Thursday, 5 July 2012

សង្គម​ស៊ីវិល​បង្ហាញ​លទ្ធផល​ពី​ការ​វាយ​តម្លៃ​ឥទ្ធិពល​នៃ​គ្រឿង​លើក​ទឹក​ចិត្ត​គ្រូបង្រៀន

2012-07-05
លទ្ធផល​ស្រាវជ្រាវ​មួយ​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​សហការ​គ្នា​ជាមួយ​ក្រសួង​អប់រំ បាន​រក​ឃើញ​ថា គ្រូបង្រៀន​ជិត​៩០%​ដែល​បាន​សម្ភាសន៍​ថា ប្រាក់​បៀវត្ស​ពួក​គេ​នៅ​មាន​កំរិត​ទាប មិន​ឆ្លុះ​បញ្ចាំង​នូវ​គុណ​តម្លៃ​ការងារ ដែល​ជំរុញ​ឲ្យ​ពួក​គេ​ប្រកប​មុខ​របរ​ទី​ពីរ ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ។

ការ​ស្រាវជ្រាវ​មួយ​របស់​អង្គការ​ភាព​ជា​ដៃគូ​អប់រំ នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល (NEP) ស្ដី​ពី​ការ​វាយ​តម្លៃ​ឥទ្ធិពល​នៃ​គ្រឿង​លើក​ទឹក​ចិត្ត​ទៅ​លើ​ការ​បំពេញ​ ការងារ​របស់​គ្រូ​បង្រៀន ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៤ កក្កដា បាន​ឲ្យ​ដឹង​ថា ៧៨% នៃ​គ្រូ​ដែល​បាន​សម្ភាសន៍ បញ្ជាក់​ថា ប្រាក់​បៀវត្ស​មិន​គ្រប់គ្រាន់​សម្រាប់​ការ​រស់នៅ​របស់​ខ្លួន។

ប្រាក់​បៀវត្ស គឺ​ជា​កត្តា​លើក​ទឹក​ចិត្ត​ខ្លាំង​ជាង​គេ ដែល​លើក​ឡើង​ដោយ​គ្រូ​៩៥%។ អ្នក​ផ្ដល់​ចម្លើយ​ចំនួន​៨៩% បាន​លើក​ឡើង​ថា ប្រសិន​ជា​ប្រាក់​បៀវត្ស​របស់​ពួក​គេ​កើន​ឡើង​ដល់ ១០០​ដុល្លារ​ក្នុង​១​ខែ​នោះ ពួក​គេ​នឹង​មាន​ទឹក​ចិត្ត​បំពេញ​ការងារ​ខ្លាំង​ជាង​នេះ។ ហើយ​ក្រសួង​អប់រំ គួរ​បន្ត​ដំឡើង​ប្រាក់​បៀវត្ស​ដល់​គ្រូ​បន្ថែម​ទៀត នៅ​ពេល​ទំនិញ​ឡើង​ថ្លៃ។ ការ​ស្រាវជ្រាវ​នេះ គេ​បាន​ធ្វើ​ឡើង​ទៅ​លើ​គ្រូ និង​នាយក នាយិកា​សាលា ចំនួន ៣៨៦​រូប នៅ​ខេត្ត​ចំនួន​បួន​គឺ ខេត្ត​កំពត សៀមរាប រតនគិរី និង​ខេត្ត​កំពង់ចាម។

អ្នក​សម្រប​សម្រួល​គម្រោង​ស្រាវជ្រាវ​របស់​អង្គការ​ភាព​ជា​ដៃគូ​អប់រំ នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល អ្នកស្រី អាង សូផា បាន​ថ្លែង​ថា នេះ​ជា​ការ​រក​ឲ្យ​ឃើញ​នូវ​កំរិត​នៃ​ទឹក​ចិត្ត​បំពេញ​ការងារ​របស់​ គ្រូបង្រៀន នាំ​ទៅ​រក​ការ​កែ​លម្អ​លទ្ធផល​ការងារ​អប់រំ ដើម្បី​ឲ្យ​អ្នក​រៀបចំ​គោល​នយោបាយ និង​អ្នក​ពាក់ព័ន្ធ មាន​ការ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត។ ពី​ព្រោះ​គ្រូបង្រៀន គឺ​ជា​កត្តា​មួយ​ធំ​ក្នុង​ការ​លើក​កម្ពស់​គុណភាព​វិស័យ​អប់រំ។

អ្នកស្រី អាង សូផា៖ «តាម​ពិត​យើង​មាន​គ្រឿង​លើក​ទឹក​ចិត្ត​ជា​ច្រើន ដែល​ខ្ញុំ​បាន​លើក​ឡើង គឺ​យើង​បាន​ចែក​ជា​២​ក្រុម។ ទី​១ គឺ​ទាក់ទង​នឹង​គ្រឿង​លើក​ទឹក​ចិត្ត​ដែល​ទាក់ទង​នឹង​សាច់​ប្រាក់ ទាក់ទង​នឹង​លុយ​កាក់។ ហើយ​មួយ​ទៀត គឺ​គ្រឿង​លើក​ទឹក​ចិត្ត​មិន​មែន​ជា​ប្រាក់។ គ្រឿង​លើក​ទឹក​ចិត្ត​ដែល​ជា​ប្រាក់​នោះ យើង​ឃើញ​ថា គាត់​លើក​ឡើង​ដូច​ថា ប្រាក់​បៀវត្ស​ជា​កត្តា​ចម្បង​គេ ដែល​ជំរុញ​ទឹក​ចិត្ត​របស់​គាត់»

ឆ្លើយ​តប​បញ្ហា​នេះ អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​អប់រំ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក សារ ណាក់ ដែល​បាន​ចូល​រួម​ក្នុង​ការ​ស្រាវជ្រាវ​នេះ មាន​ប្រសាសន៍​ថា លទ្ធផល​នៃ​ការ​សិក្សា​នេះ​ពុំ​មែន​ជា​រឿង​ភ្ញាក់​ផ្អើល​របស់​ក្រសួង​អប់រំ​ នោះ​ទេ។ ប៉ុន្តែ ដោយ​សារ​ការ​ប្រកាន់​យក​គោលការណ៍​ភាព​ជា​ដៃគូ​នោះ ក្រសួង​បាន​ធ្វើ​ការ​រួម​គ្នា​ជា​មួយ​អង្គការ​ពាក់ព័ន្ធ ដើម្បី​ស្វែងរក​ការ​ពិត។

លោក សារ ណាក់៖ «គាត់​មាន​ទឹក​ចិត្ត​លើក​ឡើង ថា​អ្វី​ដែល​គាត់​ត្រូវ​ការ យើង​ឃើញ​មិញ​ហើយ ប្រាក់​បៀវត្ស​ដើម្បី​ឡើង។ ប៉ុន្តែ​មិន​មែន​រាជរដ្ឋាភិបាល​លោក​ព្រងើយ​កន្តើយ​ទេ ឡើង​ម្ភៃ​ភាគរយ​ដូច​ជ្រាប​ស្រាប់​អ៊ីចឹង ប៉ុន្តែ​ការ​រក​ឃើញ​នោះ មិនមែន​ម្ភៃ​ភាគរយ​គ្រប់​សម្រាប់​គាត់​ទេ។ ជួល​កាល ពេល​ដំឡើង​ស្រាប់​តែ​អតិផរណា ទំនិញ​ឡើង​ថ្លៃ គេ​លើក​ឡើង​មិញ។ ប៉ុន្តែ​អា​ហ្នឹង ជា​គ្រឿង​មួយ​គេ​ដឹង​លឺ​ទាំង​អស់​គ្នា។ មែន​ទែន លទ្ធផល​ដែល​បាន មិន​មែន​ធ្វើ​ជា​រឿង​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល​ទេ។ កាល​ដែល​ខ្ញុំ​ធ្វើការ​អប់រំ​យូរ ក៏​ការ​ហ្នឹង​ខ្ញុំ​ដឹង​ដែរ។ ប៉ុន្តែ​អ្វីៗ វិធានការ​ដែល​ដោះស្រាយ​ចំពោះ​មុខ វា​ទៅ​បណ្ដើរៗ​មិន​អាច​ដោះស្រាយ​ភ្លាមៗ​បាន​ទេ»

របាយការណ៍​បាន​សរសេរ​ទៀត​ថា ដោយ​សារ​គ្រូបង្រៀន​ទទួល​បាន​ប្រាក់​បៀវត្ស​ទាប មាន​គ្រូ​៧៦% ត្រូវ​បង្ខំ​ចិត្ត​ធ្វើការ​ជា​មុខ​របរ​ទី​ពីរ​ទៀត ដើម្បី​ទ្រទ្រង់​សុវត្ថិភាព​ជីវភាព​គ្រួសារ។ ការ​ប្រកប​មុខរបរ​ទី​ពីរ​នេះ មាន​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ទៅ​លើ​ការ​បំពេញ​ការងារ​ជា​គ្រូបង្រៀន។
យ៉ាង​ណា​ក៏​ដោយ មន្ត្រី​ក្រសួង​អប់រំ​អះអាង​ថា នឹង​លើក​យក​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នេះ ដាក់​ជូន​នៅ​ក្នុង​សន្និបាត​អប់រំ ដើម្បី​ស្វែង​រក​ចំណុច​ដោះស្រាយ៕

No comments:

Enhancing Loan Payment Efficiency Through Mobile App Technology Utilization in the Banking Sector of Battambang City, Cambodia

Enhancing Loan Payment Efficiency Through Mobile App Technology Utilization in the Banking Sector of Battambang City, Cambodia : In the cont...