Thursday, 28 June 2012

ស្នាមញញឹម​និង​ព្រហ្មវិហារធម៌ជា​គន្លឹះដោះ​ស្រាយ​បញ្ហា​សង្គម


ដោយ ប៉ែន បូណា
 
ជនជាតិខ្មែរ​ត្រូវបាន​ជនបរទេស​ស្គាល់​ថា​មនុស្ស​ចូលចិត្ត​ញញឹម​ រាក់ទាក់​គួរ​ឲ្យ​ស្រឡាញ់។ ដោយសារ​ស្នាមញញឹម​នេះហើយ​បានជា​ជនបរទេស​បាន​ហៅ​ប្រទេស​កម្ពុជា​ថា​ជា​ព្រះ​ រា​ជា​ណា​ចក្រ​នៃ​ស្នាមញញឹម។ ប៉ុន្តែ បច្ចុប្បន្ន ជនជាតិខ្មែរ​ជាច្រើន​បាន​បាត់បង់​ស្នាមញញឹម​ហើយ​បែរ​ទៅ​ពាក់មុខយក្ស​ ដាក់គ្នា​ទៅវិញ មិន​ថា​ក្នុង​ឆាកនយោបាយ ឬ​ក្នុងសង្គម​ទូទៅ​នោះទេ។ ជម្លោះ​នយោបាយ អំពើហិង្សា​ក្នុង​គ្រួសារ និង​ការកាប់សម្លាប់​គ្នា​ដោយ​គ្រាន់​តែមាន​បញ្ហា​បន្តិចបន្តួច គឺជា​បច្ចុប្បន្នភាព​សង្គម​ដែល​គេ​បានឃើញ​ជា​រៀងរាល់ថ្ងៃ។ តើ​ស្នាមញញឹម​របស់​ជនជាតិ​ខ្មែរ​បាត់​ទៅណា​អស់?
 «ព្រះរាជាណាចក្រ​នៃ​ស្នាមញញឹម» នេះ​ជា​ឈ្មោះ​ដែល​ពួក​ប​ស្ចិ​ម​ប្រទេស​បានដាក់​ឲ្យ​ប្រទេស​កម្ពុជា​ បន្ទាប់ពី​ពួកគេ​បានមក​កាន់​ប្រទេស​នេះហើយ​ត្រូវបាន​ទាក់ទាញ​យ៉ាងខ្លាំង​ដោយ ​ស្នាម​ញញឹម​រាក់ទាក់​រប​ស់​ពលរដ្ឋ​ខ្មែរ។ កេរ្តិ៍ឈ្មោះ​នេះ​ពិតជា​ស័ក្តិសម​នឹង​ទទួល​សម្រាប់​ជនជាតិ​ខ្មែរ​ពីព្រោះថា ទោះបីជា​ពលរដ្ឋ​ក្រីក្រ​បំផុត នៅ​ទីជនបទ​ដាច់ស្រយាល​យ៉ាងណា​ក៏ដោយ ក៏​ពួកគេ​មាន​ស្នាមញញឹម និង​ទឹកចិត្ត​ដែរ ដូច​អ្វីដែល​ដូនតា​ខ្មែរ​បាន​ទូន្មាន​កូនចៅ​ថា «ក្រ​ចុះ​ឲ្យ​តែមាន» គឺមាន​ស្នាមញញឹម និង​ទឹកចិត្ត ដែលជា​គុណធម៌​ដ៏​ប្រពៃ​របស់​ជនជាតិខ្មែរ។

ប៉ុន្តែ រយៈពេល​ចុងក្រោយ​នេះ ជនជាតិខ្មែរ​ជាច្រើន​ហាក់​បាន​បំភ្លេច​កេរ្តិ៍ឈ្មោះ​ដ៏​ល្អ​នៃ​ពូជសាសន៍​​​ របស់ខ្លួន​ដោយ​បោះបង់​ស្នាមញញឹម​ចោល​ហើយ​បែរមក​ពាក់មុខយក្ស​ដាក់គ្នា​ទៅវិញ។ ​គ្រាន់តែ​រាំ​ជាន់ជើងគ្នា​បន្តិចបន្តួច​ឬ​ពេលខ្លះ​គ្រាន់តែ​សម្លឹងមុខ​គ្នា ​ក៏​មនុស្ស​ខ្មែរ​សម័យ​នេះ​អាច​បង្កជម្លោះ​កាប់​ចាក់​គ្នា​បានដែរ។ មិនថាតែ​ក្រុមក្មេងស្ទាវ​នោះទេ សូម្បីតែ​មនុស្ស​ចាស់​ខ្លះ​ក៏បាន​បាត់បង់​អធ្យាស្រ័យ​គ្នា​យ៉ាងខ្លាំង​ដែរ។​ គ្រាន់តែ​គ្រោះថ្នាក់​ចរាចរណ៍​តាម​​ដងផ្លូវ​បន្តិចបន្តួច​ឬក៏​បញ្ហា​តូចតាច​ សោះ មនុស្ស​ភាគច្រើន​មិនបាន​ប្រើ​ស្នាមញញឹម​ដើម្បី​ដោះ​ស្រាយ​​​បញ្ហា​ទេ តែ​បែរជា​បញ្ចេញ​កំហឹង​ដាក់គ្នា​ឬក៏​ទូរ​សព្ទ័​ស្វែងរក​អន្តរាគមន៍​ពី​ បក្ខពួក និង​ខ្នងបង្អែក​ទៅវិញ។

នេះ​នៅ​មិនទាន់​រាប់​អំពើហិង្សា​ក្នុង​គ្រួសារ ជម្លោះ​ប្តី​ប្រពន្ធ ឪពុក​និង​កូន រហូតដល់​ពេលខ្លះ ម្តាយ​និង​កូន ឬ​បង​និង​ប្អូន​ឈ្លោះ​គ្នា​គ្រាន់តែ​រឿង​ព្រំដី​ក៏មាន។​ងាក​ទៅ​មើល​ ឆាកនយោបាយ​វិញ​ការ​ពាក់មុខយក្ស​ដាក់គ្នា​ក៏​ស្ទើរតែ​ក្លាយជា​ទម្លាប់​ទៅហើយ​ ដែរ។​គូបដិបក្ខ​នយោបាយ​ទាំងឡាយ​ហាក់​បាន​ប្រើប្រាស់​កំហឹង​ទល់​កំហល់​ជាជាង​ ស្នាមញញឹម​ដើម្បី​ដោះស្រាយ​បញ្ហា។​ពាក្យសម្តី​អសុរោះ ប្រកបដោយ​ការប្រមាថ និង​គំនុំសងសឹក ត្រូវបាន​ប្រើប្រាស់​ដើម្បី​រិះគន់​វាយប្រហារ​គ្នា​ស្ទើរ​រាល់ថ្ងៃ។

ជាការ​ពិត បច្ចុប្បន្ននេះ គេ​ពិតជា​កម្រ​បានឃើញ​ណាស់​នូវ​ការដោះស្រាយ​បញ្ហា​ដោយ​ប្រើ​ស្នាមញញឹម តែ​អ្វីដែល​គេ​បានឃើញ​ជា​ញឹកញាប់​បំផុត​គឺ​ជម្លោះ​តឹងសរសៃក​ដាក់គ្នា​ឬក៏​ ឈានដល់​ហិង្សា​តែម្តង។ ជា​លទ្ធផល ពន្ធនាគារ​ទូទាំងប្រទេស ស្ទើរតែ​រក​កន្លែង​ដាក់​អ្នក​ទោស​មិនបាន​ទៅហើយ។ តើ​ស្នាមញញឹម​របស់​ជនជាតិ​ខ្មែរ​បាត់បង់​ទៅណា? សម្រាប់​ក្រសែភ្នែក​ក្រុមអ្នកវិភាគ​បញ្ហា​សង្គម​កម្ពុជា ការស្រុតចុះ​នៃ​សីលធម៌​សង្គម​នាពេល​បច្ចុប្បន្ន​នេះ​គឺជា​ព្រឹត្តិការណ៍​ដ៏​ គួរ​ឲ្យ​ព្រួយបារម្ភ និង​មិនអាច​បណ្តែតបណ្តោយ​បានឡើយ។

ការបន្ទោស​ទៅលើ​ផលវិបាក​នៃ​សង្គ្រាម​វិនាសកម្ម​កាលពី​អតីតកាល​ជា​រឿង​មួយ​ ហើយ​តែ​ផលវិបាក​នៃ​សាកលភាវូបនីយកម្ម​និង​ការបាត់បង់​អធ្យា​ស្រ័យ​គ្នា​ ក្នុងសម័យ«សម្ភារៈ និង​អំណាច​និយម» នាពេល​បច្ចុប្បន្ន​គឺជា​រឿង​សំខាន់​មួយទៀត។

នៅក្នុង​បរិបទ​បែបនេះ ការលើកកម្ពស់​សីលធម៌​សង្គម​គឺជា​កិច្ចការ​ដ៏​ចាំបាច់​មិនអាច​មើល​រំលង​​ បានឡើយ។ នៅក្នុង​សង្គម​ខ្មែរ គុណធម៌​ដ៏​ថ្លៃថ្លា​បំផុត​គឺ​ព្រហ្ម​វិហារធម៌​ទាំង៤ដែល​បង្កប់​នៅក្នុង​ ស្នាមញញឹម​នៃ​កំពូល​ប្រាសាទបាយ័ន។​នេះ​គឺជា​កេរ​មរតក​ដ៏​មានតម្លៃ​ដែល​ដូនតា ​ខ្មែរ​បន្សល់ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ។​គុណធម៌​នេះហើយ​ដែលជា​ដំបង​ទិព្វ​ ក្នុងការ​ដោះស្រាយ​បញ្ហា​គ្រប់ជំពូក​ដោយ​ចៀសវាង​បាន​នូវ​អំពើហិង្សា។​ នៅពេលដែល​មនុស្ស​គ្រប់គ្នា​បោះបង់​ចោល​​ការប្រមាថ​ហើយ​បែរ​ទៅ​ញញឹម​ដាក់គ្នា ​ប្រកបដោយ​អធ្យាស្រ័យ​រឿង​ធំ​នឹង​ទៅជា​រឿង​តូច​រីឯ​រឿង​តូច​នឹងត្រូវ​ បញ្ចប់។​គុណធម៌​ដ៏​មានតម្លៃ​នេះ​មាន​រួចស្រេច​ទៅហើយ​នៅក្នុង​មនុស្ស​ខ្មែរ​ គ្រប់គ្នា​ប៉ុន្តែ​វា​គ្រាន់តែ​កប់​បាត់​ក្នុង​កាលៈទេសៈ​មួយ​ដែល«ធម៌​ ប្រមាថ»កំពុងមាន​ឥទ្ធិពល​ខ្លាំង​តែប៉ុណ្ណោះ។​ស្នាមញញឹម និង​ព្រហ្ម​វិហារធម៌​នឹង​វិល​មកវិញ​ប្រសិនបើ​គេ​នាំគ្នា​គាស់​កកាយ​​និង​លើក ​តម្លៃ​វា​ផ្ទុយ​ទៅវិញ​វា​នឹង​កប់​បាត់​កាន់តែ​ជ្រៅ​និង​នាំ​សង្គម​ទៅ​រក​ គ្រោះ​ថ្នាក់​​កាន់​តែ​ខ្លាំង​ប្រសិន​បើ​គេ​បណ្តែតបណ្តោយ​​ឲ្យ«ធម៌​ ប្រមាថ»ដឹកមុខ​តទៅទៀត៕

No comments:

Enhancing Loan Payment Efficiency Through Mobile App Technology Utilization in the Banking Sector of Battambang City, Cambodia

Enhancing Loan Payment Efficiency Through Mobile App Technology Utilization in the Banking Sector of Battambang City, Cambodia : In the cont...