Monday 29 October 2012

កិច្ចសម្ភាសន៍ពី ស្ថានភាពមេធាវី កម្ពុជាបច្ចុប្បន្ន រវាងលោក សយ សុភាព និងលោកមេធាវី សុក ស៊ីផាន់ណា (មេធាវីដ៏ល្អជាអ្នករក ដំណោះស្រាយ ឲ្យអតិថិជនមិនមែន ឲ្យជំរុញកូនក្តី ខ្លួនឡើងតុលាការទេ)

ភ្នំពេញៈ បន្ទាប់ពីត្រូវបាន ក្រុមមេធាវីធ្វើការបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ជាសមាជិក ក្រុមប្រឹក្សាគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា អាណត្តិ ទី៧ លោក សុក ស៊ីផាន់ណា បេក្ខភាពក្រុមប្រឹក្សា ដែលទើបនឹងជាប់ឆ្នោត បានផ្តល់បទសម្ភាសន៍ ជាមួយអគ្គនាយក មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល លោក សយ សុភាព ពីស្ថានភាព មេធាវីកម្ពុជាបច្ចុប្បន្ន ។
ខាងក្រោមនេះ ជាកិច្ចសម្ភាសន៍រវាងលោក មេធាវី សុក ស៊ីផាន់ណា និងលោក សយ សុភាព ជុំវិញនិងស្ថានភាព មេធាវីកម្ពុជាបច្ចុប្បន្ន ។

សយ សុភាពៈ បន្ទាប់ពីលោកជាប់ឆ្នោតជាសមាជិក ក្រុមប្រឹក្សាគណៈមេធាវី តើលោកមាន អ្វីដើម្បីចែករំលែក ជាអទិភាពចំពោះ មេធាវីកម្ពុជា ?


សុក ស៊ីផាន់ណាៈ ខ្ញុំគិតថាមុនគេ យើងត្រូវពង្រឹងសមត្ថភាព មេធាវីក្មេងៗ ជំនាន់ក្រោយ ដែលចូល មកព្រោះ ការចេញ ពីសាលាមិនមែន មានន័យថា យើងចេះធ្វើការនោះទេ កុំច្រឡំឲ្យសោះ យើងចេញ ពីសាលាគឺចេះតែ ទ្រឹស្តី យើងមើលច្បាប់ យល់ប៉ុន្តែអត់ដឹង អនុវត្តន៍យ៉ាងម៉េចនោះទេ ? អ្វីដែល សំខាន់ ត្រូវមានការហ្វឹកហ្វឺន ដល់ ពួកគេឲ្យយល់ក្នុង ការប្រកបវិជ្ជាជីវៈ វាជារឿងសំខាន់ក្នុងនាម ជាមេធាវី តើយើងត្រូវចេះ អ្វីខ្លះ? មិនមែនចេះ ចេញពី សាលាមក អាចអានច្បាប់យល់នោះទេ “អានច្បាប់ ដឹងអីចឹង ពិរោះអីចឹង” ប៉ុន្តែសួរថា មានន័យថាម៉េច អត់ដឹងទេ ?

សយ សុភាពៈ តើអាចនឹងមានបញ្ហាប្រឈមទេ ចំពោះមេធាវីកម្ពុជាសព្វថ្ងៃ នៅពេលចូល អាស៊ាន ?


សុក ស៊ីផាន់ណាៈ ការប្រឈមរបស់យើង គឺនៅពេលដែលសេដ្ឋកិច្ច ទីផ្សារក្នុង តំបន់បើក លំហូ ប្រជាជន លំហូ អ្នកជំនាញ បច្ចេកទេស លំហូ វិនិយោគទុន លំហូទំនិញមក ! តើមកជាមួយអ្វី ? គឺមកជាមួយសេវា ការពារ ក្រុមហ៊ុន ហើយអទិភាពមុន គឺគេរកតែពីរមុខ ប៉ុណ្ណោះ គណនេយ្យ និងមេធាវី ការពារក្រុមហ៊ុន ។ អាពីរមុខនេះ ដាច់ខាតហើយ មុនគេដាក់ជើងរកស៊ី គឺត្រូវការអាពីរនេះ ជាចំបាច់ អីចឹងបើមេធាវីយើង មិនពូកែផ្នែក ពាណិជ្ជកម្ម ផ្នែកវិនិយោគទុន ផ្នែកអាជីវកម្ម យើងបាត់ ទីផ្សារធំ ព្រោះនៅពេលនោះ គេនឹងរត់ទៅរកអ្នកណា ដែរមាន សមត្ថភាព ។

សយ សុភាពៈ តើសព្វថ្ងៃនេះមេធាវីកម្ពុជាយើង មានជំនាញផ្នែកអ្វីច្រើនជាងគេ ?


សុក ស៊ីផាន់ណាៈ ខ្ញុំសង្កេតឃើញ ភាគច្រើន គឺផ្នែករដ្ឋប្បវេណី ផ្នែកព្រហ្មទណ្ឌ ពួកគាត់មិនមាន ជំនាញត្រូវ ទីផ្សារ ដែរត្រូវការនោះទេ ។ ក្នុងសង្គម យើងត្រូវមាន អ្នកការពារក្តី ត្រូវតែមានអ្នក ឡើងតុលាការ ព្រហ្មទណ្ឌ រឿងនេះវាជៀសមិនរួច ក៏ប៉ុន្តែយើងមិនអាច កសាងសេដ្ឋកិច្ច យើងឲ្យមំាបាន ការពារអត្ថប្រយោជន៍របស់ ប្រជាពលរដ្ឋខ្មែរយើង ដែរចូលដៃគូ ជាមួយបរទេស នៅពេលដែល បរទេសគេមក គឺត្រូវតែរកស៊ីជាមួយខ្មែរយើង ក្នុង រូបភាពអ្វីមួយ ? ជារូបភាពដៃគូ ជារូបភាពសេវាកម្ម ជារូបភាពវិនិយោគទុន ខ្មែរយើងត្រូវមានសកម្មភាព អ្វីមួយជាមួយ បរទេសហើយ ប្រសិនមេធាវី ខ្មែរ យើងពុំមានលទ្ធភាព អាចការពារ អាចចរចា អាចរកចំណុច ឈ្នះឲ្យកូនក្តី ឬម៉ូយ របស់ខ្លួន នោះ គឺចាញ់ប្រៀបគេ ។

សយ សុភាពៈ តើសព្វថ្ងៃមេធាវីយើង មានជំនាញខាងពាណិជ្ជកម្ម ច្រើនដែរឬទេ ?


សុក ស៊ីផាន់ណាៈ ខ្ញុំគិតថាខាងពាណិជ្ជកម្ម ខាងវិនិយោគទុន អត់ពូកែទេ ព្រោះសាលាបង្រៀន ភាគច្រើន បង្រៀន ផ្នែករដ្ឋបាល ផ្នែករដ្ឋប្បវេណី និងផ្នែកព្រហ្មទណ្ឌ ច្រើនជាង អីចឹងនៅពេល និស្សិតចេញមក គាត់មិន អាចមានជំនាញ ដែលអាចហ្វឹកហ្វឺន ទៅធ្វើអាជីវកម្មកើត ។ ខ្ញុំឃើញថា សព្វថ្ងៃសេដ្ឋកិច្ច នៅកម្ពុជា យើងមាន ឧកញ៉ា ដែលមានជីវភាព ធូរធាច្រើនណាស់ អាជីវកម្មរបស់ គាត់រីកធំ ហើយតម្រូវការច្បាប់ បញ្ហាផ្នែកគតិយុត្តិ នៅក្នុងក្រុមហ៊ុនរបស់គាត់ ក៏សម្បូរណាស់ អីចឹងគាត់អាចជួល មេធាវីខ្មែរម្នាក់ឲ្យធ្វើការ ប្រចាំក្រុមហ៊ុន ឲ្យប្រាក់ ខែគេ២០០០ ដុល្លារ ទៅ៣០០០ ដុល្លារ ក៏បានដែរ ព្រោះការងារដែលគាត់ធ្វើ រាល់ថ្ងៃគង់តែជួលអ្នក ក្រៅដដែរ អីចឹងមានន័យថា យើងត្រូវតម្រង់ទិស ឲ្យបានច្រើនឲ្យមេធាវីយើង រៀនជំនាញផ្នែកពាណិជ្ជកម្ម ផ្នែកក្រុមហ៊ុន ដំណើរការ ក្រុមហ៊ុន ច្បាប់ការងារ និងរបៀបដោះស្រាយវិវាទក្រៅ ប្រព័ន្ធតុលាការ ទាំងអស់នេះសុទ្ធតែ ជា ជំនាញបច្ចេកទេស ដែលអាចរកអាជីព បានដោយមិនចំាបាច់ ឡើងតុលាការ ។ ចង់មិនចង់ អ្នករកស៊ី គេមិនចង់ ឡើងតុលាការនោះទេ ជម្លោះ គាត់បញ្ជៀសបាន គាត់ជៀសហើយ ការបញ្ជៀសជម្លោះ អាចធ្វើបាន ក៏ដោយសារ តែយើងមាន លទ្ធភាពក្នុងការសរសេរ កិច្ចសន្យា ដែលវា មិនផ្អៀង ខ្លំាង ។ ប្រសិនបើកិច្ចសន្យា ផ្អៀងខ្លំាង ដល់ ពេលមួយអ្នកដែរនៅ ខាងក្រោមនឹង អាជញ្ជីងមួយ ដែលបះជាងគេនឹង ដល់ពេលណាមួយ នឹងរើបម្រះ ទៅជា ជម្លោះ អីចឹងនៅពេល អ្នករកស៊ីមាន ជម្លោះគឺខាតទាំងអស់គ្នា ។

សយ សុភាពៈ ដោយសារតែសព្វថ្ងៃនេះ មេធាវីនៅមានបញ្ហាមួយ ខាងផ្នែកពាណិជ្ជកម្ម តើក្នុងនាម គណៈមេធាវី អាចមានឥទ្ធិពលអ្វីមួយ ដើម្បីជំរុញ ខាងរដ្ឋាភិបាល ឲ្យជួយបង្កើតតុលាការ ពាណិជ្ជកម្ម បានដែរ ឬទេ ?

សុក ស៊ីផាន់ណាៈ ពេលដែលយើងចូលអង្គការពាណិជ្ជកម្ម ពិភពលោក WTO រដ្ឋាភិបាល បានប្តេជ្ញា ហើយ គឺ យើងត្រូវតែធ្វើ តែ៦ឆ្នាំ ៧ឆ្នាំនេះ យើងមិនទាន់បានធ្វើនោះទេ ប៉ុន្តែវាមានការវិវឌ្ឍន៍ មួយល្អដែរ មានមជ្ឈត កម្មពាណិជ្ជកម្ម គឺការដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ ហើយដំណើរការ ទៅបណ្តើរៗហើយ គេបង្វឹកបង្វឺន មួយក្រុម ដំបូងចំនួន៥០ នាក់ជាង សម្រាប់តុលាការ ពាណិជ្ជកម្ម ត្រូវតែមាន ព្រោះជាកាតព្វកិច្ច ក្នុងការសន្យា របស់យើង នៅពេលចូលក្នុង អង្គការ WTO ។ ប្រសិនបើយើងមានតុលាការ ពាណិជ្ជកម្ម ជាការផ្តល់សញ្ញាមួយ ទៅឲ្យបរទេស ឃើញថា ប្រសិនបើអ្នក ឯងមានមាយាទ យើងមានតុលាការ ពាណិជ្ជកម្ម ដែលអាចរកយុត្តិធម៌ ឲ្យវិវាទពាណិជ្ជកម្ម ដែរមាន ។

សយ សុភាពៈ នៅឆ្នាំ២០១៥ ខាងមុខនេះ គេសមាហរណកម្មចូលគ្នា ការងាររកស៊ី មួយចំនួន ដោយឡែក ខាងមេធាវី តើច្បាប់អនុញ្ញាត ឲ្យមេធាវី បរទេសបើក ការិយាល័យ នៅកម្ពុជាដែរឬទេ ?

សុក ស៊ីផាន់ណាៈ ច្បាប់យើងដែរធ្វើ តាមរយៈ WTO យើងអាចអនុញ្ញាតឲ្យគេ មកផ្តល់ជាអនុសាស្រ្ត តែលើ ច្បាប់ ប៉ុន្តែមិនមែនច្បាប់ កម្ពុជានោះទេ វាមានន័យថានៅពេលឡើង តុលាការប្រើច្បាប់ខ្មែរ មេធាវីខ្មែរជាអ្នក ការពារ ។ ដោយឡែកនៅក្នុងចរន្តនៃ វិនិយោគទុនឆ្លងដែន ប្រសិនបើ វិនិយោគទុន មួយមកពីប្រទេស វៀតណាម មកពីប្រទេសថៃ អីចឹងអ្នកមកពីថៃ គឺត្រូវការច្បាប់ថៃ ត្រូវការមេធាវីថៃ ព្រោះគាត់ចាប់ដៃគូ ជាមួយខ្មែរ ព្រោះរឿងនេះ មេធាវីខ្មែរម្នាក់ឯង មិនអាចផ្តល់យោបល់ថា បើអ្នកឯង រកស៊ីជាមួយខ្មែរ ច្បាប់វាយ៉ាងនេះ ឬវា យ៉ាងនោះ ច្បាប់ពន្ធដា វាយ៉ាងម៉េចនោះ អីចឹងគាត់មិនអាច និយាយទៅលើច្បាប់ថៃ បាននោះទេ បើគាត់មាន ដៃគូ ជាមួយមេធាវីថៃ គាត់អាចរួមគ្នា ឲ្យយោបល់អំពី ការបង្កើតអាជីវកម្ម នៅ ស្រុកខ្មែរ បង់ពន្ធដាយ៉ាងម៉េច ហើយដៃគូជាមេធាវី ថៃអាចប្រាប់ខាងថៃថា បើអ្នកឯងរកស៊ី នៅស្រុកខ្មែរ អ្នកឯងបង់ពន្ធតម្លៃនេះ អ្នកឯងអាច ចំណេញ ប៉ុន្មាន កត្តានេះ វាជាឱកាស ផ្តល់កិច្ចសហប្រតិបត្តិការ ចាប់យកទីផ្សារឲ្យបាន ។ ចំពោះផលវិបាកសព្វថ្ងៃ បញ្ហាមេធាវី បរទេស មួយ ចំនួន គាត់ចូលមកគ្មាន តម្លាភាព មកលួចលាក់ ដាច់ខាត យើងត្រូវ តែគ្រប់គ្រងមេធាវី បរទេសដែលមកធ្វើ អាជីវកម្ម នៅស្រុកខ្មែរ ការគ្រប់គ្រងនេះ មានន័យថា មិនតម្រូវឲ្យ គាត់ ធ្វើអ្វីក្រៅពី ច្បាប់កម្ពុជា ប្រសិនបើយើងមិនទាញ ពួកគាត់ចូលក្នុងរង្វង់ ច្បាប់គ្រប់គ្រងរបស់យើង គាត់ នឹងនៅតែ លួចលាក់ ជិះ យន្តហោះមក គាត់ចុះកិច្ចសន្យា ហើយចុងបញ្ចប់ រុញឲ្យខ្មែរបកប្រែ ។ ក្នុងន័យនេះ មេធាវីបរទេស ត្រូវធ្វើការជាមួយមេធាវីខ្មែរ ក្នុងអង្គការ WTO ដែលកំពុងចរចា មានន័យថា មេធាវីបរទេសអាច ធ្វើអាជីវកម្មរកស៊ីមានបាន ក្នុងស្រុកខ្មែរ ទី១.ត្រូវធ្វើការជាមួយមេធាវីខ្មែរ ទី២.ទាល់តែមាន សកម្មភាពហ្វឹកហ្វឺន មេធាវីខ្មែរ ប៉ុន្មានឆ្នាំក្រោយមក អ្នកឯងត្រូវជម្រុញ សមត្ថភាពឲ្យមេធាវីខ្មែរ ឡើងឋានៈ ឬអ្វីមួយ ទាំងអស់នេះ គឺយើងអាចពង្រឹង សមត្ថភាពមេធាវីខ្មែរ ។

សយ សុភាពៈ តើបច្ចុប្បន្ននេះក្រមសីលធម៌ វិជ្ជាជីវៈមេធាវី យ៉ាងម៉េចដែរ ?


សុក ស៊ីផាន់ណាៈ ខ្ញុំគិតថាក្រមសីលធម៌យើងត្រូវប្រឹងមែនទែន ខ្ញុំមិនបានពាក់ព័ន្ធ ច្រើនរឿង នឹងទេ ប៉ុន្តែតាម ការឮ វាជារូបភាពមួយ ដែលយើង ត្រូវពង្រឹង ខ្ញុំមិនវាយតម្លៃទេ ប៉ុន្តែធ្វើអ្វីមួយត្រូវ តែមានការចាប់ផ្តើម ពីកន្លែង ណាមួយ អីចឹងយើងកុំមើល ថយក្រោយ យើងមើលទៅមុខ វិញថាធ្វើ យ៉ាងម៉េច ដើម្បីពង្រឹងវិជ្ជាជីវៈ ឲ្យទទួល ស្គាល់ថា វិជ្ជាជីវៈគាត់ គឺជាវិជ្ជាជីវៈកិត្តិយស ដែលគេទុកចិត្ត ដែលគេមានភាពកក់ក្តៅ ដល់ពេលនឹងគាត់និង ធ្វើត្រឹមត្រូវហើយ វិជ្ជាជីវៈមេធាវី ប្រសិនបើគេទុកចិត្ត យើងគឺមិនធម្មតាទេ ។ សម្រាប់ខ្ញុំនៅពេលមាន អតិថិជន គេមកពឹងពាក់ ឲ្យជួយមើលការងារឲ្យ និងចាត់ចែងឲ្យ នេះគឺពិតជាកិត្តិយស សម្បើមណាស់ ការទុកចិត្តនេះ មិនមែនជារឿង ធម្មតាទេ នៅពេលដែរគេប្រគល់ ជីវិតពាណិជ្ជកម្ម ធនធាន ការសន្សំរបស់គេ មកឲ្យយើងជួយ គិត វាមិនមែនជារឿង ធម្មតានោះទេ រឿងនេះមេធាវីយើង ត្រូវគិត មិនមែនដូចជា ការងាររកស៊ី ដូចយើងទៅលក់ នំបុ័ង លក់កាហ្វេនោះទេ មេធាវី គឺជាអាជីពកិត្តិយស បំផុត នៅក្នុង ស្រុកគេមេធាវី មួយៗមិនធម្មតានោះទេ រឿង នេះទាល់តែជំរុញ ស្មារតីចិត្តសាស្រ្ត ឲ្យ ខ្លំាងមែនទែន រឿងនេះមិនមែន ជាអាជីវកម្ម ចេញមកលក់របស់ របរនោះ ទេយើងពាក់អាវផាវ វាមិនធម្មតានោះទេ ។

សយ សុភាពៈ តើលោកយល់យ៉ាងម៉េច ដែរសព្វថ្ងៃនេះ មតិសាធារណជន ខ្លះតែងនិយាយថា មេធាវី និងបុគ្គល ព្រះរាជអាជ្ញា ចៅក្រមមួយចំនួនខ្លះ នៃតុលាការរកស៊ីចូលគ្នា ចរចាលុយគ្នាត្រូវហើយ ទើបកាត់សេចក្តី ?

សុក ស៊ីផាន់ណាៈ បញ្ហានេះ ដូចអ្វីដែលខ្ញុំបានលើកឡើងដំបូងអីចឹង ប្រសិនបើយើងមិន ពង្រឹងសមត្ថិភាព មេធាវីឲ្យចេះធ្វើការងារ ពាណិជ្ជកម្ម អាជីព នៅក្នុងក្រុមហ៊ុន ។ ខ្ញុំផ្ទាល់តាំងពីធ្វើជាមេធាវី គឺមិនដែរបានឡើងទៅ តុលាការម្តងសោះឡើយ ព្រោះជំនាញខ្ញុំវា មិនទាក់ទង តុលាការ ជំនាញ ខ្ញុំនៅពេលដែលឲ្យ យោបល់ទៅ អាជីវករ ដែររកស៊ីជាមួយគ្នា ធ្វើយ៉ាងម៉េចកុំ ឲ្យមានវិវាទ ព្រោះនៅពេលមានវិវាទ គឺខាតទាំងអស់គ្នា ឲ្យតែវិវាទ អាជីវកម្មគាំង មនុស្សឈ្លោះគ្នា អត់រកស៊ីជាមួយគ្នា សេដ្ឋកិច្ចធ្លាក់ អីចឹងយើង ឃើញថា មេធាវីល្អគឺមេធាវី ដែររក ដំណោះស្រាយ ឲ្យអតិថិជនរបស់ខ្លួន ដើម្បីរកផលចំណេញ មិនមែនជំរុញ ឲ្យអតិថិជនរបស់ខ្លួន ឈ្លោះគ្នាដើម្បី ឡើងទៅតុលាការ បានផលកំរ៉ៃនោះទេ ។ ជំនាញខ្ញុំ ខាងពាណិជ្ជកម្ម អីចឹងគឺឲ្យយោបល់ ធ្វើយ៉ាងម៉េច ដើម្បីកុំ ឲ្យអ្នកឯងឈ្លោះគ្នា យោបល់ នេះសំខាន់ណាស់ ខ្មែរយើងនៅពេលមាន ដៃគូ៣ នាក់ ទៅ៤ នាក់ រកស៊ីជាមួយគ្នា មិនស្រួល ប្រហែល៤ ខែក្រោយមកឈ្លោះគ្នា យើងអត់មានក្របខណ្ឌ អត់មានមូលដ្ឋាន ជាក់លាក់ ខ្ញុំសុខចិត្តឲ្យគាត់ ឈ្លោះ គ្នាមុនគាត់ចុះ ហត្ថលេខា ប៉ុន្តែចុះហត្ថលេខា រួចហើយ គាត់នៅ សុខដុម ជាមួយគ្នា២០ ឆ្នាំក្រោយមក រឿងនេះយើងត្រូវបង្រៀន មេធាវីខ្មែរយើង ឲ្យកូនខ្មែរ យើងដើរតួរ កុំឲ្យទៅជាមេធាវី ប្រឈមមុខនឹង តុលាការ យើងឲ្យគាត់ក្លាយ ជាមេធាវីរកដំណោះស្រាយ ទៅ ឲ្យ អតិថិជន របស់ខ្លួនមុនវិវាទ កើតទៅទៀត ព្រោះនៅពេលវិវាទ កើតហើយ មនុស្សខាតទាំងអស់គ្នា អីចឹង ហើយបាន ជានៅក្នុង ពាណិជ្ជកម្ម អន្តរជាតិ ការដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ ជាជម្រៅ ដ៏ល្អ បំផុត ទី១.ពុំមានអ្នកដឹងទេ មនុស្សទាស់គ្នាលើចំណុច១ នៅ ចំណុច៩០ ជាងទៀត ក្រុមហ៊ុននៅដំណើរការ ហើយ អត់មានអ្នកណាដឹងថា ក្រុមហ៊ុននេះទាស់គ្នា លើភាគហ៊ុនណា មួយនោះទេ ? អីចឹងរកស៊ីជា ធម្មតា មនុស្ស អត់ភ័យ ឧទាហរណ៍នៅក្នុង ធនាគារមួយឮថា ម្ចាស់ភាគហ៊ុន ឈ្លោះគ្នា ពេលបែកការអ្នកណាដឹងថា ម្ចាស់ភាគហ៊ុនឈ្លោះគ្នា រកលក់ មនុស្សនាំគ្នា ទៅដកលុយ ធនាគារនឹងរលំ ដែរតាមពិតទៅវាមិនត្រូវ រលំសោះ ។
ព័ត៌មានពាណិជ្ជកម្មវាជារឿងសំខាន់ តួនាទីមេធាវីត្រូវតែរក្សាការ សំងាត់ពាណិជ្ជកម្ម ហើយយើង ជាមេធាវី ដូច ជាប្រអប់ខ្មៅមួយ ងងឹតអីចឹង ព័ត៌មាន ចូលមក ចប់ត្រឹមនឹង បោះចូលធុង នឹងគឺជិតឈឹង ហើយរឿងនេះគឺ ទាមទារ ស្មារតីវិន័យ ខ្លំាងណាស់ ៕

No comments:

Official Resume of H.E. Dr. SAR Sokha, Deputy Prime Minister and Minister (April 2024)

    CURRICULUM VITAE   1.            Surname - Given Name :    SAR SOKHA   7.            FAMILY STATUS: a.        Spouse: KE SOUNSO...