE SOUNSO...