Thursday 28 June 2012

ហ៊ុន ម៉ានិត ត្រូវ​តែង​តាំង​ឲ្យ​ដោះស្រាយ​ជម្លោះ​ដី​ធ្លី

លោក ហ៊ុន​ ម៉ានិត (ស្តាំ)អម​ដំណើ​រឪពុក​​ទៅ​ប្រាសាទ​ព្រះវិហារ​។ រូបៈ ជីវ័ន

ភ្នំពេញៈ លោក ហ៊ុន ម៉ានិត នាយរង​ខុទ្ទកាល័យ និង​ជា​កូន​ប្រុស​ទី២ របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ត្រូវ​បាន​តែង​តាំង​ជា​អគ្គលេខាធិការ​រង​នៃ​អគ្គលេខាធិការ​ដ្ឋាន ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​។ នេះ​បើ​យោង​ទៅ​តាម​សៀវភៅ​ព្រះ រាជកិច្ច ដែល​បោះ​ផ្សាយ​ដោយ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី ចុះ​ថ្ងៃ​ទី១៥​ខែ​មិថុនា ឆ្នាំ​២០១២។

យោង​ទៅ​តាម​សៀវភៅ​ព្រះរាជកិច្ច​ឲ្យ​ដឹង​ថា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ចុះ​ហត្ថលេខា​លើ​អនុក្រឹត្យ​នៅ​ថ្ងៃទី៧ ខែ​មិថុនា​ ឆ្នាំ​២០១២ តែង​តាំង​លោក ហ៊ុន ម៉ានិត ជា​អគ្គលេខាធិការរង​នៃ​អគ្គ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដី​ធ្លី​បន្ថែម​ លើ​មុខងារ បច្ចុប្បន្ន​។ នៅ​ក្នុង​មាត្រា​ទី២ បាន​ចែង​ថា​ ៖ «​អនុក្រឹត្យ​នេះ​មាន​ប្រសិទ្ធភាព​ចាប់​ពី​ថ្ងៃ​ចុះ​ហត្ថលេខា​ត​ទៅ» ។

កាល​ពី​ថ្ងៃ​ទី១៣ ខែ​មករា ឆ្នាំ​២០១២ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ចុះ​ហត្ថលេខា​លើ​អនុក្រឹត្យ សម្រេច​ដំឡើង​ឋានន្តរស័ក្ដិ​ថ្នាក់​ វរសេនីយ៍​ឯក នាយ​ទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ ជូន​លោក​វរសេនីយ៍ទោ ហ៊ុន ម៉ានិត ជា​នាយករង នាយក​ដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​របស់​អគ្គបញ្ជាការ​ដ្ឋាន។

លោក ហ៊ុន ម៉ានិត ដែល​ត្រូវ​បាន​តែង​តាំង​ជា​អគ្គលេខាធិការ​រង​នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដី​ធ្លី​នា​ពេល​ថ្មី​ៗ​នេះ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ កាល​ពី​ថ្ងៃ​ពុធ​ ដោយ​បាន​មាន​ប្រសាសន៍​ថា​ «ខ្ញុំ​មិន​អាច​ជឿ​ថា ជា​អ្នក​កាសែត​ភ្នំពេញ ប៉ុស្តិ៍​ទេ ព្រោះ​ពុំមាន​អ្វី​អាច​បញ្ជាក់​តាម​ទូរស័ព្ទ​បាន​ថា​ ជា​អ្នក​យក​ព័ត៌មាន​របស់ ភ្នំពេញ ប៉ុស្តិ៍»​ បើ​ទោះ​ជា​លោក​និពន្ធ​នាយក​បាន​ឆ្លង​ឆ្លើយ​ជាមួយ​តាម​ទូរស័ព្ទ ដើម្បី​បញ្ជាក់​ក៏​ដោយ​។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សមរង្ស៊ី​ បាន​ថ្លែង​ថា មាន​កូន​ខ្មែរ​ជា​ច្រើន​ដែល​មាន​បទ​ពិសោធនិង​មាន​សមត្ថភាព​នៅ​ក្នុង​តួនាទី​ របស់​រដ្ឋ ប៉ុន្តែ​ គួរ​ឲ្យ​សោកស្តាយ​ដែល​ពួក​គេ​ពុំ​មាន​ឱកាស​ដោយ​សារ​តែ​ប្រទេស​នេះ​អ្វីៗ សម្រេច​ដោយ​បុគ្គល​ម្នាក់​។ លោក​ថ្លែង​ថា​៖ «​ខ្ញុំ​សូម​ជូន​ពរ​ចំពោះ​អ្នក​ដែល​ទទួល​បាន​តំណែង​ថ្មី​នោះ​ធ្វើ​ការ​ បម្រើ​ប្រទេស​ជាតិ​ និង​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​សារ​តែ​ការពារ​ដី ធ្លី​តិចតួច​របស់​ពួក​គាត់»។​
លោក អំ សំអាត អ្នក​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​ថ្លែង​ ដែរ ថា នេះ​គឺជា​ការ​តែងតាំង​ថ្មី​របស់​រាជរដ្ឋាភិបាល​ទាក់ទិន​ទៅ​នឹង​គោល​ នយោបាយ​ដោះស្រាយ​ដី​ធ្លី​ថ្មី ដែល​រដ្ឋាភិបាល​បាន​ចាត់​តាំង​កម្លាំង​យុវជន​ពិសេស​ចុះ​វាស់​វែង​ដី ធ្លី​ជូន​ប្រជាពលរដ្ឋ​។ លោក​ថ្លែង​ថា ៖ «យើង​សង្ឃឹម​ថា លោក​ហ៊ុន ម៉ានិត នឹង​ដោះស្រាយ​បញ្ហា​ដីធ្លី​មាន​ប្រសិទ្ធភាព នោះ​គឺជា​អ្វី​ដែល​ពលរដ្ឋ​ចង់​បាន​»។

លោក ចាន់ សូវ៉េត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​បាន​ថ្លែង​ ចាប់​អារម្មណ៍​នឹង​ការ​តែងតាំង​លោក​ហ៊ុន ម៉ានិត ជា​ប្រធាន​ដឹក​នាំ​បេសកកម្ម​ពិសេស​យុវជន​ចុះ​ទៅ​វាស់​វែង​ដី​ជូន​ប្រជា ពលរដ្ឋ​ថា ជា​ការ​ល្អ​បំផុត​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​បាន​ឲ្យ​យុវជន​ទាំង​អស់​នោះ ធ្វើ​ការ​វាស់​វែង​ដី​ជូន​ប្រជា​ពលរដ្ឋ​ ដោយ​មិន​ឲ្យ​សួរ​ថា បោះឆ្នោត​ឲ្យ​គណបក្សណា ប៉ុន្តែ អ្វី​ដែល​គួរ​ឲ្យ​បារម្ភ​នោះ ​គឺ​ពួក​គេ​ស្លៀក​ពាក់​ឯក​សណ្ឋាន​កងទ័ព ប្រើ​ស្លាក​សញ្ញា ដែន​ដី​នគរូបនីយកម្ម​ ដែល​វា​ធ្វើ​ឲ្យ​ប្រជាជន​មាន​ការ​ភ័យ​ខ្លាច។​ លោក​បន្ត​ថា​៖ «យើង​សង្ឃឹម​ថា លោក​នឹង​ធ្វើ​ការ​បាន​ជោគជ័យ ហើយ​ផ្តល់​យុត្តិធម៌​ដល់​ពលរដ្ឋ​ដែល​រង​គ្រោះ​នៅ​ក្នុង​ជម្លោះ​កន្លង​មក​»៕

No comments:

China's Confucius Institutes flourish in ASEAN after West's freeze-out (西方冷落后中国孔子学院在东盟蓬勃发展)

  Geopolitical baggage less of a factor, while learning Chinese is seen as a smart move 地缘政治包袱影响较小,学习中文被视为明智之举 https://asia.nikkei.com/P...