Tuesday 31 July 2012

ការ​រិះគន់​ពី​គុណភាព​នៃ​ការ​បំពេញ​ការងារ​របស់​មន្ត្រី​រាជការ

ក្រុម​អ្នក​ស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍន៍​សង្គម បាន​លើក​ឡើង​ថា មន្ត្រី​រាជការ​បម្រើ​ការងារ​នៅ​តាម​ស្ថាប័ន​រដ្ឋ ធ្វើ​ការ​បាត់បង់​នូវ​ក្រម​សីលធម៌ វិជ្ជាជីវៈ និង​គ្មាន​វិន័យ ពីព្រោះ​ថា នៅ​តាម​ស្ថាប័ន​ទាំង​នោះ បុគ្គលិក​នីមួយៗ​ធ្វើ​ការ​មិន​បង្ក​ភាព​ងាយ​ស្រួល​ដល់​អ្នក​ទៅ​ទទួល​សេវា​ នោះ​ឡើយ។
អ្នក​ស្រាវជ្រាវ​បាន​ពន្យល់​ថា មន្ត្រី​រាជការ​ទាំង​អស់ ទោះ​បី​ជា​បំពេញ​ការងារ​ប្រចាំ​ថ្ងៃ​មិន​សកម្ម មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ការងារ​យ៉ាង​ណា​ក៏ដោយ ក៏​ពួក​គេ​មិន​ប្រឈម​នឹង​ការ​ទទួល​ទោស​កំហុស​អ្វី​ដែរ ពិសេស​មិន​ប្រឈម​នឹង​ការ​ដក​ចេញ​ពី​ការងារ​ដូច​បុគ្គលិក​បម្រើ​ការងារ​នៅ​ ក្រុមហ៊ុន​ឯកជន​នោះ​ទេ ដែល​បញ្ហា​ទាំង​នេះ​វា​រាំង​ស្ទះ​ដល់​ការ​អនុវត្ត​ការងារ​ឲ្យ​មាន​ ប្រសិទ្ធភាព។

អ្នក​ស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា អស់​រយៈពេល​ជាង ៣០​ឆ្នាំ​កន្លង​មក​នេះ ទាំង​រដ្ឋាភិបាល ទាំង​ប្រទេស​ជា​ម្ចាស់​ជំនួយ បាន​មើល​រំលង​អំពី​ការ​បំពេញ​ការងារ​របស់​មន្ត្រី​រាជការ​ដែល​បម្រើ​ការងារ​ នៅ​ស្ថាប័ន​រដ្ឋ ពីព្រោះ​ថា រដ្ឋាភិបាល ឬ​ក្រសួង​នីមួយៗ មិន​មាន​តារាង​វិភាគ​ទៅ​លើ​តួនាទី និង​ភារកិច្ច​របស់​មន្ត្រី​នីមួយៗ​ឲ្យ​បាន​ច្បាស់លាស់។

លោក កែម ឡី៖ «រដ្ឋាភិបាល​មិន​ហ៊ាន​ធ្វើ​ការ​វិភាគ​មុខងារ និង​ភារកិច្ច​ស៊ី​ជម្រៅ ទោះ​បី​ជា​មាន​ការ​ជួយ​ប្រាក់​ឧបត្ថម្ភ​ពី​ភ្នាក់ងារ​ពិសេស PAC មានPOC មាន​ជួយ​ច្រើន​ក្ដី ហើយ​ភ្នាក់ងារ​ជា​ដៃគូ​ជួយ​អភិវឌ្ឍ​ក៏​ទទួល​ស្គាល់​ថា មិន​មាន​ប្រសិទ្ធភាព​ដែរ»

ការ​បម្រើ​ការងារ​របស់​មន្ត្រី​រាជការ​នៅ​តាម​ស្ថាប័ន​រដ្ឋ​នីមួយៗ បាន​បង្ក​ការ​លំបាក​ដល់​ប្រជាពលរដ្ឋ​នៅ​ពេល​ប្រជាពលរដ្ឋ​ត្រូវ​ការ​ទៅ​ រត់ការ​ឯកសារ​នានា ដូចជា​ការ​ទៅ​បង់​ពន្ធ​ដីធ្លី ការ​រត់ការ​ស្នើ​សុំ​បើក​អាជីវកម្ម​ផ្សេងៗ ប្រជាពលរដ្ឋ​ត្រូវ​ការ​រង់ចាំ​ពេល​វេលា​ច្រើន​ថ្ងៃ ពេល​ខ្លះ​ត្រូវ​បង់​លុយ​ក្រោម​តុ​ជូន ឬ​សូក​ប៉ាន់ ជា​ថ្នូរ​នឹង​ការ​រត់​ការ​លឿន ឬ ដើម្បី​ឲ្យ​គេ​យក​រៀបចំ​ឯកសារ​ជូន​ឲ្យ​បាន​ឆាប់​រហ័ស​ជាដើម។

ប្រជាពលរដ្ឋ​នៅ​ទីក្រុង​ភ្នំពេញ ឈ្មោះ មុន្នី បាន​ឲ្យ​ដឹង​ថា កាល​ពី​សប្ដាហ៍​មុន​លោក​បាន​ទៅ​បង់​ពន្ធ​រថយន្ត​នៅ​ខណ្ឌ​ទួលគោក ត្រូវ​ចំណាយ​ពេល​ចំនួន​បី​ថ្ងៃ​ទើប​បង់​ពន្ធ​បាន។ លោក មុន្នី អះអាង​ថា ប្រជាពលរដ្ឋ​ភាគ​ច្រើន​ដែល​មិន​ដឹង​រឿង​អំពី​ការ​សូក​ប៉ាន់ ត្រូវ​ឈរ​រង់ចាំ​មន្ត្រី​ពន្ធដារ​ទទួល​យក​ឯកសារ​របស់​ខ្លួន ដែល​ចំណាយ​ពេល​ទៅ​បង់​ពន្ធ​ជា​ច្រើន​ដង ប៉ុន្តែ​បើ​ដឹង​អំពី​របៀប​បង់​លុយ​ក្រោម​តុ​ជូន​គេ ទើប​គេ​សម្រួល​ឯកសារ​បាន​លឿន។

លោក មុន្នី៖ «ដល់​ពេល​យើង​ដាក់​ឯកសារ យើង​ដាក់​ខាង​មុខ​ហ្នឹង យើង​អត់​ដឹង​រឿង​ចេះ​តែ​ចាំ​គេ ពីរ​បី​ថ្ងៃ ជួនកាល​មន្ត្រី​ពន្ធដារ​ប្រាប់​ថា អស់​ហើយ​ក្រដាស​ពន្ធ​តំលៃ ២៥​ម៉ឺន​រៀល ១២​ម៉ឺន​នោះ ខ្ញុំ​ស្ដាប់​ទៅ​វង្វេង។ ដល់​ពេល​ចាំ​យូរ​ពេក ខ្ញុំ​ចុះ​មក​កន្លែង​ផ្ញើ​ម៉ូតូ សួរ​គេ​ទៅ គេ​ប្រាប់​ឲ្យ​ទៅ​បង់​ខាង​ក្រោយ គេ​រត់ការ​ឲ្យ ឲ្យ​គេ ២​ម៉ឺន​៥​ពាន់​ទៅ»

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច និង​សវនកម្ម​នៃ​រដ្ឋ​សភា លោក​បណ្ឌិត ជាម យៀប បាន​ទទួល​ស្គាល់​ថា កន្លង​មក​ការ​អនុវត្ត​ការងារ​របស់​មន្ត្រី​រាជការ​ខ្លះ ធ្វើ​ការងារ​ព្រងើយ​កន្តើយ​នឹង​ការងារ​របស់​ខ្លួន​មែន។
លោក​បណ្ឌិត ជាម យៀប បាន​បំភ្លឺ​ថា បច្ចុប្បន្ន​នេះ​រដ្ឋាភិបាល​មាន​វិធានការ​តឹងតែង​ចំពោះ​មន្ត្រី​ប្រព្រឹត្ត​ អំពើ​ពុករលួយ​ទាំង​ឡាយ ដោយ​រដ្ឋាភិបាល​បាន​បង្កើត​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ជាដើម៖ «ឥឡូវ​ មន្ត្រី​មួយ​ចំនួន​កំពុង​ដាក់​នៅ​ក្នុង​ការ​ពិនិត្យ​របស់​រដ្ឋ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ដែល​គេ​ចង់​បាន អ៊ីចឹង​យើង​កំពុង​រឹតត្បិត យើង​មិន​អាច​ព្រួញ​មួយ​បាញ់​បាន​សត្វ​បាន​ទាំង​បី​ម្ដង​បាន​ទេ»

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ក្រុម​អ្នក​វិភាគ​បាន​ពន្យល់​ថា ប្រព័ន្ធ​ការងារ​របស់​មន្រ្តី​រាជការ​បច្ចុប្បន្ន​នេះ បុគ្គលិក​រដ្ឋ​ធ្វើ​ការ​លឿន និង​យក​ចិត្ត​ទុក​ដាក់​នោះ លុះ​ត្រា​ណា​បុគ្គលិក​ទាំង​នោះ​ធ្វើ​ការ​នៅ​ចំ​កន្លែង​ដែល​មាន​លុយ។ មាន​ន័យ​ថា គេ​មាន​ឱកាស​ដើម្បី​ទទួល​សំណូក​បាន ទោះ​បី​ជា​កម្ពុជា មាន​ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ​ក្ដី។ ក្រុម​អ្នក​វិភាគ​បាន​ឲ្យ​ដឹង​ថា ការ​អនុវត្ត​ការងារ​នៅ​ស្ថាប័ន​រដ្ឋ ជា​ការ​បង្កើត​ការិយាធិបតេយ្យ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ។

អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា មន្ត្រី​រាជការ​បម្រើ​ការងារ​នៅ​ស្ថាប័ន​រដ្ឋ​បច្ចុប្បន្ន​មាន​បញ្ហា​ជា​ ច្រើន ដែល​រដ្ឋាភិបាល​ត្រូវ​តែ​ពង្រឹង​វិន័យ​ឡើង​វិញ ពីព្រោះ​ថា មន្ត្រី​រាជការ​មិន​គោរព​ពេល​វេលា វា​ខុស​ពី​បុគ្គលិក​ធ្វើ​ការ​នៅ​ស្ថាប័ន​ឯកជន រាល់​ពេល​បំពេញ​តួនាទី ឬ​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ​ទាល់​តែ​មាន​លុយ​សូក​ពី​ប្រជាពលរដ្ឋ ទើប​គេ​រហ័សរហួន​ធ្វើ​ការ។
លោក​បណ្ឌិត សុខ ទូច៖ «ការិយាធិបតេយ្យ​បង្កើត​អន្ទាក់​កាន់​តែ​ច្រើន ដើម្បី​ទទួល​ផល លាភ​ពី​ភាព​យឺត​យ៉ាវ​ហ្នឹង។ ទី​២ នីតិវិធី​នៃ​ការ​បង្ក​ភាព​សាំញ៉ាំ​ហ្នឹង​កាន់​តែ​ច្រើន។ ឧទាហរណ៍​ដូច​ជា​បង់​ពន្ធ​ដី នីតិ​វិធី​ស្មុគស្មាញ ដែល​ប្រជាជន​ខ្មែរ​យើង​មិន​សូវ​ចេះ ធ្វើ​ឲ្យ​មាន​ការ​លំបាក»
អ្នក​ស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍន៍​សង្គម បាន​ពន្យល់​ទៀត​ថា មន្ត្រី​រាជការ​គេ​កម្រ​ឃើញ​ត្រូវ​ថ្នាក់​លើ​របស់​ខ្លួន​ដាក់​ពិន័យ ឬ​ដក​ចេញ​ពី​តួនាទី​នោះ ដោយសារ​វា​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ។ មាន​ន័យ​ថា មន្ត្រី​រាជការ​ភាគ​ច្រើន​ជា​សមាជិក​គណបក្ស​កាន់​អំណាច និង​ជាប់​សែស្រឡាយ​របស់​មន្ត្រី​ធំ​នៅ​ក្នុង​ក្រសួង ឬ​ស្ថាប័ន​ទាំង​នោះ។

ម្យ៉ាង​វិញ​ទៀត លោក កែម ឡី ជា​អ្នក​ស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍន៍​សង្គម បាន​អះអាង​ថា មន្ត្រី​រាជការ​ថ្នាក់​ក្រោម​ធ្វើ​ការ​មិន​មាន​ប្រសិទ្ធភាព​នោះ ក៏​វា​ទាក់ទង​ទៅ​នឹង​ប្រាក់​បៀវត្ស​នៅ​មាន​កម្រិត​ទាប​ដែរ។ លោក​បញ្ជាក់​ថា ទោះ​បី​ជា​រដ្ឋាភិបាល​មាន​គោលនយោបាយ​ដំឡើង​ប្រាក់​បៀវត្ស​ជូន​មន្ត្រី​ រាជការ​ក្នុង ១​ឆ្នាំ ចំនួន ១៥% ក្ដី ប៉ុន្តែ​បើ​ប្រៀបធៀប​ចំណូល​ថវិកា​ជាតិ​ក្នុង​ឆ្នាំ​១៩៩៣ មាន​ប្រមាណ ៧០ ទៅ ៨០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ រី​ឯ​ចំណូល​ថវិកា​ជាតិ​ក្នុង​ឆ្នាំ​២០១០ និង​ឆ្នាំ​២០១១ មាន​ជាង ១.៧០០​លាន​ដុល្លារ ដូច្នេះ​ការ​ដំឡើង​ប្រាក់​ខែ ១៥% នេះ នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ។
លោក កែម ឡី៖ «តែ​ប្រាក់​បៀវត្ស កាល​ពី​ឆ្នាំ​១៩៩៣ មាន​តិច​បំផុត​ពី ២០​ដុល្លារ និង ៣០​ដុល្លារ ប៉ុន្តែ​បច្ចុប្បន្ន​កំណើន​សេដ្ឋកិច្ច​ឡើង​ច្រើន​ហើយ ប្រាក់​បៀវត្ស​មាន​ត្រឹម ៣០​ដុល្លារ ឬ ៤០​ដុល្លារ​ទេ ដូច្នេះ​កំណើត​សេដ្ឋកិច្ច​បច្ចុប្បន្ន​ឡើង​លើស​ពី​មុន​ប្រហែល ២០​ដង ដូច្នេះ​រដ្ឋាភិបាល​គួរ​តែ​ពិចារណា​ឡើង​វិញ​ចំពោះ​បញ្ហា​នេះ»

ដោយ​ឡែក​ចំពោះ​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច វិញ មាន​ទស្សនៈ​ថា ការ​អនុវត្ត​ការងារ​មិន​ល្អ​របស់​បុគ្គលិក​រដ្ឋ​នោះ វា​មិន​ជាប់​ពាក់ព័ន្ធ​នឹង​កម្រិត​ប្រាក់​ខែ​ទាប​ទាំង​ស្រុង​នោះ​ទេ សំខាន់​បំផុត​គឺ​ស្ថិត​នៅ​លើ​ក្រម​សីលធម៌ វិជ្ជាជីវៈ​របស់​មន្ត្រី​រាជការ និង​វិន័យ។

ក្រុម​អ្នក​វិភាគ​បាន​ផ្ដល់​អនុសាសន៍​ថា ដើម្បី​កែប្រែ​ឲ្យ​មន្ត្រី​រាជការ​អនុវត្ត​ការងារ​មាន​ប្រសិទ្ធភាព រដ្ឋាភិបាល​ត្រូវ​កំណត់​ឲ្យ​មន្ត្រី​រាជការ​មាន​ក្រម​សីលធម៌ វិជ្ជាជីវៈ និង​គោរព​វិន័យ រើស​មនុស្ស​ដាក់​ធ្វើ​ការ​ឲ្យ​ត្រូវ​ជំនាញ និង​មាន​សមត្ថភាព កុំ​ជ្រើស​រើស​យក​មនុស្ស​តែ​ក្រុម​បក្ស​ខ្លួន​ឯង។
ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ លោក​បណ្ឌិត ជាម យៀប បាន​ពន្យល់​ថា ប្រទេស​កម្ពុជា​បាន​ឆ្លង​កាត់​របប​កម្ពុជា​ប្រជាធិបតេយ្យ។ អ្នក​ចេះ​ដឹង​ភាគ​ច្រើន​ត្រូវ​គេ​កាប់​សម្លាប់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម ដូច្នេះ​មន្ត្រី​រាជការ​មួយ​ចំនួន​បម្រើ​ការ​នៅ​ស្ថាប័ន​រដ្ឋ​ខ្វះ​ សមត្ថភាព។ ប៉ុន្តែ​លោក​អះអាង​ថា បច្ចុប្បន្ន​នេះ រដ្ឋាភិបាល​កំពុង​កែ​ទម្រង់​បន្តិច​ម្ដងៗ និង​មាន​វិធានការ​តឹងរ៉ឹង​ចំពោះ​មន្ត្រី​រាជការ​ដែល​ប្រព្រឹត្ត​អំពើ​ ពុករលួយ​នោះ៕

No comments:

Opinion: Confucius Institute Enhances Chinese Language Education, Cultural Exchange in NW Cambodia

  Please read from the Phnom Penh Post Please read from the Cambodianess  Confucius institutes have been playing a vital role in promoting C...