Tuesday 12 February 2013

មេធាវី​ប្រតិកម្ម​ចំពោះ​ការ​ឲ្យ​​សុំ​គណៈ​មេធាវី​មុន​និយាយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ

2013-02-12
មេធាវី​មួយ​ចំនួន​មាន​ប្រតិកម្ម​តប​ចំពោះ​ការ​ទាមទារ​ឲ្យ​អនុវត្ត​ តាម​មាត្រា ១៥ របស់​ក្រម​សីលធម៌​មេធាវី ដែល​និយាយ​អំពី​ចំណុច​អន្តរាគមន៍​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៃ​ មេធាវី។

ខ្លឹមសារ​សំខាន់​នៃ​ក្រម​សីលធម៌​នោះ គឺ​មិន​បាន​ហាម​មេធាវី​ក្នុង​ការ​និយាយ​ជាមួយ​ប្រព័ន្ធ​ឃោសនា មាន​វិទ្យុ កាសែត ទូរទស្សន៍ ទេ តែ​ត្រូវ​ជូន​ដំណឹង​ដល់​ប្រធាន​គណៈ​មេធាវី​ជា​មុន កាល​ណា​និយាយ​ជាមួយ​ប្រព័ន្ធ​ឃោសនា។

ការ​រឹតត្បិត​សេរីភាព​មេធាវី​ក្នុង​ការ​ធ្វើ​បទ​អន្តរាគមន៍ និយាយ​សម្ភាសន៍​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺ​ជា​ការ​ខាត​បង់​មួយ​នៅ​ក្នុង​ពេល​ដែល​ប្រទេស​កម្ពុជា មិន​សូវ​មាន​អ្នក​ចេះ​ដឹង​ច្បាប់ និង​សៀវភៅ​ឯកសារ​ផ្សព្វផ្សាយ​ច្បាប់​នៅ​មាន​ចំនួន​តិច មិន​បាន​ចែក​ទូលំ​ទូលាយ​ទៅ​ដល់​ជនបទ​ដាច់​ស្រយាល។

មេធាវី​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា មេធាវី​គឺ​ជា​អ្នក​ចេះ​ច្បាប់ និង​រស់​នៅ​រក​ស៊ី​ដោយ​ប្រើ​សមត្ថភាព​ចំណេះ​ដឹង​ខាង​ច្បាប់។ ដូច្នេះ​បើ​មេធាវី​រូប​ណា​និយាយ​ខុស គឺ​រូប​គេ​ជា​អ្នក​ទទួល​ខុស​ត្រូវ​តាម​ផ្លូវ​ច្បាប់​ដែល​កំពុង​អនុវត្ត​នៅ​ ក្នុង​ប្រទេស។

ការ​ទាមទារ​ឲ្យ​ប្រធាន​ស្ថាប័ន​ឃោសនា​នានា ត្រូវ​សុំ​ទៅ​គណៈ​មេធាវី​មុន​ពេល​អញ្ជើញ​មេធាវី​មក​ជា​វាគ្មិន វា​ជា​របៀប​របប​រដ្ឋបាល​បែប​ការិយាល័យ​និយម​ផង​ដែរ។

លោក​មេធាវី សុក សំអឿន នាយក​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១១ កុម្ភៈ ថា មាត្រា ១៥ នៃ​ក្រម​សីលធម៌​មេធាវី​នេះ​មាន​ជា​យូរ​មក​ហើយ តែ​ប្រធាន​គណៈ​មេធាវី​មុនៗ មិន​បាន​លើក​យក​ចំណុច​នេះ​មក​អនុវត្ត​ទេ ទើប​តែ​ជំនាន់​លោក ប៊ុន ហុន ឡើង​ធ្វើ​ជា​ប្រធាន​គណៈ​មេធាវី បាន​ទាមទារ​ឲ្យ​អនុវត្ត​ចំណុច​នេះ។

លោក​មេធាវី សុក សំអឿន៖ «ប្រហែល​ជា​លោក​ប្រធាន​ទាំង​អស់​នោះ លោក​គិត​ថា ការ​អនុវត្ត​វា​ពិបាក​ធ្វើ។ ដូច្នេះ​ហើយ​ពួក​គាត់​អត់​បាន​មាត្រា​នោះ​មក​អនុវត្ត ហើយ​មួយ​ទៀត វា​មិន​មែន​ជា​ច្បាប់​ទេ ហើយ​ក្រម​សីលធម៌​នេះ​វា​អនុម័ត​ដោយ​ក្រុម​ប្រឹក្សា​គណៈ​មេធាវី​តែ​ប៉ុណ្ណោះ។ ដូច្នេះ​គណៈ​មេធាវី​អាណត្តិ​ក្រោយៗ អាច​លើក​យក​ពិនិត្យ និង​កែ​វា​បាន»

លោក​មេធាវី សុក សំអឿន មាន​ប្រសាសន៍​បន្ថែម​ថា ក្រម​សីលធម៌​មេធាវី​នេះ​រៀប​ចំ​តាក់តែង​ឡើង​កាល​ពី​ឆ្នាំ​១៩៩៥ តាំង​ពី​ចំនួន​មេធាវី​មាន​ប្រមាណ ៧០​នាក់​ប៉ុណ្ណោះ។ ដូច្នេះ​ការ​សុំ​ជួប​មេធាវី​ឆ្លង​កាត់​គណៈ​មេធាវី វា​ជា​ការងារ​តិចតួច​មួយ តែ​បច្ចុប្បន្ន​ចំនួន​មេធាវី​មាន​ចំនួន​ច្រើន​ជាង ៨០០​នាក់​ទៅ​ហើយ បើ​គេ​ចង់​អនុវត្ត​ក្រម​សីលធម៌​នេះ​ឲ្យ​បាន​ត្រឹមត្រូវ គេ​គួរ​ពិនិត្យ និង​កែប្រែ​ក្រម​នោះ​ឲ្យ​ទាន់​សម័យ​តាម​ស្ថានភាព​រីក​ចំរើន​ជាក់​ស្ដែង។

លោក​មេធាវី សុក សំអឿន៖ «និយាយ​ទៅ កាល​នោះ​មាន​លោក សាយ បូរី ជា​ប្រធាន ហើយ​នៅ​ពេល​នោះ គណៈ​មេធាវី​ទើប​បង្កើត​ថ្មី។ អ៊ីចឹង​ប្រធាន​គណៈ​មេធាវី​លោក​បារម្ភ​ថា មេធាវី​ចេញ​ថ្មី​និយាយ​ខុស»

លោក​មេធាវី សុក សំអឿន មាន​ប្រសាសន៍​ថា បើ​សិន​ជា​មាន​ការ​តឹងតែង​លើ​ការ​អនុញ្ញាត​ឲ្យ​មេធាវី​សម្ភាសន៍ និង​និយាយ​អំពី​រឿង​ច្បាប់​តាម​ប្រព័ន្ធ​ឃោសនា​នោះ វា​ជា​ការ​ខាត​បង់​ធនធាន​មនុស្ស​មួយ​ធំ​ណាស់ ក្នុង​ការ​ចូល​រួម​អប់រំ​ច្បាប់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្ថានភាព​ដែល​ប្រទេស​ កម្ពុជា នៅ​មាន​ចំនួន​អ្នក​ចេះ​ច្បាប់​តិច​តួច​នៅ​ឡើយ​នោះ។

លោក សុក សំអឿន៖ «មិន​បាន​ចូល​រួម​តែម្ដង គឺ​បាន​ធ្វើ​តែ​រឿង​ក្ដី​នៅ​តុលាការ​តែ​មួយ​មុខ។ តែ​នេះ​វា​ជា​ក្រម​សីលធម៌ វា​អាស្រ័យ​ទៅ​លើ​គណៈ​មេធាវី​តែប៉ុណ្ណោះ។ ធម្មតា​វា​គ្រាន់​តែ​ជា​ក្រម​សីលធម៌​តែប៉ុណ្ណោះ»

ចំណែក​លោក​មេធាវី ជូង ជូងី មេធាវី​ការិយាល័យ​សិលា មាន​ប្រសាសន៍​ថា បើ​ចង់​និយាយ​ជាមួយ​ប្រព័ន្ធ​ឃោសនា ដូចជា កាសែត វិទ្យុ ទូរទស្សន៍ ទាល់​តែ​សុំ​ការ​អនុញ្ញាត​ពី​គណៈ​មេធាវី​នោះ វា​ធ្វើ​ឲ្យ​ការងារ​ផ្សព្វផ្សាយ​ច្បាប់​ជា​សាធារណៈ លែង​ទូលំទូលាយ​ហើយ។

លោក​មេធាវី ជូង ជូងី មាន​យោបល់​ថា ការ​រឹតត្បិត​លើ​មេធាវី​ក្នុង​ការ​និយាយ​ស្តី​ជាមួយ​អ្នក​កាសែត​នោះ វា​មិន​បាន​ចូល​រួម​ពង្រឹង​ការងារ​ធ្វើ​ឲ្យ​តុលាការ​មាន​យុត្តិធម៌​នោះ​ឡើយ ពីព្រោះ​អ្នក​សម្រេច​ដាក់​ទោស ឬ​លើក​លែង​ទោស​នោះ គឺ​ចៅក្រម និង​ព្រះរាជអាជ្ញា​ទៅ​វិញ​ទេ​ដែល​មាន​សិទ្ធិ​មាន​ឆន្ទានុសិទ្ធិ​ក្នុង​ការ​ សម្រេច។ ម៉្យាង​ទៀត មេធាវី​មួយ​រូបៗ សុទ្ធតែ​ជា​អ្នក​ចេះ​ដឹង​ច្បាប់​ច្រើន​ជាង​ពលរដ្ឋ​ផ្សេង​ទៀត បើ​កាល​ណា​និយាយ​មិន​ត្រឹម​ត្រូវ​ខុស​ច្បាប់ គណៈ​មេធាវី​អាច​កោះ​ហៅ​មក​ព្រមាន ស្តី​បន្ទោស និង​បើ​ទោស​កើត​ឡើង​ពី​ការ​និយាយ​នោះ វា​រំលោភ​ច្បាប់​ធ្ងន់ធ្ងរ ទុក​ឲ្យ​ច្បាប់​កាត់​ទោស​ទៅ។

លោក​មេធាវី ជូង ជូងី មាន​យោបល់​ថា ដោយសារ​រូប​លោក​ជា​សមាជិក​ក្រុមប្រឹក្សា​គណៈ​មេធាវី​ផង​នោះ លោក​មាន​គម្រោង​សុំ​ឲ្យ​លុប​ចោល​មាត្រា ១៥ នៃ​ក្រមសីលធម៌​របស់​គណៈ​មេធាវី​នោះ​ចេញ ដើម្បី​ឲ្យ​សមាជិក​គណៈ​មេធាវី​មាន​សេរីភាព​ពេញ​លេញ​ក្នុង​ការ​បញ្ចេញ​មតិ ស្រប​ទៅ​តាម​ការ​អនុញ្ញាត​របស់​រដ្ឋធម្មនុញ្ញ​កម្ពុជា។៖ «ប៉ុន្តែ​ក្នុង​ ការ​អនុវត្ត វា​អាស្រ័យ​ទៅ​លើ​ភាព​ធ្ងន់​ស្រាល​នៃ​អំពើ​តែប៉ុណ្ណោះ ហើយ​បើ​ស្អី​បន្តិច​ក៏​ជូន​ដំណឹង​ដែរ​នោះ​វា​ធ្វើ​ឲ្យ​អកម្ម»

មាត្រា ១៥ នៃ​ក្រម​សីលធម៌​គណៈ​មេធាវី​ចែង​អំពី​អន្តរាគមន៍​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ព័ត៌មាន​ជា​សាធារណៈ​នៃ​មេធាវី។ គ្រប់​អន្តរាគមន៍​សាធារណៈ ឬ​តាម​ប្រព័ន្ធ​ផ្សាយ​ព័ត៌មាន​ជា​សាធារណៈ​របស់​មេធាវី​ក្នុង​ឋានៈ​ខ្លួន​ជា​ មេធាវី និង​អាច​អនុញ្ញាត​ឲ្យ​ធ្វើ​បាន​តែ​ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​គោរព​ដោយ​ ម៉ឺងម៉ាត់​នូវ​កាតព្វកិច្ច​នៃ​វិជ្ជាជីវៈ។ អន្តរាគមន៍​បែប​នេះ ទាមទារ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជា​ទី​បំផុត។ ប្រធាន​គណៈ​មេធាវី​ត្រូវ​តែ​បាន​ទទួល​ដំណឹង​ពិគ្រោះ​យោបល់​ជា​មុន​ក្នុង​រឿង ​នេះ លើក​លែង​តែ​ពុំ​មាន​លទ្ធភាព។

កាល​ពី​ថ្ងៃ​ទី​៨ កុម្ភៈ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​ផ្សព្វផ្សាយ​សេចក្តី​ជូន​ដំណឹង​មួយ​ដល់​អ្នក​កាសែត ជាពិសេស​នាយក​ស្ថានីយ​វិទ្យុ ទូរទស្សន៍ ដែល​មាន​កម្មវិធី​ផ្សព្វផ្សាយ​ច្បាប់ និង​បក​ស្រាយ​ច្បាប់ ឲ្យ​ដាក់​ពាក្យ​អញ្ជើញ​អ្នក​ច្បាប់ មេធាវី ដើម្បី​ធ្វើ​ជា​វាគ្មិន ត្រូវ​ឆ្លង​កាត់​ការ​សុំ​អញ្ជើញ​នោះ តាម​គណៈ​មេធាវី។ ការ​ផ្សព្វផ្សាយ​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​គណៈ​មេធាវី​បាន​ធ្វើ​លិខិត​ណែនាំ​មួយ​ទាក់ទង​រឿង​ សម្ភាសន៍​មេធាវី​នេះ កាល​ពី​ថ្ងៃ​ទី​២២ មករា។

លោក យឹម សារី ជា​មេធាវី និង​ជា​អ្នក​នាំ​ពាក្យ​គណៈ​មេធាវី​កម្ពុជា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១១ កុម្ភៈ ថា ការ​ណែនាំ​ឲ្យ​ពង្រឹង​វិន័យ​មេធាវី​ក្នុង​ការ​និយាយ​ជាមួយ​ប្រព័ន្ធ​ ផ្សព្វផ្សាយ​នេះ ដើម្បី​ឲ្យ​ការ​បកស្រាយ​បំភ្លឺ​ច្បាប់​នានា បាន​ត្រឹមត្រូវ។

លោក យឹម សារី៖ «ដោយសារ​មេធាវី​ដែល​និយាយ​តាម​វិទ្យុ និង​ទូរទស្សន៍​មួយ​ចំនួន​នេះ គឺ​និយាយ​អត់​បាន​ព្រាង​ទុក។ អ៊ីចឹង​កាល​ណា​និយាយ​អត់​បាន​ព្រាង​ទុក គឺ​វា​មាន​ផល​វិបាក​ទៅ​ដល់​អ្នក​ស្ដាប់ អ្នក​មើល។ ទី​២ វា​ប៉ះពាល់​ទៅ​ដល់​អ្នក​ច្បាប់ ដែល​គេ​ដឹង​ដែរ ហើយ​គេ​ថា ការ​បក​ស្រាយ​ច្បាប់​នេះ​មិន​ត្រឹមត្រូវ។ ទី​៣ វិទ្យុ ទូរទស្សន៍ ហៅ ដោយ​អត់​បាន​ព្រាង​ទុក។ ការ​អត់​បាន​ព្រាង​ទុក​នេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​យល់​ថា យើង​ដឹង​យើង​ផ្ដល់​ព័ត៌មាន​អត់​បាន​ត្រឹមត្រូវ»

លោក​មេធាវី យឹម សារី បាន​ច្រាន​ចោល​ចំពោះ​អ្នក​ខ្លះ​ចោទ​ប្រកាន់​ថា ការ​សុំ​ជួប​មេធាវី​តាម​រយៈ​គណៈ​មេធាវី វា​ជា​បែប​បទ​ការិយាធិបតេយ្យ ថា​ជា​ការ​យល់​ខុស។

លោក​មេធាវី យឹម សារី ជា​អ្នក​នាំ​ពាក្យ​គណៈ​មេធាវី​បាន​ឲ្យ​ដឹង​ថា បើ​សិន​ជា​មេធាវី​រូប​ណា​មិន​គោរព​តាម​ការ​ណែនាំ​របស់​គណៈ​មេធាវី អ្នក​នោះ​ត្រូវ​ប្រឈម​ជាមួយ​ការ​ដាក់​វិន័យ​ជា​មិន​ខាន។
កាល​ពី​ថ្ងៃ​ទី​៣១ មករា កន្លង​ទៅ គណៈ​មេធាវី​បាន​ចេញ​ផ្សាយ​លិខិត​ព្រមាន​មួយ​ច្បាប់​ទៅ​លើ​លោក​មេធាវី គួយ ធុនណា ចំពោះ​សកម្មភាព​ផ្ដល់​បទសម្ភាសន៍ និង​ចុះ​ផ្សាយ​ព័ត៌មាន​ផ្សេងៗ នៅ​តាម​ទំព័រ​សារព័ត៌មាន ដែល​បាន​រំលោភ​លើ​មាត្រា ១៥ នៃ​ក្រមសីលធម៌​មេធាវី។

លិខិត​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក ប៊ុន ហុន ប្រធាន​គណៈ​មេធាវី បាន​សង្កត់​ធ្ងន់​ថា ចាប់​ពី​ពេល​នេះ​ទៅ លោក​មេធាវី​មិន​ត្រូវ​ផ្ដល់​បទសម្ភាសន៍ និង​ចុះ​ផ្សាយ​ព័ត៌មាន​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​វិជ្ជាជីវៈ​មេធាវី​នៅ​តាម​ បណ្ដាញ​សារព័ត៌មាន​នានា ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​គណៈ​មេធាវី​ឡើយ។

គណៈ ​មេធាវី​គឺ​ជា​ស្ថាប័ន​គ្រប់គ្រង​អ្នក​ប្រកប​វិជ្ជាជីវៈ​មេធាវី​នៅ​ប្រទេស​ កម្ពុជា។ មេធាវី​ដែល​អាច​បំពេញ​មុខ​ងារ​ក្នុង​ការ​ងារ​ការពារ​កូន​ក្ដី​ស្រប​ច្បាប់​ បាន ទាល់តែ​ជា​សមាជិក​គណៈ​មេធាវី៕

No comments:

Opinion: Confucius Institute Enhances Chinese Language Education, Cultural Exchange in NW Cambodia

  Please read from the Phnom Penh Post Please read from the Cambodianess  Confucius institutes have been playing a vital role in promoting C...