- Monday, 08 October 2012
- តុង សុប្រាជ្ញ
- បន្ទាប់ពីកុបកម្ម ប្រឆាំងនឹងស្ថានទូតប្រទេសថៃ
នៅទីក្រុងភ្នំពេញកាលពីឆ្នាំ២០០៣ មក ខ្សែភាពយន្តថៃ
ក៏ត្រូវបានរលត់ផុតបន្តិចម្តងៗ រហូតដល់លែងមានចាក់បញ្ចាំង
នៅតាមបណ្តាញទូរទស្សន៍ក្នុងស្រុកនានា នាពេលបច្ចុប្បន្ននេះ
ហើយជំនួសដោយខ្សែភាពយន្តកូរ៉េវិញម្តង
ដែលតារាៗសុទ្ធតែស្បែកពណ៌ស និងកែសម្ផស្សមុខមាត់ច្រមុះ
និងមានចម្រៀងនិងចង្វាក់រាំកូរ៉េល្បីៗ ដូចជា Gangnam Style ផងដែរ។
ឯ យុវវ័យខ្មែរ និងតារាៗខ្មែរស្ទើរតែទាំងអស់ក៏ងាយនឹងឈ្លក់វង្វេង ទៅនឹងការចម្លងវប្បធម៌ភ្លាមៗពីគេតាំងពីម៉ូដសម្លៀកបំពាក់ ម៉ូដសក់ កាយវិការ របៀបនិយាយ សម្ភារនិយម ជាពិសេស ការកែសម្ផស្ស ខំប្រឹងបកស្បែកឲ្យស ឬក៏ចាក់ថ្នាំឲ្យសដូចតារាៗជនជាតិកូរ៉េទាំងនោះទៀតផង ដោយមិនគិតពីផលប៉ះពាល់ពេលក្រោយទេ។ ហេតុអ្វីបានជាមនុស្សមួយចំនួន ខិតខំប្រឹងធ្វើឲ្យរូបកាយស តែមិនខំធ្វើឲ្យចិត្តខ្លួនឯងសដូចរូបកាយ?
ទាល់តែ សមត្ថកិច្ចឃុំខ្លួន និងតុលាការចោទប្រកាន់ជាផ្លូវការពីបទជួញដូរមនុស្ស កាលពី២សប្តាហ៍មុន ហើយទើបដឹងថា ជនជាប់ចោទ ចាន់ ស្រីណុច ហៅ ចែ មុំ ថៅកែសម្អាងកាយមីកាហ្សា ជាអ្នកជួញដូរផ្លូវភេទ កាលីបលើនៅស្រុកខ្មែរ ពោលគឺបើនិយាយឲ្យ សាមញ្ញថា ជាអ្នកដឹកញី បន្ស៊ីឈ្មោល។ គឺដឹកស្រ្តីដែលមកកែសម្ផស្ស ដែលភាគច្រើនជាតារាៗ ដែលជាអ្នកចម្រៀងនិងតារាសម្តែងក្មេងៗ ឲ្យទៅរួមភេទជាមួយតាតាដែលជាអ្នកមានប្រាក់ ជាពាណិជ្ជករ ឬក៏ជាមន្រ្តីឋានៈខ្ពស់ក្នុងជួររាជរដ្ឋាភិបាល នៅតាមសណ្ឋាគារនានានៅស្រុកខ្មែរ។ ការដែលសមត្ថកិច្ច អាចឈានដល់ការចាប់ខ្លួន ចែ មុំ នោះ គឺប្រហែលជាមកពីការចែកលុយដែលបានមក គេចមិនចាំបាច់បង់ពន្ធ មិនស្មើគ្នា ដោយមានការស៊ីលើស៊ីក្រោមរវាង ចែ មុំ និងតារាស្រីៗទាំងនោះ? ឬមួយក៏ ចែ មុំ ចរចាជាមួយសមត្ថកិច្ចមិនត្រូវរ៉ូវគ្នា?
ចំពោះ ករណីទំនាក់ទំនងស្នេហ៍បែបនេះ គឺឆ្លើយតបទៅនឹងការសិក្សាស្រាវជ្រាវ របស់អង្គការ ភីអេសអាយ (PSI) កាលពីឆ្នាំ២០០២ ស្តីអំពីទំនាក់ទំនងសង្សារនៅក្នុង ប្រទេសកម្ពុជា។ នៅក្នុងរបាយការណ៍ស្រាវជ្រាវនោះ បានលើកឡើងអំពីទំនាក់ទំនងផ្លូវភេទរវាងតាតា និងស្រីតាតា ដែលពួកគេភាគច្រើនជាតារាចម្រៀង ឬក៏តារាសម្តែង ហើយពួកគេទារលុយបានច្រើនៗក្រាស់ក្រែល ពីតាតាទំាងនោះ ហើយតារាស្រីៗទំាងនោះ គេហៅថា ស្រ្តីរកស៊ីផ្លូវភេទដោយប្រយោល។ នេះគ្រាន់តែលើកយកឧទាហរណ៍មួយមកបង្ហាញថា អ្នកដែលខំប្រឹងតែពីសម្អាតឲ្យសខ្លួនប្រាណ តែចិត្តមិនបានស ដូចអ្វីដែលនៅខាងក្រៅទេ។ ដោយសារតែចង់បានភាពហ៊ឺហាចង់ស្អាតទំនើបកម្ម ឲ្យទាន់សម័យនឹងគេឲ្យគេមើលឃើញថាសាច់ឈាមជាអ្នកធូរធារ។ តារាខ្លះខំធ្វើឫកពាដូចជាគ្រាន់បើ ជាមួយនឹងអ្នកល្មមៗមិនស្មើនឹងខ្លួនទេ។ តែនៅពីក្រោយឆាកវិញ គឺលក់ផ្លូវភេទ ដែលជាកេរ្តិ៍ម៉ែចែកឲ្យទៅវិញ នេះហើយមិនមែនជាវប្បធម៌ប្រពៃណីខ្មែរទេ គឺថែមទាំងបាត់បង់ភាពថ្លៃថ្នូរជាស្រ្តីខ្មែរ។ តារាខ្លះទៀត ទៅណាត់គ្នាជាមួយតាតា ទៅក្រៅស្រុក ហើយប្រាប់គេឯងថា ទៅដើរមើលការរកស៊ី ឬក៏លំហែកម្សាន្តនៅបរទេសក៏មានដែរ ព្រោះបើនៅក្នុងស្រុកខ្លាចប្រពន្ធដើមតាមទាន់។ អ៊ីចឹងហើយបានចេះតែឆ្ងល់តារាស្រីៗ មួយចំនួនឲ្យតែបានឡើងឆាកលើកញ្ចក់ទូរទស្សន៍ ឬក៏ចេញខារ៉ាអូខេវ៉ុលនេះ វ៉ុលនោះ ឬចេញសម្តែងរឿងនេះ រឿងនោះ មិនទាន់បានប៉ុន្មានផង ក៏ចាប់ផ្តើមជិះរថយន្តទំនើបៗភ្លាម ឬក៏សង់វីឡា សម្ភារទំនើបៗទៀតផង ហើយចាប់វាយឫកលែងស្គាល់មិត្តភក្ដិបណ្តើរៗផងដែរ។ បើប្រៀបធៀបតារាប្រុសៗវិញគឺឡើងយឺតណាស់ ទម្រាំទិញរថយន្តល្អនឹងគេនោះ។ ឯតាតាមួយចំនួនធំវិញ គឺមើលពីក្រៅទៅ ហ៊ឺហា ជាមួយនឹងសម្ភារទំនើបៗ គឺខិតខំប្រឹងពុករលួយលក់ជាតិ លក់ឧត្តមគតិ បាត់បង់សីលធម៌ មនោសញ្ចេតនាអស់ ធ្វើយ៉ាងណារកលុយឲ្យបានយកទៅបំពោកឲ្យស្រីស្នេហ៍ដែលជាតារាៗ ដើម្បីប្រយោជន៍សប្បាយតែខ្លួនឯងម្នាក់ ជាជាងយកថវិកាទំាងនោះទៅវិនិយោគជាមួយកុមារដែលខំត្រដររស់ និងការអប់រំរបស់ពួកគេ។ បើនៅតាមស្ថាប័នខ្លះ គ្រាន់តែមន្ត្រីទាំង ធំទាំងតូចមួយចំនួនចូលដល់ការិយាល័យភ្លាមគឺឮតែអួត ដាក់់គ្នាតែពីរឿងស្រា និងស្រី ជាងរកគំនិតថ្មីៗមកអភិវឌ្ឍការងារ។ នេះក៏ដោយសារតែមនុស្សសម័យបច្ចុប្បន្ននេះ គឺភាគច្រើនឲ្យតម្លៃទៅលើសម្ភារនិយមទំាងងងឹតងងុលដែលបង្ហាញ សម្បក ខាងក្រៅថា ជាមនុស្សល្អ ដោយមិនគិតថា ជាចោរលួចជាតិ ចោរប្លន់ ឬក៏អ្នកជួញដូរគ្រឿងញៀន ជួញដូរផ្លូវភេទទេ ពោលគឺឲ្យតែមានរថយន្តទំនើបៗមានវីឡាល្អៗសុទ្ធតែជាមនុស្សល្អ ហើយ។ ផ្ទុយទៅវិញ មានចំណេះដឹងប៉ុនណាក៏ដោយឲ្យតែរាងមិនទំនងបន្តិចតាំងវាយតម្លៃ គ្នាភ្លាម។
សរុប មកវិញ តើម្នាក់ៗ អាចខំប្រឹងសម្អាតចិត្ត ថ្លើមខាងក្នុងឲ្យស ឲ្យដូចសម្អាតរូបកាយសម្បកខាងក្រៅបានទេ? ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com
I am proud of being a Khmer. Sharing knowledge is a significant way to develop our country toward the Rule of Law and Peace.
Tuesday, 9 October 2012
ហេតុអ្វីមនុស្សមួយចំនួនធំមិនខំសម្អាតចិត្តឲ្យសដូចសម្អាតកាយ?
Subscribe to:
Post Comments (Atom)
No comments:
Post a Comment