Wednesday 8 August 2012

សម្តេចហ៊ុន សែន ៖សង្ឃឹមថា បក្សប្រឆាំង នឹងមិនដើរចេញ ពីរដ្ឋសភា ជាលើកទី២

Wednesday, 08 August 2012 15:55 ដោយ អេង គឹមជាង Posted:ID-067

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាល កម្ពុជា បានថ្លែងអះអាងថា គណបក្សប្រឆាំង នឹងមិនដើរចេញពី រដ្ឋសភាពជា លើកទី២ទេ បន្ទាប់ពីដើរចេញជាលើកទី១ នាពេលកន្លងមក ដោយពួកគេបានធ្វើការ ចោទប្រកាន់ថា ពុំមាន សិទ្ធិសេរីភាពក្នុងការ បញ្ចេញមតិ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍បែបនេះក្នុងឱកាស អញ្ជើញជាអធិបតី បើក សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវកំណាត់ផ្លូវជាតិលេខ៦២ ប្រវែង១២៨គីឡូម៉ែត្រ ចាប់ពីថ្នល់បំបែកខេត្ត កំពង់ធំ ឆ្ពោះទៅទីរួមខេត្ត ព្រះវិហារ នៅព្រឹកថ្ងៃពុធ ទី០៨ ខែសីហា ឆ្នាំ២០១២ថា នៅថ្ងៃទី៩ ខែសីហា ស្អែកនេះ សម្តេចនឹងទៅឆ្លើយបំភ្លឺករណីព្រំដែនហើយរំពឹងថា តំណាងរាស្រ្តគណបក្សប្រឆាំង នឹងមិនដើរចេញពីរដ្ឋសភា ដូចលើកមុននោះទេ។សម្តេចបានលើកឡើងថា ការដែលសម្តេចមានប្រសាសន៍យ៉ាងដូច្នេះ មិនស្មើនឹងពួក ប្រឆាំង បានជេរប្រមាថមើលងាយមកលើរាជរដ្ឋាភិបាលយ៉ាងច្រើនថា ជាអ្នកក្បត់ជាតិ។
សម្តេចបន្តថា «បក្សប្រឆាំងនឹងមិនធ្វើដំណើរចាកចេញពីរដ្ឋសភាទេ ហើយល្ងាចនេះម៉ោងបីនេះ បានជួបប្រជុំ ទៀតហើយ ដើម្បីត្រៀមរៀបចំឯកសារជាថ្មី ហើយខ្ញុំនិយាយនេះ មិនស្មើអស់លោកដើរជេរបញ្ចោពួកខ្ញុំតាមផ្លូវ តុគុយទាវ និងតៀមកាហ្វេទេ ខ្ញុំនិយាយនៅក្នុងរដ្ឋសភា»។

ប្រមុខរាជរដ្ឋាភិបាលបន្តថា បើគណបក្សប្រឆាំងដើរចេញពីរដ្ឋសភាមែននោះ មានរបៀបពីរយ៉ាង ទី១.យកកន្សែងខ្ទប់ភ្នែកដើម្បីកុំឲ្យបានឃើញអ្វីទាំងអស់។ ទី២.យកសំឡីញុកត្រចៀកឲ្យជិតហើយចាំទៅដល់ផ្ទះចាំដកវាចេញ ខ្លាចក្រែងនៅថ្ងៃស្អែក មានករណីបែប នេះកើត ឡើងម្តងទៀត។

សម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា «គេវ៉ៃ ហ៊ុន សែន ត្រឹមតែចំណុចមិនសំខាន់ទេ តែគេវ៉ៃដល់ចំណុចនរោត្តមសីហនុនោះ ព្រោះអ្វីដែល ហ៊ុន សែន ធ្វើគ្រាន់តែជាការយកអ្វីដែលព្រះនរោត្តម សីហនុ បន្សល់ទុកតែប៉ុណ្ណោះ ទាំងព្រំដែនសមុទ្រ និងព្រំដែនគោក។ អីចឹងគោលដៅពិតប្រាកដដែលគេវ៉ៃ គឺវ៉ៃ ហ៊ុន សែន តែតម្រង់ទៅសម្តេចព្រះនរោត្តម សីហនុ ដើម្បីការពារភាពត្រឹមត្រូវរបស់គេ នៃការធ្វើរដ្ឋប្រហារ ទំលាក់សម្តេចព្រះសីហនុ នៅឆ្នាំ១៩៧០»។

សម្តេចបានបញ្ជាក់ថា សម្តេចនឹងនិយាយរយៈពេល៤ម៉ោង ប៉ុន្តែ៤ម៉ោងនេះ មិនគ្រប់គ្រាន់ទេ គួរតែបន្ថែមឲ្យ បាន៧ម៉ោង ដើម្បីបកស្រាយជុំវិញបញ្ហានេះ ហើយសម្តេចនឹង ពន្យល់ពីដំណាក់កាលនីមួយៗ ពាក់ព័ន្ធនឹង បញ្ហាព្រំដែនហ្នឹង ហើយផ្សាយបន្តផ្ទាល់គ្រប់ទូរទស្សន៍ និងវិទ្យុទាំងអស់។

សូមបញ្ជាក់ថា សមាជិកសភាគណបក្ស សម រង្ស៊ី ១៦រូប កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១១ បានសរសេរ លិខិតទៅសម្តេចនាយករដ្ឋមន្រ្តី តាមរយៈប្រធានរដ្ឋសភា ដើម្បីសួរនាំអំពីបញ្ហាបោះបង្គោលព្រំដែន និងខណ្ឌ សីមាព្រំដែនលេខ ១៨៤-១៨៧ នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង។ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១១ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានបញ្ជូនលិខិតទៅសម្តេចនាយករដ្ឋមន្រ្តី។ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២ ខែធ្នូ បានឆ្លើយតបទៅនឹងការសួររបស់តំណាងរាស្រ្ត គណបក្ស ប្រឆាំងទាំង១៦រូប តាមរយៈលិខិតសម្តេច ហេង សំ រិន ហើយនៅថ្ងៃទី២៦ ខែធ្នូ លោក សម រង្ស៊ី បានសរសេរលិខិត ជូនសម្តេចតេជោ ហ៊ុន សែន ដោយបាន ថ្លែងអំណរគុណ និងសំដែងការគាំទ្រជំហររាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យជាតិរបស់ខ្លួន។

សម្តេច ហ៊ុន សែន បានឆ្លើយតបទៅនឹងលិខិតនោះថា «…ទីតាំងបង្គោលព្រំដែនលេខ១៨៥ ក៏ដូចជាបង្គោល ព្រំដែនមួយចំនួន ដែលនៅសេសសល់រវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម រហូតមកដល់ពេលនេះ គណៈ កម្មការចម្រុះព្រំដែនរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម មិនទាន់បានឯកភាពគ្នា លើទីតាំងបោះបង្គោល នៅឡើយទេ។ ភាគីទាំងពីរបន្តចរចា ដើម្បីកំណត់ទីតាំងបង្គោលនេះ ក៏ដូចជាទីតាំងបង្គោលព្រំដែន ដែលនៅសេសសល់ដទៃទៀត ឲ្យបានសមស្របអាចទទួលយកបាន នាពេលខាងមុខ»។

លោក សម រង្ស៊ី ឆ្លើយតបទៅនឹងលិខិតរបស់សម្តេច ហ៊ុន សែន កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១១ថា «ខ្ញុំសូម សម្តែងការគាំទ្រដល់រាជរដ្ឋាភិបាល ចំពោះជំហរដ៏ត្រឹមត្រូវក្នុងការការពារបូរណភាពទឹកដី នៃប្រទេសកម្ពុជា ដូចបានបញ្ជាក់នៅក្នុងលិខិតរបស់សម្តេចខាងលើ»។
លោក សម រង្ស៊ី បន្តថា «សូមសម្តេចជឿជាក់ចុះថា អ្នកស្នេហាជាតិខ្មែរទាំងអស់ ច្បាស់ជារួមកម្លាំង ពេញទំហឹង ជាមួយរាជរដ្ឋាភិបាល ដើម្បីការពារដីស្រែ ចំការ របស់ជនជាតិខ្មែរ ដែលរស់នៅតាមព្រំប្រទល់ដែន ក្នុងការខិតខំ រកដំណោះស្រាយឲ្យបានសមស្របអាចទទួលយកបាននៅពេលខាងមុខ តាមប្រសាសន៍របស់សម្តេច»។

កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១២កន្លងទៅនេះ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងនាយក រដ្ឋមន្ត្រីវៀតណាម ង្វៀន តាន់យុង បានធ្វើជាអធិបតីនៅក្នុងពិធីសម្ពោធបង្គោលព្រំសីមាលេខ ៣១៤ នៅក្នុង ខេត្តកំពត-ហាទៀង ដើម្បីជាការចូលរួមអបអរសាទរខួបលើកទី៤៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាង ប្រទេសទាំង ពីរ។ នៅក្នុងពិធីនោះ មេដឹកនាំទាំងពីរ បានសន្យាជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ ឲ្យមានការ រីកចម្រើនបន្ថែមទៀត ខណៈដែលប្រទេសទាំងពីរបានកសាងព្រំដែនសន្តិភាពជាមួយគ្នា៕

No comments:

Official Resume of H.E. Dr. SAR Sokha, Deputy Prime Minister and Minister (April 2024)

    CURRICULUM VITAE   1.            Surname - Given Name :    SAR SOKHA   7.            FAMILY STATUS: a.        Spouse: KE SOUNSO...