Monday 9 July 2012

គ.ជ.ប.​គ្រោង​បង្កើត​ច្បាប់​មិន​ឲ្យ​ទណ្ឌិត​មាន​សិទ្ធិ​ឃោសនា​បោះ​ឆ្នោត

2012-07-08
គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) គ្រោង​ស្នើ​សេចក្ដី​ព្រាង​ច្បាប់​បន្ថែម​ទាក់ទង​នឹង​ការ​ឃោសនា​របស់​គណបក្ស​នយោបាយ ដើម្បី​ការពារ​កុំ​ឲ្យ​មេ​គណបក្ស​ដែល​មាន​ឈ្មោះ​ជា​ទណ្ឌិត អាច​មាន​ឱកាស​ឃោសនា​នយោបាយ​បាន។

អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ទេព នីថា នៅ​ថ្ងៃ​ទី​០៧ ខែ​កក្កដា ឲ្យ​ដឹង​ថា គ.ជ.ប. មាន​គម្រោង​ជំរុញ​ការ​បង្កើត​នីតិវិធី​បន្ថែម​ទៀត ដើម្បី​រារាំង​មិន​ឲ្យ​មេដឹកនាំ​គណ បក្ស​នយោបាយ​ដែល​មាន​ទោស​មាន​សិទ្ធិ​ ឃោសនា​បោះ​ឆ្នោត​អាណត្តិ​ទី​៥ នា​ពេល​ខាង​មុខ។
លោក​បន្ត​ថា គ.ជ.ប. កំពុង​តែ​សិក្សា​ពី​នីតិវិធី​មួយ​ចំនួន​ស្ដីពី​ការ​ឃោសនា​បោះ​ឆ្នោត និង​រង់ចាំ​ពេល​វេលា​បន្ថែម​ទៀត ក្នុង​ការ​សម្រេច​សេចក្ដី​ព្រាង​នេះ៖ «យើងស្ថិត​នៅ​លើ​ការ​ពិនិត្យ​មើល​លើ​មូល ដ្ឋាន​ច្បាប់​ដែល​មាន​ជាក់ស្ដែង រៀបចំ​នីតិវិធី​នេះ​ឲ្យ​ស្រប​នឹង​ស្ថានភាព​ជាក់​ស្ដែង​ក្នុង​សង្គម​កម្ពុជា»
ទាក់ទង​បញ្ហា​នេះ​អ្នក​នយោបាយ និង​សង្គម​ស៊ីវិល​មួយ​ចំនួន​នៅ​កម្ពុជា រិះគន់​ថា គ.ជ.ប. មាន​គម្រោង​បង្កើត​ច្បាប់​នេះ ដើម្បី​សម្លាប់​ជីវិត​អ្នក​នយោបាយ ជា​ពិសេស​សំដៅ​ទៅ​លោក សម រង្ស៉ី តែម្តង ហើយ​ទង្វើ​នេះ​ធ្វើ​ឡើង​ផ្ទុយ​នឹង​ឆន្ទៈ​ប្រជាធិបតេយ្យ។
មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា ស្ថាប័ន គ.ជ.ប. មាន​គម្រោង​បង្កើត​នីតិវិធី​បន្ថែម ដើម្បី​ផ្គាប់​ចិត្ត​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ច្បាប់​ក្រោយ​នេះ​ធ្វើ​ឡើង​ដើម្បី​ប្រឆាំង​ប្រធាន​គណបក្ស សម រង្ស៉ី តែម្ដង។ លោក​អះអាង​ថា ការ​បង្កើត​ច្បាប់​ប្រឆាំង​ទណ្ឌិត​មិន​ឲ្យ​ធ្វើ​ការ​ឃោសនា​បោះ​ឆ្នោត​នេះ នឹង​មិន​ត្រូវ​បាន​អ្នក​ស្នេហា​ប្រជាធិបតេយ្យ​ស្វាគមន៍​ឡើយ។
លោក យឹម សុវណ្ណ បញ្ជាក់​ថា បំណង​កម្ចាត់​លោក សម រង្ស៉ី ចេញ​ពី​ឆាក​នយោបាយ បង្ហាញ​ថា គណបក្ស​កាន់​អំណាច​ខ្លាច​ឥទ្ធិពល​នយោបាយ​របស់​ប្រធាន​បក្ស​ប្រឆាំង៖ «គ.ជ.ប. ត្រូវ​តែ​ធ្វើ​ការ ងារ​ខ្លួន​ប្រកប​ដោយ​ឯករាជភាព​ដើម្បី​ធានា​ថា ការ​មាន​សេរី និង​យុត្តិធម៌ នេះ​ជា​ទង្វើ​យ៉ាង​ច្បាស់​បញ្ជាក់​ថា គណបក្ស​ប្រជាជន​ខ្លាច សម រង្ស៊ី លោក​ប្រធាន​កំពុង​តែ​ស្វះស្វែង​រក​ឥទ្ធិពល​ការទូត ដើម្បី​ឲ្យ​ត្រឡប់​មក​កម្ពុជា​វិញ»

ទន្ទឹម​នឹង​នេះ​ដែរ ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខា មាន​ប្រសាសន៍​ថា ការ​បង្កើត​ច្បាប់​នៅ​កម្ពុជា ប្រៀប​ដូច​ជា​ការ​កាត់​ក្បាល​តម្រូវ​មួក បាន​ន័យ​ថា គ.ជ.ប. ធ្វើ​ច្បាប់​នេះ​ដើម្បី​កម្ចាត់​លោក សម រង្ស៊ី។

លោក​កត់​សម្គាល់​ថា កន្លង​មក​មាន​មតិ​ជា​ច្រើន​ចោទ​ថា គ.ជ.ប. បម្រើ​គណបក្ស​កាន់​អំណាច​តែ​មិន​ទាន់​មាន​ភស្តុតាង​ច្បាស់ ប៉ុន្តែ​ទង្វើ​បង្កើត​ច្បាប់​នេះ​ពិត​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា គ.ជ.ប. ធ្វើ​ការ​បម្រើ​ឲ្យ​គណបក្ស​ប្រជាជន​ប្រាកដ​មែន៖ «ជា​រឿង​មួយ​ អាម៉ាស់​របស់ គ.ជ.ប. និង​បក្ស​កាន់​អំណាច​ឈ្នះ​ប៉ុណ្ណឹង ហើយ​ក៏​នៅ​តែ​តាម​ផ្ដន្ទា​គេ​ទៀត។ ជា​រឿង​នយោបាយ​សុទ្ធសាធ​ករណី​លោក សម រង្ស៉ី»

លោក កឹម សុខា បន្ត​ថា គណបក្ស​សិទ្ធិ​មនុស្ស​នឹង​មិន​នៅ​ស្ងៀម​ឡើយ​ចំពោះ​ករណី​នេះ ដោយ​លោក​គ្រោង​នឹង​ចេញ​សេចក្ដី​ថ្លែងការណ៍​រិះគន់​សេចក្ដី​ព្រាង​នោះ​ទៀត​ ផង។
យ៉ាង​ណា​ក៏ដោយ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​បដិសេធ​ថាគណបក្ស​កាន់​អំណាច​ មិន​ស្ថិត​នៅ​ពី​ក្រោយ​គម្រោងការ​បង្កើត​ច្បាប់​ប្រឆាំង​ មេ​បក្ស​ដែល​ជា​ទណ្ឌិត​ទេ។
អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ការ​អនុវត្ត​នីតិវិធី​របស់ គ.ជ.ប. ជា​ផល​ប្រយោជន៍​សកល មិន​មែន​សំដៅ​តែ​ក្រុម​ណា​មួយ ឬ​បុគ្គល​ណា​មួយ​ទេ។ លោក​បន្ត​ថា កន្លង​មក គ.ជ.ប. តែង​តែ​អនុវត្ត​ការងារ​របស់​ខ្លួន​បាន​ត្រឹមត្រូវ ប្រកប​ដោយ​តម្លាភាព ស្រប​តាម​នីតិរដ្ឋ។
លោក ផៃ ស៊ីផាន បញ្ជាក់​ថា តាម​ច្បាប់​ទណ្ឌិត​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​នយោបាយ​នោះ​ឡើយ៖ «កាល​ណា​យើង​ប្រើប្រាស់​ពាក្យ​ដើម្បី​បំផ្លាញ គ.ជ.ប. ជា​រឿង​ខុស​ក្នុង​លទ្ធិប្រជាធិបតេយ្យប្រជាធិបតេយ្យ សំដៅ​មតិ​ភាគ​ច្រើន»

ទោះ​ជា​យ៉ាង​នេះ​ក្ដី អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត  លោក ទេព នីថា មាន​ប្រសាសន៍​ថា គ.ជ.ប. នឹង​ត្រូវ​រៀបចំ​នីតិវិធី​នោះ​ឲ្យ​ចប់​សព្វគ្រប់​មុន​ថ្ងៃ​ឃោសនា​បោះ​ឆ្នោត​ តំណាងរាស្ត្រ​ឆ្នាំ​២០១៣ ខាង​មុខ ដោយ​យក​ច្បាប់​បោះ​ឆ្នោត​ជា​មូលដ្ឋាន។
លោក ទេព នីថា បញ្ជាក់​ថា ចំពោះ​ពេល​វេលា​ជាក់លាក់​នៃ​ការ​​ចេញ​សេចក្ដី​ព្រាង​នីតិវិធី​បន្ថែម​នេះ មិន​ទាន់​បាន​កំណត់​រួច​រាល់​នៅ​ឡើយ​ទេ៖ «ច្បាប់​បាន​ហាម ពាក់ព័ន្ធ​នឹង​ការ​ឈរ​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត។ តើ​អ្នក​ទាំង​អស់​នោះ​មាន​សិទ្ធិ​ធ្វើ​ការ​ឃោសនា​បោះ​ ឆ្នោត ឬ​ក៏​អត់ ច្បាប់​មិន​សំដៅ​លើ​នរណា​ទេ សំដៅ​ទូទៅ​តែម្ដង»

ការ​បោះ​ឆ្នោត​សភា​អាណត្តិ​ទី​៥ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៣ ដោយ​រក្សា​ចំនួន​អាសនៈ ១២៣ ដូច​អាណត្តិ​ទី​៤​ដែរ។ បើ​សិន​ជា​សេចក្ដី​ព្រាង​ហាម​ឃាត់​ទណ្ឌិត​មិន​ឲ្យ​ចូល​រួម​ឃោសនា​ក្លាយ​ជា​ ច្បាប់​មែន​នោះ បាន​ន័យ​ថា លោក សម រង្ស៉ី មិន​អាច​ឃោសនា​តាម​រយៈ​បច្ចេកវិទ្យា វីដេអូ ផ្សាយ​ផ្ទាល់ (Video Conference) បាន​ដូច​មុន​ទេ។

ប្រធាន​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ឬ​អង្គការ និកហ្វិច (NICFEC) លោក​បណ្ឌិត ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា លោក​មិន​គាំទ្រ​ចំពោះ​ការ​រៀបចំ​ច្បាប់​ដែល​រៀបចំ​ឡើង​សំដៅ​គោលដៅ​នយោបាយ​ ឡើយ។

លោក​ពន្យល់​ថា មិន​ជា​ការ​ចាំបាច់​ទេ​ចំពោះ​ការ​រៀបចំ​នីតិវិធី​ថ្មី​សំដៅ​រារាំង​ទណ្ឌិត​មិន​ឲ្យ​ឃោសនា​​បោះ​ឆ្នោត​នោះ៖ «បើ ​សិន​ជា​សិក្សា​ច្បាប់​នៅ​ប្រទេស​ផ្សេង ដូច​ជា​នៅ​ថៃ ថាក់ស៊ីន តុលាការ​កាត់​ទោស​ហើយ​នៅ​តែ​អាច​ជួប​អ្នក​គាំទ្រ​ខ្លួន​តាម​វីដេអូ ខនហ្វើរិន ដូច​នេះ​វា​មិន​ចាំបាច់​មាន​នីតិវិធី​បន្ថែម​ នេះ​ទេ»

ប្រធាន​គណបក្ស​ប្រឆាំង សម រង្ស៉ី លោក សម រង្ស៉ី បាន​និរទេស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​បន្ទាប់​ពី​ដក​តម្រុយ​បង្គោល​ព្រំដែន​ កម្ពុជា-​វៀតណាម កាល​ពី​ឆ្នាំ​២០១០ នៅ​ខេត្ត​ស្វាយរៀង។
សាលាឧទ្ធរណ៍​នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១១ បាន​សម្រេច​​ផ្តន្ទា​ទោស​​កំបាំង​មុខ​​លោក សម រង្ស៊ី ដោយ​​បន្ថយ​ទោស​​ដាក់​​ពន្ធនាគារ​ពី ១០​ឆ្នាំ មក​​ត្រឹម ៧​​ឆ្នាំ និង​​ពិន័យ​​ជា​​ប្រាក់​​សរុប​​ចំនួន​ ៦៣​លាន​​រៀល​ ពី​​បទ​​ក្លែង​បន្លំ​​ឯកសារ​​ផែនទី​​ព្រំដែន​​កម្ពុជា-​វៀតណាម និង​បទ​​ញុះញង់ មាន​ន័យ​ថា លោក សម រង្ស៉ី ក្លាយ​ជា​ទណ្ឌិត។

រាល់​ការ​ជួបជុំ​សមាជិក​ម្តងៗ ជា​ពិសេស​ពេល​ឃោសនា​បោះ​ឆ្នោត​ឃុំ​សង្កាត់ អាណត្តិ​ទី​៣ កន្លង​ទៅ លោក សម រង្ស៉ី តែង​ប្រើប្រាស់​ប្រព័ន្ធ​ទំនាក់​ទំនង​អេឡិចត្រូនិក វីដេអូ ខនហ្វើរិន ដើម្បី​ទាក់ទង​ទៅ​កាន់​សមាជិក​របស់​ខ្លួន។

ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ មាត្រា​ទី​៣៤ ថ្មី​ចែង​ថា ចំពោះ​ជន​ណា​ដែល​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​បទ​ ឧក្រិដ្ឋ ឬ​បទមជ្ឈិម ហើយ​មិន​ទាន់​មាន​នីតិសម្បទា​ឡើង​វិញ គឺ​គ្មាន​សិទ្ធិ​ឈរ​ឈ្មោះ​ជា​បេក្ខភាព​តំណាងរាស្ត្រ​បាន​ទេ។ ចំពោះ​ការ​ឃោសនា​បោះ​ឆ្នោត​វិញ មិន​ទាន់​មាន​ច្បាប់​ណា​មួយ​ហាម​ប្រាម​ចំពោះ​នីតិបុគ្គល ឬ​ទណ្ឌិត​នោះ​ឡើយ៕

No comments:

Opinion: Confucius Institute Enhances Chinese Language Education, Cultural Exchange in NW Cambodia

  Please read from the Phnom Penh Post Please read from the Cambodianess  Confucius institutes have been playing a vital role in promoting C...