Sunday 24 June 2012

នាយក​រដ្ឋមន្រ្តី​កម្ពុជា-វៀតណាម​សម្ពោធ​បង្គោល​ព្រំដែន​លេខ​៣១៤ កំពត-កៀងយ៉ាង


កំពត-កៀងយ៉ាង ៖ នៅ​ពេល​ព្រឹក​ព្រលឹម​ថ្ងៃទី ២៤ មិថុនា នាយក​រដ្ឋមន្រ្តី កម្ពុជា-វៀត​ណាម​បាន​បង្ហាញ​វត្តមាន​នៅ​ឯ​ព្រំដែន​ប្រទេស​ទាំង​ពីរ​ខេត្ត​កំពត-កៀងយ៉ាង ​ដើម្បី សម្ពោធ​បង្គោល​ព្រំដែន​លេខ ៣១៤ ដែល​ជា​ការ​សម្ពោធ​បង្គោល​ព្រំដែន​លើក​ទី​​២ បន្ទាប់​ពី​សមភាគី​ទាំង​ពីរ​បាន​សម្ពោធ​បង្គោល​ព្រំដែន លេខ ១៧១ នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត-ម៉ុកបាយ​កាល​ពី​ឆ្នាំ​២០០៦ នោះ។ បង្គោល​ព្រំដែន លេខ ៣១៤ ជា​បង្គោល​ចុង​ក្រោយ​បង្អស់ នៃ​ខ្សែ​ព្រំដែន​គោក​កម្ពុជា-វៀតណាម នៅ​ចំណុច​ឆ្នេរ​សមុទ្រ ខេត្ត​កំពត និង កៀងយ៉ាង​ ។
 
ពិធី ​សម្ពោធ​ការ​បោះ​បង្គោល​ព្រំដែន​នេះ ចំ​ពេល​ជាមួយ​គ្នា និង​ថ្ងៃ​ខួប​អនុស្សាវរីយ៍​លើក​ទី ៤៥ ឆ្នាំ នៃ​ការ​បង្កើត​ទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេស​យើង​ទាំង​ពីរ(២៤​មិថុនា​១៩៦៧ -២៤ មិថុនា​២០១២)  ដែល ​នាយក​រដ្ឋមន្រ្តី​កម្ពុជា​បាន​កត់​សម្គាល់​ថា យើង​មាន​និមិត្ត​រូប​ពីរ​សម្រាប់​ប្រទេស​ទាំង​ពីរ ដែល​ខ្ញុំ​សូម​យក​ឱកាស​នេះ ឧទ្ទិស​ពិធី​សម្ពោធ​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម ​លេខ​៣១៤ ឱ្យ ក្លាយ​ទៅ​ជា​យន្តការ​ប្រកៀក​ស្មា​គ្នា ក្នុង​ស្មារតី​ភាតរភាព​ជា​អមតៈ និង​ការ​បង្កើត​នូវ​កិច្ច​អភិវឌ្ឍ​គ្រប់ វិស័យ​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ។ 

សម្តេច ​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន និង​ឯកឧត្តម ង្វៀន តាន់យុង នាយក​រដ្ឋមន្រ្តី​នៃ សា​ធា​រណ​រដ្ឋ​សង្គម​និយម​វៀតណាម​បាន​សម្តែង​នូវ​ការ​កោត​សរសើរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​គណៈ កម្មការ​ចម្រុះ​ខណ្ឌ​សីមា និង​បោះ​បង្គោល​ព្រំដែន​គោក​វៀតណាម-កម្ពុជា ដែល​បាន​ខិត​ខំ​ប្រឹងប្រែង ធ្វើ​ឱ្យ​ការងារ​បោះ​បង្គោល​ព្រំដែន​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​មាន​ការ​ទទួល​ស្គាល់​ពេញ​លក្ខណៈ ផ្លូវ​ច្បាប់​នោះ។ សម្តេច​តេជោ​ ហ៊ុន សែន មាន​ប្រសាសន៍ថា ក្នុង​នាម​រាជ​រដ្ឋាភិបាល​កម្ពុជា ខ្ញុំ​ពិត​ជា​មាន​មោទនភាព ដោយ​ប្រទេស​យើង​ទាំង​ពីរ​ខិត​ខំ​ទម្លុះ​បាន​នូវ​ការ​លំបាក​ទាំងឡាយ ក្នុង​ការ​កសាង​ព្រំ ដែន​រវាង​ប្រទេស​យើង​ទាំង​ពីរ។«ខ្ញុំ ​សូម​ប្រកាស​ជា​ឱឡារិក​ថា កិច្ចការ​កសាង​ព្រំដែន​នេះ​គឺ​បាន​អនុវត្ត ដោយ​ឈរ​លើ​មូលដ្ឋាន​ច្បាប់​ជាតិ និង​ច្បាប់​អន្តរ​ជាតិ និង​ការ​អនុវត្ត​ជា​អន្តរជាតិ​ស្តីពី​ការ​ទទួល​ស្គាល់ ខ្សែ​ព្រំដែន ដែល​ឤណានិគម​បារាំង​បាន​បន្សល់​ទុក​ឱ្យ​សម្រាប់​ធ្វើ​ជា​ឧបករណ៍​នាំ​មុខ ដើម្បី​ឈាន​ទៅ​ដល់​ការ​បញ្ចប់​ទាំង​ស្រុង​លើ​ការងារ​ខណ្ឌ​សីមា និង​បោះ​បង្គោល​ព្រំដែន​គោក​រវាង​ប្រទេស​ទាំង​ពីរ» ។ 

បង្គោល ​ព្រំដែន​លេខ ៣១៤ មាន​សារៈ​សំខាន់​ណាស់​ដោយ​ទីតាំង​បង្គោល​នេះ ជា​ចំណុច​មូល ដ្ឋាន​នៃ​ការ​ចាប់​ផ្តើម​គូស​ខ្សែ​ព្រំដែន​សមុទ្រ​រវាង​ប្រទេស​ទាំង​ពីរ ដែល​ជា​ភារកិច្ច​របស់​គណៈកម្មការ ចម្រុះ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ត្រូវ​អនុវត្ត​បន្ត​នា​ពេល​ខាង​មុខ​នេះ។ កម្ពុជា​មាន​គោល​ដៅ​បន្ត​ឆ្ពោះ​ទៅ បោះ​បង្គោល​ព្រំដែន​ទឹក​បន្ថែម​ទៀត​ដោយ​ចាប់​ផ្តើម​ពី​ការ​ត​ភ្ជាប់​តំបន់​ ព្រំដែន​គោក​នៃ​ប្រទេស​ទាំង​ពីរ។ សម្តេច​តេជោ​ថ្លែង​ថា ខ្ញុំ​ជឿ​ជាក់​ថា ប្រទេស​យើង​ទាំង​ពីរ​នឹង​សម្រេច​បាន​នូវ​ការ​បោះ​បង្គោល​ព្រំដែន ទឹក​មួយ​ពេញ​លេញ គ្មាន​លម្អៀង ដោយ​ឈរ​លើ​គោល​ការណ៍​នៃ​ច្បាប់ និង​ក្រប​ខណ្ឌ​គតិយុត្តិ​អន្តរជាតិ ហើយ​អ្វី​ដែល​យើង​ទាំង​អស់​គ្នា​សម្រេច​បាន​មក​នេះ​បាន​បង្កើត​ជា​ ប្រវត្តិសាស្ត្រ​ថ្មី​មួយ រវាង​ប្រទេស​យើង​ទាំង​ពីរ ខណៈ​ដែល​យើង​តែង​បាន​ស្វះ​ស្វែង​រក​ដំណោះ​ស្រាយ​រួម​មួយ​ប្រកប​ដោយ​ភាតរភាព និង ការ​យោគ​យល់​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ភាព​ជា​បង​ប្អូន ជា​មិត្ត អស់​រយៈ​កាល​រាប់​សិប​ឆ្នាំ​កន្លង​មក»

សម្តេច ​តេជោ​មាន​ប្រសាសន៍​ថា ជា​ការ​ពិត​ប្រសិន​បើ​យើង​មិន​ប្រឹង​ប្រែង​បោះ​បង្គោល​ព្រំដែន ទេ​នោះ​បញ្ហា​ព្រំដែន​នេះ​នឹង​នៅ​តែ​កើត​មាន​មិន​ដាច់​ស្រេច​រាប់​ជំនាន់​ទៅ ​មុខ​ទៀត ដោយ​សារ​បញ្ហា​នេះ ជា​ចំណុច​រសើប​ងាយ​ក្លាយ​ជា​កម្ម​វត្ថុ​ប្រជែង​ផ្នែក​នយោបាយ ដែល​ដូច្នេះ​ហើយ​ភាព​សុខសាន្ត និង​ការ អភិវឌ្ឍន៍​នៅ​តាម​ព្រំដែន​នឹង​មិន​កើត​មាន​ឡើយ ។ សម្តេច​នាយក​រដ្ឋមន្រ្តី​មាន​ប្រសាសន៍​ថា ជា​ការ​ពិត ការ​សម្ពោធ​បង្គោល​ព្រំដែន​លេខ ៣១៤ នា​ពេល​នេះ​ពុំ​មាន​ន័យ​ថា ជា​ការ​សម្ពោធ​ការ​ចាប់​ផ្តើម​បោះ​បង្គោល ហើយ​ក៏​មិន​មែន​ជា​ការ​សម្ពោធ​បញ្ចប់​ការងារ​បោះ​បង្គោល និង​ខណ្ឌ​សីមា​ព្រំដែន​រវាង​ប្រទេស យើង​ទាំង​ពីរ​ទាំង​ស្រុង​នោះ​ទេ ពីព្រោះ​យើង​នៅ​មាន​ការងារ​សេសសល់​មួយ​ចំនួន​ទៀត ដែល​ត្រូវ​បន្ត អនុវត្ត​រហូត​ដល់​កិច្ចការ​ទាំងអស់​ត្រូវ​បាន​បញ្ចប់​ជា​ស្ថាពរ​នា​ពេល​ខាង​ មុខ​នេះ។ សម្តេច​តេជោ​ថ្លែង​ថា ជា​រួម​កិច្ចការ​បោះ​បង្គោល​ព្រំដែន​នេះ មិន​ត្រឹម​តែ​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​កិច្ចការ​​បូរណភាព ដែន​ដី​នៃ​ប្រទេស​នីមួយៗនៅ​ជិត​ខាង​គ្នា​ឱ្យ​បាន​កាន់​តែ​រឹង​មាំ​ប៉ុណ្ណោះ​ ទេ ប៉ុន្តែ​ថែម​ទាំង​រួម​ចំណែក​ដល់ ការ​បង្កើន​សុខ​សន្តិភាព ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច ការ​អភិវឌ្ឍ​សង្គម ការ​លើក​កម្ពស់​ជីវភាព​រស់​នៅ និង ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​ទៀត​ផង ។ 

ឯកឧត្តម ​នាយក​រដ្ឋមន្រ្តី​វៀតណាម​ថ្លែង​ថា នេះ​ជា​លើក​ទី​២ ដែល​រូប​ខ្ញុំ​ផ្ទាល់ និង​សម្តេច​ហ៊ុន សែន បាន​រួម​គ្នា​ក្នុង​ពិធី​សម្ពោធ​បង្គោល​ព្រំដែន ដែល​ប្រការ​នេះ​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​យ៉ាង​ច្បាស់ នូវ​កិច្ច​សន្យា និង​ការ​ប្តេជ្ញា​ចិត្ត និង​ការ​ខិត​ខំ​របស់​រដ្ឋាភិបាល នៃ​ប្រទេស​ទាំង​ពីរ​ក្នុង​ការ​អនុវត្តន៍​រាល់ សន្ធិសញ្ញា កិច្ចព្រមព្រៀង និង​រាល់​កិច្ច​ចរចា​ស្តីពី​ការងារ​ព្រំដែន ដើម្បី​ភាគី​ទាំង​ពីរ​មាន​លទ្ធភាព​ធ្វើ​ការងារ​ដ៏​មាន​សារៈ​សំខាន់​ឲ្យ​បាន​ ចប់​សព្វ​គ្រប់​នៅ​ពេល​ដ៏​ឆាប់​បំផុត។ ឯកឧត្តម ង្វៀន តាន់យុង មាន​ប្រសាសន៍​ថា ពិធី​សម្ពោធ​បង្គោល​ព្រំដែន​លេខ ៣១៤ ជា​ព្រឹត្តិការណ៍​នេះ​គូស​បញ្ជាក់​សារ​ជា​ថ្មី​នូវ​ជ័យជំនះ​រួម​របស់​ប្រទេស ​យើង​ទាំង​ពីរ ប្រជាជន​ទាំង​ពីរ​ក្នុង​កិច្ច​ចូល​រួម​គ្នា​កសាង​ខ្សែ​បន្ទាត់​ព្រំដែន​មួយ សន្តិភាព មិត្តភាព សហការ​គ្នា​ក្នុង​ការ​អភិវឌ្ឍន៍​ឆ្លើយ​តប​ផល​ប្រយោជន៍​ជា​សារវន្ត ក៏​ដូចជា​បំណង​ប្រាថ្នា​របស់​ប្រជាជន​ប្រទេស​ទាំង​ពីរ។ ទន្ទឹម​នោះ ក៏​ជា​ការ​កកើត​ឡើង​នូវ​កម្លាំង​ថ្មី​ដែល​ប្តេជ្ញា​ធ្វើ​ឲ្យ​ចប់ ការងារ​ខ័ណ្ឌ​សីមា និង​បោះ​បង្គោល​ព្រំដែន​គោក​ក្នុង​ពេល​ឆាប់​បំផុត។

ឯកឧត្តម ង្វៀន តាន់យុង មានប្រសាសន៍ថា ពិធី​សម្ពោធ​បង្គោល​ព្រំដែន​លេខ ៣១៤​ នេះ​បាន​បង្កើត​ភាព​អនុគ្រោះ​ក្នុង​ទំនាក់​ទំនង​រវាង​គ្នា សហប្រតិបត្តិការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច និង​នាំ​មក​នូវ​ស្ថិរភាព មិន​ត្រឹម​តែ​សម្រាប់​ប្រជាជន​នៅ​ខេត្ត​កំពត និង​ខេត្ត​កៀងយ៉ាង​នោះ​ទេ ប៉ុន្តែ​វា​កាន់​តែ​រួម​ចំណែក​ក្នុង​ការ ជម្រុញ​ទំនាក់​ទំនង​មិត្តភាព សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ពិសេស​លើ​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និង​វិនិយោគ​រវាង​បណ្តា​ខេត្ត​នៅ​ជាប់​ខ្សែ​ព្រំដែន នៃ​ប្រទេស​ទាំង​ពីរ​ទៀត​ផង។ ឯកឧត្តម នាយក​រដ្ឋមន្រ្តី​ថ្លែង​បន្ត​ថា តាង​នាម​ឲ្យ​រដ្ឋាភិបាល នៃ​សាធារណ​រដ្ឋ​សង្គម​និយម​វៀតណាម ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ជូន​សម្តេច​តេជោ​នាយក​ រដ្ឋមន្រ្តី​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា និង​បណ្តា​មិត្ត កម្ពុជា ដែល​បាន​សហការ​យ៉ាង​ស្អិត​រមួត​ជាមួយ​ភាគី​វៀតណាម​យើង​ខ្ញុំ​នៅ​ក្នុង​​ ការងារ​នេះ។ រដ្ឋាភិបាល វៀតណាម​សូម​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ គណៈកម្មការ​ចម្រុះ​ខណ្ឌ​សីមា និង​បោះ​បង្គោល​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ បណ្តា​ក្រសួង ស្ថាប័ន អាជ្ញាធរ​មូល​ដ្ឋាន​នៃ​ភាគី​ទាំង​ពីរ​និយាយ​រួម បណ្តា​អង្គ​ភាព​មាន​ការ​ពាក់​ព័ន្ធ​នៃ​ខេត្ត​កៀង​យ៉ាង និង​ខេត្ត​កំពត និយាយ​ដោយ​ឡែក ដែល​បាន​រួម​ចំណែក​យ៉ាង​ធំធេង​ក្នុង​ការ​អនុវត្តន៍​ការងារ​ខណ្ឌ​សីមា និង​បោះ​បង្គោល​ព្រំដែន។

ឯកឧត្តម ង្វៀន តាន់យុង បាន​កត់​​សម្គាល់​ថា នៅ​ចំពោះ​មុខ​ដើម្បី​សម្រេច​ការងារ​ខណ្ឌ​សីមា និង បោះ​បង្គោល​ព្រំដែន ភាគី​ទាំង​ពីរ​នៅ​មាន​ការងារ​ជាច្រើន​ដែល​ត្រូវ​ធ្វើ ខ្ញុំ​សូម​ស្នើ​គណៈកម្មការ ចម្រុះ​ខណ្ឌ​សីមា និង​បោះ​បង្គោល​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​បន្ត​ការ​ខិត​ខំ​ សហប្រតិបត្តិការ​ឲ្យ​បាន​ស្អិត​រមួត​ក្នុង​ការ​អនុវត្តន៍​ភារកិច្ច សំដៅ​ធ្វើ​ឲ្យ​ខ្សែ​ព្រំដែន​នៃ​ប្រទេស​យើង​ទាំង​ពីរ​ក្លាយ​ជា​ខ្សែ​ព្រំដែន សន្តិភាព ស្ថិរភាព និង​សុខដុមរមនា។

សម្តេច ​តេជោ​ថ្លែង​ថា បង្គោល​ព្រំដែន​ដែល​ប្រទេស​យើង​ទាំង​ពីរ បាន​និង​កំពុង​ធ្វើ​នេះ មិន​ត្រឹម​តែ​ជា​កិច្ចការ​រួម​ធ្វើ​ឡើង ដើម្បី​សម្គាល់​ការ​ខណ្ឌ​ចែក​ទឹក​ដី​រវាង​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ជា មួយ​នឹង​សាធារណ​រដ្ឋ​សង្គម​និយម​វៀត​ណាម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​បំណង ប្រាថ្នា​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ដែល​បាន​រង់​ចាំ​លទ្ធផល​នេះ​ជា​យូរ​ណាស់​មក​ហើយ​ផង​ដែរ។ ចំពោះ​មុខ​រាជ​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​វៀត​ណាម​នឹង​ខិត​ខំ​ពុះពារ​គ្រប់​ឧបសគ្គ​ទាំងអស់​ធ្វើ​ឱ្យ​ ប្រទេស​យើង​ទាំង​ពីរ​មាន​ខ្សែ​ព្រំដែន​សម​ស្រប​ជា​ព្រំដែន​អន្តរជាតិ សម្រាប់​ជាតិ​មាតុភូមិ​នៃ​យើង​ទាំង​អស់​គ្នា​ត​រៀង​ទៅ និង​ដើម្បី​ឱ្យ​ប្រទេស​យើង​ទាំង​ពីរ​មាន​ខ្សែ​ព្រំដែន​មួយ​ច្បាស់​លាស់​ ស្តែង​ឡើង ដោយ​បង្គោល​ព្រំដែន ដោយ​ប្រែ​ក្លាយ​ខ្សែ​ព្រំដែន​ដែល​មាន​តែ​នៅ​លើ​ផែន​ទី​ឱ្យ​ទៅ ជា​បង្គោល​ព្រំដែន នៅ​លើ​ដី​ជាក់​ស្តែង។ ព្រម​ជាមួយ​នេះ​នៅ​ពេល​ដែល​ការងារ​បោះ​បង្គោល និង​ខណ្ឌ​សីមា​ព្រំដែន​ត្រូវ​បាន​ធ្វើ​រួច​រាល់​ហើយ គឺ​ខ្សែ​ព្រំដែន​នេះ ត្រូវ​ដើរ​ស្រប​គ្នា​ទៅ​នឹង​ការ​កាន់​កាប់​ជាក់​ស្តែង​របស់​ប្រជាជន ដែល​រស់​នៅ​តាម​បណ្តោយ​ព្រំដែន ហើយ​ប្រែ​ក្លាយ​ព្រំដែន​កម្ពុជា-វៀតណាម ឱ្យ​ទៅ​ជា​ព្រំដែន​សុខ សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ។ 

សម្តេច​នាយក​រដ្ឋ​មន្រ្តី​មាន​ប្រសាសន៍​ថា ជា​រួម​ខ្សែ​ព្រំដែន​កម្ពុជា-វៀត ​ណាម​ប្រវែង ១២៧០ គីឡូម៉ែត្រ ដែល​ត្រូវ​បោះ​បង្គោល​ព្រំដែន​ចំនួន ៣៧៥ បង្គោល នេះ​មិន​ត្រឹម​តែ​បាន​ឆ្លើយ​តប​ដល់​ការ ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ និង ការអភិវឌ្ឍន៍ ប្រទេស​ក្នុង​មហា​អនុ​តំបន់​មេគង្គ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម ទាំង​រួម​ចំណែក​បង្កើន​កិច្ច​សហការ​ល្អ​ក្នុង​ចំណោម​ប្រជាជាតិ​ឤស៊ីអាគ្នេយ៍ ដើម្បី​ប្រែ​ក្លាយ​ខ្លួនស្រប តាម​បាវចនា «ឤស៊ាន៖ សហគមន៍​តែ​មួយ-វាសនា​តែ​មួយ» ដែល ​ជា​មហា​គ្រួសារ​ជិតស្និទ្ធ​មួយ ដែល មាន​ភាព​សុខដុម​ទាំង​ផ្នែក​នយោបាយ សន្តិសុខ សេដ្ឋកិច្ច និង សង្គម វប្បធ៌ម ដោយ​ឈរ​លើ​គោល​ការណ៍​វិធាន​នៃ​ច្បាប់ សុខ​សន្តិភាព និង ភាព​រឹង​មាំ​ផ្នែក​សេដ្ឋកិច្ច​ទៀត​ផង៕

No comments:

Official Resume of H.E. Dr. SAR Sokha, Deputy Prime Minister and Minister (April 2024)

    CURRICULUM VITAE   1.            Surname - Given Name :    SAR SOKHA   7.            FAMILY STATUS: a.        Spouse: KE SOUNSO...