Thursday, 28 June 2012

ពាណិជ្ជកម្ម​កម្ពុជា-វៀតណាម​អាច​មិន​ដល់​គោលដៅ

 27 June 2012 ម៉ៃ គុណ​មករា

ភ្នំពេញៈ ទោះបី​កម្ពុជា​ និង​វៀតណាម​បាន​ប្តេជ្ញា​នឹង​ធ្វើ​ឲ្យ​ពាណិជ្ជកម្ម​ទ្វេភាគី​កើន​ឡើង​ដល់​៥​ ពាន់​លាន​ដុល្លារ​ត្រឹម​២០១៥​ក្តី ប៉ុន្តែ​មន្ត្រី និង​អ្នក​ជំនាញ​សេដ្ឋកិច្ច​អះអាង​ថា ទំនង​មិន​អាច​ទៅ​រួច​ទេ​។
ការ​ប្តេជ្ញាចិត្ត​នេះ​ធ្វើ​ឡើង​រវាង​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា និង​សម​ភាគី​វៀតណាម លោក ង្វៀន តិនយុង នៅ​ក្នុង​សន្និសីទ​លើក​ទីបី​ស្តី​ពី​ការ​វិនិយោគ និង​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​វៀតណាម នៅ​ខេត្ត Kien Giang ប្រទេស​វៀតណាម​ពី​សប្តាហ៍​មុន។

លោក ចាន់ សុផល ប្រធាន​សមាគម​សេដ្ឋកិច្ច​កម្ពុជា​បាន​បង្ហាញ​អំពី​ភាព​គ្មាន​ទំនុក ចិត្ត​ចំពោះ​គោលដៅ​នេះ។ លោក​ថ្លែង​ថា​៖ «ខ្ញុំ​មិន​ដឹង​ប្រាកដ​ថា ប្រទេស​ទាំង​ពីរ​អាច​សម្រេច​គោលដៅ​នោះ​បាន​ដែរ​ឬ​ទេ?»។

លោក​បន្ត​ថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា​កំពុង​តែ​នាំ​ចូល​ទំនិញ​ជា​ច្រើន​ពី​បណ្តា​ ប្រទេស​ក្នុង​តំបន់​ដូចជា ថៃ ចិន និង​កូរ៉េ​ខាង​ត្បូង​។ លោក​បន្ថែម​ថា៖ «យើង​នាំ​ចូល​ពី​ប្រទេស​ជាច្រើន។ ​បើ​វៀតណាម​ចង់​សម្រេច​ គោលដៅ​នោះ ​គេ​គួរ​ផលិត​ ផលិតផល​ដែល​មាន​គុណភាព​ខ្ពស់ និង​តម្លៃ​ដែល​អាច​ប្រកួត​ប្រជែង​បាន ដើម្បី​សម្រេច​ចំណែក​ទីផ្សារ​នៅ​ទីនេះ»។

លោក Hiroshi Suzuki ប្រធាន​នាយក​ប្រតិបត្តិ និង​ជា​ប្រធាន​អ្នក​វិភាគ​សេដ្ឋកិច្ច​ប្រចាំ​វិទ្យាស្ថាន​ស្រាវជ្រាវ ពាណិជ្ជកម្ម​កម្ពុជា (BRIC) បាន​លើក​ឡើង​ថា វា​ពិបាក​ក្នុង​ការ​ប៉ាន់ស្មាន​បរិមាណ​ពាណិជ្ជកម្ម និង​ឱនភាព​ពាណិជ្ជកម្ម នៅ​ឆ្នាំ​២០១៥ រវាង​កម្ពុជា និង​វៀតណាម។ ​ប៉ុន្តែ​លោក​ថ្លែង​ថា មាន​សញ្ញា​ល្អៗ​ជាច្រើន សម្រាប់​បង្កើន​ទំហំ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ពីរ​។

ទំនិញ​នាំ​ចេញ​របស់​ប្រទេស​កម្ពុជា​ភាគ​ច្រើន​ជា​ផលិតផល​កសិកម្ម។ ប្រទេស​នាំ​ចូល​សំខាន់ៗ​មក​កម្ពុជា មាន​ចិន ថៃ និង​វៀតណាម។​ លោក Hiroshi Suzuki ​ឲ្យ​ដឹង​ថា៖ «រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ទៀត ការ​ប្រកួត​ប្រជែង​របស់​វៀតណាម នឹង​កាន់​តែ​ខ្លាំង​ឡើង​ៗ ក្នុង​ចំណោម​ប្រទេស​ទាំង​នេះ ដោយ​សារ​ប្រាក់​ខែ​បុគ្គលិក​នៅ​ចិន និង​ថៃ នឹង​កើន​ឡើង​ខ្លាំង»។

លោក គង់ ពុទ្ធារ៉ា អ្នក​នាំ​ពាក្យ​ក្រសួង​សេដ្ឋកិច្ច មិន​មាន​សុទិដ្ឋិ​និយម​ចំពោះ​កំណើន​នេះ​ឡើយ​។ លោក​បន្ត​ថា៖ «វា​ទាមទារ​ឲ្យ​ប្រទេស​ទាំង​ពីរ​បង្កើត​យន្ត​ការ​ជំរុញ និង​លើក​ទឹក​ចិត្ត​សកម្មភាព​ពាណិជ្ជកម្ម​»។ ប៉ុន្តែ​លោក​ថ្លែង​ថា អ្វី​ដែល​រដ្ឋាភិបាល​ទាំង​ពីរ​បាន​សន្យា នឹង​អាច​សម្រេច​បាន បើ​មាន​គោល​ជំហរ និង​មាន​ដំណោះស្រាយ ព្រោះ​គេ​អាច​លើក​ទឹក​ចិត្ត​វិស័យ​ដែល​អាច​សម្រេច​បាន​។
កម្ពុជា វៀតណាម បាន​សម្រេច​គោលដៅ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​២​ពាន់​លាន​ដុល្លារ ចាប់​តាំង​ពី​ឆ្នាំ​មុន​មក​ម្ល៉េះ។

ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំង​ពីរ​កើន​ឡើង​៤២,៥៨​ភាគរយ នៅ​ត្រី​មាស​ទី​មួយ​ឆ្នាំ​នេះ​ដែល​មាន​ទឹក​ប្រាក់​ជាង​៩១៩​លាន​ដុល្លារ​ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ដែល​មាន​ត្រឹម​តែ​ជាង​៦៤៤​លាន​ដុល្លារ​ប៉ុណ្ណោះ។ ក្នុង​នោះ​ការ​នាំ​ចេញ​សរុប​របស់​កម្ពុជា​កើន​ឡើង​៥៨​ភាគរយ​ដល់ជាង​២០១​ លាន​ដុល្លារ ​ធៀប​នឹង​ជាង​១២៧​លាន​ដុល្លារ​។ រី​ឯ​ការ​នាំ​ចូល​សរុប​របស់​វៀតណាម​មក​កម្ពុជា ​កើន​៣៨,៨៣​ភាគរយ ពីជាង​៥១៦​លាន​ដល់​ជាង​៧១៧​លាន​ដុល្លារ។​

លោក ចាន់ សុផល លើក​ឡើង​ថា​៖ «យើង​នឹង​អាច​មាន​សមត្ថភាព​នាំ​ចេញ​កាន់​តែ​ច្រើន ទៅ​វៀត​ណាម​ពិសេស​ផលិតផល​កសិកម្ម ដូច​ជា កៅស៊ូ»។ ​ លោក​បន្ត​ថា វិស័យ​ឯកជន​នឹង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​អនុវត្ត​តាម​គោលដៅ របស់​រដ្ឋាភិបាល​មិន​ថា​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​ចង់​សម្រេច​បាន​គោលដៅ​ឬ ​អត់​នោះ​ទេ​វា​អាស្រ័យ​លើ​តួនាទី​របស់​វិស័យ​ឯកជន»។

លោក Hiroshi Suzuki បាន​ឲ្យ​ដឹង​ថា ស្ពាន​អ្នក​លឿង ដែល​ស្ថិត​ក្រោម​ការងារ​សាង​សង់​ដែល​ជា​ជំនួយ​របស់​ជប៉ុន នឹង​បញ្ចប់​នៅ​២០១៥ ដែល​នឹង​មាន​ការ​តភ្ជាប់​ទៅ​មក​រវាង​ប្រទេស​ទាំង​ពីរ។
បច្ចុប្បន្ន​រោងចក្រ​ផលិត​របស់​ជប៉ុន​ជាច្រើន​នៅ​ហូជីមិញ កំពុង​ទិញ​គ្រឿង​បន្លាស់​ចាំបាច់​ពី​តំបន់​ និង​ប្រទេស​ជិត​ខាង​ខ្លួន។ លោក​ថ្លែង​​ថា៖ «កម្ពុជា អាច​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​​ប្រទេស​ល្អ​ៗ ក្នុង​ការ​ផលិត​គ្រឿង​បន្លាស់​ក្នុង​តម្លៃ​ថោក។ កំណើន​ពាណិជ្ជកម្ម​នេះ​ក៏​ត្រូវ​បាន​គេ​រំពឹង​ទុក​ផង​ដែរ»​។

លោក ត្រាន ទូ មន្ត្រី​ពាណិជ្ជកម្ម​នៅ​ស្ថាន​ទូត​វៀតណាម​ប្រចាំ​នៅ​ភ្នំពេញ​មិន​អាច​ទាក់ទង​បាន​ទេ​កាល​ពី​ថ្ងៃ​អង្គារ។
លោក គង់ ពុទ្ធារ៉ា បាន​ឲ្យ​ដឹង​ថា ប្រទេស​ជា​ច្រើន​មិន​អាច​លុប​បំបាត់​ឱនភាព​ពាណិជ្ជកម្ម​រវាង​គ្នា​បាន​ឡើយ ទាក់ទង​នឹង​ការ​នាំ​ចេញ-នាំ​ចូល។
លោក​បន្ត​ថា៖ «យើង​មិន​អាច​ធ្វើ​ឲ្យ​មាន​តុល្យភាព​ពាណិជ្ជកម្ម​ជាមួយ​ពួក​គេ​បាន​ ឡើយ​ដោយ​សារ​ពួក​គេ​មាន​ប្រជាជន​ច្រើន និង GDP ខ្ពស់»។

កាល​ពី​ដើម​ឆ្នាំ​មុន​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក៏​បាន​ប្តេជ្ញា​ចិត្ត​ជាមួយ​លោក ហ៊ូ ជីន​តាវ ប្រធានាធិបតី​ចិន ដើម្បី​បង្កើន​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​ដល់​៥ ពាន់​លាន​ដុល្លារ​នៅ​ត្រឹម​២០១៥​ផង​ដែរ៕

No comments:

Enhancing Loan Payment Efficiency Through Mobile App Technology Utilization in the Banking Sector of Battambang City, Cambodia

Enhancing Loan Payment Efficiency Through Mobile App Technology Utilization in the Banking Sector of Battambang City, Cambodia : In the cont...