Tuesday, 11 December 2012

កម្ពុជា​បន្ត​បដិសេធ​មិន​ផ្ដល់​​កាដូ​ជូន​​សហរដ្ឋអាមេរិក


RFA/Vohar Cheath

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា (ឆ្វេង) និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ជំនួប​នា​វិមាន​សន្តិភាព កាល​ពី​ថ្ងៃ​ទី​១៩ វិច្ឆិកា ឆ្នាំ​២០១២។



2012-12-10
រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ បាន​បដិសេធ​មិន​ផ្ដល់​​កាដូ​ពិសេស​ជូន​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) ដែល​បាន​ទទូច​អង្វរ​សុំ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ដោះលែង​អ្នក​ទោស​នយោបាយ លើក​ស្ទួយ​សិទ្ធិ​មនុស្ស និង​រៀបចំ​ការ​បោះឆ្នោត​ប្រកប​ដោយ​ស្តង់ដារ​អន្តរជាតិ។


ការ​ប្រកាស​មិន​ផ្ដល់​កាដូ​ជូន​សហរដ្ឋ​អាមេរិក​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​កម្ពុជា បាន​ទទូច​សុំ​កាដូ​ពី​សហរដ្ឋ​​​​អាមេរិក ដើម្បី​កាត់​បំណុល​ចាស់​របស់​កម្ពុជា។ អ្នក​វិភាគ​បាន​ព្រមាន​ថា កម្ពុជា​មិន​ត្រឹមតែ​មិន​បាន​ទទួល​កាដូ​ពី​សហរដ្ឋ​អាមេរិក​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​មាន​ផលវិបាក​ផ្នែក​ការទូត និង​វិនិយោគ​ទុន​រវាង​ប្រទេស​ទាំង​ពីរ​ទៀត​ផង ដោយសារ​តែ​កម្ពុជា បាន​ព្រងើយកន្តើយ និង​ផ្គើន នឹង​សំណើ​របស់​សហរដ្ឋ​អាមេរិក។

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា បាន​បញ្ជក់​ជា​ថ្មី​ថា រដ្ឋាភិបាល​កម្ពុជា គ្មាន​កាដូ​អ្វី​ផ្ដល់​ជូន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ប៉ារាក់ អូបាម៉ា ទេ បើ​ទោះ​បី​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បាន​ស្នើ​សុំ​ឲ្យ​នាយករដ្ឋមន្រ្តី ហ៊ុន សែន រៀបចំ​ការ​បោះ​ឆ្នោត​មួយ​ដោយ​សេរី និង​យុត្តិធម៌ ដោះ​លែង​អ្នក​ទោស​នយោបាយ និង​ធ្វើ​ឲ្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​ប្រសើរ​ឡើង​វិញ​ក៏ដោយ។

អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា លោក ប៉ារាក់ អូបាម៉ា មិន​បាន​សំណូមពរ​ឲ្យ​កម្ពុជា ធ្វើ​តាម​ឡើយ ដោយ​លោក​គ្រាន់តែ​សំដែង​ក្តី​បារម្ភតែ​ប៉ុណ្ណោះ។
ការ​អះអាង​នេះ ផ្ទុយ​ទៅ​នឹង​ព័ត៌មាន​របស់​មន្ត្រី​សេតវិមាន ដែល​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ក្នុង​ជំនួប​តានតឹង​មួយ​រវាង​លោក ហ៊ុន សែន និង​លោក ប៉ារាក់ អូបាម៉ា កាល​ពី​ថ្ងៃ​ទី​១៩ វិច្ឆិកា លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក បាន​និយាយ​នឹង​លោក ហ៊ុន សែន ដោយ​ទឹក​មុខ​មាំ មិន​ញញឹម​ថា បញ្ហា​ការ​រំលោភ​សិទ្ធិ​មនុស្ស នឹង​ក្លាយ​ជា​ឧបសគ្គ​រារាំង​ទំនាក់​ទំនង​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា មិន​ឲ្យ​ស៊ី​ជម្រៅ​បាន។ ប៉ុន្តែ​រយៈពេល​ជាង​ពីរ​សប្ដាហ៍​កន្លង​ផុត​ទៅ​ហើយ រដ្ឋាភិបាល​លោក ហ៊ុន សែន នៅ​មិន​ទាន់​បាន​ឆ្លើយ​តប​ជា​វិជ្ជមាន​នៅ​ឡើយ។

រដ្ឋាភិបាល​លោក ហ៊ុន សែន ហាក់​បី​កំពុង​លែង​ល្បែង​នឹង​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ដោះ​ដូរ​កាដូ​ទៅ​វិញ ​ទៅ​មក។ ក្នុង​ជំនួប​តឹង​សរសៃ​ក​នោះ​ដែរ លោក ហ៊ុន សែន បាន​សុំ​ឲ្យ​សហរដ្ឋអាមេរិក លុប​បំណុល​ចាស់​ចោល និង​ពង្រឹង​ទំនាក់ទំនង​ល្អ​នឹង​កម្ពុជា នៅ​ពេល​ដែល​រដ្ឋាភិបាល​កំពុង​ចាប់​អ្នក​ប្រឆាំង និង​អ្នក​សារព័ត៌មាន​ដាក់​ពន្ធនាគារ និង​បាន​បដិសេធ​មិន​ឆ្លើយ​តប​ជា​វិជ្ជមាន​នឹង​សំណើ​របស់​សហរដ្ឋអាមេរិក។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្រោយ​ពី​ជំនួប​លោក បារ៉ាក់ អូបាម៉ា និង​លោក ហ៊ុន សែន រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ប្រាក់ សុខុន បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា លោក ហ៊ុន សែន បាន​សុំ​កាដូ​ពិសេស​ពី​សហរដ្ឋអាមេរិក។ លោក​បន្ត​ថា លោក ហ៊ុន សែន បាន​សុំ​លោក បារ៉ាក់ អូបាម៉ា បង្វែរ​បំណុល​ចាស់​ចំនួន​ជាង ៤០០​លាន​ដុល្លារ​ទៅ​ជួយ​សង្គម និង​វិស័យ​អប់រំ និង​នៅ​សេស​សល់​ប៉ុន្មាន​ទៀត កម្ពុជា​នឹង​សង ប៉ុន្តែ​ត្រូវ​គិត​ការ​ប្រាក់​ក្នុង​កម្រិត​ទាប។ លោក ប្រាក់ សុខុន បន្ត​ថា លោក ហ៊ុន សែន ក៏​បង្ហាញ​បំណង​ចង់​រឹត​ចំណង​កិច្ច​សហការ​នឹង​សហរដ្ឋ​អាមេរិក​ផង​ដែរ។
អ្នក​វិភាគ​ឯករាជ្យ​បាន​ឲ្យ​ដឹង​ថា កម្ពុជា​ត្រូវ​ការ​កាដូ និង​ការ​គាំទ្រ​ច្រើន​ពី​សហរដ្ឋអាមេរិក ប៉ុន្តែ​ហាក់​មិន​ចង់​ផ្ដល់​កាដូ​ឲ្យ​សហរដ្ឋ​អាមេរិក​វិញ។ ទង្វើ​នេះ ប្រហែល​ជា​បណ្ដាល​ឲ្យ​កម្ពុជា ខាត​បង់​ច្រើន។
លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​ព្រមាន​ថា ការ​មិន​ព្រម​ធ្វើ​តាម​សំណូមពរ​របស់​សហរដ្ឋអាមេរិក នឹង​ផ្ដល់​ផលវិបាក​សម្រាប់​កម្ពុជា ក្នុង​ទំនាក់​ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ។ លោក​បន្ត​ថា បច្ចុប្បន្ន​មិន​មែន​តែ​សហរដ្ឋអាមេរិក​ទេ ដែល​បាន​សំដែង​ក្តី​កង្វល់​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​រៀបចំ​ការ​បោះឆ្នោត​នៅ​កម្ពុជា ប្រទេស​អូស្ត្រាលី ហ្វីលីពីន និង​សហភាព​អឺរ៉ុប ក៏​បាន​សំដែង​ក្តី​កង្វល់​ផង​ដែរ។
លោក​ថា ប្រសិន​បើ​គ្មាន​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ដោយ​​​មាន​ការ​ចូល​រួម​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នោះ​ទេ ប្រទេស​ទាំង​នោះ​ប្រហែល​ជា​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ឡើយ។ ផល​លំបាក​ផ្សេង​ទៀត គឺ​អាច​កើត​ឡើង​ក្នុង​វិស័យ​វិនិយោគទុន​របស់​កម្ពុជា ដោយសារ​កម្ពុជា ត្រូវ​ការ​ទីផ្សារ​នៅ​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប សម្រាប់​វិស័យ​កាត់ដេរ និង​ផលិតកម្ម​កសិកម្ម​មួយ​ចំនួន​ទៀត។

ចំណែក​សភាសហភាព​អឺរ៉ុប និង​ព្រឹទ្ធ​សភា​អូស្ត្រាលី និង​ហ្វីលីពីន ក៏​បាន​សំណូមពរ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា អនុវត្ត​នូវ​គោលការណ៍​នីតិរដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ​ផង​ដែរ។ ប្រទេស​ទាំង​នោះ​ចង់​ឃើញ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អាច​ចូល​រួម​ការ​បោះ​ឆ្នោត​សកល​នៅ​ឆ្នាំ​២០១៣ ខាង​មុខ ដើម្បី​មាន​ការ​បោះ​ឆ្នោត​មួយ​ប្រព្រឹត្ត​ឡើង​ដោយ​សេរី យុត្តិធម៌ និង​សហគមន៍​អន្តរជាតិ​អាច​ទទួល​យក​បាន។

នាយក​រង​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​ មនុស្ស​អន្តរជាតិ (Human Rights watch) លោក ហ្វៀល រ៉ូបឺតសុន (Phil Robertson) កាល​ពី​សប្ដាហ៍​មុន​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ឆ្លើយ​តប​ដោយ​វិជ្ជមាន​ទៅ​សហរដ្ឋអាមេរិក ប៉ុន្តែ​ក៏​បាន​ស្នើ​សុំ​សហរដ្ឋអាមេរិក បន្ត​ជំរុញ​ឲ្យ​កម្ពុជា អនុវត្ត​នីតិរដ្ឋ។ លោក​បន្ត​ថា ការ​ចាប់​អ្នក​សារព័ត៌មាន លោក ម៉ម សូណង់ដូ និង​ពលរដ្ឋ​ដាក់​គុក ជា​ទង្វើ​មិន​អាច​ទទួល​យក​បាន ហើយ​ការ​ដែល​រដ្ឋាភិបាល​ត្រួតត្រា​បណ្ដាញ​ព័ត៌មាន និង​ការ​រៀបចំ​ការ​បោះឆ្នោត គឺ​កាន់​តែ​មិន​អាច​ទទួល​យក​បាន។

លោក ហ្វៀល រ៉ូបឺតសុន បន្ត​ថា សហរដ្ឋអាមេរិក​ត្រូវ​តែ​តាម​ដាន​បន្ត​ទៀត​ចំពោះ​សំណើ​របស់​ខ្លួន៖ «គ្មាន ​នរណា​ម្នាក់​រំពឹង​ថា លោក ហ៊ុន សែន ធ្វើ​តាម​សំណើ​របស់​លោក អូបាម៉ា នោះ​ទេ។ បញ្ហា​នេះ​ទាមទារ​ឲ្យ​មាន​កិច្ច​ខំ​ប្រឹងប្រែង​បន្ថែម​ទៀត។ វា​ទាមទារ​ឲ្យ​លោក អូបាម៉ា និង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ជំរុញ​ឲ្យ​ខ្លាំងក្លា​បន្ថែម​ទៀត។ វា​ជា​រឿង​ធម្មតា​ណាស់​សម្រាប់​កម្ពុជា ក្នុង​ការ​ឆ្លើយ​តប គឺ​កម្ពុជា​ត្រូវ​ដោះ​លែង​លោក ម៉ម សូណង់ដូ និង​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី វិល​មក​កម្ពុជា​វិញ»
លោក ហ្វៀល រ៉ូបឺតសុន​ បន្ថែម​ទៀត​ថា ថ្វី​ដ្បិតតែ​សំណើ​សហរដ្ឋ​អាមេរិក​ងាយ​ស្រួល​ឆ្លើយ​តប ប៉ុន្តែ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ មិន​បាន​បង្ហាញ​ឆន្ទៈ​នយោបាយ​ពិត​ប្រាកដ​ណា​មួយ ដោះស្រាយ​បញ្ហា​នេះ​ឡើយ។ ទស្សនកិច្ច​របស់​លោក បារ៉ាក់ អូបាម៉ា ជា​ទស្សនកិច្ច​ប្រវត្តិសាស្ត្រ​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លើក​ដំបូង​ មក​កម្ពុជា។

លោក បារ៉ាក់ អូបាម៉ា ជា​ប្រធានាធិបតី​ជាប់​ឆ្នោត​ពីរ​អាណត្តិ ប៉ុន្តែ​លោក ហ៊ុន សែន បាន​កាន់​អំណាច​ចាប់​តាំង​ពី​ឆ្នាំ​១៩៨៥ ហើយ​ប្រកាស​បន្ត​កាន់​កាប់​តំណែង​របស់​លោក​ដល់​អាយុ ៩០​ឆ្នាំ។ អ្នក​ប្រវត្តិសាស្ត្រ​ចាត់​ទុក លោក ហ៊ុន សែន ថា ជា​មនុស្ស​ឆ្លាត ជា​អ្នក​ប្រយុទ្ធ​ប្រកប​ដោយ​ល្បិចកល។ លោក ហ៊ុន សែន ត្រូវ​បាន​ផ្ដល់​ងារ​ជា “បុរស​ខ្លាំង​នៅ​កម្ពុជា”។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ទំនាក់ទំនង​ការទូត​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា ហាក់​ពុំ​មាន​ភាព​ប្រសើរ​ឡើយ។ កាល​ពី​ដើម​ឆ្នាំ​២០០៦ សហរដ្ឋអាមេរិក​បាន​អន្តរាគមន៍​លោក ហ៊ុន សែន ឲ្យ​ដោះលែង​អ្នក​រិះគន់​រដ្ឋាភិបាល​ចំនួន ៤​នាក់ រួម​មាន​អតីត​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក កឹម សុខា លោក ម៉ម សូណង់ដូ នាយក​វិទ្យុ​សំបុកឃ្មុំ លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ និង​ប្រធាន​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ លោក ប៉ា ងួនទៀង។

ក្រោយ​ពី​ជំនួប​មិន​បើក​ចំហ​មួយ​រវាង​ឧបការី​ក្រសួង​ការបរទេស​សហរដ្ឋ​ អាមេរិក លោក គ្រីស្តូហ្វឺ ហ៊ីល (Christopher Hill) និង​លោក ហ៊ុន សែន រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ដោះលែង​អ្នក​រិះគន់​ទាំង ៤​នាក់​នោះ ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន។ សហរដ្ឋអាមេរិក​ក៏​ធ្លាប់​បាន​ផ្អាក​ជំនួយ​យោធា​ដល់​កម្ពុជា ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​សម្រេច​ចាប់​បញ្ជូន​ជន​ភៀស​ខ្លួន​អ៊ុយហ្គឺរ៍ ចំនួន ២០​នាក់​ទៅ​ឲ្យ​រដ្ឋាភិបាល​ចិន កាល​ពី​ឆ្នាំ​២០០៩។

អ្នក​វិភាគ និង​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​នៅ​តែ​សំណូមពរ​ឲ្យ​កម្ពុជា ផ្ដល់​កាដូ​ដល់​សហរដ្ឋអាមេរិក ប្រសិន​បើ​រដ្ឋាភិបាល​ត្រូវ​ការ​កាដូ​ពី​សហរដ្ឋអាមេរិក​វិញ​នោះ៕

No comments:

Enhancing Loan Payment Efficiency Through Mobile App Technology Utilization in the Banking Sector of Battambang City, Cambodia

Enhancing Loan Payment Efficiency Through Mobile App Technology Utilization in the Banking Sector of Battambang City, Cambodia : In the cont...