- Friday, 30 November 2012
- ឆាំង យុ
- បញ្ហានយោបាយថ្នាក់កំពូល ការដឹកនាំរដ្ឋ និងយុទ្ធសាស្ត្រអស្ចារ្យ សុទ្ធតែមានមូលដ្ឋានផ្អែកលើកិច្ចការរដ្ឋជាច្រើន។
ដំណើរ ទស្សនកិច្ច ការឆ្លើយឆ្លងការទូត និងកិច្ចប្រជុំដែលជជែកវែកញែកលម្អិតនៃបញ្ហាសំខាន់ ត្រូវកើតឡើងនៅមុនពេលមានរបត់ថ្មីរវាងប្រទេសនានា។
ប៉ុន្តែ ពេលបានកំណត់សេចក្តីលម្អិត និងកំណត់បញ្ហានិងចំណុចមិនស្របគ្នា ឬត្រូវគ្នារួចហើយ ការប្រែក្លាយកិច្ចការដ៏ច្រើនទាំងអស់នេះ ឲ្យកាន់តែស៊ីជម្រៅថែមទៀត ក៏ជាកិច្ចការមានសារៈសំខាន់ផងដែរ។ រាល់បញ្ហាសំខាន់ៗក្នុងនយោបាយថ្នាក់កំពូល ទាមទារឲ្យមានរូបភាព សុន្ទរកថា ឬនិមិត្តសញ្ញាគួរឲ្យចាប់អារម្មណ៍មួយចំនួន ដែលបង្ហាញពីចំណុចសំខាន់ៗ និងប្រាប់ដល់ប្រជាជន។
កិច្ចប្រជុំ រៀបចំបានល្អ ជាមួយនឹងសុន្ទរកថាដ៏សំខាន់ ក្នុងបន្ទប់សន្និសីទ មានតម្លៃយ៉ាងខ្លាំងចំពោះជំហានឆ្ពោះទៅរកសន្តិភាព សន្តិសុខ កិច្ចសហប្រតិបតិ្តការ និងសិទិ្ធមនុស្ស។
ប៉ុន្តែ សុន្ទរកថាមានន័យជ្រៅ ត្រូវការឆាកល្អស្អាត របត់ថ្មីតម្រូវឲ្យមានប្រធានបទសំខាន់ ហើយដំណើរទស្សនកិច្ច ដោយមេដឹកនាំបរទេស តម្រូវឲ្យមានកាយវិការជានិមិត្តរូប ដែលប្រែក្លាយបញ្ហានយោបាយ និងការដឹកនាំរដ្ឋ ជារឿងដែលអាចចងចាំបានជារៀងរហូតនៅក្នុងប្រវតិ្តសាស្ត្រទាំងមូល។
ដំណើរ ទស្សនកិច្ចរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា មកកាន់ប្រទេសកម្ពុជា ជាដំណើរទស្សនកិច្ចជាប្រវតិ្តសាស្ត្រ។ លោកជាប្រមុខរដ្ឋនៃសហរដ្ឋអាមេរិក ដែលកំពុងកាន់តំណែងទី ១ ដែលបានមកប្រទេសកម្ពុជា ហើយប្រជាជនកម្ពុជាទន្ទឹមរង់ចាំការមកដល់របស់លោក។ ប៉ុន្តែដំណើរទស្សនៈកិច្ចជាប្រវត្តិសាស្ត្រនេះ ត្រូវបានបាត់បង់សកម្មភាពសំខាន់ៗបំផុតជាច្រើន។
នៅប្រទេសថៃ លោក អូបាម៉ា បានជួបព្រះមហាក្សត្រ Bhumibol ហើយត្រូវបានទទួលស្វាគមន៍ដោយមេដឹកនាំសាសនានៅវត្តភូ។ លោកក៏បានជួបលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីថៃ ដែលបានធ្វើជាម្ចាស់ផ្ទះ រៀបចំពិធីលាងសាយភោជផ្លូវការ។ លោកស្រី និងលោក អូបាម៉ា បានធ្វើសន្និសីទសារព័ត៌មាន ហើយបានដើរត្រួតពលកិតិ្តយសផងដែរ។
នៅប្រទេសមីយ៉ាន់ម៉ា លោក អូបាម៉ា បានជួបប្រជាជនរាប់ពាន់នាក់ដែលឈរតាមផ្លូវ ហើយបានជួបលោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំសិទិ្ធមនុស្សប្រជាប្រិយបំផុតនៅលើពិភពលោក នៅក្នុងភូមិគ្រឹះមាត់បឹងរបស់លោកស្រី។ លោក អូបាម៉ា និងលោកស្រី ស៊ូជី បានស្វាគមន៍គ្នាយ៉ាងកក់ក្តៅ និងសន្ទនាគ្នាដ៏រំជើបរំជួលចិត្ត។
លោក អូបាម៉ា បានថ្លែងសុន្ទរកថា នៅសាកលវិទ្យាល័យយ៉ាំងហ្គោន ជានិមិត្តសញ្ញា បង្ហាញនូវការគាំទ្រដល់ការប្រែឆ្ពោះទៅលទិ្ធប្រជាធិបតេយ្យរបស់ ប្រទេសមីយ៉ាន់ម៉ា។
ប៉ុន្តែ នៅកម្ពុជាវិញ ដោយគ្មានភ្លេងត្រែ ក្បួនយានយន្តរបស់លោកប្រធានាធិបតីបានបើកឆ្លងកាត់ផ្លូវដ៏ស្ងាត់ ជ្រងំ។ ពុំមានឆ្មាំកិតិ្តយស ឬស្ត្រីទឹកមុខប្រិមប្រិយដើម្បីទទួលស្វាគមន៍ការមកដល់របស់លោក ឡើយ។ ដំណើរទស្សនកិច្ចរបស់លោក អូបាម៉ា ត្រូវបានកប់ក្នុងកិច្ចការរដ្ឋ ពុំសូវអ៊ឹកអធឹកឡើយ ហើយខ្ញុំសោកស្តាយដែលលោកមិនបានទស្សនាប្រាសាទអង្គរវត្ត។ ប្រហែលវាជាការរំឭកឲ្យដឹងថា ដំណើរទស្សនកិច្ចមិនមែនជារបត់ថ្មី ឬជាកាយវិការមិត្តភាពថ្មីឡើយ។ ដំណើរទស្សនកិច្ចនេះគឺសម្រាប់កិច្ចប្រជុំអាស៊ាន ពិតជាមិនមែនសម្រាប់កម្ពុជាទេ ហើយក្នុងបរិបទកម្ពុជា ដំណើរទស្សនកិច្ចរបស់លោក អូបាម៉ា មិនមែនជារបត់ថ្មីដែលស៊ីជម្រៅ ឬជំរុញទឹកចិត្តឡើយ។ កិច្ចប្រជុំទ្វេភាគី ជាកិច្ចពិភាក្សាគួរសមលើបញ្ហាសំខាន់ៗប៉ុណ្ណោះ ប៉ុន្តែកង្វះនៃសាវតារ ប្រធានបទ ឬកាយវិការជានិមិត្តរូបជាប្រវតិ្តសាស្ត្រ បង្ហាញថា កម្ពុជានៅតែមានកិច្ចការជាច្រើនត្រូវធ្វើ។
ក្រៅពីបញ្ហា នយោបាយនេះ ខ្ញុំសោកស្តាយ ដែលដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី មិនបានផ្តល់ឱកាសដល់ភាពស្រស់បំព្រងនៃវប្បធម៌កម្ពុជា។
មេដឹកនាំ រដ្ឋាភិបាលត្រូវអនុវត្តតាមរបៀបវារៈតឹងរ៉ឹង ហើយពួកគេត្រូវយកចិត្តទុកដាក់លើកិច្ចការចំពោះមុខ។ ប៉ុន្តែ កម្ពុជា ជាកន្លែងស្រស់ស្អាត ហើយខ្ញុំសង្ឃឹមថា លោក អូបាម៉ា អាចមើលឃើញភាពស្រស់បំព្រងនេះ ហើយខ្ញុំក៏សង្ឃឹមផងដែរថា លោកនឹងវិលត្រឡប់មកជាមួយគ្រួសារដើម្បីទស្សនាអង្គរវត្ត។
ដូច ថៃ និងមីយ៉ាន់ម៉ាដែរ កម្ពុជាជាប្រទេសប្រកបដោយមនោសញ្ចេតនា ហើយខ្ញុំសង្ឃឹមថា លោកប្រធានាធិបតីបានមើលឃើញវា នៅក្នុងផ្ទៃគំនូរខាងក្រោយ ពេលលោកឈរថតជាមួយនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ផ្ទាំង គំនូរខាងក្រោយនោះ ជំនួសឲ្យប្រាសាទអង្គរវត្ត ជាការរំឭកថា ភាពរុងរឿងរបស់កម្ពុជានឹងបន្តអស់កាលជានិច្ច បើទោះបីជាចក្ខុវិស័យរបស់ប្រទេសកម្ពុជាសម្រាប់អនាគត មិនទាន់ចាស់ទុំនៅឡើយក៏ដោយក្តី៕ TK
ដោយ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
I am proud of being a Khmer. Sharing knowledge is a significant way to develop our country toward the Rule of Law and Peace.
Tuesday, 4 December 2012
ដំណើរទស្សនកិច្ចរបស់អូបាម៉ាមិនមែនជារបត់ថ្មីដែលស៊ីជម្រៅឡើយ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment