Wednesday 27 June 2012

នាយក​រដ្ឋ​មន្រ្តី​បញ្ជាក់​ពី​បញ្ហា​ដី​សម្បទាន​ដែល​ចម្រូង​ចម្រាស


 27 June 2012 វង្ស សុខេង និង​ ជាង សុខា

ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​បដិសេធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ដ៏​ចម្រូង​ចម្រាស ដែល​ថា​ លោក​​បាន​ចុះ​ហត្ថលេខា ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច បន្ថែម​ទៀត ទៅ​ឲ្យ​ក្រុម​ហ៊ុន​ឯកជន នៅ​ក្រោយ​ពេល​ដែល​លោក ​បាន​ចេញ​បទ​បញ្ជា​ឲ្យ​ផ្អាក កាល​ពី​ថ្ងៃ​ទី ៧ ខែ​ឧសភា។

ថ្លែង​ទៅ​កាន់​យុវ​ជន​ស្ម័គ្រ​ចិត្ត​ប្រមាណ​ ១០០០ នាក់ ដែល​ជ្រើស​រើស​ដើម្បី​ចុះ​ទៅ​វាស់​វែង​បែង​ចែក​ដី​ធ្លី​ ជូន​ប្រជា​ពលរដ្ឋ នៅ​តាម​តំបន់​ដែល​មាន​ជម្លោះ​ដី​ធ្លី ជាមួយ​ក្រុមហ៊ុន​ឯកជន ​លោក​នាយក​រដ្ឋ​មន្រ្តី បាន​រិះ​គន់​កាសែត ភ្នំពេញ ប៉ុស្តិ៍ និង​កាសែត ឌឹ ខេមបូឌា ដេលី យ៉ាង​ខ្លាំងៗ ដោយ​លោក​មាន​ប្រសាសន៍​ថា កាសែត​ទាំង​ពីរ​ សរ​សេរ​អត្ថ​បទ​ព័ត៌មាន ដោយ​គ្មាន​មូល​ដ្ឋាន​ច្បាប់។

លោក ហ៊ុន សែន បាន​បញ្ជាក់​ថា៖ «​ខ្ញុំ​គោរព​សារ​ព័ត៌មាន ក៏​ប៉ុន្តែ​សារ​ព័ត៌មាន​ដែល​ខ្វះ​វិជ្ជា​ជីវៈ ឬក៏​ខ្វះ​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ ឬក៏​មាន​ចេតនា​បំផ្លិច​បំផ្លាញ​ គួរ​ត្រូវ​បាន​កែ​តម្រូវ បើ​មិន​កែ​តម្រូវ យើង​អាច​មាន​បញ្ហា​ជា​មួយ​គ្នា»។ លោក​បាន​បន្ថែម​ថា៖ «​ខ្ញុំ​ចេះ​តែ​ដាស់​តឿន​ ដោយ​ត្រូវ​មើល​ពី​ដើម​ដល់​ចប់ កុំ​មើល​មួយ​ចំណុច ហើយ​មាន​ចេត នា​បំផ្លាញ»។ លោក ហ៊ុន សែន បញ្ជាក់​ថា បទ​បញ្ជា​លេខ ០១​ របស់​លោក​ ដែល​មាន​បួន​ចំណុច លោក​សូម​លើកតែ ២ ចំណុច​ទេ ដែល​ជាប់​ពាក់​ព័ន្ធ​គ្នា ហើយ​ចំណុច​ទី ១ ចែង​ច្បាស់​ថា ផ្អាក​បណ្តោះ​អាសន្ន ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច និង​ចំណុច​ទី ៤ ចែង​ច្បាស់​ថា ​ចំពោះ​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​ទទួល​បាន​ការ​អនុញ្ញាត​ជា​គោលការណ៍ ពី​រដ្ឋាភិបាល​រួច​ហើយ​ មុន​ថ្ងៃ​ចេញ​បទ​បញ្ជា​នេះ ​ត្រូវ​បន្ត​អនុវត្ត​តាម​គោលការណ៍​ច្បាប់ និង​នីតិវិធី​ជា​ធរមាន។ ​លោក​បន្ថែម​ថា ​ប្រសិន​បើ​ដី​សម្បទាន​សេដ្ឋកិច្ច​ មិន​ទាន់​កំណត់​ជា​ដីឯក​ជន​របស់​រដ្ឋ​នាយក​រដ្ឋ​មន្រ្តី​ ត្រូវ​ចុះ​ហត្ថលេខា លើ​អនុក្រឹត្យ និង​មាន​នីតិវិធី​ជា​ច្រើន​ទៀត បន្ទាប់​មក​ក្រុមហ៊ុន ត្រូវ​អនុវត្ត​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋាភិបាល គឺ​ត្រូវ​សហការ​ជាមួយ​នឹង​ក្រសួង​កសិកម្ម កំណត់​ព្រំ​ប្រទល់ ឬ​កាត់​ដី​ចេញ​ពី​ទំហំ​ជាក់​ស្តែង បើ​ប៉ះពាល់​ដី​ព្រៃ​ ត្រូវ​កាត់​ចេញ បើ​ប៉ះពាល់​អ្នក​ភូមិ ត្រូវ​រក្សា​ដី​ឲ្យ​ពួក​គេ។

យោង​តាម​ព្រះ​រាជក្រឹត្យ​ថ្ងៃ​ទី ១២ ខែ​មិថុនា និង​ថ្ងៃ​ទី ១៥ ខែ​មិថុនា លោក​នាយក​រដ្ឋ​មន្រ្តី​ បាន​ចុះ​ហត្ថលេខា​លើ​អនុក្រឹត្យ ៩ នៅ​ថ្ងៃ​ទី ៧ ខែ​មិថុនា ដែល​កំណត់​ដី​សាធារណៈ​របស់​រដ្ឋ​ ទៅ​ជា​ដី​ឯកជន​របស់​រដ្ឋ ក្នុង​តំបន់​អភិរក្ស​សត្វ​ព្រៃ ដែល​លោក​នាយក​រដ្ឋ​មន្រ្តី អះអាង​ថា ​អនុក្រឹត្យ​ទាំង​នោះ​ ជា​ផ្នែក​នៃ​នីតិវិធី​ច្បាប់​ និង​គោលការណ៍​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​បាន​អនុម័ត​ជា​គោលការណ៍​រួច​ហើយ ដោយ​រដ្ឋាភិបាល។​

លោក​បន្ត​ថា៖ «ត្រូវ​បំពេញ​នីតិវិធី​ឲ្យ​គេ [ម្ចាស់​ដី​សម្បទាន​សេដ្ឋកិច្ច​] ក្នុង​នីតិវិធី​រាប់​ទាំង​អនុក្រឹត្យ​ អនុបយោគ។ ​[ប្រព័ន្ធ​ផ្សព្វផ្សាយ] មើល​ច្បាប់​ឲ្យ​គ្រប់គ្រាន់ ចាំ​និយាយ​តាំង​ខ្លួន​ជា​បណ្ឌិត»។
លោក ច័ន្ទ សារុន រដ្ឋ​មន្រ្តី​ក្រសួង​កសិកម្ម បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា តាម​ពិត នីតិវិធី​អនុវត្ត​ នឹង​ត្រូវ​ការ​រយៈ​ពេល​ពី ២ ទៅ​ ៣ ខែ បន្ទាប់​ពី​រដ្ឋាភិបាល​ អនុម័ត​ជា​គោលការណ៍ ហើយ​ក្រុមហ៊ុន ​ត្រូវ​ធ្វើ​ការ​ឲ្យ​បាន​ជិតស្និទ្ធ ជាមួយ​នឹង​ក្រសួង​កសិកម្ម លើ​ផែន​ការ​មេ និង​យន្ត​ការ​ដទៃ​ទៀត មុន​នឹង​ចុះ​ហត្ថលេខា លើ​កិច្ច​ព្រមព្រៀង​ផ្លូវ​ការ។

លោក​បញ្ជាក់​ថា៖ «​ខ្ញុំ​គិត​ថា​ នេះ​ជា​ការ​ភ័ន្តច្រឡំ របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ដែល​មិន​យល់​ដឹង​ ពី​នីតិវិធី វាជា​ការងារ​បច្ចេកទេស​។ ឥឡូវ​នេះ យើង​កំពុង​ធ្វើ​ការ​លើ​បញ្ហា​បច្ចេកទេស ដល់​ក្រុមហ៊ុន​ដទៃ​ទៀត ដែល​ទទួល​បាន​ការ​អនុញ្ញាត​ជា​គោលការណ៍ ប៉ុន្តែ​មិន​ទទួល​បាន​ការ​អនុញ្ញាត​ជា​ផ្លូវ​ការ​ពី​ប្រមុខ​រដ្ឋាភិបាល»។ បើ​តាម​លោក ច័ន្ទ សារុន ​ក្រសួង​កសិកម្ម បាន​ផ្តល់​ដី​សម្បទាន​ប្រហែល ១,២ លាន​ហិកតា ដល់​ក្រុមហ៊ុន​ឯកជន ១៧៦ ចាប់​តាំង​ពី​ឆ្នាំ ១៩៩៥ មក ប៉ុន្តែ​ក្រុម​ហ៊ុន ៥៨ ត្រូវ​បាន​លុប​ចោល​ដី​សម្បទាន​សេដ្ឋកិច្ច​ដោយ​សារ​រំលោភ​លើ​កិច្ច ព្រមព្រៀង៕ TK

No comments:

China's Confucius Institutes flourish in ASEAN after West's freeze-out (西方冷落后中国孔子学院在东盟蓬勃发展)

  Geopolitical baggage less of a factor, while learning Chinese is seen as a smart move 地缘政治包袱影响较小,学习中文被视为明智之举 https://asia.nikkei.com/P...