Friday, 26 July 2013

ផែនទី​បោះឆ្នោត​ខេត្ត​ជា​សមរភូមិ​ចាញ់ ឈ្នះ

 130726_06

 Friday, 26 July 2013 ភ្នំពេញ ប៉ុស្តិ៍

ភ្នំពេញៈ យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នឹង​បញ្ចប់​នៅ​ថ្ងៃ​សុក្រ​នេះ។ ក្នុង​រយៈ​ពេល​មួយ​ខែ​នៃ​យុទ្ធនាការ​ឃោសនា​នេះ គេ​សង្កេត​ឃើញ​គូ​ប្រជែង​នយោបាយ កំណត់​យក​ខេត្ត​ធំៗ​ចំនួន ៦ ជា​ផែនទី​ប្រជែង​គ្នា​ដណ្តើម​សំឡេង​គាំទ្រ ដើម្បី​ឆ្ពោះ​ទៅ​រក​ជ័យ​ជម្នះ​ក្នុង​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ ២០១៣ នេះ។

ខេត្ត កំពង់ចាម
ជា​ខេត្ត​ដែល​មាន​ប្រជាប្រិយ បំផុត​មាន​អាសនៈ ១៨ និង​ជា​តំបន់​សម្បូរ​ដោយ​ខ្មែរ​អ៊ិស្លាម​ច្រើន​គួរសម។ កំពង់ចាម គឺជា​ខេត្ត​ក្នុង​ចំណោម​ខេត្ត​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ក្លា បំផុត កាល​ពី​ការ​បោះឆ្នោត ឃុំ-សង្កាត់ ឆ្នាំ ២០១២ (ជា​កន្លែង​ដែល​គណបក្ស​ក្រៅ​គណបក្ស​ប្រជាជន​កម្ពុជា អាច​ឈ្នះ ៤០ ភាគរយ​នៃ​អាសនៈ​សរុប)។ គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ចំនួន ១១ អាសនៈ នៅ​មណ្ឌល​នេះ កាល​ពី​ឆ្នាំ ២០០៨ ប៉ុន្តែ​ក្រុម​អ្នក​វិភាគ​រំពឹង​ថា គណបក្ស​ប្រឆាំង​នឹង​ដណ្តើម​បាន​ច្រើន​ជាង​មុន ក្នុង​ការ​បោះឆ្នោត​លើក​នេះ​។ ជា​សញ្ញា​កម្លាំង​ខ្លាំង​នៃ​ខេត្ត​នេះ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​ប្រធាន​សភា​/ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន លោក ហេង សំរិន ទាំង​ពីរ​នាក់​ឈរ​ជា​បេក្ខជន​នៅ​ក្នុង​ខេត្ត​នេះ​ហើយ​រដ្ឋ​មន្រ្តី ក្រសួង​ការ​បរទេស​លោក ហោ ណាំហុង ក៏​នៅ​ខេត្ត​នេះ​ដែរ។ ប្រធាន​គណបក្ស ហ៊្វុនស៊ិនប៉ិច ព្រះ​អង្គ​ម្ចាស់ រាជ​បុត្រី នរោត្តម អារុណរស្មី ក៏​កំពុង​ឈរ​ជា​បេក្ខជន​នៅ​ខេត្ត កំពង់ចាម​ដែរ​ហើយ​សង្ឃឹម រក្សា​អាសនៈ​ដែល​ឈ្នះ​ដោយ​អតីត​គណបក្ស នរោត្តម រណឫទ្ធិ ក្នុង​ឆ្នាំ ២០០៨ (ដែល​រួម​បញ្ចូល​ជាមួយ​គណបក្ស ហ៊្វុនស៊ិនប៉ិច)។

ខេត្ត ព្រៃវែង
បើ​ទោះ​ជា​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ៧ អាសនៈ​ក្នុង​ចំណោម​អាសនៈ ១១ នៅ​ខេត្ត ព្រៃវែង នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ ២០០៨ ដោយ​សារ​ការ​ធ្លាក់​ចុះ​ឥទ្ធិពល​របស់​គណបក្ស ហ៊្វុនស៊ិនប៉ិច ក៏​ដោយ ក៏​ខេត្ត​នេះ​គឺ​ជា​ខេត្ត​ប្រកួត​ប្រជែង​ខ្លាំង​បំផុត​នៅ​ក្នុង​ការ បោះឆ្នោត ឃុំ-សង្កាត់ នា​ឆ្នាំ ២០១២ រវាង​គណបក្ស​សិទ្ធិ​មនុស្ស​និង​គណបក្ស សម រង្ស៊ី ដែល​បាន​សំឡេង​ឆ្នោត​គាំទ្រ​សរុប​ចំនួន ២១០.២០៩ ទល់​នឹង ២៥៨.៧១៦ សំឡេង។ ដោយ​សារ​តែ​ឥឡូវ​នេះ​គណបក្ស​ទាំង​ពីរ​នេះ​បាន​រួម​បញ្ចូល​គ្នា​ទៅ​ជា​គណបក្ស ​សង្គ្រោះ​ជាតិ ខេត្ត ព្រៃវែង អាច​បង្ហាញ​ឲ្យ​ឃើញ​ថា ជា​ខេត្ត​ប្រកួត​ប្រជែង​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​រវាង​គណបក្ស​ប្រជាជន កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ។ ដោយ​សារ​តែ​ខេត្ត​នេះ​មាន​ទី​តាំង​នៅ​ជាប់​ព្រំដែន​វៀតណាម ក្រុម​អ្នក​សង្កេត​ការណ៍​គិត​ថា វោហារ​ស័ព្ទ​លើក​ឡើង​ប្រឆាំង​នឹង​អន្តោប្រវេសន៍ វៀតណាម របស់​គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹង​ទាក់​ទាញ​សម្រាប់​អ្នក​បោះឆ្នោត។

ខេត្ត សៀមរាប
បើ​ទោះ​ជា​ខេត្ត សៀមរាប ជា​ជំរំ​ខ្លាំង​មួយ​របស់​បក្ស​កាន់​អំណាច​យូរ មក​ហើយ​ក៏​ដោយ (គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ ៤​ក្នុង​ចំនួន ៦ នៅ​ទី​នេះ​ក្នុង​ឆ្នាំ ២០០៣ និង​កើន​ដល់ ៥ អាសនៈ​ក្នុង​ឆ្នាំ ២០០៨) ប៉ុន្តែ​ប្រសិន​បើ​យុទ្ធនាការ​ឃោសនា​ដ៏​ខ្លាំង​មួយ​របស់​គណបក្ស ប្រឆាំង ដែល​ធ្វើ​ឡើង​ថ្មីៗ​នេះ​មាន​ប្រសិទ្ធភាព នោះ​ខេត្ត​នេះ​អាច​ជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​មាន​ការ​ប្រកួត​ប្រជែង​ ខ្លាំង​ឡើង​។ អ្នក​គាំទ្រ​ប្រមាណ ១១ ម៉ឺន​នាក់ បាន​ចេញ​ស្វាគមន៍​លោក សម រង្ស៊ី នៅ​ទី​នោះ​កាល​ពី​ថ្ងៃ​ពុធ​ដោយ​បង្ហាញ​ឲ្យ​ឃើញ​ចំនួន​អ្នក​គាំទ្រ​ច្រើន​ជាង ​នៅ​ភ្នំពេញ (មូលដ្ឋាន​ខ្លាំង​របស់​បក្ស​នេះ) សម្រាប់​ការ​វិល​ត្រឡប់​មក​វិញ​ពី​ការ​រស់​នៅ​និរទេស​។
វោហារ​ស័ព្ទ​របស់​លោក សម រង្ស៊ី នៅ​ខេត្ត សៀមរាប មាន​បំណង​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ថា អាជីវកម្ម​របស់​«ជនជាតិ​វៀតណាម» មាន​ការ​គ្រប់​គ្រង​ខ្លាំង​ទៅ​លើ​វិស័យ​ទេសចរណ៍​ដែល​ផ្តល់​ប្រាក់​ចំណូល ច្រើន​ក្នុង​ខេត្ត​នេះ។ ក្រុម​អ្នក​វិភាគ ក៏​បាន​គិត​ដែរ​ថា ស្តង់ដារ​រស់​នៅ​ក្នុង​ខេត្ត សៀមរាប ដែល​ជា​ខេត្ត​ក្នុង​ចំណោម​ខេត្ត​ក្រីក្រ​នៅ​ប្រទេស​កម្ពុជា​នឹង​ជា​បញ្ហា​ សម្រាប់​ការ​បោះឆ្នោត​លើក​នេះ។

ខេត្ត កំពង់ស្ពឺ
បើ​ទោះ​ជា​ខេត្ត​តូច​មួយ (មាន​អាសនៈ​ចំនួន ៦) និង​ជា​ខេត្ត​មាន​ឥទ្ធិពល​គ្រប​ដណ្តប់​ខ្លាំង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ កាល​ពី​ការ​បោះឆ្នោត​ជាតិ​លើក​មុន​ក៏​ដោយ​ក៏​ក្រុម​អ្នក​សង្កេត​ការណ៍​មើល​ ឃើញ​ថា ខេត្ត កំពង់ស្ពឺ ជា​ខេត្ត​ដែល​ការ​ប្រកួត​ប្រជែង​រវាង​គណបក្ស​ធំៗ ទាំង​ពីរ​នឹង​បង្កើន​កំដៅ​សម្រាប់​ការ​បោះឆ្នោត​លើក​នេះ។ គណបក្ស​នានា​ក្រៅ​ពី​គណបក្ស​ប្រជាជន​កម្ពុជា អាច​ឈ្នះ ៣៣ ភាគរយ​នៃ​អាសនៈ​សរុប​នៅ​ទី​នេះ ក្នុង​ការ​បោះឆ្នោត ឃុំ សង្កាត់ ឆ្នាំ ២០១២។ នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ សង្កាត់ ឆ្នាំ​មុន គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស ដែល​រួម​បញ្ចូល​គ្នា​បាន​ឈ្នះ ៣៤ ភាគរយ​នៃ​សំឡេង​ឆ្នោត​សរុប ទល់​នឹង ៥៦ ភាគរយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​ការ​កើន​ឡើង ២៨ ភាគរយ​នៃ​សំឡេង​ដែល​បាន​ឈ្នះ​នៅ​ក្នុង​ការ​បោះឆ្នោត ឆ្នាំ ២០០៨​។ គូ​បដិបក្ខ​ចាស់ ក៏​នឹង​មក​ដឹក​នាំ​នៅ​ក្នុង​ខេត្ត កំពង់ស្ពឺ ផង​ដែរ គឺ​លោក ប៉ែន សុវណ្ណ អតីត​នាយក​រដ្ឋ​មន្រ្តី​ដំបូង​របស់​កម្ពុជា​បន្ទាប់​ពី​របប​ខ្មែរ​ក្រហម និង​ជា​គូបដិបក្ខ​របស់​លោក ហ៊ុន សែន ហើយ​លោក ប៉ែន សុវណ្ណ ឈរ​លំដាប់​លេខ​រៀង​ទី១ នៃ​បញ្ជី​បេក្ខជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ។
លោក ហ៊ុន ម៉ានី កូន​ប្រុស​ពៅ​លោក​នាយក​រដ្ឋ​មន្រ្តី ដែល​ជា​អ្នក​ជំនួស​សម្រាប់​ការ​កាន់​អំណាច គឺជា​បេក្ខជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្នុង​ខេត្ត​នេះ​ដែរ។ ជោគជ័យ​ក្នុង​ការ​បោះឆ្នោត​នេះ សម្រាប់​គាត់​ជា​សញ្ញា​បោះ​ជំហាន​នៃ​ជំនាន់​ថ្មី​ក្នុង​ការ​ដឹក​នាំ​របស់​ គណបក្ស​ប្រជាជន​កម្ពុជា។

រាជធានី ភ្នំពេញ
រាជធានី ភ្នំពេញ មាន​អាសនៈ​ចំនួន ១២ នឹង​ជា​សមរភូមិ​ប្រយុទ្ធ​មួយ​សម្រាប់​ការ​បោះឆ្នោត។ ក្នុង​ឆ្នាំ ២០០៣ ពាក់​កណ្តាល​នៃ​អាសនៈ​ទាំង​អស់ បាន​ទៅ​គណបក្ស សមរង្ស៊ី​ហើយ​គណបក្ស​ប្រជាជន​ឈ្នះ​បាន ៤ អាសនៈ​និង​គណបក្ស ហ្វ៊ុនស៊ិនប៉ិច បាន ២ អាសនៈ។
ជាមួយ​នឹង​ការ​បាត់​បង់​ទាំង​ស្រុង​របស់​គណបក្ស ហ៊្វុនស៊ិនប៉ិច នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ ២០០៨ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទទួល ៧ អាសនៈ ទល់​នឹង​គណបក្ស សម រង្ស៊ី ដែល​ទទួល​បាន​ចំនួន ៥ ក្នុង​ឆ្នាំ ២០០៨។ សម្រាប់​ការ​បោះឆ្នោត​លើក​នេះ ទម្ងន់​ខ្លាំង​មួយ​គឺ​នឹង​មាន​ដោយ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ស៊ីម និង​អតីត​អភិបាល​រាជធានី ភ្នំពេញ លោក កែប ជុតិមា កំពុង​ឈរ​ជា​បេក្ខជន​សម្រាប់​គណបក្ស​កាន់​អំណាច ខណៈ​តំណាង​រាស្រ្ត​ដ៏​មាន​ឥទ្ធិពល​របស់​គណបក្ស​សង្គ្រោះ​ជាតិ​គឺ លោក សុន ឆ័យ និង​អ្នក​នាំ​ពាក្យ​គណបក្ស​គឺ​លោក យឹម សុវណ្ណ ឈរ​ឈ្មោះ​នៅ​ទី​នេះ។

ខេត្ត កណ្តាល
ជា​ខេត្ត​មាន​អាសនៈ​ចំនួន ១១ ខេត្ត កណ្តាល​ជា​អាសនៈ​សភា​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ត្រូវ​អ្នក​សង្កេត​ការណ៍​មួយ​ចំនួន​គិត​ថា​ជា​«ខេត្ត​ដែល​ត្រូវ​ផ្តោត»​លើ​ ការ​បោះឆ្នោត​នេះ។ ក្នុង​ឆ្នាំ ២០០៨ គណបក្ស សម រង្ស៊ី ទទួល​បាន ៣ អាសនៈ។ ដៃ​គូ​គឺ​គណបក្ស​សិទ្ធិ​មនុស្ស​បាន ១ អាសនៈ​ដែរ​នៅ​ពេល​គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច បាត់បង់​អាសនៈ​ទាំង​អស់​ចំនួន ៣ នៅ​ក្នុង​ខេត្ត​នេះ។ បក្ស​ប្រឆាំង​សង្ឃឹម​ថា​នឹង​ដណ្តើម​អាសនៈ​ខ្លះ​ពី​អាសនៈ​ចំនួន ៧ របស់​គណបក្ស​ប្រជាជន​ដែល​ដើម្បី​កេរ្តិ៍​ឈ្មោះ លោក ហ៊ុន សែន គណបក្ស​កាន់​អំណាច​នឹង​ប្រឹង​ប្រែង​អស់​ពី​សមត្ថភាព៕ PS

No comments:

Enhancing Loan Payment Efficiency Through Mobile App Technology Utilization in the Banking Sector of Battambang City, Cambodia

Enhancing Loan Payment Efficiency Through Mobile App Technology Utilization in the Banking Sector of Battambang City, Cambodia : In the cont...