Wednesday, 21 August 2013

យុវសិស្ស​នាំ​គ្នា​ចាប់​យក​មុខវិជ្ជា​សិក្សា​ពេញ​និយម​តែ​មើល​រំលង​ពី​ទីផ្សារ​ដ៏​តូច​ចង្អៀត

Wednesday, 21 August 2013 ជ័យ​ ភារុន និង ហង់ សុគន្ធា

នៅ​ស្រុក​ខ្មែរ មុខ​វិជ្ជា​ចិត្តវិទ្យា មាន​ទីផ្សារ​ការងារ​ទូលំ​ទូលាយ ដែល​សិស្ស​មាន​ឱកាស​ការងារ​ទាំង​ផ្នែក​រដ្ឋ និង​ឯកជន ព្រម​ទាំង​អង្គការ​នានា។ ពេល​ដែល​សិស្ស​កំពុង​ធ្វើ​សារណា មាន​អង្គការ​មក​មើល​ផ្ទាល់ ហើយ​យក​សិស្ស​ទៅ​ធ្វើ​ការ​តែ​ម្តង» នេះ​ជា​ប្រសាសន៍​របស់​លោក​សាស្ដ្រាចារ្យ សោម ច័ន្ទ សុវណ្ណតារា ដែល​ជា​អនុ​ប្រធាន​ដេប៉ាតឺម៉ង់​ចិត្តវិទ្យា​នៅ​សាកល​វិទ្យាល័យ ភូមិន្ទ ភ្នំពេញ។
ប្រាកដ​ណាស់ ក្រោយ​ពេល​ដែល​សិស្សា​នុ​សិស្ស​បញ្ចប់​ការ​សិក្សា​ទុតិយភូមិ ពួក​គេ​ភាគ​ច្រើន​នាំ​គ្នា​សម្រុក​ទៅ​សិក្សា​ផ្នែក​គណនេយ្យ គ្រប់​គ្រង​ពាណិជ្ជកម្ម ឬ​ហិរញ្ញវត្ថុ​ជាដើម។

បើ​យោង​តាម​ស្ថិតិ និស្សិត​កំពុង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​តាម​មុខ​ជំនាញ នាយកដ្ឋាន​ឧត្តមសិក្សា​នៃ​ក្រសួង អប់រំ យុវជន និង កីឡា បាន​ឲ្យ​ដឹង​ថា មុខ​ជំនាញ​ដែល​និស្សិត​អាហារូបករណ៍ និង​បង់​ថ្លៃ​ឆ្នាំ​សិក្សា ២០១០-២០១១ មាន​ច្រើន​ជាង​គេ​បង្អស់ គឺ​បរិញ្ញាបត្រ​ភាសា អង់គ្លេស ដែល​មាន​សិស្ស​សរុប ២២,២៣៥ នាក់ ហើយ​ចំណាត់​ថ្នាក់​លេខ ២ គឺ​គណនេយ្យ​ដែល​មាន​សិស្ស​រហូត​ដល់ ២០,២៨៩ នាក់ និង​លេខ​រៀង​ទីបី ផ្នែក គ្រប់គ្រង​ដែល​មាន​សិស្ស​ចំនួន ១៩,២៥៨ នាក់ ក្នុង​ចំណោម​សិស្ស ១៨៥,៩១៨ នាក់។

បើ​តាម​ការ​ប្រៀប​ធៀប​តាម​ចំណាត់​ថ្នាក់​នៃ​សកម្មភាព​សេដ្ឋកិច្ច​នៃ​ ព័ត៌មាន​ជ្រើសរើស​បុគ្គលិក និង​អ្នក​ស្វែង​រក​ការងារ​ធ្វើ​សរុប​ក្នុង​ឆ្នាំ ២០១០ ដល់​ខែ វិច្ឆិកា​ឆ្នាំ ២០១១ របស់​ព្រឹត្តិបត្រ​ការងារ​នៃ​ទីភ្នាក់ងារ​ជាតិ​មុខ​របរ និង​ការងារ បាន​ឲ្យ​ដឹង​ថា អ្នក​ស្វែង​រក​ការងារ​ផ្នែក​គណនេយ្យ សវនកម្ម និង​ពន្ធអាករ​មាន​ដល់​ទៅ ១៣,៥ ភាគរយ ខណៈ​ដែល​តម្រូវ​ការ​ទីផ្សារ​មាន​ត្រឹម ៥,៨ ភាគរយ។
ក្រៅ​ពី​ភាសា អង់គ្លេស​ដែល​ជា​ភាសា​គ្រឹះ​សម្រាប់​ចាប់​យក​ឱកាស​ការងារ តើ​ហេតុ​អ្វី​បាន​យុវសិស្ស​មិន​បង្វែរ​ទិស​ដៅ​របស់​ខ្លួន​ពី​គណនេយ្យ គ្រប់​គ្រង និង​ហិរញ្ញវត្ថុ​មក​ជ្រើស​យក​មុខវិជ្ជា រូបវិទ្យា ជីវវិទ្យា ប្រវត្ដិវិទ្យា ភូមិវិទ្យា សង្គមវិទ្យា ចិត្តវិទ្យា វិចិត្រ​សិល្បៈ និង​ផ្នែក​រដ្ឋបាល​សាធារណៈ​ដែល​ចំនួន​អ្នក​សិក្សា​ផ្នែក​នេះ​មិន​លើស​ពី ១ ពាន់​នៅ​ក្នុង​មួយ​ឆ្នាំ​សម្រាប់​ឆ្នាំ​សិក្សា ២០១០-២០១១?
ចំពោះ​ការ​ជ្រើស​រើស​មុខវិជ្ជា​សិក្សា​ដ៏​ជោរ​ជន់​នេះ កញ្ញា គីម ស៊ីនេត ទើប​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​គណនេយ្យ​បាន​សារភាព​ថា កញ្ញា​ពិត​ជា​សោក​ស្តាយ​នូវ​ជម្រើស​ថ្នាក់​បរិញ្ញាបត្រ​ណាស់ ដោយ​មិន​បាន​សិក្សា​នូវ​អ្វី​ដែល​ជា​ចំណង់​ចំណូល​ចិត្ដ​របស់​ខ្លួន។

ចំណែក​ឯ កញ្ញា ភឿក ចាន់រិទ្ធ ជា​សិស្ស​ទើប​បញ្ចប់​ការ​សិក្សា​អនុបណ្ឌិត​វិទ្យាសាស្ដ្រ ផ្នែក​គីមីវិទ្យា តាម​រយៈ​អាហារូបករណ៍​ពី​ប្រទេស ថៃ ដែល​កញ្ញា​មាន​គម្រោង​ចង់​ក្លាយ​ជា​អ្នក​ស្រាវជ្រាវ​វិទ្យាសាស្រ្ត​មួយ​រូប​ ទាក់​ទង​ទៅ​នឹង​មុខ​ជំនាញ​របស់​ខ្លួន និង​ជា​គ្រូ​បង្រៀន​ថ្នាក់​មហា​វិទ្យាល័យ។
បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ថ្នាក់ ទី១២ ក្នុង​ឆ្នាំ ២០០៣ កញ្ញា​បាន​សិក្សា​ផ្នែក គីមីវិទ្យា នៅ​សាកល​វិទ្យាល័យ ភូមិន្ទ ភ្នំពេញ ដែល​ពេល​នោះ​កញ្ញា​គិត​ថា ខ្លួន​នឹង​ធ្វើ​ជា​គ្រូ​បង្រៀន​គីមីវិទ្យា​មួយ​រូប។ ប៉ុន្ដែ​លុះ​ដល់​ឆ្នាំ​ទី៣ ទើប​កញ្ញា​ជ្រើស​រើស​យក​មុខ​ជំនាញ គីមីជីវៈ ដែល​វា​មិន​មែន​សុទ្ធ​តែ​ក្លាយ​ជា​គ្រូ​បង្រៀន​នោះ​ទេ។ ដោយ​ការ​ខិតខំ​ប្រឹង​ប្រែង​ទើប​កញ្ញា​ជាប់​អាហារូបករណ៍​ក្នុង​ឆ្នាំ ២០០៩។
កញ្ញា ពន្យល់​ថា៖ «ក្រោយ​ពី​បញ្ចប់​មុខ​ជំនាញ គីមីជីវៈ យើង​អាច​ធ្វើ​ការ​ក្នុង​មន្ទីរ​ពិសោធ ដូចជា​មន្ទីរពេទ្យ វិទ្យាស្ថាន​ស្រាវជ្រាវ​វិទ្យាសាស្រ្ត ឬ​យើង​អាច​ក្លាយ​ជា​គ្រូ​មហា​វិទ្យាល័យ។ ពួក​យើង​អាច​ធ្វើ​ការ​នៅ​ទី​ពិសោធ​ឧស្សាហកម្ម​ផ្សេងៗ»។

លោក សោម ច័ន្ទ សុវណ្ណតារា បាន​ពន្យល់​អំពី​ជម្រើស​ការងារ​របស់​និស្សិត​បញ្ចប់​ការ​សិក្សា​បរិញ្ញាបត្រ ឬ​អនុ​បណ្ឌិត ដូចជា ជា​អ្នក​ប្រឹក្សា​ចិត្តសាស្រ្ត​ធ្វើ​ការងារ​តាម​អង្គការ មន្ទីរពេទ្យ និង​ស្ថាប័ន​នានា​ក្នុង​មុខ​នាទី​ជា​គ្រូ​បង្រៀន ឬ​ក៏​អ្នក​ស្រាវជ្រាវ​ផ្នែក​ទីផ្សារ​ជាដើម។
មុខវិជ្ជា ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​និង​សារគមនាគមន៍ តូរ្យតន្រ្តី សង្គមកិច្ចវិទ្យា បរិស្ថាន បុរាណវិទ្យា និង នាដសាស្រ្ត ដែល​មុខវិជ្ជា​នីមួយៗ​មាន​សិស្ស​មិន​ដល់ ១៥០ នាក់​ក្នុង​ឆ្នាំ​សិក្សា ២០១០-២០១១។
ពាក់​ព័ន្ធ​នឹង​ការ​ជ្រើស​រើស​មុខវិជ្ជា​នេះ​ដែរ កញ្ញា អោម រតនា និស្សិត​ឆ្នាំទី១ ផ្នែក​ហិរញ្ញវត្ថុ បាន​សារភាព​ថា៖ «នៅ​ពេល​ត្រូវ​ជ្រើស​រើស​មុខវិជ្ជា​ទៅ​តាម​សៀវភៅ​ក្រហម ខ្ញុំ​ឃើញ​មុខ​វិជ្ជា​សារគមនាគមន៍​ផង​ដែរ ប៉ុន្តែ​ខ្ញុំ​មិន​ស្គាល់ ទើប​ខ្ញុំ​រើស​មុខ​ជំនាញ​ហិរញ្ញវត្ថុ​នេះ​ទៅ»។
ការ​ពិត​ណាស់ ការ​ទទួល​បាន​ព័ត៌មាន​គ្រប់​គ្រាន់​សម្រាប់​ការ​សម្រេច​ចិត្ត​ជ្រើស​រើស​មុខ ជំនាញ​ដ៏​សមស្រប​សម្រាប់​ខ្លួន​ពិត​ជា​សំខាន់ ពីព្រោះ​ការ​រើស​នូវ​ជំនាញ​ខុស​អាច​ធ្វើ​ឲ្យ​យើង​ខាត​បង់​ពេលវេលា និង​ប៉ះពាល់​ដល់​អនាគត​ទៀត​ផង។

ដោយ​ឡែក​យុវតី គុំ រស្មីមណី ជា​សិស្ស​ទើប​ប្រឡង​មធ្យម​ទុតិយភូមិ​ឆ្នាំ ២០១៣ ជ្រើស​រើស​ផ្នែក​បរិស្ថាន​បន្ទាប់​ពី​កញ្ញា​បាន​ស៊ើប​សួរ​ព័ត៌មាន​ពី​ មុខវិជ្ជា​មួយ​នេះ ហើយ​ឪពុក​របស់​កញ្ញា​បាន​ទូរស័ព្ទ​ទៅ​សាក់​សួរ​ព័ត៌មាន​ពី​សាកល​វិទ្យាល័យ ភូមិន្ទ ភ្នំពេញ ដោយ​ផ្ទាល់។

កញ្ញា​បាន​និយាយ​ថា៖ «ខ្ញុំ​ចូល​ចិត្ត​មុខវិជ្ជា​បរិស្ថាន ទំនាក់​ទំនង​បរទេស និង​គណនេយ្យ ប៉ុន្តែ​ក្រោយ​ពី​ទូរស័ព្ទ​សាក​សួរ​ព័ត៌មាន​ពី​សាលា​មក ទើប​ដឹង​ថា ផ្នែក​បរិស្ថាន​នេះ​មាន​តែ​សិស្ស​អាហារូបករណ៍ ៣០ នាក់​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ ហើយ​នៅ​ថ្ងៃ​អនាគត​ផ្នែក​មួយ​នេះ​នឹង​មាន​ទីផ្សារ​ការងារ​ទូលំ​ទូលាយ»។

ដើម្បី​បក​ស្រាយ​ឲ្យ​អស់​មន្ទិល​សង្ស័យ លោក កៀង រតនា សាកល​វិទ្យាធិការ​រង​នៃ​សាកល​វិទ្យាល័យ បញ្ញាសាស្ដ្រ​កម្ពុជា​បាន​ប្រាប់​ថា៖ «ចំពោះ​សិស្ស​ដែល​រៀន​មុខវិជ្ជា​មិន​ចាប់​អារម្មណ៍​យើង​ឲ្យ​គាត់​សិក្សា​ចប់ ​ចេញ​ទៅ​រក​បាន​ការងារ​ស្រួល និង​ចំណូល​ខ្ពស់ ហើយ​កាន់​តែ​មាន​តម្រូវ​ទីផ្សារ​ខ្ពស់​ដែល​អាច​ទាក់​ទាញ​យក​អ្នក​សិក្សា​ មុខវិជ្ជា​ពេញ​និយម​នានា»។

ជា​ចុង​ក្រោយ​លោក​គ្រូ​ផ្ដល់​យោបល់​ដល់​សិស្ស​ទាំង​អស់​ថា៖ «កុំ​ឲ្យ​គិត​តែ​រៀន​តាម​គ្នា គួរ​តែ​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ ឬ​សាលា ពីព្រោះ​ការ​ធ្វើ​តាម​គ្នា​គឺជា​កត្តា​ដែល​ធ្វើ​ឲ្យ​ការ​ចូល​រៀន​អស់ ៤ ឆ្នាំ​ខាត​បង់​គ្មាន​ប្រយោជន៍។ សិស្ស​ត្រូវ​ដឹង​ពី​សមត្ថភាព​ខ្លួន​ថា​ខ្លួន​ពូកែ​ខាង​ផ្នែក​អ្វី​ឲ្យ​ ច្បាស់ ពីព្រោះ​មាន​តែ​យើង​ខ្លួន​ឯង​ទេ​ដែល​អាច​ដឹង​ច្បាស់ និង​ចេះ​បង្កើត​បណ្ដាញ​ស្គាល់​គេ​ឲ្យ​បាន​ច្រើន»។

គួរ​បញ្ជាក់​ថា ក្នុង​ឆ្នាំ​សិក្សា ២០១២-២០១៣ នេះ មាន​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សរុប​មាន​ចំនួន ១០៧,៨៣៥ នាក់ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ពី​ក្រសួង អប់រំ យុវជន និង​កីឡា​អំពី​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា៕


No comments: