Tuesday 26 June 2012

ឥទ្ធិពល​នៃ​ទំនាក់ទំនង​កម្ពុជា-​វៀតណាម​រយៈពេល​៤៥​ឆ្នាំ

2012-06-26
ទំនាក់ទំនង​ផ្លូវ​ការ​រវាង​កម្ពុជា និង​វៀតណាម បាន​កន្លង​ទៅ​អស់​រយៈ​ពេល ៤៥​ឆ្នាំ​មក​ហើយ គិត​មក​ត្រឹម​ឆ្នាំ​២០១២ នេះ។ ថ្នាក់​ដឹកនាំ​ប្រទេស​ទាំង​ពីរ​បាន​ផ្ញើ​សារ​ជូន​ពរ​រៀបរាប់​ពី​ទំនាក់​ទំនង ​យ៉ាង​ល្អ​ប្រសើរ​ជាមួយ​គ្នា។

កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​បាន​ទៅ​សម្ពោធ​​បង្គោល​ព្រំដែន​លេខ ៣១៤ រួម​គ្នា​នៅ​ខេត្ត​កំពត ប្រទេស​កម្ពុជា ជាប់​នឹង​ខេត្ត​គៀងយ៉ាង ប្រទេស​វៀតណាម ដើម្បី​រំលឹក​ខួប ៤៥​ឆ្នាំ និង​ដើម្បី​រឹត​ចំណង​សាមគ្គីភាព​នេះ​បន្ត​ទៀត។

នៅ​ក្នុង​ខួប​លើក​ទី​៤៥ នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា-​វៀតណាម លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហៅ​ថា ទំនាក់ទំនង​កម្ពុជា និង​វៀតណាម ថា ជា​ទំនាក់​ទំនង​ល្អ​ប្រសើរ​រវាង​ប្រទេស​ភូមិ​ផង​របង​ជាមួយ​គ្នា។ អ្នក​ដឹក​នាំ​ប្រទេស​ទាំង​ពីរ​បាន​ហៅ​ព្រឹត្តិការណ៍​នេះ​ថា បាន​បង្ហាញ​ពី​ចំណង​មិត្តភាព​ដ៏​ល្អ​ក្នុង​រយៈពេល ៤៥​ឆ្នាំ ចុង​ក្រោយ​នេះ​រវាង​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ និង​រដ្ឋាភិបាល​ក្រុង​ហាណូយ។ ប៉ុន្តែ​ក្រុម​អ្នក​តាម​ដាន​ស្ថានភាព​សង្គម​យល់​ឃើញ​ថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ គឺ​ភាគី​វៀតណាម តែង​តែ​កេង​ចំណេញ​យ៉ាង​ច្រើន​ពី​កម្ពុជា។

សកលវិទ្យាធិការ​សកលវិទ្យាល័យ​ខេមរៈ និង​ជា​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច នៅ​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០១២ មាន​ប្រសាសន៍​ថា ទំនាក់​ទំនង​កម្ពុជា និង​វៀតណាម មាន​តាំង​ពី​មហា​សន្និបាត​បក្ស​ឥណ្ឌូចិន តាំង​ពី​ឆ្នាំ​១៩៣០ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​១៩៦៧ ជា​ថ្ងៃ​ដែល​ទំនាក់​ទំនង​​ការទូត​ប្រទេស​ទាំង​ពីរ​បាន​ចាប់​ផ្ដើម​ទទួល​ ស្គាល់​ជា​ផ្លូវការ និង​ជា​អន្តរជាតិ។ ប៉ុន្តែ​ក្នុង​ចំណង​ទាក់ទង​នេះ គេ​ឃើញ​វៀតណាម មាន​ការ​រីក​ចម្រើន​ជាង​កម្ពុជា ហើយ​មេដឹកនាំ​វៀតណាម តែង​តែ​រំលឹក​ពី​គុណបំណាច់​របស់​ពួកគេ​ដែល​ចូល​មក​បណ្ដេញ​ក្រុម​ខ្មែរ​ក្រហម ប៉ុល ពត កាល​ពី​ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩ នោះ។

លោក សុខ ទូច បញ្ជាក់​ថា ចំពោះ​រឿង​នយោបាយ​ផ្ទៃ​ក្នុង​របស់​វៀតណាម កាល​ពី​អតីតកាល​វិញ បើ​គ្មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​កម្ពុជា​នោះ វៀតណាម​ពិត​ជា​មិន​មាន​ការ​ឯកភាព​ជាតិ​រហូត​មក​ដល់​សព្វថ្ងៃ​នេះ​ឡើយ។ ប៉ុន្តែ​វៀតណាម មិន​ដែល​រំលឹក​គុណ​នេះ​ដល់​កម្ពុជា​ទេ៖ «អ្នក​ឯង​ចងចាំ​ ពី​ទំនាក់ទំនង​ការទូត​រវាង​វៀតណាម និង​កម្ពុជា អ្នក​ក៏​ត្រូវ​ចងចាំ​ដែរ​ថា បើ​គ្មាន​កម្ពុជា អ្នក​ឯង​ក៏​មិន​បាន​ជ័យជំនះ​លើ​បារាំង និង​ឯកភាព​ជាតិ​ដែរ។ ប៉ុន្តែ​គេ​អត់​ដែល​រំលេច​ទេ គេ​រំលេច​តែ​គុណ​វៀតណាម»

លោក សុខ ទូច បន្ត​ថា តាម​ប្រវត្តិសាស្ត្រ​កាល​ពី​សម័យ​សង្គ្រាម​វៀតណាម ទសវត្ស​ឆ្នាំ​១៩៧០ វៀតណាម​បាន​ដាក់​កងទ័ព​ក្នុង​ទឹក​ដី​ខ្មែរ​ជាង ៤០​ពាន់​នាក់ ស៊ី​អង្ករ​ខ្មែរ តែ​វៀតណាម មិន​ដែល​រំលឹក​ពី​បញ្ហា​នេះ​ឡើយ។

កត្តា​នយោបាយ​នាំ​ឲ្យ​មាន​លំហូរ​រវាង​ជនជាតិ​វៀតណាម ចូល​មក​រស់​នៅ​កម្ពុជា ដោយ​ខុស​ច្បាប់ និង​ទឹក​ដី​កម្ពុជា​ក្រោម ត្រូវ​បារាំង​កាត់​ដាក់​ឲ្យ​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​វៀតណាម ទៀត។ តាម​ប្រវត្តិសាស្ត្រ​បាន​បង្ហាញ​ដែរ​ថា ខ្មែរ​ក្រហម​មាន​ការ​ស្អប់​ខ្ពើម​វៀតណាម ហើយ​វៀតណាម ក៏​ធ្លាប់​បាន​ធ្វើ​ទុក្ខបុកម្នេញ​ពលរដ្ឋ​ខ្មែរ​ក្រោម​ផង​ដែរ។

ប្រធាន​បណ្ដាញ​យុវជន​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា លោក គឹម ស៊ីសមណា មាន​ប្រសាសន៍​ថា ទំនាក់​ទំនង​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​នាំ​ផល​ល្អ​សម្រាប់​ប្រជាជន​នៃ​ ប្រទេស​ទាំង​ពីរ។ លោក​បន្ត​ថា មន្ត្រី​រដ្ឋាភិបាល​របស់​វៀតណាម តែង​តែ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា និង​សួរ​សុខ​ទុក្ខ​ជនជាតិ​វៀតណាម នៅ​ប្រទេស​កម្ពុជា។

លោក គឹម ស៊ីសមណា បញ្ជាក់​ថា លោក​ចង់​ឲ្យ​ប្រទេស​វៀតណាម រាប់​អាន​កម្ពុជា ដោយ​ស្មោះ​ស កុំ​ឆ្លៀត​រាប់​អាន​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ បែរ​ជា​ជាន់​ក​ខ្មែរ​កម្ពុជា​ក្រោម៖ «សិទ្ធិ​ទទួល​បាន​ការ​អប់រំ​ហ្នឹង រដ្ឋាភិបាល​វៀតណាម មិន​គាំទ្រ​ខ្មែរ​ក្រោម​ឡើយ ថ្នាក់​ដឹកនាំ​ខ្មែរ​ធ្វើ​បុណ្យ​សួរ​សុខ​ទុក្ខ​ខ្មែរ​កម្ពុជា​ក្រោម​អី​គឺ​ អត់​មាន​សោះ»

យ៉ាង​ណា​មិញ ទំនាក់​ទំនង​ប្រទេស​ទាំង​ពីរ​គេ​ឃើញ​នាំ​មក​នូវ​ផល​វិជ្ជមាន​លើ​វិស័យ​ សេដ្ឋកិច្ច​ខ្លះ​ដែរ។ ទិន្នន័យ​ពី​ក្រសួង​ផែន​ការ និង​វិនិយោគ​របស់​វៀតណាម បង្ហាញ​ថា ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨ មក​វៀតណាម​បាន​ផ្តល់​អាជ្ញាប័ណ្ណ ១១ សម្រាប់​គម្រោង​នៅ​កម្ពុជា ដែល​មាន​ទឹក​ប្រាក់ ៥៣​លាន​ដុល្លារ និង​បាន​ចេញ​អាជ្ញាប័ណ្ណ​វិនិយោគ​ចំនួន ១១២ ដល់​វិនិយោគិន​វៀតណាម មក​វិនិយោគ​នៅ​កម្ពុជា ដែល​មាន​ទុន​ចុះ​បញ្ជី​សរុប ២,៣៦​ពាន់​លាន​ដុល្លារ។

ការ​វិនិយោគ​ទាំង​អស់​របស់​វៀតណាម នៅ​កម្ពុជា​ គឺ ៤០​ភាគរយ​លើ​វិស័យ​កសិ-​ឧស្សាហកម្ម ៣៤​ភាគរយ លើ​ការ​ផលិត​អគ្គិសនី និង ១១​ភាគរយ​លើ​វិស័យ​ធនាគារ និង​ហរិញ្ញវត្ថុ ហើយ​សល់​​ប៉ុន្មាន​វិនិយោគ​លើ​វិស័យ​រ៉ែ​ ការ​ដឹក​ជញ្ជូន​ និង​ទូរគមនាគមន៍។ ក៏​ប៉ុន្តែ​កម្ពុជា មិន​អាច​ទាញ​សក្តានុពល​ពី​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំង​ពីរ​បាន​ខ្លាំងក្លា ​នោះ​ឡើយ។

អ្នក​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា ត្រូវ​ការ​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​ជិត​ខាង​ដូច​ជា​វៀតណាម ដើម្បី​អភិវឌ្ឍ​វិស័យ​សេដ្ឋកិច្ច ប៉ុន្តែ​វៀតណាម​បាន​កេង​ចំណេញ​យ៉ាង​ច្រើន​ក្នុង​វិស័យ​សេដ្ឋកិច្ច ដូចជា​ក្រុមហ៊ុន​វៀតណាម ជា​ច្រើន​មក​វិនិយោគ​នៅ​កម្ពុជា ថែម​ទាំង​នាំ​មក​នូវ​កម្មករ​អ្នក​បច្ចេកទេស​ជា​ច្រើន​ចូល​មក​រស់​នៅ​ក្នុង​ កម្ពុជា​ទៀត។

លោក សុន ឆ័យ បញ្ជាក់​ថា នយោបាយ​វៀតណាម កំពុង​តែ​ឆ្លៀត​ប្រើ​ឥទ្ធិពល​មក​លើ​រដ្ឋាភិបាល​កម្ពុជា៖ «ការ​បញ្ចូល​ជន​ជាតិ​គេ​ក្នុង​ប្រទេស​កម្ពុជា ការ​ឈ្លាន​ពាន​នា​ពេល​កន្លង​ទៅ នយោបាយ​វៀតណាម សុទ្ធ​តែ​គិតគូរ​ឲ្យ​ប្រទេស​កម្ពុជា ឲ្យ​ស្ថិត​ក្នុង​នឹម​ត្រួតត្រា​របស់​គេ ចាំបាច់​គ្រប់​គណបក្ស​ត្រូវ​មាន​ស្មារតី​ឯកភាព​ជាតិ គិត​គូរ​ពី​បញ្ហា​នេះ»

លោក សុន ឆ័យ បន្ត​ថា លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន ប្រើប្រាស់​ទំនាក់​ទំនង​កម្ពុជា-​វៀតណាម ប្រកប​ដោយ​ភាព​ឆ្លាតវៃ និង​ទទួល​ខុស​ត្រូវ​ខ្ពស់ ដើម្បី​ធានា​​ឲ្យ​ផល​ប្រយោជន៍​ប្រទេស​កម្ពុជា។

ទោះ​ជា​យ៉ាង​នេះ​ក្តី មន្ត្រី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម មាន​ការ​សហការ​គ្នា​យ៉ាង​ល្អ​ដើម្បី​បង្កើន​មិត្តភាព សាមគ្គីភាព និង​សហប្រតិបត្តិការ​សេដ្ឋកិច្ច។

លោក​បន្ត​ថា ការ​លើក​ឡើង​របស់​បក្ស​ប្រឆាំង​ដែល​ថា រដ្ឋាភិបាល​កម្ពុជា បណ្ដោយ​ឲ្យ​វៀតណាម ប្រើ​ឥទ្ធិពល​លើ​កម្ពុជា ជា​រឿង​មិន​ពិត៖ «បាទ! នេះ​គ្រាន់​ជា​ការ​វាយ​ប្រហារ​ប្រមាថ​ដល់​រដ្ឋាភិបាល​តែ​ប៉ុណ្ណឹង គាត់​មិន​បង្ហាញ​ពី​ការ​ដឹង​ការ​យល់​ជូន​ពលរដ្ឋ​ទេ»

នៅ​ក្នុង​សារ​លិខិត​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើ​ជូន​នាយករដ្ឋមន្ត្រី​វៀតណាម ក៏​បាន​គូស​បញ្ជាក់​ថា "ចំណង​មិត្តភាព​នឹង​ជួយ​ជំរុញ​ការ​ឈាន​ទៅ​មុខ​ជា​ប្រពៃណី និង​សហ​ប្រតិបត្តិការ​ដ៏​រឹងមាំ​រវាង​ប្រទេស​យើង​ទាំងពីរ"។ សារ​លិខិត​បន្ត​ថា ប្រជាជន​កម្ពុជា នៅ​តែ​ចងចាំ​ប្រកប​ដោយ​ការ​ដឹង​គុណ​យ៉ាង​ជ្រាលជ្រៅ​នូវ​ការ​ជួយ​ឧបត្ថម្ភ​ របស់​រដ្ឋាភិបាល និង​ប្រជាជន​វៀតណាម ក្នុង​ការ​រំដោះ​ប្រទេស​កម្ពុជា ឲ្យ​រួច​ផុត​ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត នៅ​ឆ្នាំ​១៩៧៩។

យ៉ាង​ណា​ក៏​ដោយ​ប្រជាពលរដ្ឋ និង​អ្នក​នយោបាយ​មួយ​ចំនួន​មិន​ឲ្យ​តម្លៃ​ការ​លើក​ទ័ព​វៀតណាម ចូល​កម្ពុជា នៅ​ឆ្នាំ​១៩៧៩ នោះ​ឡើយ ដោយ​ពួក​គេ​អះអាង​ថា វៀតណាម​មក​ឈ្លាន​ពាន​កម្ពុជា។
អ្នក​វិភាគ​ឯករាជ្យ​ឲ្យ​ដឹង​ថា បើ​គ្មាន​ទ័ព​វៀតណាម​ទេ ពលរដ្ឋ​កម្ពុជា ក៏​ប្រហែល​ជា​ត្រូវ​ស្លាប់​ជា​ច្រើន​ទៀត​ដោយសារ​របប ប៉ុល ពត ដែរ ប៉ុន្តែ​កម្ពុជា​ក៏​មិន​ត្រូវ​ដឹង​គុណ​វៀតណាម ហួស​ហេតុ​ដែរ។
លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា ទំនាក់​ទំនង​ល្អ​របស់​ប្រទេស​ជិត​ខាង​ជា​ភាព​សុខ​ក្សេមក្សាន្ត​នៅ​ក្នុង​ តំបន់។ លោក​បន្ត​ថា ពលរដ្ឋ​ខ្មែរ រដ្ឋាភិបាល​ខ្មែរ សង្គម​ស៊ីវិល​ខ្មែរ បក្ស​ប្រឆាំង​ខ្មែរ​មិន​ចាំបាច់​តែ​រំលឹក​គុណ​វៀតណាម រហូត​នោះ​ឡើយ ព្រោះ​ខ្មែរ​ក៏​ធ្លាប់​ធ្វើ​គុណ​ឲ្យ​វៀតណាម​ច្រើន​ដែរ។

លោក​បញ្ជាក់​ថា ការ​រៀបចំ​ប្រវត្តិសាស្ត្រ​ឲ្យ​បាន​ច្បាស់លាស់​ត្រឹមត្រូវ​ជា​កត្តា​ជំរុញ​ទំនាក់​ទំនង​ល្អ​របស់​ប្រទេស​ទាំង​ពីរ​ដែរ៖ «យើង ​មាន​ដែល​ឲ្យ​វៀតណាម ដឹង​គុណ​យើង​ទេ នៅ​ថ្ងៃ​៣០ មេសា ១៩៧៥ បើ​សិន​គ្មាន​ខ្មែរ​ឲ្យ​ទឹក​ដី​វៀតណាម អាច​រំដោះ​ប្រទេស​បាន​ទេ អា​ហ្នឹង​ដែល​យើង​ត្រូវ​និយាយ​សុំ​ឲ្យ​រៀបចំ​ប្រវត្តិសាស្ត្រ កុំ​បំភ្លៃ​ប្រវត្តិសាស្ត្រ ការ​បំភ្លៃ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ខ្មែរ​បែក​បាក់​ជាមួយ​សៀម-​ខ្មែរ បែក​បាក់​ជាមួយ​យួន»

បើ​តាម​ប្រវត្តិសាស្ត្រ​ទំនាក់​ទំនង​កម្ពុជា-​វៀតណាម បាន​បណ្ដាល​ឲ្យ​អតីត​មហាក្សត្រ​ខ្មែរ​ព្រះបាទ​ជ័យ​ជេដ្ឋា​ទី​២ នៅ​ឆ្នាំ​១៦២៣ ព្រះ​រាជានុញ្ញាត​ឲ្យ​វៀតណាម ចូល​កាន់​កាប់​កម្ពុជា ជា​ច្រើន​ខេត្ត។
ទំនាក់ទំនង​កម្ពុជា-​វៀតណាម ក៏​បាន​រួម​គ្នា​ប្រឆាំង​នឹង​អាណានិគម​និយម​បារាំង។ ទំនាក់​ទំនង​កម្ពុជា-​វៀតណាម បាន​នាំ​ឲ្យ​វៀតណាម បង្រួប​បង្រួម​ជាតិ​បាន​សម្រេច​នៅ​ក្នុង​សង្គ្រាម​វៀតណាម។ទំនាក់​ទំនង​ កម្ពុជា-​វៀតណាម បាន​វាយ​កម្ទេច​របប​ខ្មែរ​ក្រហម នៅ​ឆ្នាំ​១៩៧៩ សង្គ្រោះ​ពលរដ្ឋ​កម្ពុជា។

អ្នក​វិភាគ​មួយ​ចំនួន​នៅ​តែ​បារម្ភ​ថា កម្ពុជា​ចាញ់​ប្រៀប​វៀតណាម ខណៈ​ពេល​ដែល​ពលរដ្ឋ​វៀតណាម តែងតែ​លើក​ពាក្យ​ស្លោក​ថា តឹកដឹក តឹកវ៉ាង (Tat dat tat vang) ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា មួយ​សង់ទីម៉ែត្រ​ដី​ស្មើ​នឹង ១​សង់ទីម៉ែត្រ​មាស៕

No comments:

China's Confucius Institutes flourish in ASEAN after West's freeze-out (西方冷落后中国孔子学院在东盟蓬勃发展)

  Geopolitical baggage less of a factor, while learning Chinese is seen as a smart move 地缘政治包袱影响较小,学习中文被视为明智之举 https://asia.nikkei.com/P...