Tuesday 15 October 2013

លោក ហ៊ុន សែន អាច​ជា​ប្រធាន​បក្ស​ប្រជា​ជន​នៅ​ពេលអនាគត

ដោយ and - October 15, 2013

សម្រាប់ ​អាណត្តិ​ទី​៥ ក្នុង​រយៈ​ពេល​២០​ឆ្នាំ​មក​នេះ លោក ជា ស៊ីម បាន​ថ្លែង​ទៅកាន់ ​មហា​សន្និបាត របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ កាល​ពីខែមីនា ក្នុង​នាម​ជា​ ប្រធាន​គណ​បក្ស​​ ជា​តំណែង​ដែល​លោក​បាន​កាន់​តាំង​ពី​គណ​បក្ស​នេះ​បាន​ប្តូរ ​ឈ្មោះ​ទៅ​ជា​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ កាល​ពី​ឆ្នាំ​១៩៩១​មក​។

នៅ​ក្នុង​សុន្ទរកថា​របស់​លោក​ លោក ជា ស៊ីម អាយុ​៨០​ឆ្នាំ បាន​អះ​អាង​​ ប្រាប់​សមាជិក​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ចំនួន​២.០០០​នាក់​នៅ​មហា​សន្និបាត​ នោះ​ថា គណ​បក្ស​កាន់​អំណាច​របស់​ខ្លួននឹង​ឈ្នះ​ឆ្នោតភ្លូក​ទឹក​ភ្លូក​ដី​​ ម្តង​ទៀត​នៅ​ខែ​កក្កដា ហើយ​នឹង​បន្ត​កាន់​អំណាច​រហូត​ដល់​ឆ្នាំ​២០១៨។
លោក ជា ស៊ីម បាន​ប្រាប់​មហា​សន្និបាត​នោះ​ថា “ក្នុង​រយៈ​ពេល​ប្រាំ​ឆ្នាំ ​កន្លង​មក​នេះ គណ​បក្ស​ប្រជាជន​កម្ពុជា​បាន​បន្ត​ពង្រីក​​ និង​ពង្រឹង​ ស្នាដៃ​របស់​ខ្លួន​នៅក្នុង​នយោ​បាយ​ នៅ​ក្នុង​ចិត្ត​របស់​ប្រជាពល​រដ្ឋ​ និង ​នៅ​ក្នុង​ការ​​គ្រប់​គ្រង​ប្រទេស​។ ប៉ុន្តែ​ស្ថាន​​​ភាព​​​ប្រែ​​​ប្រួល​វិញ​​ដោយ​សារ​​ថា ការ​ជឿ​ជាក់​របស់​លោក  ជា ស៊ីម ទៅ​លើ​ប្រជា​ប្រិយ​ភាព​របស់​គណ​បក្ស​លោក​បាន​​បាត់​បង់​។ គណ​បក្ស​ ប្រជាជន​កម្ពុជា​បាន​ឈ្នះ​ឆ្នោត​ជា​ផ្លូវ​ការ​មែន​ ប៉ុន្តែ គណ​បក្ស​នេះ​ បាត់​បង់​អាសនៈ​រដ្ឋ​សភា​ចំនួន​២២​ទៅ​លើ​គណ​បក្ស​សង្គ្រោះជាតិ​ដែល​​ទើប​ បង្កើត​ឡើង​។

ថ្វី​បើ​មាន​ការ​ទាម​ទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​ការ​បោះ​ឆ្នោត​កាល​ ពី​ខែ​កក្កដា​ នេះ​ក៏ដោយ​ ក៏​គណបក្ស​ប្រជា​ជន​កម្ពុជា​នៅតែ​បង្កើត​រដ្ឋា​ ភិបាល​ដែល​ត្រូវ​បាន​បោះ​ឆ្នោត​គាំទ្រ​ដោយ​សមាជិក​រដ្ឋ​សភា​​ជាប់​​​ឆ្នោត​​ ​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​តែ​៦៨​រូប​ប៉ុណ្ណោះ​។ សមា​ជិក​សភា​ជាប់​ ឆ្នោត​៥៥​រូប​​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​​បាន​ធ្វើ​ពហិការ​សម័យ​ប្រជុំសភា ​លើក​ដំបូង​ និង​កំពុង​ប្រមូល​ការ​គាំទ្រ​ទាំង​នៅ​ក្នុង​ស្រុក​ និង​នៅ​ក្រៅ ​ប្រទេស​ ចំពោះ​ទស្សន​របស់​ខ្លួន​ដែល​ថា រដ្ឋា​ភិបាល​ថ្មី​នេះ​មិន​ស្រប​តាម ​រដ្ឋ​ធម្ម​នុញ្ញ។

ថ្វី​បើ​​​លោក ជា​ ស៊ីម ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​មាន​វ័យ​ចំណាស់  និង​មាន​ជំងឺ​ជា​ញឹក​ញាប់​ក៏​ដោយ ក៏​គ្មាន​នរណា​ម្នាក់​អាច​​បន្ទោស​លោក​ ចំពោះ​លទ្ធ​ផល​មិន​ល្អ​​នៃការ​បោះ​ឆ្នោត​​​នេះ​ដែរ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨  មក។ យុទ្ធនា​ការ​ឃោស​នា​បោះ​ឆ្នោត​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ស្ថិត​នៅ ​ក្នុង​កណ្តាប់​ដៃ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ទាំង​​ស្រុង​ ហើយ​អំណាច​ នយោ​បាយ​ និង​អំណាច​ផ្ទាល់​ខ្លួន​របស់​លោក ហ៊ុន សែន គឺ​ជា​អ្នក​​កំណត់​រចនា ​សម្ព័ន្ធ​នៃ​គណ​បក្ស​នេះ​ ដោយ​មិន​គិតពី​អ្នក​ដែល​មាន​តួ​នាទី​ខ្ពស់​ជាង​ នោះ​ទេ​។

រួម​ជាមួយ​នឹង​ប៉ាណូ​ឃោសនា​ដែល​មាន​រូប​មេ​ដឹក​នាំគណ​បក្ស​ប្រជាជន​ កម្ពុជា​ទាំង​បីរូបគឺ លោក ហ៊ុន សែន លោក ជា​ ស៊ីម និង​លោក ហេង​ សំរិន ប្រធាន ​រដ្ឋ​សភា​នោះ មាន​ប៉ាណូ​ថ្មីៗ​រាប់​ពាន់​ដែល​បង្ហាញពី​រូប​លោក ហ៊ុន សែន  ម្នាក់​ឯង​ត្រូវ​បាន​ដាក់​នៅ​ទូ​ទាំង​ប្រទេស​អំឡុង​ពេល​ធ្វើ​យុទ្ធនាការ​ឃោស ​នា​បោះ​ឆ្នោត។

ពាក្យ​ស្លោក​​របស់​គណ​បក្ស​កាន់​អំណាច​​​មុន​ការ​បោះ​ឆ្នោត ​ក៏​ផ្តោត​លើ​នាយក​រដ្ឋ​មន្ត្រី​​​​ដែរ នោះគឺ​ពាក្យស្លោកដែល​​​គេ​​​ស្រែក​​ ​ថា “ប្រសិន​បើ​បង​ប្អូន​ស្រឡាញ់​ ហ៊ុន សែន សូម​បោះ​ឆ្នោត​ឲ្យ​គណ​បក្ស​ប្រជា​ជន ​កម្ពុជា​”។ ឥឡូវ​នេះ ថ្វីបើ​នាយក​រដ្ឋ​មន្ត្រី​ធ្វើ​ឲ្យ​​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ទទួល​បាន​លទ្ធ​ផល​មិន​ល្អ​ក្នុង​ការ​បោះឆ្នោត​នេះ​​ក៏​ដោយ ក៏​តួនាទី​របស់​ លោក ហ៊ុន សែន នៅ​ក្នុង​គណ​បក្ស​កាន់​អំណាច​គ្រោង​​នឹង​ដំឡើង​ផង​ដែរ នៅ​ពេល​ ដែល​ប្រធាន​ថ្មី​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​មាន​បញ្ហា។

លោក ជាម យៀប តំណាងរាស្ត្រ​គណ​បក្ស​ប្រជា​ជន​កម្ពុជា និង​ជា​អ្នក​នាំ​ ពាក្យ​បាន​មាន​ប្រសាសន៍​កាលពី​សប្តាហ៍​មុន​ថា “​សម្តេច​ ហ៊ុន សែន គឺ​ជា​ អនាគត​ប្រធាន​គណ​បក្ស​ប្រជា​ជនកម្ពុជា ប្រសិន​បើ​សម្តេច​ ជា ស៊ីម លាលែង​ពី​ តំណែង​ ឬ​ឈប់ពី​តំណែង​របស់​សម្តេច​ដោយ​សារ​ហេតុ​ផល​ណា​មួយ​”។

ខណៈ​​​ដែល លោក ជា​ ស៊ីម នៅ​តែ​រឹង​មាំ​អាច​ដឹក​នាំ​គណ​បក្ស​បាន​ ​​ទោះ​​លោក​មាន​ជំងឺ​ ម្តង​ម្កាល​ក៏​ដោយ ក៏​លោក ជាម យៀប បាន​មាន​ប្រសាសន៍​ថា លោក ហ៊ុន សែន ក៏​ ត្រៀម​ខ្លួន​រួច​ហើយ​ដែរ ដើម្បី​ធ្វើ​ជា​ប្រធាន​គណ​បក្ស និង​បាន​ទទួ​ល​ការ​ គាំទ្រ​ពី​គណៈ​កម្មា​ធិការ​​អចិន្ត្រៃយ៍ ដែល​មានសមាជិក​៣៤​រូប​របស់​គណ​បក្ស ​ប្រជា​ជន​កម្ពុជា​ ​ហើយ​​នៅ ក្នុង​នោះ​ លោក ជាម យៀប ក៏​ជា​សមាជិក​ម្នាក់​ ដែរ។

លោក ជាម យៀប បានមាន​ប្រសាសន៍​ថា “សម្តេច ហ៊ុន សែន ជា​​អនុ​ប្រធាន​គណ​ បក្ស​​ស្រាប់​ ហើយ​គ្មាន​​អ្នក​​ផ្សេង​នៅ​ក្នុង​គណ​បក្ស​អាច​ប្រៀប​ធៀប​ ជាមួយ​សមត្ថ​ភាព និង​បទ​ពិសោធរបស់​សម្តេច​នៅក្នុង​ការ​ដឹក​នាំ​​​គណបក្ស​នេះ ​បាន​ទេ”។

លោក ងួន ញ៉ិល សមាជិក​គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​គណបក្ស​ប្រជា​ជន​ កម្ពុជា និង​ជា​អនុ​ប្រធាន​ទី​១​រដ្ឋ​សភាបាន​មាន​ប្រសាសន៍​ថា ដរាប​ណា​លោក​  ជា ស៊ីម នៅ​តែ​ជា​ប្រធាន​​គណ​​​​បក្ស​នោះ មិន​ត្រូវ​មាន​សេចក្តី​សម្រេច​ជា​ ​​​ផ្លូវ​ការ ដើម្បី​តែង​តាំង​អ្នក​ស្នង​លោក​ទេ​។ លោក​បាន​មាន​ប្រសាសន៍​ថា “សម្តេច ជា ស៊ីម នៅ​មាន​ព្រះជន្ម​នៅឡើយ ដូច្នេះ​វា ​មិន​ត្រឹម​ត្រូវ​ទេក្នុង​ការ​បង្ហាញពី​អ្នក​ដែល​ត្រូវ​ឡើង​​ធ្វើ​ជា​ប្រធាន ​ថ្មី​របស់​គណ​បក្ស​នេះ។ ប៉ុន្តែ​ គណ​បក្ស​​បាន​ត្រៀម​អ្នកឡើង​ធ្វើ​ជា​ ប្រធាន​ថ្មី​​រួច​ហើយ​”។

លោក ឈាង វុន សមាជិក​សភា​គណ​បក្ស​ប្រជា​ជន​កម្ពុជា និង​ជា​អ្នក​នាំ​ពាក្យ ​រដ្ឋ​សភា​ ព្រម​ទាំង​លោក ផៃ ស៊ីផាន រដ្ឋ​លេខា​ធិការ​​​មក​ពី​គណ​បក្ស​ប្រជា ​ជន​កម្ពុជា និង​ជា​អ្នកនាំពាក្យ​ទី​ស្តី​ការគណៈរដ្ឋ​មន្ត្រី​បានមាន​ ប្រសាសន៍​ថា លោក​មិនដឹង​ពី​ផែន​ការ​នៅ​ពេល​អនា​គត សម្រាប់​តំណែង​ប្រធានគណ​ បក្ស​ប្រជា​ជន​កម្ពុជា​ទេ​ ហើយ​លោក យឹម លាង អនុ​ប្រធាន​ខុទ្ទកាល័យ​របស់​លោក  ជា ស៊ីម បាន​បដិ​សេធ​​មិន​ធ្វើ​អត្ថា​ធិប្បាយ​។

លោក ឈាង វុន បាន​មាន​ប្រសាសន៍​ថា “ខ្ញុំមិន​ដឹង​អំពី​រឿងនេះទេ ពី​ព្រោះ​ វា​ជា​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​គណ​បក្ស។ ប្រសិន​បើ​លោក​ជាម​ យៀប បាន​ និយាយ​ដូច្នេះ​ គាត់​ប្រហែល​​​​​ជា​​ដឹង​ហើយ​”។
លោក ប៊ូ ថង សមា​ជិក​ព្រឹទ្ធ​សភា​​ដែល​តែង​តាំង​ដោយ​គណបក្ស​ប្រជា​ ជនកម្ពុជា និង​ជា​សមា​ជិកគណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​របស់​គណ​បក្ស​ប្រជា​ ជន​កម្ពុជា​បាន​មាន​ប្រសាសន៍​ស្រដៀង​គ្នា​នេះ​ថា អ្នក​ស្នង​លោក ជា ស៊ីម គឺ​ ជា​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​គណ​បក្ស​។ លោក​បាន​មាន​ប្រ​សា​សន៍​មុន​ពេល​ បិទ​ការ​ហៅ​ទូរស័ព្ទ​ពី​អ្នក​យក​ព័ត៌​មាន​ថា “ ហេតុ​អ្វី​បានជា​អ្នក​ចង់​ ដឹង?”។

ខណៈ​ដែល​លោក ហ៊ុន សែន ប្រហែល​ជា​ដឹង​ថា មាន​សម្ពាធ​បន្ទាប់​ពី​ការ​បោះ​ ឆ្នោត​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​កាល​ពី​ខែ​កក្កដា​នោះ បទ​​​ពិសោធ​ដឹកនាំ​ របស់​លោក​នៅ​តែ​ខ្លាំង​។ ​ចាប់​តាំង​ពី​លោក​បាន​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​ នៅ​ឆ្នាំ​១៩៨៥ លោក​គឺ​​ជា​អ្នក​ត្រួត​ពិនិត្យ​លើ​ការ​បង្កើត​យន្ត​ការ​នយោ​ បាយ​ ដែល​គ្រប់​គ្រង​គ្រប់​ស្ថាប័ន​រដ្ឋ​ទាំង​អស់​ និង​រក្សា​បាន​នូវ​ភាព​ ស្មោះ​ត្រង់​របស់​មេ​ឃំុ និង​ចៅ​សង្កាត់​​ជាង​៩៥​ភាគ​រយ​ ក្នុង​ចំណោម​មេ​​ ឃុំនិង​ចៅ​សង្កាត់​ចំនួន​១.៦៣៣​នៅ​ទូ​ទាំង​ប្រទេស​។

លោក​ ឡៅ ម៉ុង​ហៃ អ្នក​វិភាគ​នយោ​បាយ​ឯក​រាជ្យ​បាន​មាន​ប្រសាសន៍​ថា “បើ​​ និយាយ​ពី​ប្រសិទ្ធភាព ​និង​ស្នាដៃ​សម្រាប់​គណ​បក្ស  ហ៊ុន សែន ​ល្អ​​ជាង ជា  ស៊ីម”។ លោក​បាន​មាន​ប្រសាសន៍​ថា “ហើយ​រហូត​មក​ទល់​ពេល​នេះ ខ្ញុំ​មិន​ឃើញ​មាន​អ្នក​ ជំនួស​គួរ​ឲ្យ​ទុក​ចិត្ត​ទេ​”។ លោក​បាន​បន្ថែម​ថា នាយក​រដ្ឋ​មន្ត្រីក៏​បាន​ ទទួល​ជោគ​ជ័យ​ចំពោះ​ការ​ឆ្លើយ​តប​នឹង​តម្រូវ​ការ​របស់​បណ្តាញ​អ្នក​គាំ​ទ្រ​ ជា​ច្រើន​ផង​ដែរ​ ព្រោះ​លោក​​បាន​ពង្រឹង​​អំណាច​របស់​លោក​។ លោក​បាន​មាន​ប្រសាសន៍​​ថា “រហូត​មក​ទល់​ពេល​នេះគណ​បក្ស​ប្រជា​ជន​កម្ពុជា​​ អាច​ទទួល​យក​អ្នក​គាំ​ទ្រ​របស់​ខ្លួនទាំង​អស់​នៅ​ពេល​កាន់​អំណាច​។ គណបក្ស​ នេះ​អាច​បង្កើត​តំណែង​សម្រាប់​ពួក​គេ​ ហើយ​ពួក​គេ​ត្រូវ​បាន​ធ្វើ​ឲ្យ​ សប្បាយ​ចិត្ត​ ប្រសិន​បើ​ពួក​គេ​មិន​សប្បាយចិត្ត”។

លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​បាន​មាន​ ប្រសាសន៍​ថា “និន្នា​ការ​នៅ​ក្នុង​គណ​បក្ស​ប្រជា​ជនកម្ពុជាគឺ​ ថា​នាយក​រដ្ឋ ​មន្ត្រី​មាន​ឥទ្ធិពលខ្លាំង​ណាស់”។ លោក​បានបន្ថែម​ថា សមាជិក​ភាគ​ច្រើន​នៃ​ គណៈ​កម្មា​ធិការ​អចិន្ត្រៃុយ៍​នេះ​បាន​ទទួលតួ​នាទី​របស់​ខ្លួន​តាម​រយៈ​ការ​ បង្ហាញ​ភាព​ស្មោះ​ត្រង់​ចំពោះ លោក ហ៊ុន សែន។

លោក ព្រាប កុល បាន​បន្ថែម​ទៀត​ថា “ប្រជា​ប្រិយ​ភាព​របស់​នាយក​រដ្ឋ​មន្ត្រី​ពិត​ជា​បាន​ធ្លាក់​ចុះមែន​  ប៉ុន្តែ លោក​នៅ​តែ​មាន​អំណាច​​រឹង​មាំ​នៅ​ក្នុង​គណ​បក្សនេះ​ ​ដោយ​សារ​លោក​ មាន​ទំនាក់​ទំនង​ជាមួយ​យោធា និង​​​​កង​កម្លាំង​នគរ​បាល​។ លោក​មាន​ទំនាក់​ ទំនង​គ្រួសារ​មួយ​ចំនួន​​តាម​រយៈ​អាពាហ៍​ពិពាហ៍​ និង​តាម​រយៈ​ការ​បង្កើត​ មិត្ត​ភាព​ទាំង​អស់​នោះ​ ដូច្នេះ​អំណាច​របស់​លោក​នៅ​តែ​រឹង​មាំ​”។

លោក ឡៅ​ ម៉ុង​ហៃ បាន​មាន​ប្រសាសន៍​ថា ឯក​ភាព​របស់​គណ​បក្ស​ប្រជាជន​ កម្ពុជា​នៅ​ពី​ក្រោយ​លោក ហ៊ុន សែន អាច​ធ្វើ​ឲ្យ​គណ​បក្ស​នេះ​ខ្លាំង​ក្នុង​ រយៈ​ពេល​ខ្លី ប៉ុន្តែ ការ​ប្រមូល​ផ្តុំ​អំណាច​នៅ​លើ​មនុស្ស​ម្នាក់​ធ្វើ​ឲ្យ ​ប្រទេស​ជាតិ​ជួប​ហានិភ័យ​​។ ហើយ​ទោះ​បី​ជា​​​​លោក ហ៊ុន សែន អាច​រក្សា​ភាព​ ស្មោះ​ត្រង់​​​​​​​​របស់​អ្នក​មាន​អំណាច​នៅក្នុង​គណ​បក្ស​នេះ​ក៏​ដោយ ក៏​ការ ​បោះឆ្នោត​នៅ​ឆ្នាំ​នេះ​បង្ហាញ​ថា សមាជិក​ថ្នាក់​ក្រោម​ជា​ច្រើន​​របស់​គណ​ បក្សនេះ​មិន​បាន​បោះ​ឆ្នោត​ឲ្យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ទេ​។

នៅ​ឯ​មហា​សន្និបាត​គណ​បក្ស​ប្រជា​ជន​កម្ពុជា​កាល​ពី​ខែ​មីនា​នេះ លោក  អ៊ុក រ៉ាប៊ុន រដ្ឋ​លេខា​ធិការ​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ​បាន​ អួត​ថា គណ​បក្ស​ប្រជា​ជន​កម្ពុជា​មាន​សមាជិក​កាន់​កាត​គណ​បក្ស​ចំនួន​៥,៩​ លាន​នាក់​ ក្នុង​ចំណោម​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត​ប្រហែល​៩​លាននាក់​។ ទោះជា​យ៉ាង​ណា គណ​បក្ស​ប្រជា​ជន​កម្ពុជា​ទទួល​បាន​សំឡេង​ឆ្នោត​ប្រហែល​៣,២​ លាន​ប៉ុណ្ណោះ កាល​ពី​ខែ​កក្កដា មានន័យ​ថា សមាជិក​គណ​បក្ស​កាន់​អំណាចប្រហែល​ ជា​បោះ​ឆ្នោត​ឲ្យ​គណ​បក្ស​ប្រឆាំង​។
លោក គល់ បញ្ញា នាយក​ប្រតិ​បត្តិ​គណៈ​កម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ ដោយ​សេរី និង​យុត្តិ​ធម៌​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​គិត​ថា ការ ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​នេះ បង្ហាញ​ថា សមាជិក​ជា​ច្រើន​របស់​គណ​បក្ស​ប្រជា​ ជន​កម្ពុជា​មិន​សប្បាយ​ចិត្ត​ទេ។ ប្រសិន​បើ​ពួក​គេ​មិន​​តែង​តាំង​​ថ្នាក់​ ដឹក​នាំ​​រដ្ឋា​ភិបាល​ថ្មី​ ប្រជា​ប្រិយ​ភាព​របស់គណ​បក្សនេះ​នឹង​ធ្លាក​​​់​ ចុះ ហើយ​ពួក​គេ​នឹង​ប្រឈម​​បញ្ហា​ជា​ច្រើន”។

លោក​បាន​មាន​ប្រសាសន៍​ថា “ពួក​គេ​គួរ​តែ​រៀន​របៀប​ធ្វើ​ឲ្យ​គណ​បក្ស​នៅ​ រឹង​មាំ​ និង​បង្កើត​រចនា​សម្ព័ន្ធ​ប្រជា​ធិប​តេយ្យ​ថ្មី​ ដូចជា​ការ​បែង​ ចែក​អំណាច​ ផ្លាស់​ប្តូរ​មេ​ដឹកនាំ​។​សូម្បី​តែ​​គណ​បក្ស​កុម្មុយនីស្ត​នៅ​ ចិន និង​វៀត​ណាម​ក៏​ប្តូរ​មេ​ដឹក​នាំ​ដែរ”។ លោក គល់ បញ្ញា បានមាន​ប្រសាសន៍​ថា “ ខ្ញុំ​គិត​ថា គណបក្ស​ប្រជាជន​កម្ពុជា​ គួរ​តែ​ព្យាយាម​កែ​ប្រែ​គណ​បក្ស​របស់​ខ្លួន​ឲ្យ​ទំនើប​”។ ប៉ុន្តែ​លោក​បាន​ បន្ថែម​ថា មិនយូរ​ប៉ុន្មាន​ក្រោយ​ពី​ការ​បោះ​ឆ្នោត​ រដ្ឋា​ភិបាល​របស់​គណ​ បក្ស​ប្រជា​ជន​កម្ពុជា​​បាន​បន្ត​ឥរិយាបថ​ចាស់​ដដែល។

លោក ខាលីល ថេយ័រ អ្នក​ជំនាញ​ផ្នែក​អាស៊ី​អាគ្នេយ៍​នៅ​បណ្ឌិត្យយសភា​កង​ ទ័ព​ការ​ពារ​ជាតិ​អូស្ត្រាលីបាន​មាន​ប្រសាសន៍​ថា ទោះ​បី​ជា​គណ​បក្ស​ប្រជា​ ជន​កម្ពុជា​ប្រហែល​ជា​បាន​សម្រេច​ថា លោក ហ៊ុន សែន នៅតែ​ជា​មនុស្ស​​ល្អ​ បំផុត​របស់​ពួក​គេ​ ដើម្បី​រក្សា​អំណាច​ក៏​ដោយ ក៏​លោក ហ៊ុន សែន ​ត្រូវ​ ប្តូរ​របៀប​ដឹក​នាំ​របស់​លោក​ដែរ ដើម្បី​រក្សា​​ការ​គាំ​ទ្រ​ក្នុង​គណ​បក្ស​ នេះ។

លោក​បាន​មាន​ប្រសាសន៍​ថា “សមាជិក​គណ​បក្ស​នឹង​ពិចារណា​អំពីការ​ការ​ពារ​ អំណាច​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ ​ក្នុង​​ការ​ប្រកួត​ប្រជែង​ជាមួយ​ លោក  សម រង្ស៊ី និង​គណ​បក្ស​​​​ប្រឆាំង។ ប៉ុន្តែ នៅពេល​ជាមួយ​គ្នា​នោះ​ដែរ​ ​​​ សមាជិក​គណបក្ស​ត្រូវ​ពិនិត្យ​មើល​លោក ហ៊ុន សែន ឲ្យ​បាន​ដិត​ដល់​”។ លោក​បាន​បន្ថែម​ថា “ ប្រសិន​បើ​ ហ៊ុន សែន កាន់​តួនាទី​ថ្មី​ជា​ប្រធាន​គណ​ បក្ស​ [នៅ​ពេល​លោក​ក្លាយ​ជា​ប្រធាន​] មិនទទួល​ស្គាល់​ការ​រិះ​គន់​ក្នុង​ន័យ ​ស្ថាបនា​នៅ​ក្នុង​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ និង​​មាន​កង្វល់​កាន់​តែ​ ច្រើន​អំពី​អនាគត​នយោបាយ​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​នោះ យើង​​អាច​មើល​ ឃើញ​​​ភាព​រង្គោះ​រង្គើរ​​​ផ្ទៃ​ក្នុង​។ ប៉ុន្តែ សម្រាប់​ពេល​នេះ​ ​​​ហ៊ុន  សែន ហាក់​ដូច​ជា​មាន​គោល​ជំហរ​រឹង​មាំ​​​​ក្នុង​រយៈ​ពេល​ខ្លី”៕

(រាយការណ៍​បន្ថែម​ដោយ ហ៊ុល រស្មី)
ប្រែ​សម្រួល​ដោយ មូល គឹម​ហឿន
© 2013, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិន ​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចេញផ្សាយ​នេះ  តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស   សរសេរ​ឡើង​វិញ ឬ​ចែកចាយ​ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

No comments:

Opinion: Confucius Institute Enhances Chinese Language Education, Cultural Exchange in NW Cambodia

  Please read from the Phnom Penh Post Please read from the Cambodianess  Confucius institutes have been playing a vital role in promoting C...