Saturday, 8 September 2012

អ្នក​វិភាគ៖ វិស័យ​ការទូត​កម្ពុជា​កំពុង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង

2012-09-08
ក្រុម​អ្នក​វិភាគ​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ វិស័យ​ការទូត​របស់​កម្ពុជា កំពុង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ដោយ​ការ​ប្រើ​ពាក្យ​សម្ដី​មិន​សូវ​សមរម្យ​ក្នុង​កិច្ចការ​តស៊ូ​ផ្នែក​ការទូត ជាមួយ​បណ្ដា​ប្រទេស​ផ្សេងៗ។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ​បាន​វាយ​តម្លៃ​ថា មន្ត្រី​ការទូត​របស់​ខ្មែរ​ភាគ​ច្រើន មិន​សូវ​មាន​វិជ្ជាជីវៈ​ខ្ពស់​សម្រាប់​ការ​តស៊ូ​ផ្នែក​កិច្ចការ​បរទេស​ទេ។ លោក​ថា ប្រសិន​បើ​កម្ពុជា​មិន​មាន​ភាព​ចាស់​ទុំ​ក្នុង​ការ​ធ្វើ​នយោបាយ​ការ​បរទេស​ ជាមួយ​បណ្ដា​ប្រទេស​ផ្សេងៗ​ទេ នោះ​កម្ពុជា​អាច​ខាត​បង់​ការ​គាំទ្រ​ដ៏​សម្បើម​ពី​ឆាក​អន្តរជាតិ។

កាល​ពី​ដើម​ខែ​សីហា កន្លង​ទៅ ឯកអគ្គ​រាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​ហ្វីលីពីន លោក ហើស សេរីធន បាន​ប្រើ​ពាក្យ​ថា ប្រទេស​ហ្វីលីពីន និង​វៀតណាម បាន​ប្រើ​នយោបាយ​កខ្វក់​ក្នុង​ការ​ជំរុញ​ឲ្យ​កម្ពុជា​ប្រឈម​មុខ​ក្នុង​ ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង។

ការ​ចេញ​លិខិត​ការទូត​របស់​តំណាង​រដ្ឋាភិបាល​កម្ពុជា នៅ​ក្រៅ​ប្រទេស តិះ​ដៀល​ក្រុម​អ្នក​រិះគន់ ឬ​រដ្ឋាភិបាល​នៃ​ប្រទេស​ផ្សេងៗ​នេះ មិន​មែន​ជា​លើក​ទីមួយ​នោះ​ទេ។ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មេសា កន្លង​ទៅ លោក ហោ ណាំបូរ៉ា ឯកអគ្គ​រាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​អង់គ្លេស បាន​ប្រតិកម្ម​ទៅ​នឹង​អង្គការ​ឃ្លាំ​មើល​ពិភពលោក (Global Witness) ថា ប្រើ​ល្បិច​អន់​ថយ​បែប​វិកលចរិត ក្នុង​ការ​សរសេរ​របាយការណ៍​ថោកទាប​ដូច​សំរាម ចោទ​រដ្ឋាភិបាល​កម្ពុជា ថា​បាន​ទទួល​សំណូក​ចំនួន​២៨​លាន​ដុល្លារ​សហរដ្ឋអាមេរិក ពី​ក្រុមហ៊ុន​ប្រេង​របស់​បារាំង​មួយ​ឈ្មោះ​តូតាល់ (Total) ជា​ថ្នូរ​ទៅ​នឹង​ការ​ទទួល​បាន​អាជ្ញាប័ណ្ណ​រុករក​ប្រេង​នៅ​កម្ពុជា។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បើក​វគ្គ​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​កិច្ចការ​បរទេស​បន្ថែម​ដល់​គ្រប់​ឯកអគ្គ ​រាជទូត ដើម្បី​ឲ្យ​ពួក​គេ​មាន​លទ្ធភាព​ធ្វើ​កិច្ចការ​ទំនាក់​ទំនង​កាន់​តែ​ប្រសើរ​ សម្រាប់​កម្ពុជា។

ជាមួយ​គ្នា​នេះ​ផង​ដែរ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ក៏​បាន​កោត​សរសើរ​ដល់​កិច្ចការ​ការទូត​របស់​ខ្មែរ​ប្រចាំ​ក្រុង​វ៉ាស៊ីនតោន (Washington) និង​ក្រុង​ប៉ារីស (Paris) ថា​មាន​ភាព​ចាស់​ទុំ​ច្រើន និង​មាន​ប្រជាប្រិយភាព​ក្នុង​សហគមន៍​ខ្មែរ។

ក្រុម​អ្នក​ឃ្លាំ​មើល​ខ្លះ​បាន​ប្រៀបធៀប​សីលធម៌ ក្នុង​ការ​និយាយ​ស្តី​របស់​រដ្ឋាភិបាល​ទៅ​នឹង​សីលធម៌​នៃ​សង្គម​គ្រួសារ​តូច​ មួយ។ ជា​ធម្មតា កាល​ណា​អាណាព្យាបាល​តែង​ប្រើ​ពាក្យ​មិន​គប្បី​ទៅ​លើ​កូន​ចៅ ឬ​ឲ្យ​ពួក​គេ​ឮ​ពាក្យ​ទាំង​នោះ វា​អាច​នាំ​ឲ្យ​ពួក​គេ​ចេះ​ប្រើ​ពាក្យ​មិន​គប្បី​ដូច​គ្នា ពេល​គេ​ធំ​ដឹង​ក្តី។ យ៉ាង​ណា​វិញ រដ្ឋាភិបាល​ក៏​ដូច​គ្នា​អ៊ីចឹង​ដែរ។ ក្រុម​អ្នក​រិះគន់​និយាយ​ថា ប្រសិន​បើ​ប្រមុខ​រដ្ឋាភិបាល​ចូល​ចិត្ត​ប្រើ​ពាក្យ​មិន​ល្អ​នោះ ក្រុម​មន្ត្រី​ថ្នាក់​តូច ក៏​ចូល​ចិត្ត​ប្រើ​ពាក្យ​ទាំង​នោះ​ដែរ។

ចំណែក​លោក កែម ឡី អ្នក​វិភាគ​អំពី​ស្ថានការណ៍​សង្គម​វិញ បាន​វាយ​តម្លៃ​ថា ក្រុម​អ្នក​ការទូត អ្នក​បច្ចេកទេស និង​អ្នក​នយោបាយ​ខ្លះ ហាក់​ប្រើ​ពាក្យពេចន៍​តែ​មួយ ឲ្យ​តែ​ចំណេញ​នយោបាយ​ក្នុង​ប្រទេស ជា​ជាង​នយោបាយ​ក្រៅ​ប្រទេស។ លោក​បញ្ជាក់​ថា មន្ត្រី​ការទូត​ខ្មែរ​ភាគ​ច្រើន ខ្វះ​ការ​វិភាគ​លើ​ពាក្យពេចន៍​ដែល​ត្រូវ​ប្រើ ឬ​មិន​ត្រូវ​ប្រើ។

លោក កែម ឡី សង្កេត​ឃើញ​ថា ប្រទេស​ថៃ​កន្លង​មក​បាន​ប្រើ​ភាសា​ការទូត​ប្រកប​ដោយ​វិជ្ជាជីវៈ​ច្រើន​ជាង​ កម្ពុជា បើ​ទោះ​បី​ថៃ​ស្ថិត​ក្នុង​កាលៈទេសៈ​សង្គ្រាម​ជាមួយ​កម្ពុជា​ក៏ដោយ។ រហូត​មក​ទល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ឃើញ​មាន​មន្ត្រី​ការទូត​ខ្មែរ​ណា​មួយ អាច​ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​របស់​ក្រុម​អ្នក​វិភាគ​ទាំង​នេះ​នៅ​ឡើយ។

ប៉ុន្តែ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​ទទួល​ស្គាល់​ថា ពាក្យ​ការទូត​របស់​ខ្មែរ​ពិត​ជា​មាន​លក្ខណៈ​គ្រោតគ្រាត​បន្តិច​មែន ប៉ុន្តែ​កម្ពុជា​ក៏​បាន​ទទួល​រង​ការ​ប្រមាថ និង​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ខុស​ពី​ការ​ពិត។ លោក​បន្ត​ថា ប្រធានាធិបតី​សហរដ្ឋអាមេរិក​កន្លង​មក ធ្លាប់​ប្រើ​ពាក្យ​មិន​គប្បី​ជាង​កម្ពុជា​ទៅ​ទៀត។

លោក គុជ ចាន់លី អ្នក​តាម​ដាន​នយោបាយ​របស់​ខ្មែរ​ប្រចាំ​រដ្ឋ​ម៉ារីឡេន (Maryland) សហរដ្ឋអាមេរិក និយាយ​ថា ភាសា​របស់​អ្នក​ការទូត ត្រូវ​មាន​លក្ខណៈ​ខុស​គ្នា​ពី​ភាសា​អ្នក​នយោបាយ​ក្នុង​ស្រុក។ ភាសា​របស់​អ្នក​ការទូត គឺ​ជា​ភាសា​ដែល​តំណាង​ឲ្យ​មុខ​មាត់​របស់​ប្រជាជាតិ​ទាំង​មូល រីឯ​ភាសា​អ្នក​នយោបាយ​ក្នុង​ស្រុក គឺ​ជា​ភាសា​ដែល​និយាយ ដើម្បី​កេង​យក​ប្រជាប្រិយភាព​របស់​ខ្លួន​ប៉ុណ្ណោះ៕

No comments:

Enhancing Loan Payment Efficiency Through Mobile App Technology Utilization in the Banking Sector of Battambang City, Cambodia

Enhancing Loan Payment Efficiency Through Mobile App Technology Utilization in the Banking Sector of Battambang City, Cambodia : In the cont...