Friday, 22 June 2012

ខ្សែ​ភាព​យន្ត​រំលឹក​ឧក្រិដ្ឋកម្ម​ដ៏​រន្ធត់

Finding Face ឬ «ស្វែង​រក​មុខ​ពិត» ជា​ខ្សែ​ភាព​យន្ត​ឯកសារ​មួយ​ដែល​កំពុង​មាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​ ទស្សនិកជន​អាមេរិកាំង និង​ខ្មែរ​ជា​ច្រើន ក្នុង​សហ​រដ្ឋ​អាមេរិក រួម​ទាំង​ក្រុមហ៊ុន​ផលិត​ខ្សែ​ភាពយន្ត​ដ៏​ល្បី​នៃ Hollywood មួយ​ចំនួន​ផង​ដែរ បន្ទាប់​ពី​ពួក​គេ​បាន​ទស្សនា​នូវ​ភាព​រន្ធត់​ដ៏​រំជួល​ចិត្ត និង​បាន​យល់​ដឹង​អំពី​ឧក្រិដ្ឋកម្ម​ដ៏​ធ្ងន់ធ្ងរ​របស់​លោក​ស្រី ឃួន សុផល ភរិយា​របស់​លោក ស្វាយ ស៊ីថា មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ជះ​ទឹក​អាស៊ី​ស្រោច​ស្រព​លើ​រាង​កាយ​របស់​អ្នក​ស្រី តាត ម៉ារីណា កាល​ពី​ឆ្នាំ​១៩៩៩។

អ្នក​និពន្ធ និង​អ្នក​ដឹក​នាំ​ខ្សែ​ភាព​យន្ត Finding Face លោក Skye Fitzgerald មាន​ប្រសាសន៍​ថា លោក​គ្រោង​ច្នៃ​ខ្សែ​ភាព​យន្ត​ឯកសារ​មួយ​នេះ​ឲ្យ​ទៅ​ជា​រឿង​វិញ ដែល​មាន​ការ​ដើរ​តួ​សម្ដែង​ដោយ​តារា​ភាព​យន្ត​ខ្មែរ។ លោក​បន្ត​ថា ក្រុមហ៊ុន​របស់ Hollywood មួយ​ឈ្មោះ Participant Media និង​ឧបត្ថម្ភ​ថវិកា​ប្រមាណ ១​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក ក្នុង​ការ​ផលិត​រឿង​រ៉ាវ​ដែល​ទាក់​ទង​នឹង​ការ​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីដ ពី​សំណាក់​ប្រព័ន្ធ​របស់​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​ខ្មែរ​រូប​នេះ ៖ «យើង​អាច​ចំណាយ​ប្រមាណ​មួយ​លាន​ដុល្លារ ដើម្បី​ថត​រឿង​នេះ​ឲ្យ​បាន​ចប់​សប់​គ្រប់។ ប៉ុន្តែ​ប្រាក់​ទាំង​នេះ​វា​អាស្រ័យ​ទៅ​តាម​ទីតាំង​ដែរ។ ដូច​អ្នក​បាន​ជ្រាប​ស្រាប់​ហើយ​ថា ប្រាក់​ទាំង​នេះ​មិន​ច្រើន​នោះ​ឡើយ បើ​តាម​ស្តង់ដារ​របស់​ក្រុមហ៊ុន Hollywood។ យើង​អាច​ផលិត​រឿង​មួយ​បាន​ក្នុង​ទឹក​ប្រាក់​ប៉ុណ្ណឹង ទាល់​តែ​យើង​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់។ ទឹក​ប្រាក់​ប្រមាណ​ពី ១​លាន ទៅ​២​លាន​ដុល្លារ យើង​អាច​ផលិត​រឿង​នេះ​បាន​យ៉ាង​ល្អ ហើយ​វា​ក៏​មិន​មែន​ជា​ភាព​ប្រថុយ​ប្រថាន​របស់​ក្រុមហ៊ុន Hollywood សម្រាប់​គម្រោង​ដ៏​តូច​នេះ​ដែរ។»

លោក Skye Fitzgerald មាន​ប្រសាសន៍​បន្ត​ថា លោក​គ្រោង​ចាប់​ផ្ដើម​ថត​រឿង​នេះ​នៅ​ឆ្នាំ​ក្រោយ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​លោក​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា តើ​ការ​ថត​អំពី​រឿង​នេះ​ជា​ចំណុច​រសើប​របស់​រដ្ឋាភិបាល​កម្ពុជា​ដែរ ឬ​យ៉ាង​ណា។ លោក​ថ្លែង​ថា ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​ថត​នោះ លោក​អាច​ធ្វើ​ការ​ថត​រឿង​នេះ​នៅ​ប្រទេស​ផ្សេង​ដែល​មាន​ទិដ្ឋភាព​ស្រដៀង​ កម្ពុជា ៖ «រឿង​នោះ​យើង​ថត​នៅ​លើ​ផ្លូវ​សាធារណៈ វា​ជា​ទីតាំង​មួយ​ដែល​លំបាក​ថត​មែន​ទែន ហើយ​ខ្ញុំ​នៅ​មិន​ទាន់​មាន​ជំនឿ​ទេ​ថា រដ្ឋាភិបាល​អាច​អនុញ្ញាត​ឲ្យ​យើង​ចុះ​ថត​រឿង​នេះ​ក្នុង​ប្រទេស​កម្ពុជា។ ហើយ​ប្រសិន​បើ​រដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​យើង​ថត​ប្រធាន​បទ​នៃ​រឿង​នេះ​ទេ ​នោះ យើង​ប្រហែល​ជា​អាច​ដូរ​ទៅ​ថត​នៅ​ប្រទេស​ថៃ ប្រទេស​សិង្ហបុរី ឬ​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​នោះ​ជំនួស​វិញ។»

លោក Skye មាន​ប្រសាសន៍​ថា កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ពុះ​ពារ​ផ្សព្វ​ផ្សាយ និង​ថត​រឿង​របស់​អ្នក​ស្រី តាត ម៉ារីណា នេះ គឺ​ដោយ​សារ​លោក​ចង់​ឃើញ​ជន​ដៃ​ដល់​ដែល​បាន​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ជះ​ទឹក​ អាស៊ីដ​នេះ ត្រូវ​នាំ​ខ្លួន​យក​ទៅ​ផ្ដន្ទា​ទោស​តាម​ផ្លូវ​ច្បាប់ ដើម្បី​កាត់​បន្ថយ​អំពើ​និទ្ទណ្ឌភាព​ដែល​កំពុង​រីក​រាល​ដាល​នៅ​កម្ពុជា ៖ «ក្ដី​សង្ឃឹម​របស់​ខ្ញុំ​នោះ គឺ​ថា​ជន​ដៃ​ដល់​ដែល​បាន​ធ្វើ​បាប ម៉ារីណា នឹង​មិន​អាច​រស់​នៅ​ដោយ​មាន​សេរីភាព ហើយ​គេច​ផុត​ពី​សំណាញ់​ច្បាប់​បាន​ឡើយ។ ជន​ទាំង​នោះ​ត្រូវ​តែ​សង​ការ​ឈឺ​ចាប់​នូវ​ទង្វើ​យ៉ាង​អាក្រក់​ជា​ទី​បំផុត ដែល​ពួក​គេ​បាន​ធ្វើ។ ក្ដី​សង្ឃឹម​របស់​ខ្ញុំ​គឺ​ថា ជន​ល្មើស​ទាំង​នោះ​នឹង​ត្រូវ​ផ្ដន្ទា​ទោស​តាម​ផ្លូវ​ច្បាប់​នៅ​ថ្ងៃ​ណា​មួយ​ ជាក់​ជា​មិន​ខាន។ ខ្ញុំ​សង្ឃឹម​ថា យុត្តិធម៌​នឹង​អាច​មាន​ក្នុង​ជាតិ​នេះ ឬ​មិន​អាច​មាន​ទៅ​បាន​នោះ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​នឹង​ធ្វើ​អ្វីៗ​ទៅ​តាម​លទ្ធភាព​ដែល​ខ្ញុំ​អាច​ធ្វើ​ទៅ​បាន ដើម្បី​ឲ្យ​ច្បាស់​ថា យុត្តិធម៌​នឹង​មាន​សម្រាប់ តាត ម៉ារីណា។ មាន​ន័យ​ថា ខ្ញុំ​នឹង​បន្ត​ការ​ផលិត​ខ្សែ​ភាព​យន្ត​ពី​មួយ​ទៅ​មួយ រហូត​ដល់​ខ្ញុំ​ចាស់​សក់​ស្កូវ ដើម្បី​រក​យុត្តិធម៌​ឲ្យ​នាង។»

កាល​ពី​មាន​វ័យ​អាយុ​១៦​ឆ្នាំ ជា​តារា​សម្ដែង​ខារ៉ាអូខេ កញ្ញា តាត ម៉ារីណា នៅ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៩ បាន​រង​ការ​បំផ្លាញ​រូប​សម្ផស្ស​ទាំង​ស្រុង​ដោយ​ការ​វាយ​ប្រហារ​ទឹក​អាស៊ីដ ពី​សំណាក់​ឧក្រិដ្ឋជន​មួយ​ក្រុម ដឹក​នាំ​ដោយ​លោក​ស្រី ឃួន សុផល ភរិយា​របស់​លោក ស្វាយ ស៊ីថា រដ្ឋ​លេខាធិការ​នៃ​ទីស្ដីការ​គណ​រដ្ឋ​មន្ត្រី។ នៅ​ដើម​ឆ្នាំ​២០០០ តុលាការ​ក្រុង​ភ្នំពេញ​បាន​ចេញ​ដីកា​បញ្ជា​ចាប់​ខ្លួន​លោក​ស្រី ឃួន សុផល ប៉ុន្តែ​ដោយ​សារ​លោក​ស្រី​ជា​ភរិយា​របស់​មន្ត្រី​រដ្ឋាភិបាល​ដ៏​មាន​អំណាច ទើប​រហូត​មក​ទល់​ពេល​នេះ​គេ​ឃើញ​លោក​ស្រី ឃួន សុផល កំពុង​រស់​នៅ​យ៉ាង​មាន​សេរីភាព។

បច្ចុប្បន្ន​ជន​រង​គ្រោះ តាត ម៉ារីណា ដែល​កំពុង​រស់​នៅ​ក្នុង​សហ​រដ្ឋ​អាមេរិក ហើយ​បាន​រៀប​ការ និង​មាន​កូន ២​នាក់​ហើយ​នោះ នៅ​មាន​ការ​ភ័យ​ខ្លាច​នៅ​ឡើយ អំពី​សុវត្ថិភាព​របស់​អ្នក​ស្រី។ អ្នក​ស្រី​ថ្លែង​ថា អ្នក​ស្រី​មាន​ក្តី​រំភើប​ក្រៃ​លែង​ដែល​ក្រុម​ហ៊ុន Hollywood ចាប់​អារម្មណ៍ និង​ជួយ​ថត​រឿង​អំពី​ជីវិត​ពិត​របស់​ស្រី។ អ្នក​ស្រី​មាន​ក្តី​ត្រេកអរ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចាប់​អារម្មណ៍​របស់​ សហគមន៍​អន្តរ​ជាតិ​ទៅ​លើ​ករណី​របស់​អ្នក​ស្រី ហើយ​សង្ឃឹម​ថា លទ្ធផល​ចេញ​ពី​ខ្សែ​ភាព​យន្ត​នេះ នឹង​អាច​ជា​ពន្លឺ​មួយ ដើម្បី​រក​យុត្តិធម៌​ពិត​ប្រាកដ​ដល់​អ្នក​ស្រី និង​ជន​រង​គ្រោះ​ដទៃ​ទៀត ដែល​រង​ការ​ឈឺ​ចាប់​ពី​សំណាក់​អ្នក​មាន​អំណាច ៖ «ខ្ញុំ​នឹង​សង្ឃឹម​ថា ថ្ងៃ​ក្រោយ​តុលាការ​អាច​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​បាន ហើយ​សំខាន់​បំផុត យ៉ាង​ហោច​ណាស់​ក៏​យើង​អាច​បាន​ទទួល​យុត្តិធម៌ ហើយ​យ៉ាង​ហោច​ណាស់​ក៏​ជា​ការ​ព្រមាន​ដល់​អ្នក​ចង់​ប្រព្រឹត្ត​អំពើ​ហិង្សា​ នៃ​ការ​ប្រើ​ទឹក​អាស៊ីដ​ទៅ​លើ​អ្នក​ដទៃ​ៗ​ទៀត។ ហើយ​យ៉ាង​ហោច​ណាស់​ក៏​គេ​គិត​អំពី​ច្បាប់​នោះ​ដែរ។ ស្រុក​ខ្មែរ​ឥឡូវ​ឮសូរ​ថា​គេ​មាន​ច្បាប់ មាន​ទម្លាប់​ល្អ​ដែរ។ ហើយ​ខ្ញុំ​សង្ឃឹម​ថា រឿង​នេះ​អាច​រក​យុត្តិធម៌​ដល់​រូប​ខ្ញុំ ព្រម​ទាំង​ជន​រង​គ្រោះ​ដទៃ​ៗ​ទៀត។»

ជុំវិញ​ការ​លើក​ឡើង​របស់​ជន​រងគ្រោះ​ពី​ការ​ជះ​ទឹក​អាស៊ីដ និង​អ្នក​ដឹក​នាំ​ខ្សែ​ភាពយន្ត Finding Face ឬ ស្វែង​រក​មុខ​ពិត ថា​ជន​ដៃ​ដល់​ក្នុង​ករណី​ឧក្រិដ្ឋកម្ម​នេះ មិន​ទាន់​ត្រូវ​បាន​ផ្ដន្ទា​ទោស​តាម​ផ្លូវ​ច្បាប់​នៅ​ឡើយ​នោះ មន្ត្រី​នៃ​អង្គភាព​ប្រតិកម្ម​រហ័ស​របស់​រដ្ឋាភិបាល លោក ទិត្យ សុធា បាន​បញ្ជាក់​ថា តុលាការ​កម្ពុជា​បាន​បិទ​បញ្ចប់​ករណី​នេះ​ហើយ ៖ «ការ​ផលិត​ខ្សែ​ភាព​យន្ត​ណា​មួយ​ទាក់​ទង​ទៅ​នឹង​រឿង តាត ម៉ារីណា នេះ គួរ​គប្បី​អ្នក​និពន្ធ​យល់​ច្បាស់​អំពី​ដំណើរ​ការ​នៃ​ការ​អនុវត្ត​ច្បាប់ ជា​ពិសេស​អ្នក​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ហ្នឹង គឺ​ត្រូវ​បាន​តុលាការ​ផ្ដន្ទា​ទោស​រួច​ទៅ​ហើយ។ ហើយ​តុលាការ​គេ​បាន​ចាត់​ការ​ទៅ​តាម​នីតិ​វិធី និង​ដំណើរ​ការ​ត្រឹម​ត្រូវ​ហើយ អ្នក​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ក៏​បាន​ទទួល​នូវ​ទោស​ទណ្ឌ​នេះ​ផង​ដែរ។ ហើយ​រហូត​មក​ទល់​ពេល​នេះ គឺ​រឿង​នេះ​បាន​បញ្ចប់​សព្វ​គ្រប់​រួច​បាត់​ទៅ​ហើយ។ នេះ​គឺ​ជា​ការ​លើក​ឡើង​នៃ​រឿង​ដែល​រលត់​ផុត​ទៅ​ហើយ​បាទ។»

ទោះ​បី​ជា​មាន​ការ​អះអាង​របស់​លោក ទិត្យ សុធា យ៉ាង​ដូច្នេះ​ក្ដី ក្រុម​សង្គម​ស៊ីវិល​បដិសេធ​ថា គេ​មិន​ដែល​ឃើញ​តុលាការ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់​វិធាន​ការ​ឲ្យ​បាន​ហ្មត់ចត់​លើ​សំណុំ​រឿង​ នេះ ដើម្បី​នាំ​ខ្លួន​ឧក្រិដ្ឋជន​ទាំង​នោះ​មក​ផ្ដន្ទា​ទោស​នៅ​ឡើយ​ទេ។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស Licadho លោក អំ សំអាត មាន​ប្រសាសន៍​ថា ករណី​នេះ​នៅ​មិន​ទាន់​អាច​បញ្ចប់​បាន​នៅ​ឡើយ​ទេ លុះ​ត្រា​តុលាការ​ពិត​ជា​បាន​ជំនុំ​ជម្រះ​ទោស​ជន​ដៃ​ដល់​ទៅ​តាម​ផ្លូវ​ ច្បាប់​ជា​សាធារណៈ ៖ «ករណី​នេះ​យើង​គិត​ទៅ​រយៈ​ពេល​ជាង ១០​ឆ្នាំ​ហើយ ដែល​ជន​ល្មើស​មិន​ទាន់​ត្រូវ​បាន​យក​ទៅ​ផ្ដន្ទា​ទោស​ទៅ​តាម​ផ្លូវ​ច្បាប់​នៅ ​ឡើយ​ទេ។ អ៊ីចឹង​ករណី​នេះ​មិន​អាច​ធ្វើ​ការ​បិទ​បាន​ទេ បើ​សិន​ជា​បិទ​បាន​លុះ​ត្រា​តែ​តុលាការ​ធ្វើ​ការ​ផ្ដន្ទា​ទោស​ជន​ល្មើស ហើយ​ជន​ល្មើស​ត្រូវ​បាន​ចាប់​ខ្លួន​យក​ទៅ​ដាក់​ពន្ធនាគារ​ទៅ​តាម​អំណាច​សាល​ ក្រម​របស់​តុលាការ។ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​យើង​មិន​ទាន់​ឃើញ​ភាព​ជឿន​លឿន​ណា​មួយ​ដើម្បី​ ស្វែង​រក​ជន​ល្មើស​នៅ​ក្នុង​រឿង​ហ្នឹង​យក​ទៅ​ផ្ដន្ទា​ទោស​នៅ​ឡើយ​ទេ ទោះ​បី​ជា​ពី​មុន​មក​យើង​ដឹង​ថា​មាន​ដីកា​ចាប់​ខ្លួន ប៉ុន្តែ​គ្មាន​ការ​ចាប់​ខ្លួន​ជន​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​ហ្នឹង​យក​ទៅ​ ដាក់​ពន្ធនាគារ​ទេ បាទ។»

ចំណែក​លោក ចាន់ សូវេត មន្ត្រី​ផ្នែក​ស៊ើប​អង្កេត​របស់​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស Adhoc មាន​ប្រសាសន៍​ថា ក្រៅ​ពី​ករណី​ជះ​ទឹក​អាស៊ីដ​លើ​អ្នក​ស្រី តាត ម៉ារីណា ក៏​មាន​ជន​សង្ស័យ​ដែល​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ជា​ច្រើន​នាក់​ ផ្សេង​ទៀត នៅ​មិន​ទាន់​បាន​ផ្ដន្ទា​ទោស​ទៅ​តាម​ច្បាប់​នៅ​ឡើយ ៖ «ករណី​ដែល​មិន​បាន​ផ្ដន្ទា​ទោស​ជន​ល្មើស​ហ្នឹង មាន​ច្រើន​ណាស់។ កាល​ពី​ករណី​របស់​កញ្ញា តាត ម៉ារីណា នេះ ហើយ​ជាក់​ស្ដែង​ខ្ញុំ​ឃើញ​ថា​រាជ​រដ្ឋាភិបាល និង​ប្រព័ន្ធ​តុលាការ​យើង​នេះ លោក​បាន​ចាត់​វិធានការ​គ្រប់​គ្រាន់​អស់​ហើយ តែ​ការ​អនុវត្ត​វា​អត់​ចេញ។ ធ្វើ​ទៅ​វា​អត់​ទាន់​រួច ឃើញ​ចេញ​តែ​លិខិត​ហ្នឹង​ក៏​ពិត​មែន​យើង​ទទួល​ស្គាល់ អា​លិខិត​ដីកា​ស្អី​ៗ យើង​ឃើញ​មាន​មែន ប៉ុន្តែ​ជន​ល្មើស​ដៃ​ដល់​នោះ​វា​ចាប់​អត់​ទាន់​បាន។»

ក្រៅ​ពី​បទ​ឧក្រិដ្ឋ​ជះ​ទឹក​អាស៊ីដ​ចំណុះ​ប្រាំ​លីត្រ​មក​លើ​អ្នក​ស្រី តាត ម៉ារីណា តារា​ខារ៉ាអូខេ កាល​ពី​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៩ ក៏​មាន​ករណី​ឃាតកម្ម​ផ្សេង​ទៀត​ដែរ ទៅ​លើ​តារា​ចម្រៀង និង​តារា​ភាព​យន្ត​ខ្មែរ​មួយ​ចំនួន ដូច​ជា​ករណី​ឃាតកម្ម​បាញ់​ប្រហារ​តារា​ភាព​យន្ត អ្នក​ស្រី ពិសិទ្ធិ ពីលិការ កាល​ពី​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​១៩៩៩។ ការ​បាញ់​ប្រហារ​ទៅ​លើ​តារា​ចម្រៀង កញ្ញា ទូច ស្រីនិច កាល​ពី​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០០៣ និង​ការ​បាញ់​ប្រហារ​ទៅ​លើ​តារា​ចម្រៀង​ម្នាក់​ទៀត​ឈ្មោះ​កញ្ញា ពៅ បញ្ញា​ពេជ្រ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០០៧។ ហើយ​រហូត​មក​ទល់​ពេល​នេះ ជន​ល្មើស​ដែល​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ដ៏​ធ្ងន់ធ្ងរ​ទាំង​នោះ គេ​នៅ​មិន​ទាន់​អាជ្ញាធរ​មាន​សមត្ថកិច្ច​កម្ពុជា​អាច​ចាប់​ជន​ដៃ​ដល់ និង​បក្ស​ពួក​យក​មក​ផ្ដន្ទា​ទោស​តាម​ផ្លូវ​ច្បាប់​ឡើយ។

អ្នក​ដឹក​នាំ​ខ្សែ​ភាព​យន្ត​ឯកសារ Finding Face លោក Skye Fitzgerald ថ្លែង​បញ្ជាក់​ថា លោក​ចង់​ឃើញ​និទ្ទណ្ឌភាព ឬ​ការ​មិន​ផ្ដន្ទា​ទោស​ជន​ល្មើស​នៅ​កម្ពុជា​មាន​ការ​លប់​បំបាត់ ហើយ​ជន​រងគ្រោះ​ត្រូវ​តែ​ទទួល​បាន​យុត្តិធម៌​ពិត​ប្រាកដ៕

No comments: