Saturday 28 July 2012

តើ​អ្វី​ទៅ ដែល​ហៅ​ថា ភាព​លំអៀង ឬ​អគតិ?

2012-07-27
ការ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​របស់​តុលាការ​ក្នុង​ការ​ស្វែងរក​ យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក និង​អន្តរជាតិ រិះគន់​ថា ប្រទេស​កម្ពុជា ជា​ប្រទេស​ដែល​ពុំ​សូវ​មាន​យុត្តិធម៌ ហើយ​ជា​ប្រទេស​យក​ចិត្ត​ទុក​ដាក់​តិចតួច​ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស។

ការ​អើពើ​តិចតួច​របស់​តុលាការ​លើ​ការ​ស្វែងរក​យុត្តិធម៌​ជូន​ជន​រងគ្រោះ​ នេះ ត្រូវ​សង្គម​ស៊ីវិល​ទាំង​នោះ​រិះគន់​ថា តុលាការ​មិន​ឯករាជ្យ តុលាការ​មាន​ភាព​លំអៀង ឬ​អគតិ។ តើ​អ្វី​ទៅ ដែល​ហៅ​ថា អគតិ ឬ​ភាព​លំអៀង? តើ​អគតិ​នោះ​មាន​ប៉ុន្មាន​ប្រភេទ? តើ​ភាព​លំអៀង​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​អ្វី​ខ្លះ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ សង្គម?

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Watch) បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ កាល​ពី​ថ្ងៃ​ទី​១៨ កក្កដា បង្ហាញ​ថា ប្រទេស​កម្ពុជា​ក្នុង​រយៈកាល​បី​ខែ​កន្លង​មក​នេះ មាន​បញ្ហា​អយុត្តិធម៌​ជាច្រើន​កើត​ឡើង។

បញ្ហា​ទាំង​នោះ​រួម​មាន ការ​បាញ់​សម្លាប់​សកម្មជន​ការពារ​បរិស្ថាន នៅ​ខេត្ត​កោះកុង។ ការ​បាញ់​សម្លាប់​កុមារី ហេង ចន្ថា ក្នុង​ករណី​ចុះ​បង្ក្រាប​ជម្លោះ​ដីធ្លី នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។ ករណី​បាញ់​កម្មការិនី ដោយ​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត និង​ករណី​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ នាយក​វិទ្យុ​សំបុក​ឃ្មុំ និង​ប្រធាន​អ្នក​ប្រជាធិបតេយ្យ​ជាដើម។
ករណី​ទាំង​នេះ​ត្រូវ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​មួយ​នេះ បង្ហាញ​ថា តុលាការ​មិន​បាន​បើក​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ត្រឹម​ត្រូវ និង​ស្វែងរក​យុត្តិធម៌​ជូន​ជន​រងគ្រោះ​ទាំង​នោះ​ឡើយ។ ការ​ដែល​តុលាការ​មិន​អាច​ស្វែងរក​យុត្តិធម៌​ជូន​ជន​រងគ្រោះ​ទាំង​នោះ​បាន ត្រូវ​អង្គការ​សង្គម​ស៊ីវិល​រិះគន់​ថា តុលាការ​មាន​ភាព​លំអៀង ឬ​អគតិ។

សាស្ត្រាចារ្យ​ផ្នែក​សាសនា នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ និង​ជា​ជំនួយ​ការ​ប្រធាន​រាជបណ្ឌិត​សភា លោក​បណ្ឌិត សួន ឱសថ ពន្យល់​ថា ពាក្យ​លំអៀង និង​ពាក្យ​អគតិ គឺ​មាន​អត្ថន័យ​ដូច​គ្នា ហើយ​ពាក្យ​នេះ​ត្រូវ​លោក​ឲ្យ​និយម​ន័យ​ថា ដំណើរ​នៃ​គំនិត​ដែល​មិន​នៅ​កណ្ដាល ឬ​គំនិត​មិន​ត្រឹមត្រូវ​តាម​អនាគតិ។

លោក​បណ្ឌិត សួន ឱសថ មាន​ប្រសាសន៍​ថា អគតិ ឬ​ភាព​លំអៀង​នេះ ដែល​ជា​មូលហេតុ​ដ៏​ចម្បង​នាំ​ឲ្យ​កើត​មាន​ភាព​អយុត្តិធម៌​នៅ​ក្នុង​សង្គម។ ដូច្នេះ បើ​សិន​ចង់​ឲ្យ​សង្គម​មួយ​មាន​ភាព​យុត្តិធម៌ មនុស្ស​ក្នុង​សង្គម​នោះ​ត្រូវ​លះបង់​នូវ​អគតិ​ចេញ។ លោក​ថ្លែង​បន្ត​ថា មូលហេតុ​ដែល​នាំ​ឲ្យ​កើត​ភាព​លំអៀង​មាន​៤។ ទី១ លំអៀង​ដោយ​សេចក្ដី​ស្រលាញ់។ ទី២ លំអៀង​ព្រោះ​សេចក្ដី​ស្អប់។ ទី៣ លំអៀង​ព្រោះ​ភាព​ភ័យ​ខ្លាច និង​ទី៤ លំអៀង​ព្រោះ​សេចក្ដី​ល្ងង់។

លោក សួន ឱសថ ពន្យល់​ថា អំពើ​វិនិច្ឆ័យ ឬ​អំពើ​នៃ​ការ​កាត់​សេចក្ដី​ទាំង​ឡាយ​ណា​ដែល​មិន​ផ្អែក​លើ​គោលការណ៍​ច្បាប់ ឬ​ភាព​ត្រឹមត្រូវ​យុត្តិធម៌ គឺ​ផ្អែក​លើ​គោលការណ៍​នៃ​សេចក្ដី​ស្រលាញ់​របស់​យើង​ម្នាក់ៗ​ជា​ធំ អំពើ​នោះ​គេ​ហៅ​ថា លំអៀង​ដោយ​សេចក្ដី​ស្រលាញ់។

ឧទាហរណ៍ មនុស្ស​ដែល​យើង​ស្រលាញ់ ទៅ​ប្រព្រឹត្ត​អំពើ​ល្មើស​ច្បាប់ ឬ​អំពើ​បំពាន​លើ​អ្នក​ដទៃ នៅ​ពេល​គេ​យក​មនុស្ស​ដែល​យើង​ស្រលាញ់​មក​ឲ្យ​យើង​វិនិច្ឆ័យ យើង​មិន​ផ្អែក​លើ​អំពើ​របស់​មនុស្ស​ដែល​យើង​ស្រលាញ់​បាន​ប្រព្រឹត្ត តែ​យើង​បែរ​ជា​ផ្អែក​លើ​ក្ដី​ស្រលាញ់​របស់​យើង​ទៅ​វិនិច្ឆ័យ​ឲ្យ​បុគ្គល​នោះ ​ឈ្នះ​ក្ដី​ទៅ​វិញ អំពើ​បែប​នេះ​គេ​ហៅ​ថា លំអៀង​ដោយ​សេចក្ដី​ស្រលាញ់៖ «ស្រលាញ់ ​ទៅ​លើ​ភាគី​ណា​ហើយ ឲ្យ​ភាគី​នោះ​ឈ្នះ ទោះ​បី​ជា​ភាគី​នោះ​អនុវត្ត​ខុស ឬ​អនុវត្ត​មិន​ត្រឹមត្រូវ ល្មើស​ទៅ​ច្បាប់ ឬ​ល្មើស​ទៅ​ក្នុង​សីលធម៌​ណា​មួយ​ហើយ ក៏​នៅ​តែ​ឲ្យ​បុគ្គល​នោះ​ឈ្នះ ឬ​បុគ្គល​នោះ​ត្រូវ នេះ​ហើយ​ហៅ​ថា​លំអៀង​ព្រោះ​ស្រលាញ់»

មួយ​វិញ​ទៀត លំអៀង​ដោយ​សេចក្ដី​ស្អប់ មាន​ន័យ​ថា បុគ្គល​ដែល​ធ្លាប់​ធ្វើ​ឲ្យ​យើង​អាក់អន់​ចិត្ត​នា​ពេល​កន្លង​មក នៅ​ពេល​បុគ្គល​នោះ​ប្រព្រឹត្ត​ត្រឹមត្រូវ​តាម​ច្បាប់ ប៉ុន្តែ​បុគ្គល​នោះ​ត្រូវ​អ្នក​ដទៃ​បង្កាច់​បង្ខូច ហើយ​គេ​យក​រឿង​របស់​បុគ្គល​នោះ​ឲ្យ​យើង​វិនិច្ឆ័យ យើង​មិន​ផ្អែក​លើ​ទង្វើ​របស់​បុគ្គល​នោះ​បាន​ប្រព្រឹត្តិ​មក​វិនិច្ឆ័យ តែ​យើង​បែរ​ជា​យក​គំនុំ​របស់​យើង​ទៅ​វិនិច្ឆ័យ​បុគ្គល​នោះ ហើយ​ឲ្យ​កាត់​សេចក្ដី​ឲ្យ​មនុស្ស​ជា​ទី​សម្អប់​របស់​យើង​នោះ​ចាញ់​ក្ដី​ទៅ​ វិញ។ ទង្វើ​បែប​នេះ​គេ​ឲ្យ​ឈ្មោះ​ថា​លំអៀង​ដោយ​សេចក្ដី​ស្អប់៖ «ទោសាគតិ លំអៀង​ព្រោះ​ស្អប់ តែ​លំអៀង​ព្រោះ​ស្អប់​ហ្នឹង កាល​ណា​បើ​គេ​យក​រឿង​ក្ដី​ទៅ​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​នេះ​ហើយ កាល​ណា​បើ​ឃើញ​ភាគី​ណា​មួយ ដែល​ធ្លាប់​មាន​ទំនាស់​មក​ឲ្យ​ដោះស្រាយ មិន​ចង់​ឲ្យ​បុគ្គល​នោះ​រួច​ពី​បញ្ហា​វិវាទ​នោះ​ទេ ទោះ​បី​ជា​បុគ្គល​នោះ​ត្រូវ​ក៏​ដោយ ក៏​ឲ្យ​បុគ្គល​ដែល​ខ្លួន​សម្គាល់​ថា​ស្អប់​ហ្នឹង ឲ្យ​ខុស​ដែរ ឬ​ក៏​ឲ្យ​ទទួល​នូវ​ទោស​ដែរ»
រីឯ​លំអៀង​ដោយ​ភាព​ភ័យ​ខ្លាច គឺ​ជា​អំពើ​វិនិច្ឆ័យ​ទាំង​ឡាយ ដែល​ផ្អែក​លើ​គោលការណ៍​ភ័យ​ខ្លាច​របស់​យើង​ជា​ធំ ដោយ​យើង​មិន​យក​អំពើ​ខុស ឬ​ត្រូវ​របស់​បុគ្គល​ដែល​បាន​ប្រព្រឹត្ត​មក​វិនិច្ឆ័យ​តាម​គោលការណ៍​ច្បាប់។

តួយ៉ាង​មន្ត្រី​មាន​បុណ្យស័ក្ដិ​ធំ បំពាន​ប្រជាពលរដ្ឋ​តូចតាច តុលាការ​មាន​ភស្តុតាង​គ្រប់គ្រាន់​ក្នុង​ការ​ចាប់​បុគ្គល​នោះ តែ​តុលាការ​មិន​ហ៊ាន​ចាប់​បុគ្គល​នោះ អំពើ​បែប​នេះ​គេ​ហៅ​ថា លំអៀង​ដោយ​ភាព​ភ័យ​ខ្លាច៖ «លំអៀង​ព្រោះ​ភ័យ​ខ្លាច​នេះ គេ​ហៅ​ថា ភយាគតិ កាល​ណា​បើ​ឃើញ​អ្នក​វិវាទ​ហ្នឹង​មក គេ​មក​ប្ដឹង​យើង ហើយ​មាន​ភាគី​ណា​មួយ​គេ​មាន​អំណាច គេ​មាន​លុយ​កាក់ ខ្លាច​នូវ​បុណ្យស័ក្ដិ​ខ្លាច​នូវ​អំណាច​របស់​គេ ក៏​ចេះ​តែ​វិនិច្ឆ័យ​ទៅ ឲ្យ​អ្នក​មាន​អំណាច ឲ្យ​អ្នក​មាន​លុយ​កាក់​នោះ​ឈ្នះ ហើយ​ឲ្យ​អ្នក​មិន​មាន​អំណាច មិន​មាន​លុយ​កាក់​នោះ​ចាញ់»

ចំណែក​លំអៀង​ដោយ​សេចក្ដី​ល្ងង់ខ្លៅ សំដៅ​ដល់​បុគ្គល​ខ្វះ​ចំណេះដឹង​គ្រប់គ្រាន់ ទៅ​កាន់​កាប់​កិច្ចការ​ធ្វើ​ជា​អ្នក​វិនិច្ឆ័យ​ទោស​ឲ្យ​អ្នក​ដទៃ។ ហើយ​ការ​វិនិច្ឆ័យ​នោះ​មិន​មាន​ភាព​យុត្តិធម៌ និង​ត្រឹមត្រូវ​ដោយ​សារ​ការ​ខ្វះ​ចំណេះ​ដឹង​នោះ។ អំពើ​បែប​នេះ គេ​ហៅ​ថា លំអៀង​ដោយ​សេចក្ដី​ល្ងង់ខ្លៅ៖ «លំអៀង​ព្រោះ​វង្វេង ឬ​លំអៀង​ព្រោះ​សេចក្ដី​ល្ងង់ខ្លៅ ហៅ​ថា​មោហាគតិ សំដៅ​ទៅ​ភាគី​ដោះស្រាយ​កាល​ណា​បើ​ខ្លួន​មិន​ចេះ​ចាំ​ក្បួន​ច្បាប់ ឬ​ក៏​បទបញ្ញត្តិ​ផ្សេងៗ ហើយ​វិនិច្ឆ័យ​ទោស​ផ្សេងៗ​ដោយ​ខ្វះ​ចំណេះដឹង​នោះ ហើយ​ក៏​ចេះ​តែ​វិនិច្ឆ័យ​ទៅ ឲ្យ​ឈ្នះ​អ្នក​នេះ ឲ្យ​ឈ្នះ​អ្នក​នោះ​ទៅ មិន​ដឹង​យ៉ាង​ហ្នឹង ហៅ​ថា​លំអៀង​ព្រោះ​ល្ងង់»

លោក​បណ្ឌិត សួន ឱសថ អះអាង​ថា អគតិ​ទាំង​៤ នេះ​ហើយ ដែល​ជា​មេ​ជា​ប្រភព​នាំ​ឲ្យ​កើត​មាន​បញ្ហា​អយុត្តិធម៌​ក្នុង​សង្គម។ លោក​ថ្លែង​បន្ត​ថា បើ​សិន​ចង់​ឲ្យ​មាន​ភាព​យុត្តិធម៌ បុគ្គល​នីមួយៗ​ត្រូវ​ធ្វើ​យ៉ាង​ណា​កាត់​បន្ថយ​អគតិ​ទាំង​៤​យ៉ាង​នេះ​ចេញ ពុំ​នោះ​ទេ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សង្គម​នោះ នឹង​ត្រូវ​រង​ទុក្ខ​លំបាក​ដោយ​អំពើ​អយុត្តិធម៌​ទាំង​នោះ​ជាក់​ជា​ពុំ​ខាន៕

No comments:

Opinion: Confucius Institute Enhances Chinese Language Education, Cultural Exchange in NW Cambodia

  Please read from the Phnom Penh Post Please read from the Cambodianess  Confucius institutes have been playing a vital role in promoting C...