Monday, 2 July 2012

ម៉ាឡេស៊ី៖ ពី​អំណាច​គណបក្ស​តែមួយ ទៅ​រក​ប្រព័ន្ធ​នយោបាយ​ពហុបក្ស?

ដោយ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ
 
ថ្ងៃ​នេះ​ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​ចាប់​អារម្មណ៍​ទៅ​លើ​ភូមិ​សាស្ត្រនយោបាយ​នៃ​ភូមិភាគ​អាស៊ី​ អាគ្នេយ៍​ត​ទៅ​ទៀត​ ដោយ​សូម​លើក​ឡើង​អំពី​របប​នយោបាយ​នៃ​ប្រទេស​ ម៉ាឡេស៊ី​។ តាំង​ពី​ឆ្នាំ​១៩៥៧​មក​ ​ម៉ាឡេស៊ី​ឋិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ផ្តាច់​មុខ​របស់​គណបក្ស​តែ​មួយ​ដែល​ ឈ្នះ​ឆ្នោត​រហូត​ នោះគឺ​គណបក្ស​អង្គការ​ឯកភាព​ជាតិ​ម៉ាឡេ​។ ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​បន្តបន្ទាប់​គ្នារេ​ម្តង​បន្តិចៗទៅ​រក​ អំណាច​ផ្តាច់ការ​។ ក៏​ប៉ុន្តែ​ តាំង​ពី​ឆ្នាំ​២០០៨​មក​ អប្រជាប្រិយភាព​ជាលំដាប់នៃ​គណបក្ស​កាន់​អំណាច​ និង​ឥទ្ធិពល​ខ្លាំង​ឡើង​បន្តិចម្តងៗ​នៃ​បក្ស​ប្រឆាំង​កំពុង​ធ្វើ​ឲ្យ​ឆាក​ នយោបាយ​នៃ​ប្រទេសអាស៊ីអាគ្នេយ៍មួយ នេះ​ប្រែប្រួល​មិន​តិច​ទេ។

តាំង​ពី​បាន​ទទួល​ឯករាជ្យនៅ​ឆ្នាំ​១៩៥៧​មក​ ម៉ាឡេស៊ី​បាន​បង្កើត​​ប្រព័ន្ធនយោបាយ​និង​សេដ្ឋកិច្ច​មួយ​ដែល​ថ្នាក់​ដឹក​ នាំជា​បន្តបន្ទាប់​នៃ​ប្រទេស​អះអាងថា មាន​មូលដ្ឋាន​នៅ​លើ​ Consensus។ មាន​ន័យ​ថា ជា​ការ​បង្រួបបង្រួម​គ្នា​នៅ​ក្រោម​ដំបូល​នៃ​ចលនា​នយោបាយ​ចម្រុះ​តែ​មួយ ពោល​គឺ​ចលនា​Barisan Nasional រវាង ​សហគមន៍​នានា​ទាំង​អស់ ជា​ពិសេស​សហគមន៍សំខាន់ៗ​ទាំង​បី​នៃ​ប្រទេស​ នោះ​គឺ​សហគមន៍​ម៉ាឡេ៥៥%​នៃ​ចំនួន​ប្រជាជន​ទាំងស្រុង​ សហគមន៍​ចិន​២៦%​ និង​សហគមន៍​ឥណ្ឌា​៨%

នៅ​ក្នុង​ចលនា​នយោបាយ​ចម្រុះ​ Barisan Nasional គណបក្ស​អង្គការ​ឯកភាព​ជាតិ​ម៉ាឡេ​ (UMNO) មាន ​កម្លាំង​ខ្លាំង​ជាង​គេ ពីព្រោះ​គណបក្ស​នេះ​ពឹងពាក់​លើ​សហគមន៍​ម៉ាឡេ​អ្នក​កាន់​សាសនា​អ៊ីស្លាម​ដែល​ មាន​ចំនួន​ច្រើន​លើស​លុប​នៅ​ក្នុង​ប្រទេស។ ម្ល៉ោះ​ហើយ គេ​អាច​និយាយ​ថា តាំង​ពី​ឆ្នាំ​១៩៥៧​មក ប្រទេស​ម៉ាឡេស៊ី​ឋិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ផ្តាច់​មុខ​របស់​គណ​បក្ស​ អង្គការ​ឯកភាព​ជាតិ​ម៉ាឡេ​ UMNO​ នេះ​តែ​ម្តង។

ប៉ុន្តែ តាម​ការ​ពិត​និង​នៅ​លើ​សាច់ការ​ជាក់​ស្តែង គ្មាន​ឡើយ​ការ​បង្រួបបង្រួម​គ្នា​រវាង​សហគមន៍​នានា មាន​តែ​ការ​ដើរ​ខ្សែ​លើ​ជា​ដរាបពី​សំណាក់​សហគមន៍​ម៉ាឡេ​ដែល​មាន​ចំនួន​ច្រើន ​លើស​លប់​ទៅ​លើ​សហគមន៍​នានា​ដទៃ។ ការ​រើស​អើង​និង​នយោបាយ​លើក​ស្ទួយ​តែ​ជន​ជាតិ​ម៉ាឡេ​បែប​នេះ ថែម​ទាំង​បាន​បង្ក​ឲ្យ​មាន​ការ​ប្រយុទ្ធ​គ្នា​ ជា​ច្រើន​លើក​ច្រើន​សា​ រវាង​សហគមន៍​ចិន​និង​សហគមន៍​ម៉ាឡេ​ និង​បាតុកម្ម​ពី​សំណាក់​ជនជាតិ​ចិន​ប្រឆាំង​នឹង​រដ្ឋាភិបាល នៅ​ដើម​ទសវត្សរ៍ទី​៧០​ទៀត​ផង។

ការ​មាន​ប្រៀប​ផ្តាច់​មុខ​តែ​ឯង​អស់​រយៈ​ពេល​ជាង​កន្លះ​សតវត្សរ៍នៃ​គណបក្ស​ អង្គការ​ឯកភាព​ជាតិ​នៅ​លើ​ឆាក​នយោបាយ​ម៉ាឡេស៊ី​ បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាលជា​បន្ត​បន្ទាប់​គ្នា​ រេ​ខ្លួន​បន្តិច​ម្តងៗទៅ​រក​អំណាច​ផ្តាច់ការ​។ ជាក់​ស្តែង​ជាង​គេ​ គឺ​រដ្ឋាភិបាល​របស់ម៉ាហាធីរ (​Mahathir)​ ដែល​បាន​គ្រប់គ្រង​ប្រទេស​ពី​ឆ្នាំ​១៩៨១​ដល់​ឆ្នាំ​២០០៣​។

នៅ​ក្នុង​ទសវត្សរ៍​ទី​៩០​ ម៉ាហាធីរបានទាំង​តាំង​ខ្លួន​ជា​អ្នក​ការពារ​គោលការណ៍​អាស៊ី ឬ​អ្វី​ដែល​គេ​ហៅ​ថា​តម្លៃនៃអាស៊ីនិយម និយាយ​បែប​ផ្សេង​ម៉ាហាធីរ​បាន​ចេញ​មុខ​ការពារ​អំណាច​ផ្តាច់ការ​ភ្លឺស្វាង​ ដើម្បីប្រឆាំង​នឹង​លទ្ធិ​ប្រជាធិបតេយ្យ​បែប​បស្ចិម​លោក​។ នៅ​ក្នុង​ន័យ​នេះ​ ម៉ាហាធីរបាន​ប្រើ​ប្រាស់​កងទ័ព​និង​កង​នគរបាល​ ដើម្បី​ក្តាប់​និង​ត្រួតត្រា​ប្រជារាស្រ្ត​ ដើម្បី​ពង្រឹង​អំណាច​របស់​ខ្លួន​ និង​ដើម្បី​វាយ​បង្ក្រាប​ពួក​ប្រឆាំង​។ ឧទាហរណ៍​ជាក់​ស្តែង​ គឺ​ការ​វាយ​បង្ក្រាប​ទៅ​លើ​បាតុកម្ម​របស់​ពួក​មេធាវី​ ដែល​បាន​ទាមទារ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្សនៅ​ឆ្នាំ​១៩៨៦​។ ឧទាហរណ៍​ជាក់ស្តែង​មួយ​ទៀត គឺ​ការ​ចាប់​ខ្លួន​អន់វ៉ារ អ៊ីប្រាហ៊ីម (Anwar Ibrahim) ​នៅ​ឆ្នាំ​១៩៩៨ ​ អន់វ៉ារដែល​ជា​បុរស​ខ្លាំង​ទី​២​ ជា​ឧបនាយករដ្ឋមន្ត្រី​ និង​ដែល​តាម​និយាយ​ នឹង​ត្រូវ​ឡើង​ស្នង​តំណែង​នាយក​រដ្ឋមន្ត្រី​ពី​ម៉ាហាធីរ​ទៀត​ផង។

ពិត​មែន​តែ​ជា​អ្នក​កាន់​អំណាច​ផ្តាច់​ការ តែ​ម៉ាហាធីរ​បាន​កាត់​បន្ថយ​មិន​តិច​ទេ​ភាព​ក្រីក្រ បាន​លើក​កំពស់​ជីវភាព​របស់​ប្រជាជន​ដោយសារ​តែ​ការ​លក់​ទំនិញ​ចេញ​ទៅ​ក្រៅ​ ប្រទេស និង​ដោយសារតែ​​ឧស្សាហកម្មខ្លាំងក្លា​ ដែល​បាន​ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ច​នៃ​ប្រទេស​ម៉ាឡេស៊ី​ ឡើង​ទៅ​ដល់​៨​ឬ​៩%​ ពី​ឆ្នាំ​១៩៨៧​ ដល់​ឆ្នាំ​១៩៩៧​។

មុន​នឹង​ចាក​ចេញ​ពី​អំណាច​នៅ​ខែ​តុលា​ឆ្នាំ​២០០៣​ ម៉ាហាធីរ​បាន​ជំរុញអាប់ឌូឡា អាម៉ាដ បាដាវី(Abdullah Ahmad Badawi) ឲ្យ​ក្លាយ​ជា​អ្នក​ដឹក​នាំ​នៃ​បក្ស​អង្គការ​ឯកភាព​ជាតិ​ម៉ាឡេUMNO​ ដែល​ជា​ឈ្នាន់​ជាន់​ឡើង​ទៅ​ធ្វើ​ជា​នាយករដ្ឋមន្រ្តី​។ មួយ​ឆ្នាំ​ក្រោយ​មក​ គឺ​នៅ​ថ្ងៃ​ទី​២១​មីនា​ឆ្នាំ​២០០៤​ ការ​បោះឆ្នោត​បាន​អនុញ្ញាត​ឲ្យបាដាវី​ បន្ត​ជា​ផ្លូវ​ការ​ តំណែង​ជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ាឡេស៊ី​។

*

ក៏​ប៉ុន្តែ​ តាំង​ពី​ឆ្នាំ​២០០៧​មក​ លក្ខណៈ​ផ្តាច់ការ​នៃ​របប​នយោបាយ​ម៉ាឡេ បាន​និង​កំពុង​បន្ត​ស្បើយ​ទៅ​វិញ​បន្តិច​ម្តងៗ​។ មាន​មូលហេតុ​ច្រើន​យ៉ាង​ ដែល​អាច​ពន្យល់​ការ​ផ្លាស់ប្តូរ​បែប​នេះ​។ ម្យ៉ាង​ គឺ​ការ​ដោះលែង​អន់វ៉ារ អ៊ីប្រាហ៊ីម ឲ្យ​ចេញ​ពីពន្ធនាគារ​ នៅ​ខែ​កញ្ញា​ឆ្នាំ​២០០៤​ ការ​ដោះលែង​ដែល​បាន​បើក​លទ្ធភាព​ឲ្យ​អតីត​ឧបនាយករដ្ឋមន្ត្រី​រូប​នេះ​ ចាប់​ផ្តើម​ចេញ​មុខ​ធ្វើ​ជា​មេ​ដឹកនាំ​នៃ​គណបក្ស​ប្រឆាំង​។ ម្យ៉ាង​ទៀត​ គឺ​អសមត្ថភាព​របស់បាដាវី​ ក្នុង​ការ​ដឹកនាំ​គណ​បក្ស​អង្គការ​ឯកភាព​ជាតិ​ម៉ាឡេ​ និង​ក្នុង​ការ​ដឹក​នាំ​រដ្ឋាភិបាល​។ អ៊ីចឹង​ហើយ​ បាន​ជា​នៅ​ខែ​វិច្ឆិកា​ឆ្នាំ​២០០៧​ បណ្តា​ជន​ជាង​៣០០០០០នាក់​បាន​ចុះ​ធ្វើ​បាតុកម្ម​ នៅ​តាម​ដង​ផ្លូវ​នៃ​ទី​ក្រុង​Kuala Lumpour​។ គឺ​ជា​ចលនា​បាតុកម្ម​ធំ​ជាង​គេ​មួយ​មិន​ដែល​មាន​ឡើយ​ នៅ​ប្រទេស​ម៉ាឡេស៊ី​ នា​រយៈ​ពេល​ជិត​២០​ឆ្នាំ​ចុង​ក្រោយ​នេះ​។ នៅ​ខែ​ឧសភា​ឆ្នាំ​២០០៨​ មាន​មហា​បាតុកម្ម​មួយ​ទៀត​កើត​ឡើង នៅ​ក្នុង​រដ្ឋធានី​។ បណ្តា​បាតុករ​ប្រឆាំង​នឹង​ប្រេងសាំង​ឡើង​ថ្លៃ​ ប្រឆាំង​នឹង​អសមត្ថភាព​របស់​រដ្ឋាភិបាល​ ក្នុង​ការ​ប្រយុទ្ធ​ទប់ទល់​នឹង​អំពើ​ពុក​រលួយ ​និង​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត​។ គឺ​នៅ​ក្នុង​បរិបទ​បែប​នេះ​ហើយ​ ដែល​បក្ស​ជំទាស់​បាន​រួបរួម​គ្នា​ជា​ធ្លុង​មួយ​ ដើម្បី​តទល់​នឹង​គណបក្ស​អង្គការ​ឯកភាព​ជាតិ​ម៉ាឡេ UMNO នៅ​ពេល​បោះ​ឆ្នោត​ខែ​មីនា​ឆ្នាំ​២០០៨​ ការ​បោះឆ្នោត​ដែល​បាន​ធ្វើ​ឲ្យ​អាសនៈ ​នៅ​ក្នុង​រដ្ឋសភា​របស់​បក្ស​ប្រឆាំង​កើន​ចំនួន​ពី​១៨ ​ទៅ​៨២​។

ការ​បោះ​ឆ្នោត​ខែ​មីនា​ឆ្នាំ​២០០៨នៅ​ម៉ាឡេស៊ី​ គឺ​ជា​រលក​យក្ស​ស៊ូណាមីនយោបាយមួយ ​​សម្រាប់​គណបក្ស​អង្គការ​ឯកភាព​ជាតិ​ម៉ាឡេ​ ពីព្រោះ​ជា​លើក​ទី​មួយ​បង្អស់​គណបក្ស​មួយ​នេះ​ដែល​កាន់​អំណាច​ផ្តាច់មុខ​តែ​ ឯកឯងនៅ​ក្នុង​ប្រទេស​តាំង​ពី​ឆ្នាំ​១៩៥៧​មក​ ទទួល​មិន​បាន​អាសនៈចំនួន២ភាគ៣នៅ​ក្នុង​រដ្ឋសភា​និង​អស់​មាន​អំណាច​កែប្រែ​រដ្ឋធម្មនុញ្ញ​បាន ស្រេច​ តែ​អំពើ​ចិត្ត​ទៀត​  ហើយ​។

គឺ​ការ​ផ្លាស់ប្តូរ​ស៊ី​ជម្រៅ​នៅ​លើ​ឆាក​នយោបាយ​ម៉ាឡេស៊ី​បែប​នេះ​ហើយ​ ដែល​បាន​ជំរុញ​ឲ្យ​លោក​បាដាវី​លះបង់​ចោល​តំណែង​ប្រធាន​បក្ស​អង្គការ​ឯកភាព​ ជាតិ​ម៉ាឡេ​នៅ​ខែ​មីនា​ឆ្នាំ​២០០៨។ នៅ​ថ្ងៃ​ទី​២៦​មីនា​ឆ្នាំ​២០០៨ បណ្តា​ប្រតិភូ​ទាំង២ ៥០០​នាក់​របស់​បក្ស​ក៏​បាន​បោះ​ឆ្នោត​តែងតាំង​ណាហ្ស៊ីប ទុន រ៉ាហ្សាក(Najib Tun Razak)ជា​ប្រធាន​។ ហើយ​នៅ​ថ្ងៃ​ទី​៣​មេសា​ឆ្នាំ​២០០៨​ដដែល​នោះ ណាហ្ស៊ីប ទុន រ៉ាហ្សាក បាន​ក្លាយ​ជា​ស្វ័យប្រវត្តិ​ ទៅ​ជា​នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​ម៉ាឡេស៊ី​។

តាំង​ពី​ពេល​នោះ​មក ណាហ្ស៊ីប ទុន រ៉ាហ្សាក ត្រូវ​ប្រឈម​មុខ​នឹង​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​អន់វ៉ារ អ៊ីប្រាហ៊ីម។ ប្រមុខ​បក្ស​ប្រឆាំង​ប្រកប​ដោយ​ប្រជាប្រិយភាព​ខ្លាំង​ឡើង​ជា​លំដាប់​រូប​នេះ បាន​និង​កំពុង​បន្ត​ខិតខំ​ទាក់​ទាញ​សហគមន៍​ចិន​និង​ឥណ្ឌា ព្រម​ទាំង​ស្វែង​រក​ការ​គាំទ្រ​ពី​ពួក​ម៉ាឡេ​ណា​ ដែល​លែង​ទុក​ចិត្ត​គណបក្ស​កាន់​អំណាច​ ដើម្បី​ដណ្តើម​យក​ជ័យជំនះ​ នៅ​ពេល​បោះ​ឆ្នោត​លើក​ក្រោយ​៕

No comments:

Enhancing Loan Payment Efficiency Through Mobile App Technology Utilization in the Banking Sector of Battambang City, Cambodia

Enhancing Loan Payment Efficiency Through Mobile App Technology Utilization in the Banking Sector of Battambang City, Cambodia : In the cont...