Monday, 25 June 2012

CPP គ្រប់គ្រង​ឃុំ-សង្កាត់​១៥៩២​ក្នុង​ចំណោម​១៦៣៣

http://www.postkhmer.com/index.php?option=com_content&view=article&id=80736:cpp--&catid=1:national-news&Itemid=76


ពល​រដ្ឋ​​ខ្លះ​រក​ឈ្មោះ​របស់​ខ្លួន​មិន​ឃើញ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​ សង្កាត់​កាល​ពី​ថ្ងៃ​ទី ៣ មិថុនា​​​។ រូបថត ហេង ជី​វ័ន​

25 June 2012 វង្ស សុខេង

ភ្នំពេញៈ គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្ស​កាន់​អំណាច​ បាន​គ្រប់គ្រង​ជា​ផ្លូវ​ការ​ លើ​ឃុំ​សង្កាត់​ចំនួន ១៥៩២ ក្នុង​ចំណោម​ឃុំ​ សង្កាត់​សរុប ១៦៣៣ បន្ទាប់​ពី​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ថ្ងៃ​ទី ០៣ ខែ​មិថុនា កន្លង​ទៅ​។ លទ្ធផល ​នេះ ​ក៏​បាន​ព្យាករ​ផង​ដែរ​ថា គណបក្ស​ប្រជាជន នឹង​គ្រប់គ្រង​អាសនៈ​ភាគ​ច្រើន​នៃ​អាសនៈ​សរុប ១២៣ ក្នុង​រដ្ឋ​សភា​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​នៅ​ថ្ងៃ​ទី ២៨ ខែ​កក្កដា ឆ្នាំ​ក្រោយ​នេះ។

លោក ទេព នីថា​ អគ្គ​លេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ថ្លែង​ថា លទ្ធផល​ជា​ផ្លូវ​ការ នៃ​ការ​បោះឆ្នោត​ឃុំ​សង្កាត់ បាន​ប្រកាស​នៅ​ថ្ងៃ​អាទិត្យ ម្សិលមិញ ដែល​ក្នុង​នោះ គណបក្ស​ប្រជាជន​ឈ្នះ ៨២៩២ អាសនៈ នៃ​អាសនៈ​សរុប​១១៤៥៩​អាសនៈ ក្នុង​ឃុំ​សង្កាត់​ចំនួន ១៦៣៣។ លោក​បន្ត​ថា គណបក្ស សម រង្ស៊ី ដែល​ជា​គណបក្ស​ប្រឆាំង បាន​ឈ្នះ​ ២១៥៥ អាសនៈ កាន់កាប់​តំណែង​មេ​ឃុំ​ ចៅសង្កាត់​ ចំនួន ២២ ​គណបក្ស​សិទិ្ធមនុស្ស យក​បាន​អាសនៈ​៨០០ អាសនៈ និង​កាន់​តំណែង​មេ​ឃុំ ឬ​ចៅ​សង្កាត់ ១៨ គណបក្ស​ហ៊្វុនស៊ិនប៉ិច ឈ្នះ ១៥១ អាសនៈ កាន់​តំណែង​មេ​ឃុំ​ ឬ​ចៅ​សង្កាត់ ១ គណបក្ស​នរោត្តម រណឫទ្ធិ ឈ្នះ ៥២ អាសនៈ គណបក្ស​សម្ព័ន្ធ​ប្រជាធិបតេយ្យ​ឈ្នះ ៨ អាសនៈ និង​គណបក្ស​ជាតិ​ខ្មែរ​ឈ្នះ ១ អាសនៈ​។

លោក ទេព នីថា បាន​បន្ថែម​ថា៖«បរិស្ថាន​បោះឆ្នោត​ជា​ទូទៅ បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ប៉ុន្តែ​មាន​ការ​រិះគន់​ជា​ធម្មតា ដោយ​គណបក្ស​ប្រឆាំង​ថា បោះឆ្នោត​មិន​សេរី និង​មិន​យុតិ្តធម៌​»។
លោក​បន្ថែម​ថា គ.ជ.ប នឹង​បញ្ជូន​បញ្ជី​ឈ្មោះ​បេក្ខជន របស់​គណបក្ស​ ទៅ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ចន្ទ ហើយ​បេក្ខជន​ទាំង​អស់​នឹង​ចូល​កាន់​តំណែង​ក្នុង​ឃុំ សង្កាត់​រយៈ​ពេល ១៤ ថ្ងៃ បន្ទាប់​ពី​ក្រសួង​ទទួល​បាន​បញ្ជី​ឈ្មោះ​បេក្ខជន​នោះ។ លោក​បន្ត​ថា៖ «​មាន​តែ​ក្រសួង​មហា​ផ្ទៃ​ទេ ដែល​នឹង​តែង​តាំង​បេក្ខជន​ទាំង​នោះ​ ពី​គណបក្ស​នយោបាយ ឲ្យ​ទទួល​ការងារ​នៅ​ឃុំ​ សង្កាត់​។ វា​ផុត​ពី​ដៃ គ.ជ.ប ហើយ​»។

គណបក្ស​សិទិ្ធ​មនុស្ស បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ កាល​ពី​ម្សិលមិញ ដោយ​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​ថា ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​អាណត្តិ​ទី ៣ នេះ មាន​ភាព​មិន​ប្រក្រតី​យ៉ាង​ធ្ងន់ធ្ងរ ដែល​ គ.ជ.ប ត្រូវ​តែ​ទទួល​ខុស​ត្រូវ​នោះ គឺ​យន្តការ និង​នីតិវិធី ធ្វើ​ឲ្យ​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​មិន​អាច​បោះឆ្នោត​បាន ដែល​មាន​ចំនួន​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ ដែល​នេះ ជា​ការ​រំលោភ​លើ​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។ ​គណបក្ស​ប្រឆាំង​មួយ​នេះ​ បាន​សរសេរ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា៖ «​គណបក្ស​សិទិ្ធមនុស្ស យល់​ឃើញ​ថា ជ័យជម្នះ​របស់​គណបក្ស​កាន់​អំណាច ទទួល​បាន​ដោយ​ការ​បោះឆ្នោត ដែល​មាន​ភាព​មិន​ប្រក្រតី​យ៉ាង​ធ្ងន់ធ្ងរ ​ជា​ជ័យជម្នះ​មិន​ថ្លៃ​ថ្នូរ ដែល​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ប៉ះពាល់ ដល់​កិត្តិយស​របស់​គណបក្ស​កាន់​អំណាច​ប៉ុណ្ណោះ​ទេ តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​ជាតិ​ខ្មែរ​ផង​ដែរ»។

ជាមួយ​គ្នា​នេះ​បក្ស​សិទ្ធិ​មនុស្ស​បាន​ទាមទារ​ឲ្យ​ធ្វើ​ការ​ផ្លាស់ ប្តូរ សមាសភាព​មេដឹកនាំ គ.ជ.ប ធ្វើ​បញ្ជី​បោះឆ្នោត​ជា​ថ្មី​ឡើង​វិញ លុប​ចោល​ទម្រង់​ផ្សេងៗ​ដែល​ជា​នីតិវិធី​ដ៏​ស្មុគស្មាញ​ នៃ​ការ​បោះឆ្នោត ហើយ​ គ.ជ.ប ត្រូវ​តែ​ធានា​ថា ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប ដែល​មាន​សិទ្ធិ​បោះឆ្នោត ត្រូវ​តែ​អាច​បោះឆ្នោត​បាន​។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​ពី​ម្សិលមិញ៕

No comments:

Enhancing Loan Payment Efficiency Through Mobile App Technology Utilization in the Banking Sector of Battambang City, Cambodia

Enhancing Loan Payment Efficiency Through Mobile App Technology Utilization in the Banking Sector of Battambang City, Cambodia : In the cont...