Sunday, 24 June 2012

សម្តេច ហ៊ុន សែន ៖ ការបោះ បង្គោលព្រំដែន កម្ពុជា-វៀតណាម ឈរលើមូលដ្ឋានច្បាប់


Sunday, 24 June 2012 13:12 ដោយ ៖អេង គឹមជាង-Posted:ID068/DAP News 

កំពត៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ការបង្គោលព្រំដែន រវាងប្រទេសកម្ពុជា និងវៀតណាម ប្រព្រឹត្តទៅដោយ សំអាងទៅលើកិច្ចព្រមព្រៀង របស់បារាំង ដែលបានរក្សាទុក តាំងពីសម័យអណានិគម និយបារាំងមកម្ល៉េះ។

សម្តេចអគ្គមមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បែបនេះ នាឱកាសអញ្ជើញចូលរួម ជាអធិតីភាព ដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីសម្ពោធបង្គោលព្រំដែន លើខ្សែបន្ទាត់ ព្រំដែនគោក លេខ៣១៤ ដែលមានទីតាំង ស្ថិតនៅច្រកព្រែកចាក ស្រុកកំពង់ត្រាច ខេត្តកំពត នៃប្រទេសកម្ពុជា ឈមនឹងខេត្តគៀនយ៉ាង ប្រទេសវៀតណាម នាព្រឹកថ្ងៃអាទិត្យ ទី២៤ ខែមិថុនា ឆ្នាំ២០១២។

សម្តេចបន្តថា ការបោះបង្គោលព្រំដែន រវាងប្រទេសទាំងពីរ គឺឈរលើមូលដ្ឋានច្បាប់ និងអន្តរជាតិ ដោយគោរពតាមការ ព្រមព្រៀងរបស់បារាំង ដែលបានរក្សាទុក ហើយការបង្គោលព្រំដែន គោកលេខ ៣១៤នេះ មានសារសំខាន់ណាស់ សម្រាប់តភ្ជាប់ ក្នុងការបោះបង្គោល ព្រំដែនទឹក នៃប្រទេសទាំងពីរ។

សម្តេចបន្តថា ការបោះបង្គោលព្រំដែននេះ មិនត្រឹមតែជាការពុះចែកព្រំសីមា នៃប្រទេសទាំងពីរនោះទេ ប៉ុន្តែវាជាការចង់បាន និងទន្ទឹងរង់ចំារវាងប្រទេសទាំងពីរ។
សម្តេចបានបញ្ជាក់ថា "ការបោះបង្គោលព្រំដែន កម្ពុជា-វៀតណាម លេខ៣១៤នេះ ដើម្បីឲ្យក្លាយទៅជាយន្តការ ប្រគៀកស្មាគ្នា ក្នុងស្មារតីភាតរភាពជាអមតៈ និងការបង្កើត នៃកិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យ នៅតាមបណ្តោយខ្សែបន្ទាត់ នៃប្រទេសទាំងពីរ" ។

នៅក្នុងឱកាសនោះ លោក ង្វៀន តាន់យ៉ុន នាយករដ្ឋមន្រ្តី នៃប្រទេសវៀតណាម មានប្រសាសន៍ផងដែរថា ការបង្គោលព្រំដែនលេខ ៣១៤ នៅជាប់មាត់សមុទ្រ នៃប្រទេសទាំងពីរ ដែលមានខ្យល់អាកាសបរិសុទ្ធនេះ ដែលអនាគតរំពឹងថា នឹងក្លាយជាតំបន់ទេសចរណ៍ ដ៏សំខាន់របស់ប្រជាជន រវាងប្រទេសទាំងពីរ និងភ្ញៀវទេសចរ អន្តរជាតិ ហើយពេលនោះ នឹងបង្ហាញពីកិច្ចសហប្រតិបត្តិការ កាន់តែខ្លាំងរបស់ប្រទេសទាំងពីរ បន្ថែមទៀត។
លោក ង្វៀន តាន់យ៉ុង បានកោតសរសើរ ដល់មន្រ្តីគណៈកម្មការព្រំដែន នៃប្រទេសទាំងពីរ ហើយលោកជំរុញឲ្យមន្រ្តី នៃប្រទេសទាំងពីរ បន្តបោះបង្គោលព្រំដែន ដទៃទៀត។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ប្រធានគណៈកម្មាធិការ កិច្ចការព្រំដែន របស់កម្ពុជា បានមានប្រសាសន៍ថា រហូតមកដល់ ពេលបច្ចុប្បន្ននេះ ភាគីទាំងពីរ កម្ពុជា-វៀតណាម បានបោះបង្គោល ព្រំដែនគោក បានចំនួន ២៨៧ បង្គោលរួចហើយ ក្នុងចំណោម បង្គោលព្រំដែនគោក ទាំងអស់ចំនួន៣១៧ បង្គោលព្រំដែន។

បើតាមលោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ថវិកាជាង១៦ លានដុល្លារ ត្រូវបានចំណាយ សម្រាប់ការបោះបង្គោល ព្រំដែនគោក ទាំង៣១៧ បង្គោលនេះ ដោយមិនទាន់ គិតពីតម្លៃ នៃការដឹកជញ្ជូន ពីកន្លែងធ្វើទៅកាន់ទីតាំង បោះនៅឡើយនោះទេ។ មន្រ្តីជាន់ខ្ពស់រូបនេះ ធ្លាប់បានបញ្ជាក់ថា ភាគីទំាងពីរ បានសន្យាគ្នាថា ការងារបោះបង្គោល ព្រំដែនគោកទំាងអស់ នឹងត្រូវបញ្ចប់នៅចុងឆ្នាំ២០១២ នេះ៕

No comments:

Enhancing Loan Payment Efficiency Through Mobile App Technology Utilization in the Banking Sector of Battambang City, Cambodia

Enhancing Loan Payment Efficiency Through Mobile App Technology Utilization in the Banking Sector of Battambang City, Cambodia : In the cont...