Wednesday 27 June 2012

និស្សិត​មួយ​ចំនួន​បារម្ភ​ពី​ទីផ្សារ​ការងារ​នៅ​កម្ពុជា

2012-06-27
និស្សិត​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ បាន​អះអាង​ថា បច្ចុប្បន្ន​ទីផ្សារ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ការ​ពិបាក និង​តូច​ចង្អៀត​សម្រាប់​និស្សិត​ដែល​ទើប​ចេញ​ពី​សាលារៀន។

លោក ម៉ា រស្មី រៀន​នៅ​សាកលវិទ្យាល័យ ន័រតុន (Norton) ឆ្នាំ​ទី​៤ ផ្នែក​អគ្គិសនី និង​អេឡិចត្រូនិក បាន​អោយ​ដឹង​ថា លោក​បាន​ដើរ​រក​ការងារ​ធ្វើ​ជា​ច្រើន​កន្លែង​ហើយ ប៉ុន្តែ​មិន​ទាន់​មាន​កន្លង​ណា​មួយ​ហៅ​លោក​ទៅ​សម្ភាសន៍​នោះ​ទេ។ លោក​ថា លោក​មាន​ការ​បារម្ភ​ខ្លាំង​ចំពោះ​ទីផ្សារ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា បច្ចុប្បន្ន​នេះ។ ការ​សិក្សា​របស់​លោក​ជិត​បញ្ចប់​ទៅ​ហើយ ក៏​មិន​ដឹង​ថា លោក​នឹង​អាច​រក​ការងារ​បាន​ធ្វើ​សម្រាប់​តប​ស្នង​ទៅ​ដល់​ក្រុម​គ្រួសារ​របស់ ​លោក ដែល​បាន​ផ្ដល់​ជា​ថវិកា​អោយ​លោក​សិក្សា​រៀន​សូត្រ​នោះ​ដែរ។

លោក​បន្ត​ទៀត​ថា ទីផ្សារ​នៅ​កម្ពុជា តូច​ចង្អៀត​ណាស់ បើ​រាជ​រដ្ឋាភិបាល​បើក​ទីផ្សារ​សេរី​មួយ​នៅ​ឆ្នាំ​២០១៥ ទៀត​នោះ នឹង​រឹត​តែ​ធ្វើ​អោយ​និស្សិត​ជា​ច្រើន​អត់​ការងារ​ធ្វើ​ជា​មិន​ខាន។
លោក អាង គឹមទៀង រៀន​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ផ្នែក​វិទ្យាសាស្ត្រ​សត្វ ឆ្នាំ​ទី​៤ បាន​អោយ​ដឹង​ថា ជំនាញ​របស់​លោក​កាល​ពី​មុន​មិន​សូវ​មាន​ទីផ្សារ​ប៉ុន្មាន​ទេ តែ​បច្ចុប្បន្ន​វា​មាន​ទីផ្សារ​បន្តិច​ហើយ ដោយសារ​ប្រទេស​កម្ពុជា ជា​ប្រទេស​មួយ​ដែល​កំពុង​តែ​អភិវឌ្ឍន៍ និង​មិន​សូវ​មាន​អង្គការ​ណា ឬ​ក៏​ក្រុមហ៊ុន​ណា​មួយ​ដែល​ចូល​មក​វិនិយោគ​ទុន​មក​លើ​ជំនាញ​នេះ​ដែរ។ ភាគ​ច្រើន​និស្សិត​មិន​សូវ​អោយ​តម្លៃ​ជំនាញ​កសិកម្ម​នេះ​ប៉ុន្មាន​ទេ ប៉ុន្តែ​លោក​ថា លោក​ក៏​មាន​ការ​បារម្ភ​ដែរ​ចំពោះ​ការ​ស្វែង​រក​ការងារ​ធ្វើ​របស់​លោក ព្រោះ​ពេល​នេះ​លោក​នឹង​ត្រូវ​បញ្ចប់​នៅ​សាលា​ក្នុង​ពេល​ឆាប់ៗ​នេះ។

លោក​បន្ត​ទៀត​ថា លោក​មិន​ដឹង​ថា​នៅ​ពេល​ដែល​លោក​ដាក់​ប្រវត្តិរូប​ទៅ តើ​អង្គការ ឬ​ក្រុមហ៊ុន​ណា​មួយ​អាច​ទទួល​លោក​យក​មក​ធ្វើ​ការ​ជាមួយ​គេ​នោះ​ទេ។

ចំណែក​ឯ​កញ្ញា ស៊ុយ រដ្ឋា រៀន​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង ផ្នែក​ទេសចរណ៍ ឆ្នាំ​ទី​១ ប្រាប់​អោយ​ដឹង​ថា នាង​មិន​សូវ​មាន​ការ​ព្រួយ​បារម្ភ​ប៉ុន្មាន​ទេ ចំពោះ​ទីផ្សារ​ការងារ ព្រោះ​ថា មុខ​ជំនាញ​របស់​នាង​គឺ​ងាយ​រក​ការងារ​ធ្វើ ហើយ​នាង​ក៏​សង្ឃឹម​ថា នៅ​ពេល​ដែល​បញ្ចប់​ការ​សិក្សា នឹង​អាច​រក​ការងារ​មួយ​បាន​ល្អ​សម្រាប់​ជីវិត​របស់​ខ្លួន និង​សង្គម​គ្រួសារ​របស់​នាង​ដែរ។
កញ្ញា​បន្ត​ទៀត​ថា នៅ​ក្នុង​សង្គម​ការងារ​បច្ចុប្បន្ន ភាគ​ច្រើន​តាម​អង្គការ ឬ​ក្រុមហ៊ុន​នៅ​ពេល​ជ្រើសរើស​បុគ្គលិក​ធ្វើ​ការងារ​ម្តងៗ មិន​សូវ​រើស​យក​និស្សិត​ដែល​បាន​បញ្ចប់​ពី​សាលា​ភ្លាម​នោះ​ទេ។

ទាក់ទិន​នឹង​បញ្ហា​នេះ សកលវិទ្យាធិការ​រង​នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង លោក សារិក ប៊ុនធឿន មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​និស្សិត​រៀន​ចប់​ហើយ​មិន​សូវ​មាន​ការងារ​ធ្វើ គឺ​ដោយសារ​និស្សិត​មួយ​ចំនួន​រៀន​ចង់​បាន​តែ​សញ្ញាបត្រ និង​មួយ​ចំនួន​ទៀត​ពួក​គាត់​ខ្វះ​សមត្ថភាព​ក្នុង​ការ​ធ្វើ​បទសម្ភាសន៍​ជាមួយ ​ក្រុមហ៊ុន។ លោក​យល់​ថា និស្សិត​បច្ចុប្បន្ន​នេះ ការ​សិក្សា​របស់​គាត់​គឺ​នៅ​មាន​កម្រិត​ខ្សោយ​នៅ​ឡើយ។

លោក​បន្ត​ទៀត​ថា និស្សិត​ដែល​បាន​ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​មាន​ចំនួន ​និស្សិត ៧៥​ភាគរយ ទៅ ៨០​ភាគរយ ដែល​មាន​ការងារ​ធ្វើ ប៉ុន្តែ​ចំពោះ​តែ​និស្សិត​រៀន​ពេល​យប់​តែប៉ុណ្ណោះ។ លោក​គិត​ថា ទីផ្សារ​ការងារ​នៅ​កម្ពុជា មិន​សូវ​ទូលាយ​ប៉ុន្មាន​ទេ ហើយ​ភាគ​ច្រើន​និស្សិត​ចូល​ចិត្ត​សិក្សា​តែ​ជំនាញ​ដែល​ពួក​គេ​គិត​ថា ការងារ​នោះ​អង្គុយ​នៅ​កន្លែង​ត្រជាក់ ដូចជា​ធនាគារ ហរិញ្ញវត្ថុ ផ្នែក​គណនេយ្យ និង​ផ្នែក​គ្រប់គ្រង​ជាដើម ដែល​លោក​ថា ពួកគេ​គិត​ថា ជំនាញ​ទាំង​អស់​នេះ​ជា​ជំនាញ​មួយ​ដែល​ការងារ​នៅ​ក្នុង​តែ​ការិយាល័យ។

លោក សារិក ប៊ុនធឿន បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ទីផ្សារ​ការងារ​បច្ចុប្បន្ន គឺ​មាន​តែ​ការងារ​ដែល​មាន​ប្រាក់​ខែ​តិចៗ មិន​អាច​យក​ទៅ​ប្រកួតប្រជែង​ជាមួយ​ទីផ្សារ​អន្តរជាតិ​បាន​ទេ។
នាយក​ប្រតិបត្តិ​នៃ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន លោក ជាង សុខា មាន​ប្រសាសន៍​ថា នៅ​ក្នុង​មួយ​ឆ្នាំៗ មាន​និស្សិត​ចំនួន ៣​ម៉ឺន ទៅ ៤​ម៉ឺន​នាក់ ដែល​បាន​ចេញ​ពី​សាកលវិទ្យាល័យ ហើយ​ភាគ​ច្រើន​ពួក​គាត់​ពិបាក​រក​ការងារ​ធ្វើ​អោយ​ត្រូវ​នឹង​ជំនាញ​របស់​ ខ្លួន។

លោក​ថា ការ​សិក្សា​មួយ​ជា​រួម មាន​កម្លាំង​ពលកម្ម​ចំនួន ៣០​ម៉ឺន ទៅ ៤០​ម៉ឺន​នាក់ មាន ២៧​ភាគរយ​ទេ ដែល​អាច​ទទួល​ការងារ​បាន​ធើ្វ ហើយ​នៅ​ក្នុង​ចំណោម ២៧​ភាគរយ​នេះ មាន​អ្នក​ធើ្វ​ការ​រក​ស៊ី​ដោយ​ខ្លួន​ឯង​ផ្ទាល់ និង​អ្នក​ដែល​ទទួល​បាន​ប្រាក់​ខែ​មាន​ចំនួន​ជាង ២០​ភាគរយ​តែប៉ុណ្ណោះ។
លោក​បន្ត​ទៀត​ថា និស្សិត​មួយ​ចំនួន​នៅ​ពេល​បច្ចុប្បន្ន​នេះ​ចេះ​បង្កើត​ការងារ​ដោយ​ខ្លួន​ឯង ដោយ​មិន​រង់ចាំ​ការងារ​នៅ​តាម​អង្គការ ឬ​ក្រុមហ៊ុន​នោះ​ទេ។

របាយការណ៍​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ឲ្យ​ដឹង​ថា កម្ពុជា​មាន​សិស្ស-​និស្សិត ទាំង​នៅ​​សាលា​រដ្ឋ ​និង​ឯក​ជន ​មាន​ប្រមាណ​ ៣,៥​លាន​នាក់ កំពុង​សិក្សា​នៅ​ទូទាំង​​​ប្រទេស។
ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា បច្ចុប្បន្ន​ត្រូវ​បាន​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ សិក្សា​ឃើញ​ថា នៅ​មាន​ភាព​ទន់​ខ្សោយ ដោយសារ​គ្រូ​មួយ​ចំនួន​មិន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បង្រៀន កើត​មាន​អំពើ​ពុករលួយ​ក្នុង​ប្រព័ន្ធ​អប់រំ ដែល​បណ្ដាល​មក​ពី​គ្រូបង្រៀន​មាន​ប្រាក់​ខែ​ទាប មិន​សមស្រប​នឹង​តម្លៃ​ទំនិញ​លើ​ទីផ្សារ៕

No comments:

China's Confucius Institutes flourish in ASEAN after West's freeze-out (西方冷落后中国孔子学院在东盟蓬勃发展)

  Geopolitical baggage less of a factor, while learning Chinese is seen as a smart move 地缘政治包袱影响较小,学习中文被视为明智之举 https://asia.nikkei.com/P...