Thursday 23 August 2012

អ្នក​វិភាគ៖ វិស័យ​អប់រំ​កម្ពុជា គុណភាព​នៅ​មាន​កម្រិត

2012-08-22
នៅ​សង្គម​កម្ពុជា អ្នក​ដែល​មាន​ចំណេះ​ដឹង​ខ្ពង់ៗ ពួក​គាត់​មាន​ឱកាស​តិចតួច ដែល​អាច​ចូល​បម្រើ​ការងារ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​បាន ដូច្នេះ​ការ​អភិវឌ្ឍ​ប្រទេស​ក៏​មិន​អាច​វិវឌ្ឍន៍​ទៅ​បាន​លឿន​ដែរ។ ម្យ៉ាង​ទៀត វិស័យ​អប់រំ​នៅ​កម្ពុជា គុណភាព​នៅ​មាន​កម្រិត​នៅ​ឡើយ​នោះ។

ថ្វី​ត្បិត​តែ​នៅ​សង្គម​កម្ពុជា នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ សន្ទុះ​សិស្ស​និស្សិត​បាន​ហក់​ចូល​ក្នុង​វិស័យ​អប់រំ​ច្រើន​ក្ដី ប៉ុន្តែ​វិស័យ​អប់រំ​នៅ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នៅ​កម្ពុជា ស្ថិត​នៅ​ក្នុង​ស្ថានភាព​មួយ​គួរ​ឲ្យ​ព្រួយ​បារម្ភ ដោយ​សារ​តែ​បញ្ហា​គុណភាព។

ក្រុម​អ្នក​ជំនាញ​ខាង​អប់រំ និង​អ្នក​វិភាគ​បាន​លើក​ឡើង​ថា វិស័យ​អប់រំ​ជា​កត្តា​មួយ​ដ៏​សំខាន់ សម្រាប់​ឲ្យ​ពលរដ្ឋ​កម្ពុជា​គ្រប់​រូប ចាប់​អារម្មណ៍​នឹង​វិស័យ​អប់រំ និង​ទទួល​បាន​ការ​អប់រំ​ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​យល់​ដឹង​ខ្ពស់ មាន​ការ​ផ្លាស់​ប្ដូរ​ផ្នត់​គំនិត ធ្វើ​ឲ្យ​មនុស្ស​មាន​ក្រម​សីលធម៌ សេចក្ដី​ថ្លៃថ្នូរ និង​ធ្វើ​ឲ្យ​មាន​ទំនាក់​ទំនង​ល្អ​ក្នុង​សង្គម​ជាដើម។

ប្រធាន​គ្រប់គ្រង​ផ្នែក​អប់រំ នៃ​អង្គការ​សង្គ្រោះ​កុមារ​នៅ​កម្ពុជា (Save The Children) លោក កែវ សារ៉ាត់ មាន​ប្រសាសន៍​ថា ការ​រក​ចំណូល​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ ឬ​សង្គម​ជាតិ អាស្រ័យ​លើ​សង្គម​នោះ​មាន​ធនធាន​មនុស្ស​ច្រើន ការ​អប់រំ​បាន​ស្មើ​ភាព​គ្នា និង​លទ្ធផល​អប់រំ​មាន​គុណភាព។ លោក​បញ្ជាក់​ថា ការ​អភិវឌ្ឍ​សង្គម ចាំ​បាច់​ណាស់​ត្រូវ​ការ​មនុស្ស​មាន​សមត្ថភាព ដើម្បី​ទំនាក់​ទំនង​នៅ​ក្នុង​សង្គម។

ទោះ​បី​ជា​សព្វ​ថ្ងៃ​ចំនួន​កុមារ​បាន​ចូល​រៀន​ជាង​៩០%​ហើយ​ក្ដី ពីព្រោះ​ថា វិស័យ​អប់រំ​ដែល​មាន​គុណភាព​នោះ ជា​កត្តា​ចាំ​បាច់​សម្រាប់​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​ប្រទេស​មាន​ការ​រីក​ ចម្រើន​ឆាប់​រហ័ស តាម​រយៈ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​មាន​ជំនាញ​ច្បាស់​លាស់ និង​មាន​ចំណេះ​ដឹង​គ្រប់​គ្នា។ ផ្ទុយ​ទៅ​វិញ មាន​ករណី​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​វិស័យ​អប់រំ​នៅ​កម្ពុជា គ្មាន​គុណភាព ទោះ​បី​ជា​មនុស្ស​គ្រប់​រូប​យល់​ថា វិស័យ​អប់រំ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ជាតិ​ក្ដី តែ​ភាព​ធូរ​រលុង នៃ​ប្រព័ន្ធ​អប់រំ ពិសេស​នៅ​ពេល​ប្រឡង។

របាយការណ៍​ស្រាវជ្រាវ​របស់​អ្នក​ស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍន៍​សង្គម បាន​រក​ឃើញ​ថា សិស្ស​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ ឬ​បាក់ឌុប សិស្ស​ចំនួន​៧៨%​បាន​ឆ្លើយ​ថា ពួក​គេ​ចម្លង​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ពេល​ប្រឡង។ កូន​សិស្ស​៦៧%​បាន​ឆ្លើយ​ថា ពួក​គេ​បាន​ចំណាយ​ប្រាក់​សម្រាប់​ការ​ប្រឡង គិត​ជា​មធ្យម​ក្នុង​ម្នាក់​ចំណាយ​លុយ​ប្រមាណ​៣០​ដុល្លារ សម្រាប់​រាយ​ឲ្យ​គ្រូ​ពេល​ប្រឡង។ ចំនួន​សិស្ស​៩២%​ឆ្លើយ​ថា ពួក​គេ​ប្រមូល​លុយ​ក្នុង​ថ្នាក់ សម្រាប់​គ្រូ​អនុរក្ស​ពេល​ប្រឡង ដើម្បី​មាន​សិទ្ធិ​លួច​ចម្លង​គ្នា និង​បើក​មើល​កំណែ​បាន​ជាដើម។

អ្នក​ស្រាវជ្រាវ​អភិវឌ្ឍន៍​សង្គម លោក កែម ឡី បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​កត្តា​គុណភាព​អប់រំ នៅ​មាន​កម្រិត​នៅ​ឡើយ​នេះ ដែល​ជា​ហេតុ​នាំ​ប្រទេស​កម្ពុជា​ពិបាក​នឹង​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ជិត​ ខាង នៅ​ពេល​អនាគត ពិសេស​នៅ​ឆ្នាំ​២០១៥ នៅ​ពេល​ប្រទេស​ជា​សមាជិក​អាស៊ាន នឹង​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់។

ក្រុម​អ្នក​វិភាគ​បាន​លើក​ឡើង​ថា ដើម្បី​ឲ្យ​ការ​សិក្សា​មាន​គុណភាព​ទៅ​បាន​នោះ មាន​កត្តា​ជាច្រើន ដូច​ជា ត្រូវ​កែ​ប្រែ​កម្មវិធី​សិក្សា ចាប់​ពី​មត្តេយ្យ​សិក្សា​ដល់​ឧត្តម​សិក្សា រដ្ឋាភិបាល​ត្រូវ​រៀបចំ និង​មាន​វិធានការ​ច្បាស់​លាស់ គុណភាព​គ្រូ និង​សិស្ស បរិស្ថាន​នៃ​ការ​សិក្សា តួនាទី​របស់​រដ្ឋាភិបាល និង​ការ​ចូល​រួម​ពី​សង្គម​គ្រួសារ តាម​រយៈ​ការ​ចំណាយ​ថវិកា​ទៅ​លើ​កូន​ឲ្យ​ចំ​ទិសដៅ។

គុណភាព​អប់រំ​នៅ​កម្ពុជា នៅ​មាន​កម្រិត ជា​កត្តា​រាំងស្ទះ​នៅ​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ជាតិ ពីព្រោះ​ថា ការ​អប់រំ​មាន​តួនាទី​សំខាន់​ណាស់ ការ​អប់រំ​ឲ្យ​មនុស្ស​មាន​ក្រម​សីលធម៌​វិជ្ជាជីវៈ បណ្ដុះ​ឲ្យ​មនុស្ស​ស្រឡាញ់​ជាតិ បណ្ដុះ​ឲ្យ​មនុស្ស​ជា​ឆ្អឹង​ខ្នង​ទ្រទ្រង់​សង្គម បណ្ដុះ​មនុស្ស​ឲ្យ​ស្គាល់​សីលធម៌ និង​សច្ចធម៌ នៃ​សង្គម បណ្ដុះ​មនុស្ស​ឲ្យ​ស្គាល់​នូវ​វប្បធម៌​របស់​ខ្លួន បណ្ដុះ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ផ្នត់​គំនិត និង​ផ្សេងៗ​ទៀត។

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា គ្រប់​ប្រទេស​ទាំង​អស់​នៅ​លើ​សកលលោក ការ​អភិវឌ្ឍ​ប្រទេស គេ​ពឹង​ផ្អែក​លើ​វិស័យ​អប់រំ ជា​បញ្ហា​ចម្បង ពោល​គឺ​ប្រទេស​នោះ គេ​ទាម​ទារ​អ្នក​មាន​ចំណេះ​ដឹង។ លោក​អះអាង​ថា ដើម្បី​រំដោះ​ប្រជាពលរដ្ឋ​កម្ពុជា​រួច​ផុត​ពី​ភាព​ក្រីក្រ ក៏​ត្រូវ​តែ​ទាម​ទារ​នូវ​វិស័យ​អប់រំ​ដែរ។

លោក​បណ្ឌិត សុខ ទូច បាន​ពន្យល់​ថា ការ​ដឹកនាំ​ប្រទេស​មួយ​ឲ្យ​មាន​និរន្តរភាព​នោះ រដ្ឋាភិបាល​ត្រូវ​ទាម​ទារ​ឲ្យ​មាន​អ្នក​ជំនាញ​តាម​ផ្នែក​នីមួយៗ ជា​អ្នក​ផ្ដល់​មតិ​យោបល់ ដើម្បី​បង្ហាញ​ផ្លូវ និង​មាន​ចក្ខុវិស័យ​វែង​ឆ្ងាយ។ លោក​បណ្ឌិត សុខ ទូច បាន​ហៅ​ការ​អភិវឌ្ឍ​បែប​ជំហាន​គីង្គក់​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន មិន​មែន​ជា​ការ​អភិវឌ្ឍ​ដោយ​បែប​អប់រំ​នោះ​ទេ។

ទាក់​ទង​ទៅ​នឹង​បញ្ហា​នេះ អ្នក​ជំនាញ​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត កែម ឡី បាន​លើក​ឡើង​ថា ទោះ​បី​ជា​អ្នក​មាន​ជំនាញ និង​ចំណេះ​ដឹង​មួយ​ចំនួន មាន​ឱកាស​ចូល​បម្រើ​ការងារ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋាភិបាល​ក្ដី ប៉ុន្តែ​ពួក​គេ​ទាំង​នោះ​មិន​មាន​សិទ្ធិ​ក្នុង​ការ​ផ្ដល់​យោបល់ និង​សិទ្ធិ​ក្នុង​ធ្វើ​ការ​សម្រេច​ចិត្ត​ពេញ​លេញ​នោះ​ទេ ដោយ​សារ​តែ​ហេតុផល​នយោបាយ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​បញ្ជូន​កូន​ចៅ​ទៅ​សាលា​រៀន​មាន​សន្ទុះ​កើន​ឡើង ទោះ​បី​ជា​វិស័យ​អប់រំ​នៅ​កម្ពុជា គុណភាព​នៅ​មាន​កម្រិត​ក្ដី។ លោក កែម ឡី បាន​បង្ហាញ​របាយការណ៍​ថា ក្នុង​ឆ្នាំ​២០១២ សិស្ស​ចាប់​ពី​បឋម​សិក្សា​ដល់​ថ្នាក់​វិទ្យាល័យ​មាន​ជាង​៣លាន​នាក់។ និស្សិត​នៅ​ថ្នាក់​ឧត្តម​សិក្សា មាន​ជាង​១០ម៉ឺន​នាក់។

ក្រុម​អ្នក​ជំនាញ​ខាង​អប់រំ បាន​ព្យាករណ៍​ថា ប្រទេស​កម្ពុជា​នឹង​មិន​មាន​សន្ទុះ​អភិវឌ្ឍ​គ្រប់​វិស័យ ពិសេស​វិស័យ​សេដ្ឋកិច្ច​បាន​លឿន​ទេ ប្រសិន​បើ​រដ្ឋាភិបាល​មិន​យក​ចិត្ត​ទុក​ដាក់ និង​ធ្វើ​កំណែ​ទម្រង់​លើ​វិស័យ​អប់រំ​ទេ​នោះ ពីព្រោះ​ថា សង្គម​មួយ​ត្រូវ​ការ​អ្នក​ប្រាជ្ញ អ្នក​មាន​មុខ​ជំនាញ​វិជ្ជាជីវៈ​ច្បាស់​លាស់ និង​អ្នក​ដែល​បង្កើត​គំនិត​ថ្មីៗ​ច្រើន នៅ​ក្នុង​សង្គម៕

No comments:

Official Resume of H.E. Dr. SAR Sokha, Deputy Prime Minister and Minister (April 2024)

    CURRICULUM VITAE   1.            Surname - Given Name :    SAR SOKHA   7.            FAMILY STATUS: a.        Spouse: KE SOUNSO...