Thursday 5 July 2012

ពលរដ្ឋ​ខ្មែរ​ខ្លះ​ត្អូញត្អែរ​ពី​ការ​លំបាក​សុំ​ទិដ្ឋាការ​អាមេរិក

2012-07-05
ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ដែល​សុំ​ទិដ្ឋាការ​ទៅ​​ប្រទេស​អាមេរិក បាន​រិះគន់​មន្ត្រី​ស្ថានទូត​អាមេរិក ផ្នែក​ការិយាល័យ​ផ្ដល់​ទិដ្ឋាការ​ប្រចាំ​កម្ពុជា ថា​មាន​ការ​តឹងតែង​ក្នុង​ការ​ផ្ដល់​ទិដ្ឋាការ​ឲ្យ​ពួក​គាត់ ថែម​ទាំង​ធ្វើ​ឫក្ស​ក្រអឺតក្រទម​ទៀត​ផង។

រៀងរាល់​ព្រឹក​គេ​សង្កេត​ឃើញ​ថា មាន​ប្រជា​ពលរដ្ឋ​ខ្មែរ​យ៉ាង​ហោច​ណាស់​ចាប់​ពី​២០ ទៅ ៥០​នាក់ នាំ​គ្នា​តម្រង់​ជួរ​នៅ​ស្ថានទូត​អាមេរិក ដើម្បី​សុំ​ទិដ្ឋាការ​ទៅ​អាមេរិក។
ពេល​ចេញ​មក​វិញ អ្នក​ដែល​បាន​ទិដ្ឋាការ​មាន​ទឹក​មុខ​រីករាយ។ ក៏ប៉ុន្តែ​អ្នក​ខ្លះ​ខកចិត្ត ព្រោះ​ពួក​គាត់​មិន​ត្រឹម​តែ​មិន​បាន​​ទិដ្ឋាការ​ដូច​ក្ដី​រំពឹង​ទុក​ទេ តែ​ថែម​ទាំង​អស់​ប្រាក់​ចំនួន ១៦០​ដុល្លារ ថែម​ទៀត គឺ​ប្រាក់​បង់​ថ្លៃ​សេវា​សម្រាប់​ទិដ្ឋាការ។

ជាអាទិ៍​ដូច​ជា​ប្រជា​ពលរដ្ឋ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ ពោល​ទាំង​សោកស្ដាយ​ថា គាត់​នៅ​តែ​មិន​អស់​ចិត្ត មិន​ដឹង​ថាគាត់​ខ្វះ​ឯកសារ​អ្វី​បាន​ជា​ស្ថានទូត​មិន​ផ្ដល់​ទិដ្ឋាការ​ឲ្យ។
គាត់​បាន​អះអាង​ថា​គាត់​បាន​ទៅ​ចូល​រួម​ពិធី​អាពាហ៍ពិពាហ៍​កូន​នៅ​សហរដ្ឋ​អាមេរិក៖ «អ្នក ​គ្រប់​គ្នា​ដែល​គេ​ទៅ​សម្ភាស​ដូច​ខ្ញុំ អ្នក​ណា​ក៏​គេ​ខឹង ហើយ​គេ​ស្ដាយ​លុយ​គេ​ដែល​បង់​អស់ ១៦០​ដុល្លារ។ សម្ភាសន៍​ហ្នឹង គ្មាន​អ្នក​ណា​បាន​សម្ភាស​ច្រើន សួរ​តែ​ពីរ​បី​ម៉ាត់​ថា ឯកសារ​អ្នក​ឯង​អត់​គ្រប់​ទេ។ ដល់​ពេល​គេ​សួរ​ហេតុ​អី​បាន​មិន​គ្រប់ មិន​គ្រប់​ហ្នឹង​ខ្វះ​ស្អី? គេ​អត់​ប្រាប់​ថា​ខ្វះ​ស្អី ទេ។ លុយ ១៦០​ដុល្លារ​គេ​ពិបាក​រក​ណាស់​ដល់​សួរ​តែ​ពីរ​បី​ម៉ាត់​ស្រាប់​តែ​ឲ្យ​គេ​ ធ្លាក់»

ចំណែក​អ្នក​សុំ​ទិដ្ឋាការ​មិន​មែន​អន្តោប្រវេសន៍​ម្នាក់​ទៀត​ដែល​សុំ​មិន ​បញ្ចេញ​អត្ត​សញ្ញាណ ដែល​ធ្លាប់​សម្ភាសន៍​ធ្លាក់​ដូច​គ្នា​ដែរ​នោះ ក៏​អះអាង​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ ៖ «ជាក់​ស្ដែង​ខ្ញុំ​ក​ទទួល​ អ៊ីចឹង​ដែរ។ ការ​សួរ​របស់​អ្នក​សម្ភាស​ហ្នឹង​ហាក់​មិន​យក​ចិត្ត​ទុក​ដាក់​ជាមួយ​នឹង​អ្នក ​បេក្ខជន​ដែល​ត្រូវ​ទៅ​សម្ភាសន៍ ឬ​ក៏​គាត់​អាច​មើល​ប្រវត្តិ​យើង​ហើយ​ក៏​មិន​ដឹង យើង​អត់​ដឹង​រឿង​របស់​គាត់»
ទិដ្ឋាការ​មិន​មែន​អន្តោប្រវេសន៍​ជាទូទៅ​គេ​សម្គាល់​ថា ជា​ទិដ្ឋាការ​ទេសចរណ៍ ឬ​ទិដ្ឋាការ​សម្រាប់​ទៅ​លេង​សហរដ្ឋ​អាមេរិក​ជា​បណ្ដោះ​អាសន្ន​សម្រាប់​ធ្វើ​ ការងារ ធ្វើ​មុខ​ជំនួញ ទេសចរណ៍ ឬ​ទៅ​សិក្សា។

លោក ហុក ប៊ុនលី រស់​នៅ​ភ្នំពេញ ដែល​លោក​អះអាង​ថា មាន​បង​ប្អូន​មាន​គូ​ដណ្ដឹង​នៅ​អាមេរិក ហើយ​សុំ​ទិដ្ឋាការ​អន្តោប្រវេសន៍​ទៅ​នៅ​អាមេរិក​មិន​បាន បាន​រំលឹក​ថា ជួនកាល​មន្ត្រី​ស្ថានទូត​សម្ភាស​អ្នក​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ ស្ដាប់​ទៅ​ប្រៀប​ដូច​ជា​ប៉ូលិស​សួរ​ចម្លើយ​ជនសង្ស័យ​បទ​ល្មើស​អ្វី​មួយ​ទៅ​ វិញ។

លោក ហុក ប៊ុនលី៖ «ពេល​សួរ​សំណួរ​ខ្លះ​ហាក់​ដូច​ជា​ដេញ​ដោល​មែន​ទែន ថា​យើង​ស្គាល់​គូ​ដណ្ដឹង​យើង​ហ្នឹង​ពេល​ទំនេរ​ចូល​ចិត្ត​ធ្វើ​អី? ហ្នឹង​តាម​គេ​សួរ​ណា។ យើង​ថា ចូល​ចិត្ត​មើល​សៀវភៅ ហើយ​គេ​សួរ​ថា សៀវភៅ​ហ្នឹង​សៀវភៅ​អី? យើង​ថា​សៀវភៅ​រឿង អ៊ីចឹង​គេ​សួរ​ទៀត​ថា រឿង​អី? ដេញ​ដោល​រហូត​អ៊ីចឹង​រហូត​ដល់​យើង​ឆ្លើយ​អត់​ចេញ។ ចុះ​អ្នក​ណា​ហើយ​ទៅ​ដឹង​ទាំង​អស់ បើ​គូ​ដណ្ដឹង​នៅ​នោះ​យើង​នៅ​នេះ។ មួយ​សំណួរ​ទៀត​ដែល​ពិបាក​ឆ្លើយ​ហ្នឹង​មិន​ដឹង​យ៉ាង​ម៉េច មាន​ន័យ​ថា គេ​សួរ​ដេញដោល​យើង​មែនទែន​ចង់​ទម្លាក់ ឬ​យ៉ាង​ម៉េច​ទេ។ គេ​សួរ​ថា ចុះ​ក្រៅពី​មើល​សៀវភៅ​រឿង​ធ្វើ​អី​ទៀត? អ៊ីចឹង​គាត់​ថា កីឡា។ កីឡា​អី​គេ? វ៉ៃ​ហ្គោល វ៉ៃ​ជាមួយ​អ្នក​ណា? មិត្តភ័ក្ដិ​គេ​សួរ​ថា មិត្ត​ភក្ដិ​ឈ្មោះ​អី? ចុះ​ម៉េច​ដឹង​ឈ្មោះ​អី មិត្ត​ភក្ដិ​នៅ​អាមេរិក​នោះ ​ហើយ​យើង​នៅ​ស្រុក​ខ្មែរ​នេះ។ អ៊ីចឹង​យើង​ឆ្លើយ​អត់​ចេញ។ អ៊ីចឹង​គេ​ថា អ្នក​ឯង​ស្គាល់​គ្នា​មិន​ទាន់​ច្បាស់​ទេ គេ​មិន​អាច​ឲ្យ​វីសា​ទៅ​បាន​ទេ។ អ្វី​ដែល​គេ​សួរ​ដេញ​ៗ​ទាល់​យើង​ទាល់​គេ​វាយ​តម្លៃ​យក​បណ្ដោយ។ អ្នក​ដែល​ត្អូញត្អែរ​ភាគ​ច្រើន​មាន​បញ្ហា​អ៊ីចឹង​ឯង»

ទោះ​យ៉ាង​ណា ការ​ត្អូញត្អែរ​នេះ​ត្រូវ​បាន​មន្ត្រី​ទំនាក់​ទំនង​កិច្ចការ​សាធារណៈ​នៃ​ ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ លោក សន មគ្គិនថស្ស (Sean J. McItosh) ឆ្លើយ​បំភ្លឺ​ថា មន្ត្រី​ស្ថានទូត​ធ្វើការ​គោរព​ទៅ​តាម​វិជ្ជាជីវៈ​របស់​ខ្លួន និង​គោរព​សេចក្ដី​ថ្លៃ​ថ្នូរ​របស់​មនុស្ស ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ប្រជា​ថា ការ​ផ្ដល់​ទិដ្ឋាការ​ឲ្យ​ទៅ​អ្នក​សុំ​គី​មិន​មែន​ជន​ឆបោក។ ចំពោះ​តម្លៃ​សេវា​ទិដ្ឋាការ ១៦០​ដុល្លារ  លោក​អធិប្បាយ​តាម​សារ​អេឡិចត្រូនិក​ថា នេះ​ជា​គោលការណ៍​សកល​របស់​រដ្ឋាភិបាល​អាមេរិក ដែល​បាន​សម្រេច​ដំឡើង​ថ្លៃ​ទិដ្ឋាការ​ពី​ចំនួន ១៤០ ទៅ ១៦០ ដុល្លារ ដើម្បី​តម្រូវ​ទៅ​នឹង​សេចក្ដី​ត្រូវការ និង​ការ​រៀបចំ​ទុកដាក់​ឯកសារ និង​សេវា​ទិដ្ឋាការ។

តម្លៃ​ទិដ្ឋាការ​បារាំង ៧៥ ទៅ ៧៨​ដុល្លារ កាណាដា ៧៥​ដុល្លារ អូស្ត្រាលី ២០​ដុល្លារ។ តម្លៃ​ទិដ្ឋាការ​ដែល​ថោក​ជាង​គេ​ទិដ្ឋាការ​ទៅ​ប្រទេស​ជប៉ុន គឺ​តម្លៃ​ត្រឹម​តែ ៣​ម៉ឺន​រៀល ហើយ​បើ​សម្ភាស​យក​ទិដ្ឋាការ​ធ្លាក់​ក៏​ស្ថានទូត​មិន​យក​ប្រាក់​ដែរ។

ស្រប​ពេល​នេះ​ដែរ ក៏​មាន​ពាក្យ​រិះគន់​មន្ត្រី​ស្ថានទូត​ផ្នែក​ការិយាល័យ​ទិដ្ឋាការ​ដែរ ដូច​ជា​ថា ស្ថានទូត​អាមេរិក មិន​រើស​បុគ្គលិក​ខ្មែរ​ធ្វើ​ការ​មាន​តែ​បុគ្គលិក​ជនជាតិ​អាមេរិក​ដែល​ពិបាក ​ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​ជា​ភាសា​ខ្មែរ​ពេល​សម្ភាសន៍។ ក៏​ប៉ុន្តែ​លោក សន មគ្គិនថស្ស ឆ្លើយ​ថា ស្ថានទូត​មាន​ទាំង​បុគ្គលិក​ខ្មែរ​ទាំង​អាមេរិក ធ្វើ​ការងារ​គ្រប់​គ្រាន់។ ម្យ៉ាង​វិញ​ទៀត ក្រុម​មន្ត្រី​ទាំង​នោះ​បាន​ទទួល​ការ​ហ្វឹកហាត់​ការងារ​យ៉ាង​ស្ទាត់​ជំនាញ​ មុន​បញ្ជូន​មក​ធ្វើការ​នៅ​ទី​នេះ។
ចំពោះ​ការ​អះអាង​របស់​លោក សន មគ្គិនថស្ស ត្រូវ​បាន​លោក កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​​ការបរទេស​កម្ពុជា គាំទ្រ។

លោក​​បញ្ជាក់​​ថា រូប​លោក​ផ្ទាល់​​ត្រូវ​មន្ត្រី​ទូត​អាមេរិក​សម្ភាស​ពេល​ថ្មី​នេះ ពេល​លោក​អញ្ជើញ​ទៅ​អាមេរិក​ជា​ផ្លូវ​ការ​រដ្ឋ៖ «មិន ​មែន​ដូច​​គេ​ត្អូញត្អែរ​​អ៊ីចឹង​ទេ គឺ​មាន​បុគ្គលិក​ខ្មែរ​ធ្វើ​ការ​នៅ​ហ្នឹង​ដែរ។ ជនជាតិ​បរទេស​មិន​មែន​ខ្មែរ​គេ​និយាយ​ភាសា​ខ្មែរ​ខ្ញុំ​អាច​ស្ដាប់​បាន។ ប៉ុន្តែ​ខ្លាច​​ខ្មែរ​ទៀត​​ស្ដាប់​មិន​បាន ហើយ​បទពិសោធន៍​មិន​យូរ​ពេក​ទេ ​ទើប​ថ្មី​ៗ​ប៉ុន្មាន​​ខែ​មុន​នេះ​ទេ។ ខ្ញុំ​បាន​ឃើញ​ដោយ​​​ផ្ទាល់ គឺ​មាន​បុគ្គលិក​ខ្មែរ​ធ្វើ​ការ​នៅ​ក្នុង​ហ្នឹង​ដែរ។ ខ្ញុំ​អត់​ដឹង​ថា អ្នក​ដទៃ​​ហ្នឹង​គេ​ជួប​ស្ថានភាព​ខុស​ពី​ខ្ញុំ ផ្សេង ខ្ញុំ​គ្មាន​យោបល់​ទេ។ តម្លៃ​ទិដ្ឋាការ​​ខ្ញុំ​អត់​ដឹង​ទេ​ ពីព្រោះ​កាល​គេ​ហៅ​ខ្ញុំ​ទៅ​សម្ភាសន៍​ហ្នឹង គេ​អត់​បាន​ទារ​តម្លៃ​ទិដ្ឋាការ​ពី​ខ្ញុំ​ទេ។ ប្រហែល​​ជា​ខ្ញុំ​​ជា​មន្ត្រី​រាជការ​ដែល​ត្រូវ​គេ​អញ្ជើញ​ក៏​មិន​ដឹង​ដែរ»
តែ​​ប្រជាពលរដ្ឋ​ខ្លះ​បាន​បន្លុយ​ពាក្យ​ថា មន្ត្រី​ស្ថានទូត​អាមេរិក ពិត​ជា​ទទួល​រាក់​ទាក់​លោក កុយ គួង ដូច្នេះ​​ពិត​មែន​ហើយ ព្រោះ​លោក កុយ គួង ជា​មន្ត្រី​រាជការ​មាន​មុខ​មាត់​មួយ​រូប ហើយ​ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​អាមេរិក​អញ្ជើញ​ទៅ​ទៀត វា​ពិត​ជា​គ្មាន​បញ្ហា​អ្វី​កើត​ឡើង​ទេ។

គេ​នៅ​ចាំ​បាន​ថា ស្ថានទូត​អាមេរិក​បាន​បិទ​ទ្វារ​ការិយាល័យ​ទិដ្ឋាការ​ម្ដង​រួច​មក​ហើយ ហើយ​បាន​បណ្ដេញ​បុគ្គលិក​ខ្មែរ​បម្រើការ​ផ្នែក​ការិយាល័យ​ទិដ្ឋាការ ៣​នាក់ ទាក់​ទង​រឿង​អាស្រូវ​ផ្ដល់​ទិដ្ឋាការ​មិន​ប្រក្រតី​នៅ​ឆ្នាំ​២០០២។ ពេល​នោះ អ្នក​សុំ​ទិដ្ឋាការ​ទៅ​អាមេរិក ត្រូវ​ធ្វើ​ដំណើរ​ទៅ​ស្ថានទូត​អាមេរិក​ប្រចាំ​បាងកក ប្រទេស​ថៃ។

ប្រភព​ដែល​ដឹង​រឿង​នេះ បាន​រំលឹក​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា អំពើ​ពុករលួយ​នោះ​បាន​ប៉ះពាល់​​កិត្តិយស​ខ្មែរ​យ៉ាង​ខ្លាំង ដោយសារ​ការ​ផ្ដល់​ទិដ្ឋាការ​កាល​នោះ​ឲ្យ​ទៅ​ប្រជាពលរដ្ឋ រួម​ទាំង​មន្ត្រី​រាជការ​មួយ​ចំនួន​ដែល​ឆបោក ព្រោះ​ពួក​គេ​លាក់​ខ្លួន​សម្ងំ​រស់​នៅ​អាមេរិក មិន​វិល​មក​ស្រុក​វិញ៖ «ខ្ញុំ ​ស្គាល់​ខាង​សម្ដែង​សាលា​វិចិត្រ​សិល្បៈ កូន​សិស្ស​វិចិត្រ​សិល្បៈ​មួយ​ចំនួន​ទៅ​សម្ដែង រួច​នៅ​ហ្នឹង ហើយ​មាន​មន្ត្រី​ច្រើន​ទៅ​ហើយ​អត់​មក​វិញ​ក៏​មាន​ដែរ។ កាល​ហ្នឹង​សម្បូរ​អ្នក​អាច​មាន​​លទ្ធភាព​គេច​ទៅ​ហ្នឹង​បាន​ច្រើន»

ប្រភព​ខ្លះ​អះអាង​ថា មាន​ប្រជាពលរដ្ឋ​ខ្មែរ​ខ្លះ មាន​គំនិត​ចង់​ទៅ​រស់​នៅ​ប្រទេស​អាមេរិក ​ព្រោះ​យល់​ថា អាមេរិក​ជា​ប្រទេស​អ្នក​មាន ស្រួល​រស់​នៅ​។ ដូច្នេះ​ហើយ​ទើប​មាន​ខ្មែរ​ខ្លះ​ព្យាយាម​ទៅ​ទាំង​ស្រប​ច្បាប់ និង​ខុស​ច្បាប់​ដើម្បី​ទៅ​រស់​នៅ​ប្រទេស​អាមេរិក។

បើ​ទោះ​បី​ជា​មាន​អ្នក​រិះគន់​យ៉ាង​ណា​ក្ដី ក៏​មាន​អ្នក​ដែល​បាន​ទទួល​ទិដ្ឋាការ​ទៅ​អាមេរិក កោត​សរសើរ​គោលនយោបាយ​ស្ថានទូត​អាមេរិក ក្នុង​ការ​ផ្ដល់​ទិដ្ឋាការ​នា​បច្ចុប្បន្ន​នេះ​ច្រើន​ដែរ។
លោក សាន សេដ្ឋា ប្រជាពលរដ្ឋ​រស់​នៅ​ភ្នំពេញ ដែល​ដឹង​រឿង​អ្នក​ក្លែង​បន្លំ​មន្ត្រី​ស្ថានទូត​អាមេរិក​កន្លង​មក បាន​សំណូមពរ​ឲ្យ​មន្ត្រី​ស្ថានទូត​ដែល​ធ្វើ​ការ​ទាក់ទង​ការ​ផ្ដល់​ទិដ្ឋាការ ​ទាំង​អន្តោប្រវេសន៍ និង​ទិដ្ឋាការ​មិន​មែន​អន្តោ​ប្រវេសន៍ ឲ្យ​ផ្ដល់​ចំ​ជន​ដែល​ត្រូវ​ការ​ទិដ្ឋាការ​ពិត​ប្រាកដ​ជា​ជាង​ផ្ដល់​ឲ្យ​ជន​ ឆបោក ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មោទនភាព​ជាតិ​ខ្មែរ​ដែរ។

តួលេខ​ស្ថានទូត​អាមេរិក​បង្ហាញ​ថា ស្ថានទូត​អាមេរិក​បាន​ផ្ដល់​ទិដ្ឋាការ​ដល់​ពលរដ្ឋ​កម្ពុជា ដែល​មិន​មែន​អន្តោប្រវេសន៍​ទៅ​អាមេរិក ចំនួន ៣.៤៤៣​នាក់ នៅ​ឆ្នាំ​២០០៩ និង ៣.៥១៣​នាក់ ក្នុង​ឆ្នាំ​២០១០។

ចំពោះ​សំណួរ​របស់​អ្នក​សុំ​ទិដ្ឋាការ​មិន​មែន​អន្តោប្រវេសន៍​ខ្លះ​ថា តើ​គាត់​​ត្រូវ​មាន​ឯកសារ​អ្វី​ខ្លះ​ទើប​ស្ថានទូត​ផ្ដល់​ទិដ្ឋាការ​ជូន?

លោក សន មគ្គិនថស្ស ឆ្លើយ​ថា គឺ​មាន ៥​ចំណុច។ ចំណុច​ទី​១ អ្នក​ដាក់​ពាក្យសុំ​គឺ​ជា​អ្នក​មានបំណង​ទៅ​លេង ធ្វើ​ជំនួញ ឬ​ព្យាបាល​សុខភាព។ ចំណុច​ទី​២ គឺ​ត្រូវ​បញ្ជាក់​ពេលវេលា​ស្នាក់​នៅ​ច្បាស់​លាស់។ ទី​៣ ត្រូវ​មាន​ភស្តុតាង​បញ្ជាក់​អំពី​មូលនិធិ ឬ​ប្រាក់​ចំណាយ​នៅ​ពេល​ស្នាក់​នៅ​អាមេរិក។ ទី​៤ ត្រូវ​មាន​ភស្តុតាង​បញ្ជាក់​អំពី​ចំណង​ទាក់​ទង​សង្គម និង​សេដ្ឋកិច្ច​នៅ​បរទេស។ ទី​៥ ត្រូវ​មាន​លំនៅឋាន​ក្រៅ​ប្រទេស​អាមេរិក រួម​ទាំង​មាន​ចំណង​ទាក់ទង​ធានា​ថា ពួក​គាត់​ពិត​ជា​ត្រឡប់​វិញ​បន្ទាប់​ពី​បាន​​ស្នាក់​នៅ​ប្រទេស​អាមេរិក​រួច​ ហើយ៕

No comments:

Opinion: Confucius Institute Enhances Chinese Language Education, Cultural Exchange in NW Cambodia

  Please read from the Phnom Penh Post Please read from the Cambodianess  Confucius institutes have been playing a vital role in promoting C...