Wednesday 5 September 2012

ឱកាស​បន្ត​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស

2012-09-05
គុណភាព​អប់រំ​នៅ​តាម​សកលវិទ្យាល័យ​មួយ​ចំនួន​នៅ​មាន​កម្រិត ភាព​មាន​ការងារ​ធ្វើ​ក៏​មាន​តិច​តួច រួម​ទាំង​អាហារូបករណ៍​ទៅ​បរទេស​ក៏​នៅ​មាន​កម្រិត​នៅ​ប្រទេស​កម្ពុជា បាន​បង្ខំ​ឲ្យ​សិស្សានុសិស្ស ជាពិសេស ក្រុម​គ្រួសារ​មាន​ជីវភាព​ធូរធារ ចាប់​យក​ការ​សិក្សា​នៅ​សកលវិទ្យាល័យ​ឯកជន​នៅ​ក្រៅ​ប្រទេស។

បច្ចុប្បន្ន មាន​ចំនួន​យុវជន​ជា​ច្រើន បាន​រក​ឱកាស​សិក្សា​នៅ​ក្រៅ​ប្រទេស ដែល​មាន​ភាព​ប្រកួត​ប្រជែង​ខ្ពស់ ដើម្បី​ធានា​ភាព​មាន​ការងារ​ធ្វើ​ពេល​បញ្ចប់​ការ​សិក្សា។

អ្នក​វិភាគ​សេដ្ឋកិច្ច បាន​អះអាង​ថា ការ​បង្កើត​ការងារ​រៀងរាល់​ឆ្នាំ​មាន​ចន្លោះ​ពី​៤ម៉ឺន​ទៅ​៥ម៉ឺន​នាក់ ប៉ុន្តែ អ្នក​ដែល​ត្រូវ​ការ​ការងារ​ធ្វើ ឬ​តម្រូវ​ការ​ទីផ្សារ​ការងារ​វិញ មាន​ចំនួន​ប្រមាណ​ពី​២០ម៉ឺន​ទៅ​៣០ម៉ឺន​នាក់។ មូលហេតុ​នេះ ធ្វើ​ឲ្យ​មាន​ភាព​គ្មាន​ការងារ​ធ្វើ​កើន​ឡើង ដែល​ជា​ក្ដី​កង្វល់​របស់​យុវជន ជាពិសេស យុវជន​ដែល​ទើប​ចប់​ថ្នាក់​ទី​១២ ឬ​មធ្យម​សិក្សា​ទុតិយភូមិ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ កត្តា​សេដ្ឋកិច្ច ភាព​ខ្វះខាត​ការងារ​បច្ចុប្បន្ន និង​ភាព​មិន​ស៊ី​សង្វាក់​គ្នា​ក្នុង​ទីផ្សារ​ការងារ អាច​ជះ​ឥទ្ធិពល​ដល់​ការ​អប់រំ​នៅ​ប្រទេស​កម្ពុជា កាន់​តែ​អន់​ថយ ហើយ​ជះ​ឥទ្ធិពល​ដល់​ភាព​អត់​ការងារ​កាន់​តែ​កើន​ឡើង​ដែរ ក្នុង​ចំណោម​យុវជន​ដែល​ពេញ​កម្លាំង​ធ្វើ​ការ។
សិស្សានុសិស្ស​ជា​ច្រើន កំពុង​ប្រឹងប្រែង​រក​ឱកាស​បន្ត​ការ​សិក្សា​នៅ​សកលវិទ្យាល័យ​មួយ​ចំនួន ទាំង​ក្នុង និង​ក្រៅ​ប្រទេស។ យ៉ាង​ណា​ក៏​ដោយ ការ​ចាប់​យក​ឱកាស​សិក្សា​នៅ​ក្រៅ​ប្រទេស ជា​កត្តា​សំខាន់​សម្រាប់​ធានា ឬ​មាន​ភាព​ប្រកួត​ប្រជែង ដែល​ក្រុម​យុវជន​ភាគ​ច្រើន​បាន​ឲ្យ​តម្លៃ​ការ​សិក្សា​នៅ​បរទេស​មាន​គុណភាព​ ល្អ​ជាង​នៅ​ក្នុង​ប្រទេស។

អ្នក​វិភាគ​វិស័យ​អប់រំ លោក​សាស្ត្រាចារ្យ សាត ដារ៉ា មាន​ប្រសាសន៍​បង្ហាញ​អំពី​បទ​ពិសោធន៍ នៃ​ការ​សិក្សា​នៅ​សកលវិទ្យាល័យ​បរទេស​មួយ​ចំនួន​ថា ការ​អប់រំ​នៅ​បរទេស តម្រូវ​ការ​ទីផ្សារ​ការងារ​គឺ​បាន​បង្ហាញ​ជា​សាធារណៈ ឬ​ចំពោះ​សកលវិទ្យាល័យ អំពី​ចំនួន​តម្រូវ​ការ និង​ការ​ផ្គត់ផ្គង់​នៅ​ពេល​បច្ចុប្បន្ន ប៉ុន្តែ នៅ​ប្រទេស​កម្ពុជា ចំនួន​អ្នក​ដែល​សិក្សា​លើ​ជំនាញ​គ្រប់គ្រង មាន​បរិមាណ​ច្រើន​ជាង​តម្រូវ​ការ​ទីផ្សារ​ការងារ។

លោក​មាន​ប្រសាសន៍​បន្ត​ថា កត្តា​នេះ​គឺ​ទាមទារ​ឲ្យ​គ្រឹះស្ថាន​អប់រំ សហការ​គ្នា​ជាមួយ​រដ្ឋាភិបាល ក្នុង​ការ​ផ្សារភ្ជាប់​ទីផ្សារ​ពលកម្ម និង​ទីផ្សារ​ការងារ។ លោក​អង្កេត​ឃើញ​ថា ក្នុង​ចំណោម​យុវជន​ដែល​បញ្ចប់​ពី​សកលវិទ្យាល័យ មិន​បាន​ធានា​ថា ខ្លួន​មាន​ជំនាញ​ពិត​ប្រាកដ​នៅ​ឡើយ។
លោក​សាស្ត្រាចារ្យ សាត ដារ៉ា៖ «នៅ​ពេល​ដែល​គាត់​រៀន​ជំនាញ​គ្រប់គ្រង​ ទៅ​ចុះ ហើយ​នៅ​ស្រុក​ខ្មែរ​យើង អ្នក​ដែល​ចប់​ជំនាញ​គ្រប់គ្រង​ខ្សត់​ការងារ​ជាង​គេ។ ក៏ប៉ុន្តែ ពាក្យ​ថា​ខ្សត់​ការងារ​ហ្នឹង គឺ​ដោយ​សារ​តែ​គាត់​ចេះ​តែ​គ្រប់គ្រង តែ​គាត់​អត់​ចេះ​ធ្វើ​ការ​គ្រប់គ្រង។ ខ្ញុំ​មាន​ហាង​មួយ​អ៊ីចឹង នៅ​ពេល​ដែល​គាត់​ចូល​មក​ធ្វើ​ការ ខ្ញុំ​ចង់​ឲ្យ​គាត់​ធ្វើ​ការ​ជំនាញ​គ្រប់គ្រង តែ​គាត់​ឆ្លើយ​ថា គាត់​អត់​ដឹង​ធ្វើ​ម៉េច​ផង ព្រោះ​អី​គាត់​អត់​ទាន់​មាន​បទ​ពិសោធន៍ ទាល់​តែ​ប្រើ​គាត់​សិន។ ពី​ព្រោះ​អី​យើង​ត្រូវ​ចំណាយ​ពេល​យូរ​ប្រើ​គាត់ ហើយ​ប្រាក់​បៀវត្ស​របស់​គាត់​ចំណាយ​ច្រើន ហើយ​ជួន​កាល​គេ​អត់​ប្រើ​ទៀត​ផង»

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យុវជន​ជាច្រើន​បាន​បង្ហាញ​ពី​ភាព​ជឿជាក់​លើ​គុណភាព​អប់រំ​នៅ​ប្រទេស​កម្ពុជា ថា នៅ​មាន​កម្រិត​តិច​តួច​នៅ​ឡើយ ដែល​អាច​ទទួល​បាន​ការងារ​ច្បាស់លាស់​នៅ​ពេល​បញ្ចប់​ការ​សិក្សា។

បញ្ហា​ប្រឈម​ដទៃ​ទៀត នៃ​ការ​ជំរុញ​ឲ្យ​យុវជន​ស្វែង​រក​ការ​សិក្សា​នៅ​បរទេស មាន​ដូច​ជា គុណភាព​អន់​នៃ​ការ​អប់រំ សមត្ថភាព​ស្រាវជ្រាវ​មាន​កម្រិត​ទាប​នៅ​ថ្នាក់​ឧត្ដម​សិក្សា ភាព​មិន​ស៊ី​គ្នា​រវាង​ការ​ផ្គត់ផ្គង់ និង​កម្លាំង​ពលកម្ម​ផលិតភាព​ទាប នៃ​កម្លាំង​ពលកម្ម និង​កង្វះ​ទាំង​ជំនាញ​ផ្នែក​បច្ចេកទេស និង​ខាង​វិទ្យាសាស្ត្រ​សង្គម​ជា​ដើម។

មូលហេតុ​នេះ យុវជន​ជាច្រើន​បាន​ប្រឹង​រក​អាហារូបករណ៍​សិក្សា​នៅ​ក្រៅ​ប្រទេស ប៉ុន្តែ​ចំនួន​នេះ​មាន​តិច​តួច​នៅ​ឡើយ ដែល​មិន​អាច​ស្រូប​យក​ចំនួន​សិស្ស​ដែល​មាន​តម្រូវ​ការ។ ដូច​ច្នេះ យុវជន​ប្រឹង​ស្វែង​រក​ការ​សិក្សា​នៅ​តាម​សកលវិទ្យាល័យ​ឯកជន​នានា នៅ​តំបន់​អាស៊ី និង​អឺរ៉ុប។

នាយក​ក្រុមហ៊ុន​បញ្ជូន​សិស្ស​ទៅ​សិក្សា​នៅ​បរទេស លោក គឹម ឡាយ បាន​ឲ្យ​ដឹង​ថា រហូត​ដល់​ពេល​នេះ មាន​ការ​សហការ​គ្នា​រវាង​គ្រឹះស្ថាន​អប់រំ​បរទេស​ជាមួយ​ក្រុមហ៊ុន​ក្នុង​ ស្រុក ក្នុង​ការ​ស្វែង​រក​សិស្ស​បន្ត​ការ​សិក្សា​នៅ​បរទេស​ដោយ​បង់​ថ្លៃ មាន​និន្នាការ​កើន​ឡើង។ ប៉ុន្តែ បរិមាណ​សិស្ស​ដែល​ទៅ​សិក្សា​ក៏​នៅ​មាន​ចំនួន​តិច​តួច​នៅ​ឡើយ។
លោក​មាន​ប្រសាសន៍​បន្ត​ថា នៅ​អាស៊ី​មាន​ប្រទេស​វៀតណាម និង​ម៉ាឡេស៊ី ដែល​យុវជន​កម្ពុជា​ជាច្រើន បន្ត​ការ​សិក្សា​ដោយ​បង់​ថ្លៃ​នៅ​ទី​នោះ។

លោក គឹម ឡាយ៖ «ម៉ាឡេស៊ី ច្រើន តម្លៃ​វា​ថោក ហើយ​វៀតណាម សាលា​គេ​មក​ទាក់​ទង​យើង​តែ​ម្ដង និង​សាលា​ស្រួល​រក។ យើង​មាន​វែបសាយ គេ​ឃើញ​ហើយ​គេ​ថា ឲ្យ​បញ្ជូន​មក​គេ​មក»
លោក គឹម ឡាយ បន្ថែម​ថា បើ​ទោះ​ជា​ការ​បង់​ថ្លៃ ប៉ុន្តែ​យុវជន​ដែល​មាន​បំណង​បន្ត​ការ​សិក្សា ត្រូវ​មាន​កម្រិត​យល់​ដឹង​ភាសា​អង់គ្លេស​ទៅ​តាម​ការ​ចង់​បាន​របស់​ គ្រឹះស្ថាន​អប់រំ​ណា​មួយ​នោះ ដោយ​លោក​បញ្ជាក់​ទៀត​ថា ការ​បន្ត​ការ​សិក្សា​នៅ​បរទេស​ដោយ​បង់​ថ្លៃ មាន​យុវជន​ជាច្រើន​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ដោយ​ខ្លួន​ផ្ទាល់ ព្រោះ​ថា​យុវជន​ទាំង​នោះ​មាន​ការ​យល់​ដឹង​ខ្ពស់​អំពី​បែប​បទ នៃ​ការ​ដាក់​ស្នើ​សុំ​ទាំង​នោះ ដែល​តាម​ការ​ប៉ាន់ស្មាន​មាន​ប្រមាណ​ជាង​៤០%។

លោក គឹម ឡាយ៖ «សិស្ស​ឥឡូវ គេ​យល់​ដឹង​ច្រើន ទី​មួយ គេ​ដឹង​តាម​ឯកសារ តាម​ស្ថានទូត ហើយ​គ្រួសារ​គេ​មាន​លទ្ធភាព​ទៅ គេ​ដាក់​ពាក្យ​ដោយ​ខ្លួន​គេ ប្រហែល​ជា​៤០% ហើយ​គេ​ពឹង​ការិយាល័យ​នោះ​៦០%»

លោក​បន្ថែម​ទៀត​ថា តម្លៃ​ការ​សិក្សា​នៅ​ថ្នាក់​ឧត្ដម​សិក្សា​នៅ​ប្រទេស​សិង្ហបុរី មាន​ចំនួន​ជា​មធ្យម ១ម៉ឺន​៧ពាន់​ដុល្លារ ក្នុង​មួយ​ឆ្នាំ និង​ការ​សិក្សា​នៅ​ប្រទេស​ម៉ាឡេស៊ី មាន​ចន្លោះ​ពី​៣ពាន់​ទៅ​៤ពាន់​ដុល្លារ​អាមេរិក ក្នុង​មួយ​ឆ្នាំ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យុវជន​អាច​ស្វែង​យល់​អំពី​ការ​សុំ​សំណុំ​បែបបទ​នៃ​ការ​ចូល​រៀន​នៅ​ សកលវិទ្យាល័យ​បរទេស​មួយ​ចំនួន និង​អំពី​លក្ខខ័ណ្ឌ​ទាំង​ឡាយ​ដែល​តម្រូវ​ឲ្យ​បេក្ខជន​ត្រូវ​បំពេញ​តាម​រយៈ​ គេហទំព័រ​របស់​សកលវិទ្យាល័យ​នោះ​ដោយ​ផ្ទាល់​ផង​ដែរ៕

No comments:

Opinion: Confucius Institute Enhances Chinese Language Education, Cultural Exchange in NW Cambodia

  Please read from the Phnom Penh Post Please read from the Cambodianess  Confucius institutes have been playing a vital role in promoting C...