Saturday 8 September 2012

តួនាទី​ព្រះពុទ្ធសាសនា​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា

2012-09-07
ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ជា​អ្នក​កាន់​សាសនា​ព្រះពុទ្ធ​មាន​រហូត​ទៅ​ ៩៥% ប៉ុន្តែ​អ្នក​ដែល​បដិបត្តិ​តាម​ធម៌​វិន័យ​របស់​ព្រះសម្មាសម្ពុទ្ធ​ភាគ​ច្រើន មាន​តែ​ទៅ​លើ​មនុស្ស​ចាស់ ដែល​ជា​អ្នក​កាន់​សីល។ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​គេ​មាន​ការ​ព្រួយបារម្ភ​ទៅ​លើ​ក្រុម​យុវជន​នៅ​ក្នុង ​ប្រទេស​កម្ពុជា។

ព្រះពុទ្ធសាសនា​កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​អភិវឌ្ឍ​ ប្រទេស​កម្ពុជា។ នៅ​ពេល​បច្ចុប្បន្ន​នេះ គេ​សង្កេត​ឃើញ​មាន​ព្រះសង្ឃ​ជាច្រើន​អង្គ កំពុង​ចូល​រួម​ធ្វើ​សកម្មភាព​ជួយ​ដល់​ការ​អភិវឌ្ឍ​នៅ​ ក្នុង​សង្គម​កម្ពុជា តាម​រយៈ​ការ​ចុះ​អប់រំ​ផ្ទាល់​នៅ​តាម​សហគមន៍ និង​បាន​ទេសនា​អប់រំ​ធម៌​វិន័យ និង​សីលធម៌​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ មាន​ដូច​ជា វិទ្យុ ទូរទស្សន៍ ជាដើម។

ព្រះសង្ឃ​ព្រះនាម ទុយ លីណា គង់​នៅ​វត្ត​ពិភិទ្ធារាម មាន​ថេរ​ដីកា​ថា ក្រៅ​ពី​ព្រះអង្គ​បួស​ជា​សង្ឃ​គង់​នៅ​ក្នុង​វត្ត ព្រះអង្គ​បាន​ស្ម័គ្រចិត្ត​ចូល​រួម​ចំណែក​លើ​ការងារ​អភិវឌ្ឍន៍​សង្គម។ ក្នុង​នោះ​ព្រះអង្គ​បាន​ចូល​ប្រឡូក​ក្នុង​ការងារ​សហគមន៍ ទស្សនៈ​សីលធម៌​ព្រះពុទ្ធសាសនា និង​បាន​សម្ដែង​ធម្មទេសនា​តាម​វិទ្យុ។

ព្រះអង្គ​ស្ម័គ្រចិត្ត​ដោយ​បាន​បើក​វគ្គ​បណ្ដុះ​បណ្ដាល និង​ផ្សព្វផ្សាយ​ពី​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង ហើយ​និង​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​អំពើ​ហិង្សា៖ «បើក​វគ្គ​បណ្ដុះ​ បណ្ដាល​លើក​ឡើង​អំពី​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង ក៏​ដូច​ជា ដំណោះ​ស្រាយ ការ​ជំរុញ​លើក​ទឹក​ចិត្ត​ដល់​ប្រជាពលរដ្ឋ និង​យុវជន​ទាំង​អស់​រស់នៅ​ក្នុង​ឃុំ​គោល​ដៅ​ហ្នឹង ឲ្យ​គាត់​មាន​ការ​ភ្ញាក់​រលឹក​យល់​ដឹង​ពី​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​ គ្រឿង​ស្រវឹង មាន​ការ​បើក​សិក្ខាសាលា អញ្ជើញ​វាគ្មិន​ចូល​រួម ដើម្បី​បកស្រាយ​អំពី​បញ្ហា​ហ្នឹង ហើយ​មាន​ការ​ចូល​រួម​ប្រជុំ​តាម​សហគមន៍ ប្រជុំ​ជាមួយ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់»

នៅ​ក្នុង​សកម្មភាព​នេះ ព្រះអង្គ​បាន​ជំរុញ​ឲ្យ​មេឃុំ ចៅសង្កាត់ សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ មេភូមិ ឲ្យ​មាន​ការ​កោះ​អញ្ជើញ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ច្រើន​ចូល​រួម ដើម្បី​ប្រជុំ​ផ្សព្វផ្សាយ​ស្វែង​យល់​ពី​ការងារ​សង្គម ដែល​ជា​បញ្ហា​ប្រឈម​ជាច្រើន​ទៀត នៅ​ក្នុង​សង្គម​កម្ពុជា។ ព្រះអង្គ​បន្ត​ថា នៅ​ពេល​ព្រះអង្គ​និមន្ត​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ តែង​តែ​ឃើញ​នូវ​ទិដ្ឋភាព​នៃ​ការ​ប្រើ​អំពើ​ហិង្សា ដែល​កើត​ចេញ​ដោយ​សារ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង។ នៅ​ក្នុង​ព្រះពុទ្ធសាសនា ព្រះអង្គ​បាន​សម្ដែង​ធម៌​ផ្ដោត​ទៅ​លើ​ការ​ដឹកនាំ​សត្វ ឲ្យ​រួច​ផុត​ពី​ទុក្ខ​ក៏​ពិត​មែន ប៉ុន្តែ​ទន្ទឹម​គ្នា​នោះ ព្រះអង្គ​បាន​បន្សល់​នូវ​ទ្រឹស្ដី​មួយ​ចំនួន​សម្រាប់​អ្នក​រស់នៅ​ក្នុង​ បច្ចុប្បន្នភាព។

ព្រះអង្គ​បាន​លើក​យក​ទ្រឹស្ដី​មួយ​ដែល​ព្រះសម្មាសម្ពុទ្ធ​សម្ដែង​ទាក់​ ទិន​ទៅ​សីល​ប្រាំ នៅ​ក្នុង​ចំណុច​សីល​ប្រាំ ព្រះអង្គ​ហាម​ការ​បៀតបៀន​អាយុ​ជីវិត​គ្នា ការ​កាប់​សម្លាប់​គ្នា នេះ​ជា​ទ្រឹស្ដី​មួយ​ដែល​ព្រះអង្គ​បាន​សម្ដែង​ទុក សម្រាប់​មនុស្ស​ទាំង​អស់​គ្នា​ដែល​រស់នៅ៖ «នេះ​ជា​ទ្រឹស្ដី​ដែល​ព្រះអង្គ ​សម្ដែង​ចូល​រួម​អភិវឌ្ឍន៍​យ៉ាង​ខ្លាំង នៅ​ក្នុង​សង្គម​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​ហ្នឹង។ ពីព្រោះ បើ​សិន​ជា​មនុស្ស​ទាំង​អស់​អនុវត្តន៍ គោរព​តាម​ពាក្យពេចន៍​ទ្រឹស្ដី​របស់​ព្រះអង្គ ដែល​បាន​បន្សល់​ទុក​ហ្នឹង​មក អត់​មាន​ការ​ផឹក​ស្រា អំពើ​ហិង្សា​កើត​ឡើង​ដោយ​សារ​គ្រឿង​ស្រវឹង​ទាំង​អស់»

អ្នក​សម្រប​សម្រួល​របស់​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព (ភីឌីភី) សាខា​ខេត្ត​បាត់ដំបង អ្នកស្រី កែវ ឈូក បាន​ថ្លែង​ថា វិស័យ​ព្រះពុទ្ធសាសនា​កំពុង​មាន​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​សង្គម​ កម្ពុជា។ នៅ​តាម​ទីអារាម​ជា​កន្លែង​បណ្ដុះ​ធនធាន​មនុស្ស និង​ជួយ​ដល់​សិស្ស និស្សិត ដើម្បី​ស្នាក់នៅ​រៀន​សូត្រ។ ព្រះពុទ្ធសាសនា​បាន​ជួយ​អភិវឌ្ឍន៍​ផ្នែក​ស្មារតី តាម​រយៈ​ព្រះសង្ឃ​ទេសនា ការ​ផ្សព្វផ្សាយ​នៅ​តាម​វិទ្យុ និង​ទូរទស្សន៍ អំពី​ដំបូន្មាន​ល្អ ដែល​ធ្វើ​អោយ​មនុស្ស​កាត់​បន្ថយ​ហិង្សា ធ្វើ​ឲ្យ​មនុស្ស​ចេះ​ស្រឡាញ់​រាប់អាន​គ្នា៖ «ក្រៅ​ពី​ហ្នឹង ព្រះសង្ឃ​បាន​ចូល​រួម​ចំណែក​ក្នុង​ការ​បង្ហាត់​បង្រៀន​អក្សរសាស្ត្រ ជាក់ស្ដែង​ដូច​នៅ​បាត់ដំបង យើង​នេះ មាន​សកលវិទ្យាល័យ​ពុទ្ធិក​ព្រះសីហនុ មិន​ថា​ព្រះ​សង្ឃ​ទេ​ដែល​អាច​បន្ត​ការ​សិក្សា​បាន សូម្បីតែ​និស្សិត​ជា​គ្រហស្ថ​ក៏​អាច​បន្ត​ការ​សិក្សា​បាន ដូច​ថា សាលា​មាន​វិន័យ​បង្ហាត់​បង្រៀន​អក្សរសាស្ត្រ​ច្បាស់​លាស់»

លោក គឹម ងួន ប្រធាន​ការិយាល័យ​នៃ​មន្ទីរ​ធម្មការ​ខេត្ត​បាត់ដំបង លោក​បាន​មាន​ប្រសាសន៍​ថា ព្រះពុទ្ធសាសនា​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម ដើម្បី​ជួយ​ដល់​ការងារ​អភិវឌ្ឍន៍​សង្គម​កម្ពុជា។ ក្នុង​នោះ ព្រះសង្ឃ​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ផ្សព្វផ្សាយ​ព្រះធម៌ អប់រំ​សីលធម៌​សង្គម តាម​វិទ្យុ ទូរទស្សន៍ និង​នៅ​តាម​សាលារៀន។ នៅ​ពេល​មាន​គ្រោះ​មហន្តរាយ​ដោយ​ទឹក​ជំនន់ ដោយ​ខ្យល់​ព្យុះ គឺ​វត្ត​អារាម​បាន​ជួយ​ជា​ថវិកា ជា​សម្ភារៈ និង​កម្លាំង​កាយ ដើម្បី​ស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ​ឡើង​វិញ ក្រោយ​ពី​រង​ការ​ខូច​ខាត៖ «នៅ​ តាម​វត្ត​អារាម ព្រះសង្ឃ​បាន​ជួយ​ការងារ​សង្គម ពិសេស​ជួយ​ដល់​កូន​ចៅ​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​អត់​មាន​កន្លែង​ស្នាក់នៅ​រៀន​សូត្រ។ វត្ត​អារាម​បាន​ក្លាយ​ជា​ទីតាំង​យ៉ាង​សំខាន់ សម្រាប់​ជួយ​អោយ​សិស្ស​ស្នាក់​នៅ ដើម្បី​សិក្សា​រៀន​សូត្រ អនាគត​ក្មេង​ក្លាយ​ជា​ធនធាន​មនុស្ស​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​ជាតិ​យើង»

មនុស្ស​ចាស់​ជរា ស្ត្រី​មេម៉ាយ​ក្រីក្រ ព្រះសង្ឃ​បាន​ជួយ​ផ្ដល់​ជា​ម្ហូប​អាហារ ជា​សំលៀកបំពាក់។ ក្រៅពី​នេះ ព្រះសង្ឃ​ជួយ​ដល់​មជ្ឈមណ្ឌល​ផ្ដាច់​គ្រឿង​ញៀន ផ្ដល់​ជា​សម្ភារៈ ម្ហូប​អាហារ និង​ឱវាទ​សម្រាប់​ឲ្យ​អ្នក​ញៀន​ថ្នាំ​ញៀន មាន​ការ​កែប្រែ​តាម​រយៈ​ការ​អប់រំ។ ទន្ទឹម​គ្នា​នេះ ព្រះសង្ឃ​បាន​ចូល​ទៅ​អប់រំ​ទណ្ឌិត​នៅ​តាម​ពន្ធនាគារ។ ទាំង​នេះ សុទ្ធ​តែ​ជា​សកម្មភាព​របស់​ព្រះពុទ្ធសាសនា ដើម្បី​ចូល​រួម​ក្នុង​ការ​អភិវឌ្ឍ​សង្គម។

លោក គឹម ងួន៖ «នៅ​កន្លែង​យើង​នេះ យើង​មាន​មណ្ឌល​វិបស្សនា​នៅ​ទូទាំង​ខេត្ត​បាត់ដំបង មាន​៧​ទីតាំង ជាពិសេស​សកម្មភាព​ខ្លាំង គឺ​នៅ​ខាង​ស្រុក​បាណន់ ទ្រុង​មាន់ ទ្រុង​ទា អា​ហ្នឹង​គឺ​ពុទ្ធបរិស័ទ​ដែល​មាន​វិបត្តិ​ផ្លូវ​ចិត្ត​ចូល​ទៅ​ក្នុង​ហ្នឹង។ យើង​មាន​ឲ្យ​ធ្វើ​វិបស្សនា​កម្មដ្ឋាន​ទៅ​តាម​កម្រិត មាន​កម្រិត​បឋម មធ្យម និង​ឧត្ដម យើង​សិក្សា​រយៈពេល​១០វគ្គ មួយ​វគ្គ​១០​ថ្ងៃ មួយ​វគ្គ​មាន​តាំង​ពី​កុមារ​អី​ក៏​មាន​ដែរ​នៅ​ក្នុង​ហ្នឹង។ យើង​មាន​មណ្ឌល​វិបស្សនា​ដែល​ជា​សកម្មភាព​ជួយ​ខាង​ផ្នែក​ផ្លូវ​ចិត្ត គេ​ហៅ​ថា មណ្ឌល​វិបស្សនា​លទ្ធិកា»

ក្រៅ​ពី​នេះ ព្រះសង្ឃ​បាន​បើក​អង្គការ​សម្រាប់​ជួយ​កុមារ​កំព្រា។ ព្រះសង្ឃ​បាន​យក​ក្មេងៗ​ទាំង​នោះ ទៅ​ចិញ្ចឹម ដោយ​បាន​បណ្ដុះ​បណ្ដាល​ពួក​គេ​ឲ្យ​រៀន រៀន​អក្សរសាស្ត្រ​ខ្មែរ រៀន​ជំនាញ​កាត់​ដេរ។
ព្រះសង្ឃ​ព្រះនាម ទុយ លីណា គង់​នៅ​វត្ត​ពិភិទ្ធារាម បាន​ថេរ​ដីកា​ថា នៅ​ប្រទេស​កម្ពុជា មាន​ប្រជាពលរដ្ឋ​ខ្មែរ​៩៤​ទៅ​៩៥% ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា ប៉ុន្តែ​មាន​អ្នក​បដិបត្តិ​តាម​ធម៌​ព្រះពុទ្ធ​មាន​តិចតួច​ណាស់។ ក្រុម​យុវជន​នៅ​កម្ពុជា ពុំ​បាន​ខិតខំ​ប្រឹងប្រែង​រៀន​សូត្រ​ទេ បញ្ហា​នេះ​គឺ​ជា​ការងារ​រួម​ទាំង​អស់​គ្នា ទាំង​វិស័យ​ព្រះពុទ្ធសាសនា និង​អាណាចក្រ ដែល​ចូល​រួម​អប់រំ​ទប់ស្កាត់៖ «នៅ​ក្នុង​សង្គម​ខ្មែរ​យើង​ នា​ពេល​បច្ចុប្បន្ន យុវជន​អត់​សូវ​ចំណាប់​អារម្មណ៍​ទៅ​លើ​ការ​សិក្សា​រៀន​សូត្រ​អី​ប៉ុន្មាន​ទេ គ្រាន់​សប្បាយ​ច្រើន គាត់​មិន​ទាន់​មាន​វ័យ​អី​គ្រប់គ្រាន់​ផង គាត់​មាន​ស្នេហា​អ៊ីចឹង​ទៅ ជា​បញ្ហា​មួយ​ដែល​ធ្វើ​ឲ្យ​បាត់​បង់​នូវ​ធនធាន​មនុស្ស។ បញ្ហា​ដ៏​សំខាន់​មួយ​ទៀត គឺ​យុវជន​តែង​តែ​ផឹក​នូវ​គ្រឿង​ស្រវឹង​ដែល​បញ្ហា​ហ្នឹង​កើត​ឡើង​ដោយ​សារ​ការ ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៃ​គ្រឿង​ស្រវឹង ហើយ​ជំរុញ​ឲ្យ​យុវជន​ហ្នឹង​អ្ហែង ផឹក​នូវ​គ្រឿង​ស្រវឹង ហើយ​ជាពិសេស​នៅ​ក្នុង​ស្រុក​ខ្មែរ ស្នើ​គ្រប់​ទីកន្លែង​ទាំង​អស់ គ្រប់​ផ្ទាំង​ប៉ាណូ​ទាក់​ទង​ទៅ​នឹង​ផ្លាក​យីហោ​គ្រឿង​ស្រវឹង​មាន​គ្រប់​ ទីកន្លែង​ទាំង​អស់»

ព្រះអង្គ​បន្ត​ថា កម្ពុជា​មាន​យុវជន​៣០% ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ប្រហែល​១៥​លាន​នាក់។ កម្ពុជា ជា​ប្រទេស​មួយ​ដែល​សម្បូរ​ទៅ​ដោយ​កម្លាំង​ពលកម្ម ដែល​ពួក​អ្នក​វិនិយោគទុន​ក្រៅ​ប្រទេស​សម្លឹង​ឃើញ​ថា អាច​ដាក់​ទុន​ទៅ​បាន ព្រោះ​មាន​កម្លាំង​ពលកម្ម ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ គេ​មាន​ការ​បារម្ភ​ពី​ប្រទេស​កម្ពុជា ដោយ​គេ​យល់​ថា កម្ពុជា​ទៅ​អនាគត​ពុំ​មាន​ធនធាន​មនុស្ស ដោយ​សារ​យុវជន​ខ្មែរ​ពុល​ទៅ​នឹង​គ្រឿង​ស្រវឹង៕

No comments:

Opinion: Confucius Institute Enhances Chinese Language Education, Cultural Exchange in NW Cambodia

  Please read from the Phnom Penh Post Please read from the Cambodianess  Confucius institutes have been playing a vital role in promoting C...