Tuesday 19 June 2012

បទ​បញ្ជា​សម្តេច​ហ៊ុន សែន​គួរ​តែ​ត្រូវ​ពិនិត្យ​ឡើង​វិញ


គោរព​លោក​ការីនិពន្ធ
ដោយ​សារ​តែ​បទ​បញ្ជា​របស់​សមេ្ដច ហ៊ុន សែន មិន​សូវ​មាន​តម្លៃ សព្វ​ថ្ងៃ​នេះ ​ប្រជា​ពលរដ្ឋ​កម្ពុជា​មើល​ឃើញ​ថា​ ហាក់​ដូច​ជា​មាន​ភាព​អនាធិបតេយ្យ​សម្បើម​ណាស់ ហើយ​បទ​បញ្ជា​ទាំង​អស់​នោះ ពុំ​មែន​ហាក់​ដូច​ជា​គ្មាន​តម្លៃ​នោះ​ទេ ​និយាយ​ឲ្យ​ចំទៅ​ គឺ​អត់​តម្លៃ​តែ​ម្តង។ ខ្ញុំ​លើក​ឧទារហណ៍​ជាក់​ស្តែង ដូច​ជា​បទ ល្មើស​ព្រៃ​ឈើ បទ​ល្មើស​នេសាទ បទ​ល្មើស​ការ​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់​ជា​ដើម ។ល។ ​និង ។ល។ ឯ​ស្តង់ដារ​ក្នុងការ​អនុវត្ត​ច្បាប់​វិញ​ហាក់​ដូចជា​មាន​លក្ខណៈ​ខុស​គ្នា ​ នៅ​តាម​តំបន់ និង​បាន​អនុវត្ត​ដោយ​រើស​មុខ។

ខ្ញុំ​សូម​លើក​យក​បទ​ល្មើស​មួយ​ជាក់​ស្តែង ​ពាក់​ព័ន្ធការ​ប្រើប្រាស់​កាំភ្លើង​ខុស​ច្បាប់ និង​បាញ់​បោះ​សេរី​ នៅ​តាម​ភោជនីយដ្ឋាន ហាង​ផឹក​ស៊ី​នៅ​ទូទាំង​ប្រទេស។ កន្លង​មក​បទ​ល្មើស​ជាច្រើន ​នៅ​តាម​បណ្តា​ហាង​ផឹក​ស៊ី ដែល​ពាក់ព័ន្ធ​នឹង​ការ​វាយ​តប់ នៅ​តាម​បណ្តា​ខេត្ត ក្រុង កន្លែង​ដែល​គ្មាន​ខ្នង​គឺ​ត្រូវ​គេ​បិទ តែ​បើក​ន្លែង​ដែល​មាន​ខ្នង គេ​បិទ តែ​មួយ​ប៉ប្រិច​ភ្នែក រួច​បើក​វិញ ហើយ​បើ​កន្លែង​ដែល​មាន​ខ្នង​ក្រាស់​គឺ​អត់​បិទ​ទេ ទោះ​ជា​បទ​ល្មើស​នោះ ជាក់​ស្តែង​ផ្អើល​ម៉ា​ស្រុក​ខ្មែរ ក៏​ហាង​ដែល​ពាក់​ព័ន្ធនឹង​បទ​ល្មើស​នោះ​ មិន​ត្រូវ​បាន​គេ​បិទ​ដែរ មិន​ដឹង​ថា​មកពីហេតុ​អ្វី? ដូច​ជា​ករណី​វាយ​ចៅ​ក្រម​នៅ​មណ្ឌល​គិរី លោក ហ៊ុន សែន បញ្ជា​ឱ្យ​គេ​ចាប់​ជន​ល្មើស ទោះ​ជាអ្នក​នោះ​គឺ​ជា​កូន​ប្រសា​ចៅ​ហ្វាយ​ខេត្ត​ក៏​ដោយ។

ចុះ​ករណី​នៅ​រតន​គិរី អ្នក​បើក​ហាង​ផឹក​ស៊ី​មាន​អង្គ​រក្ស ប្រើ​កាំភ្លើង ហើយ​វាយ​តប់​គេ​ស្ទើរ​ងាប់ ហេតុ​អ្វី​ក៏​មក​ដល់​ថ្ងៃ​នេះ​បែរ​ជា​ស្ងាត់​អត់​ទាន់​ស្រែក​មួយ​ម៉ាត់​ទៅ​ វិញ? ហើយ​ករណី​នេះ​ កើត​ចំកូន​តំណាង​រាស្ត្រ   គណបក្ស​ប្រជាជន​គ្នា​ឯង ​ដែល​ត្រូវ​ជា​ប្អូន​លោក ប៊ូ ថង សមាជិក​អចិន្រៃ្តយិ៍​ការិយាល័យ​នយោបាយ​មជ្ឈិម​បក្ស​ថែម​ទៀត ឬ​ក៏​ម្ចាស់​ហាង ​ដែល​ឲ្យ​អង្គរក្ស​ប្រើ​កាំភ្លើង វាយ​ក្បាល​កូន​តំណាង​រាស្ត្រ ប៊ូ ឡាំ មាន​ខ្នង​ធំ​ជាង លោក ប៊ូ ឡាំ? ដល់​ថ្នាក់​កូន​តំណាង​រាស្ត្រ ប៊ូ ឡាំ ក៏​គេ​ហ៊ាន​វាយ​ដែរ​ មិន​ឲ្យ​និយាយ​ថា​ ខ្នង​ធំ​ជាង​ម្តេច​បាន? ថា​វាយ ក៏វាយ​ចុះ គឺ​​មក​ពី​កូន​លោក ប៊ូ ឡាំ មាន​កំហុស​ដែរ តែ​ឋានៈត្រឹម​ថៅ​កែ​ហាង​មួយ​សោះ​ មាន​អង្គរក្ស មាន​កាំភ្លើង​ប្រើ​ប្រាស់​យក​ទៅ​វាយ​គេ​នោះ បាន​កាំភ្លើង​ពីណា​ នរណា​ចេញ​លិខិត​ឲ្យ​ប្រើប្រាស់​? ហើយ​រហូត​មក​ទល់​ថៃ្ង​នេះ ហាង​នោះ​ នៅ​តែ​អាច​ដំណើរ​ការ​លក់​ដូរ​បាន​ទៀត​តើ​ហេតុ​អ្វី? ខ្ញុំ​នៅ​ចាំ​បាន​ថា លោក ហ៊ុន សែន ធ្លាប់​មាន​ប្រសាសន៍​អះអាង​ថា អ្នក​មាន​សិទ្ធិ​ប្រើ​ប្រាស់​កាំភ្លើង​ខ្លី លុះ​ត្រា​តែ​មាន​ឋានៈ​ពី​ថ្នាក់​វរសេនីយ៍ទោ ឡើង​ទៅ តែ​សព្វ​ថ្ងៃ​នេះ​កុំ​ថា​ឡើយ​វរសេនីយ៍ទោ ព្រិន្ទបាល​ឯក​ក៏មាន​សិទ្ធិ​ប្រើ​ប្រាស់​ដែរ ។ ខ្លះ​អត់​មាន​ទាំង​ដោយ​ផង ករណី​ដូច​ជា កែន សារ៉ា មន្ត្រី​ខុទ្ទកាល័យ​លោក ហ៊ុន សែន ផ្ទាល់ ​ដែល​បាញ់​បោះ​សេរី ហើយ​ត្រូវ​សមត្ថ​កិច្ច​ចាប់​ដាក់​គុក​ កាល​ពី​អំឡុង​​ចូល​ឆ្នាំ​ខ្មែរ​នោះ​ជា​ដើម។ ការ​សរសេរ​នេះ​ពុំ​មែន​មាន​ន័យ​ ថា​ ផ្ចាញ់​ផ្ចាល​សម្តេច ហ៊ុន សែន ទេ តែ​ក្នុង​នាម​ប្រជា​ពលរដ្ឋ​ម្នាក់ គ្រាន់​តែ​ចង់​ជូន​ជា​ព័ត៌មាន​ថា សូម​សម្តេច​គួរ​តែ​ត្រួត​ពិនិត្យ​ឡើង​វិញ​នូវ​រាល់​បទ​បញ្ជា​របស់​សម្តេច ជា​ពិសេស គឺ​បទ​បញ្ជា​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​កាំភ្លើង​នេះ។ សម្តេច​ធ្លាប់​នៅ​ចាំ​បាន​ទៀត​ទេ សម្តេច​ធ្លាប់​បាន​មាន​ប្រសាសន៍​ថា គណបក្ស​ប្រឆាំង ​បើ​ដឹង​ថា​ មាន​កាំភ្លើង​តែ​មួយ​ដើម អ្នក​ឯង​នឹង​អាយុ​ខ្លី! ចុះ​ឋានៈ​ត្រឹម​ថៅ​កែហាង​មួយ ហើយ​នៅ​ឯ​ខេត្ត​ទៀត តែ​មាន​អង្គ​រក្ស​ប្រើ​កាំភ្លើងខ្លី ហេតុ​អ្វី​ក៏​គ្មាន​ទោស? បើ​តាម​កាសែត​ចុះ​ផ្សាយ​កន្លង​មក ​ម្ចាស់​ហាង​មាន​ឈ្មោះ លី សុខ​ងីម ស្គាល់​ទាំង​ម្ចាស់​ច្បាស់​យ៉ាង​នេះ​ ច្បាស់​ទៅ​ហើយ ចុះចៅ​ហ្វាយខេត្ត​លោក​ ប៉ាវ ហម​ផាន រវល់​ធ្វើ​អី បាន​ជា​ធ្វើ​មិន​ដឹង មិន​ឮ​ដែរ ឬ​ក៏​ចាំ​ទាល់​តែ​សម្តេច​ស្រែក​បាន​ធ្វើ? វា​ចម្លែក​ដែរ នៅ​ទូទាំង​ប្រទេស បើ​មាន​ករណី​បែប​នេះ​ឋានៈ​ត្រឹម​អភិបាល​ស្រុក ​ក៏​គេ​មាន​អំណាច អាច​ឲ្យ​បិទ ឬ ផ្អាក​សិន​ដែរ តែ​នេះ​ស្ងាត់​ច្រៀប​ ទាំង​អភិបាល​ស្រុក ទាំង​អភិបាល​ខេត្ត ទាំង​តុលាការ ឬ​ក៏​ម្ចាស់​ហាង លី សុខ​ងីម នោះ​ មាន​បុណ្យ​ស័ក្តិ​ធំ​ជាង​ចៅ​ហ្វាយ​ខេត្ត?

 វា​អា​ក្រក់​មើល​ពេក​ណាស់ និង​បង្ហាញ​ពីភាព​កម្សោយ​ពេក ដល់​ថ្នាក់​ចៅហ្វាយ​ខេត្ត​មិន​ដឹង​ថា ​ធ្វើ​ស្អី​ថៅ​កែ​ហាង​មួយ​កើត វា​ខូច​ទាំង​តម្លៃ នាយក​រដ្ឋ​មន្ត្រី​ថែម​ទៀត។  ប៉ុន្តែ​ថា​ចៅ​ហ្វាយ​ខេត្ត​ចុះអ៊ីចឹង ចុះ​តុលា​ការ​ខេត្ត​យ៉ាង​ម៉េច​ដែរ លោក​ព្រះ​រាជ អាជ្ញា យ៉ាង​ណា បាន​ជា​ស្ងាត់​ដែរ ខ្ញុំ​មិន​ជឿ​ថា​ ជន​រង​គ្រោះ​មិន​ប្តឹង​នោះ​ទេ ឬក៏​ស្តង់​ដា​រច្បាប់​នៅ​ស្រុក​ខ្មែរ ខុស​គ្នា? ដូច​ជា​ក្រុម​ដែល​ត្រូវ​រដ្ឋាភិបាល​ចោទ​ថា​ ប៉ុន​ប៉ង​បង្កើត​តំបន់​អប​គមន៍ បាន​ត្រូវ​បញ្ជា​ឲ្យ​ដេញ​ប៉ផាប់​ចាប់ព​ភីង ដូច​ករណី​ស្ត្រី​នៅ​បឹង​កក់ និង​ទំនាស់​ដីធ្លី​ផ្សេងៗ​ទៀត​ជា​ដើម។

 ចំណែក​ឯក​ឧត្តម ស ខេង សូម​មេត្តា​ពិនិត្យ​ខេត្ត រតន​គិរី នេះ​ផង ចៅ​ហ្វាយ​ខេត្ត​មុនៗ មិន​សូវ​សម្បូរ​រឿង​អាស្រូវ​ដូច​សព្វ​ថ្ងៃ​នេះទេ លើក​លែង​តែ​ករណី​កាប់​ឈើ តែ​ឥឡូវ​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​ ប៉ាវ ហម​ផាន សម្បូរ​រឿង​ណាស់ ឃាត​កម្ម កាប់ចាក់​ក៏​សម្បូរ ចោរ​ប្លន់​ក៏​ញឹក មាន​អា​ប្លន់​មក​ពី​ខេត្ត​ក្រៅ​ពួនសម្ងំ​នៅ​ក្នុង​ខេត្ត​ក៏​មាន ហើយ​ពី​មុន​ល្បែង​ភ្នាល់​បាល់ ចាក់​កន្ទុយ​លេខ​អត់​មាន​ទេ តែ​ឥឡូវ​ចាប់​ផ្តើម​មាន​ហើយ មិន​ដឹង​ថា​តើ​លោក​អភិបាល​ខេត្ត​បាន​ដឹង​ឬ​អត់?
ដោយ​ កាន់ វិរៈ

No comments:

Official Resume of H.E. Dr. SAR Sokha, Deputy Prime Minister and Minister (April 2024)

    CURRICULUM VITAE   1.            Surname - Given Name :    SAR SOKHA   7.            FAMILY STATUS: a.        Spouse: KE SOUNSO...