Monday 2 July 2012

ប្រទេស​ថៃ៖ យោធា​ព្រះមហាក្សត្រ និង​លទ្ធិ​ប្រជាធិបតេយ្យ

ដោយ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ
 
ថ្ងៃ​នេះ​ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​ចាប់​អារម្មណ៍​ទៅ​លើ​ភូមិ​សាស្ត្រនយោបាយ​នៃ​ភូមិភាគ​អាស៊ី​ អាគ្នេយ៍​ត​ទៅ​ទៀត​ ដោយ​សូម​លើក​ឡើង​អំពី​របប​នយោបាយ​នៃ​ប្រទេសថៃ​។
នៅ​លើ​ក្រដាស​ ថៃ​ជា​ប្រទេស​ប្រជាធិបតេយ្យ​ តាំង​ពី​ឆ្នាំ​១៩៣៣​ មក​ម៉្លេះ។ ក៏​ប៉ុន្តែ​ នៅ​លើ​សាច់​ការ​ជាក់​ស្តែង​វិញ​ ប្រទេស​នេះ​តែង​តែ​ឋិត​នៅ​ក្រោម​ការ​ដឹក​នាំ​របស់យោធា។ ទោះ​ជា​បាន​ប្រសូត​ចេញ​ពី​ការ​បោះ​ឆ្នោត​ក៏​ដោយ​ គ្រប់​រដ្ឋាភិបាល​ស៊ីវិល​សុទ្ធ​តែ​ឋិត​នៅ​ក្រោម​ការ​គំរាម​កំហែង​ធ្វើ​រដ្ឋ​ ប្រហា​រពី​សំណាក់​យោធា​និង​សុទ្ធ​តែ​ឋិត​នៅ​ក្រោម​ឥទ្ធិពល​ដ៏​ខ្លាំង​ជ្រុល​ របស់​ព្រះ​បរមរាជវាំង។


រាប់​ទាំង​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​១៩​កញ្ញា​ឆ្នាំ​២០០៦​ ដែល​បាន​ទម្លាក់​លោក​ថាក់ ស៊ីន​(Thaksin)​ចេញ​ពី​តំណែង​នាយក​រដ្ឋមន្ត្រី​ ប្រទេស​ថៃ​បាន​ស្គាល់​រដ្ឋ​ប្រហារ​យោធា​ទាំង​អស់​ចំនួន​១៩​លើក តាំង​ពី​ឆ្នាំ​១៩៣២​មក។ នេះ​ស្តែង​ឲ្យ​ឃើញ​ថា យោធា​ដើរ​តួនាទី​ធំ​សម្បើម​ណាស់​ នៅ​ក្នុង​ជីវិត​នយោបាយ​នៃ​ប្រទេស​ថៃ​។

មែន​ទែន​ទៅ​ អន្តរាគមន៍​យោធា​ដ៏​ញឹក​ញាប់​បែប​នេះ​ដែល​តាម​ធម្មតា​គ្មាន​ការ​បង្ហូរ​ឈាម​ ឡើយ​ មិន​មែន​ជា​រឿង​ចៃដន្យ​ទេ​។ ម្យ៉ាង​ យោធា​ជា​អ្នក​ដែល​បាន​ផ្តួល​រំលំ​របប​រាជា​និយម​ផ្តាច់ការ​នៅ​ឆ្នាំ​១៩៣២ និង​ជា​អ្នក​ដែល​បាន​បង្កើត​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ នៅ​ថ្ងៃ​ទី​២៤​មិថុនា​ឆ្នាំ​១៩៣៣។ ម្យ៉ាង​ទៀត​ ពេញ​មួយ​សតវត្សរ៍​ទី​២០​ យោធា​ដែល​មិន​ចាំ​បាច់​គិតគូរ​ពី​រឿង​ការពារ​ជាតិ​ ដ្បិត​ប្រទេស​ថៃ​មិន​ដែល​ឆ្លង​កាត់​សង្គ្រាម​ បាន​ងាក​មក​រវីរវល់​តែ​ពី​រឿង​ផ្ទៃ​ក្នុងនៃប្រទេស​។

អ៊ីចឹង​ហើយ បាន​ជា​មក​ទល់​សព្វ​ថ្ងៃ​ យោធា​ថៃតាំង​ខ្លួន​ជា​កម្លាំង​មួយ​ម្ចាស់​ការ​ មិន​ស្តាប់​បញ្ជា​អ្នក​នយោបាយ​ ផ្តល់​សិទ្ធិ​ធំដល់​ខ្លួន​ឯង​ ដើម្បី​គាប​សង្កត់​ឬ​រំលំ​រដ្ឋាភិបាល​។ អ៊ីចឹង​ហើយ​ដែរ​ បាន​ជា​នាយក​រដ្ឋ​មន្ត្រី​ថៃ​ជា​ច្រើន​រូប​ សុទ្ធ​សឹង​ជា​នាយ​ទាហាន​ឬ​ជាអតីត​នាយ​ទាហាន ដូច​យ៉ាង​លោកភីប៊ុន(​Phibun) លោក​សា​រីត(Sarit) លោក​ថានំ(Thanom) ឬ​ក៏​កន្លង​ទៅ​ថ្មីៗ​នេះ លោក​សុងធី(​Sonthi)​។

លើក​ណា​ក៏​ដូច​លើក​ណា ក្រុម​នាយ​ទាហាន​ដែល​បាន​ធ្វើ​រដ្ឋប្រហារ តែងតែ​អះអាង​ថា គឺ​ដើម្បី​ការពារ​ផល​ប្រយោជន៍​ជាតិ​។ ឧទាហរណ៍​ ទាក់​ទិន​នឹង​រដ្ឋ​ប្រហារ​ឆ្នាំ​១៩៤៧ ឧត្តមសេនីយ៍​ភីប៊ុនបាន​និយាយ​អះអាង​ថា គឺ​ដើម្បី​ការពារ​ភាព​ថ្លៃថ្នូរ​នៃ​របប​រាជា​និយម​ ប្រឆាំង​នឹង​រដ្ឋាភិបាល​មួយ​ដែល​ទន់​ជ្រាយ​ពេក​ នៅ​ចំពោះ​មុខ​បស្ចិម​លោក​។ ពាក់​ព័ន្ធ​នឹង​រដ្ឋ​ប្រហារឆ្នាំ​១៩៧១​វិញ ក្រុម​ឧត្តមសេនីយ៍​បាន​ពន្យល់​ថា​ គឺ​ដើម្បី​ការពារ​ប្រទេស​ ទប់ទល់់​នឹង​ឥទ្ធិពល​កុម្មុយនិស្ត​ដែល​ចេញ​មក​ពី​តំបន់​បណ្តោយ​ព្រំដែន​ជា​ មួយ​ប្រទេស​ម៉ាឡេស៊ី​។ ហើយ​ស្តី​ពី​រដ្ឋ​ប្រហារ​ឆ្នាំ​២០០៦​វិញ ក្រុម​ឧត្តមសេនីយ៍​បាន​ថ្លែង​ថា​ គឺ​ដើម្បី​រក្សា​ស្ថិរភាព​នៃ​ប្រទេស។

ទោះ​បី​ជា​មិន​ចេញ​មុខ​ខ្លាំង​ ឥទ្ធិពល​របស់​ព្រះ​មហាក្សត្រ​ថៃ​ធំ​លើស​អំណាច​របស់ពួក​យោធា​ទៅ​ទៀត។ បើ​សិន​ជា​គ្មាន​ការ​គាំទ្រ​ពី​ព្រះ​ចៅ​ភូមីបុល​(Phumibol) និង​ពី​ព្រះបរមរាជវាំង​ទេ រដ្ឋ​ប្រហារ​យោធា​បន្តបន្ទាប់​គ្នា​តាំង​ពី​ឆ្នាំ​១៩៥០​មក ប្រហែល​ជា​មិន​អាច​ទទួល​ជោគជ័យ​ងាយៗ អ៊ីចឹង​បាន​ទេ​។ ជាក់​ស្តែង នៅ​ឆ្នាំ​១៩៨១​ រដ្ឋ​ប្រហារ​ប្រឆាំង​នឹង​ឧត្តមសេនីយ៍​ព្រេម(Prem) ដែល​គ្មាន​ការ​គាំទ្រ​ពី​សំណាក់​ព្រះចៅ​ភូមីបុល បាន​ទទួល​បរាជ័យ​ស្មោះ។

ដោយ​ឡែក​ យោធា​ រដ្ឋាភិបាល​ និង​រាស្ត្រ​ថៃ​ ទទួល​ស្គាល់​តួ​នាទី​ជា​ចាំបាច់​របស់​ព្រះ​មហាក្សត្រ​ ក្នុង​ការ​ដោះ​ស្រាយ​វិបត្តិ​ធ្ងន់ធ្ងរ​និង​ក្នុង​ការ​ផ្សះផ្សា​ជាតិ​ ទោះ​បី​ជា​តួ​នាទី​នោះ មិន​បាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ក៏​ដោយ​។ នៅ​ឆ្នាំ​១៩៧៣​ ក្រោយ​ពី​រដ្ឋាភិបាល​បាន​វាយ​បង្ក្រាប​ក្នុង​ថ្លុក​ឈាម​ចលនា​និស្សិត​ ឧត្តមសេនីយ៍​ថានំ​ត្រូវ​បង្ខំ​ចិត្ត​លា​លែង​ចេញ​ពី​មុខ​តំណែង​នាយក​ រដ្ឋមន្ត្រី និង​ត្រូវ​បង្ខំ​ចិត្ត​និរទេស​ទៅ​រស់​នៅ​ក្រៅ​ប្រទេស​ តាម​សំណូមពរ​របស់​ព្រះ​ចៅ​ភូមីបុល​។

លើស​ពី​នេះ​ទៅ​ទៀត​ ព្រះ​មហាក្សត្រ​ថៃ​មាន​សិទ្ធិ​ប្រើ​អំណាច​វេតូ(​Veto)​ ដោយ​មិន​ឡាយ​ ព្រះហស្ត​លេខា​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​ច្បាប់​ណា​ដែល​ព្រះអង្គ​មិន​ឯកភាព។ ហើយ​ជា​ទូទៅ​ សភា​តែង​តែ​បោះ​បង់​ចោល​ជា​ស្ថាពរ​ ច្បាប់​ដែល​ត្រូវ​បាន​ជំទាស់​ដោយ​ព្រះ​មហាក្សត្រ។

នៅ​ក្នុង​បរិបទ​បែប​នេះ គេ​អាច​អះអាង​បាន​ថា​ លទ្ធិ​ប្រជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ​នៅ​ប្រទេស​ថៃ​ នា​រយៈ​ពេល​​៨០​ឆ្នាំ​ចុង​ក្រោយ​នេះ​មាន​ដំណើរ​រប៉ាក់​រប៉ើក​។ មូលហេតុ​ទី​មួយ​ គឺ​បណ្តាល​មក​ពី​ឥទ្ធិពល​ធំធេង​ពេក​របស់​ព្រះ​មហាក្សត្រ ​ធំ​ធេង​ហួស​សេច​ក្តី​ចែង​របស់​រដ្ឋធម្មនុញ្ញ។

មូលហេតុ​ទី​ពីរ គឺ​បណ្តាល​មក​ពី​រដ្ឋប្រហារ​យោធា​មិន​ចេះ​ឈប់​ឈរ​ ដែល​មិន​អាច​ធ្វើ​ឲ្យ​
លទ្ធិ​ប្រជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​ រីក​ធំ​និងរឹង​មាំ​បាន។ នា​រយៈ​ពេល​៨០ ​ឆ្នាំ​ចុង​ក្រោយ​នេះ​ ក្រោយ​រដ្ឋ​ប្រហារ​ម្តងៗ យោធា​ថៃ​តែងតែ​ឡើង​កាន់​កាប់​អំណាច​មួយ​ឆ្នាំ​ឬ​ពីរ​ឆ្នាំ​មុន​នឹង​ប្រគល់​ អំណាច​ទៅ​ឲ្យ​ស៊ីវិល​វិញ​ ហើយ​មិន​តែ​ប៉ុណ្ណោះ​ រដ្ឋាភិបាល​ស៊ីវិល​ទាំង​នោះ​គ្រប់​គ្រង​ប្រទេស​ ក្រោម​ការ​ឃ្លាំ​មើល​របស់​យោធា​ទៅ​ទៀត​។

ឯ​មូលហេតុ​ចុង​ក្រោយ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​រប៉ាក់រប៉ើក​នៅ​ប្រទេស​ថៃ​ គឺ​បណ្តាល​មក​ពី​
អស្ថិរភាព​ខ្លាំង​នៃ​រដ្ឋាភិបាល​នីមួយៗ។ កម្រ​មាន​ណាស់​រដ្ឋាភិបាល​មួយ​ដែល​អាច​ដឹក​នាំ​ប្រទេស​មួយ​អាណត្តិ​ពេញ ពីព្រោះ​សុទ្ធសឹង​ជា​រដ្ឋាភិបាល​ចម្រុះ​ដែល​ត្រូវ​តែ​រលំ​បះ​ជើង ពេល​មាន​ការ​បាក់​បែក​ប្រេះ​ឆា នៅ​ក្នុង​ជួរ​ថ្នាក់​ដឹក​នាំ​ប្រទេស​ម្តងៗ​។

ដោយ​ឡែក ភាព​តាន​តឹង​និង​អស្ថិរភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​តាំង​ពី​ឆ្នាំ​២០០៦​មក គឺ​ជា​ការ​គំរាមកំហែង​ថ្មី​ដល់​លទ្ធិ​ប្រជា​ធិបតេយ្យ​ថៃ​។​ រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៧​ ដែល​គេ​ចាត់​ទុក​ថា​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ជាង​គេ​ ត្រូវ​បាន​បោះ​បង់​ចោល។ រី​ឯ​លោក​ថាក់ស៊ីន ដែល​បាន​ឈ្នះ​ឆ្នោតនៅ​ឆ្នាំ​២០០១​និង​នៅឆ្នាំ​២០០៥​ ក៏​ដូច​បក្ស​ពួក​របស់​លោក​នៅ​ក្នុង​ជួរ​គណបក្ស​អំណាច​ប្រជាជន​ដែល​បាន​ឈ្នះ​ ឆ្នោត​នៅ​ឆ្នាំ​២០០៧ ត្រូវ​គេ​រារាំង​មិន​ឲ្យ​ដឹក​នាំ​ប្រទេស​បាន។ ជាក់​ស្តែង នៅ​ឆ្នាំ​២០០៨ រដ្ឋាភិបាល​របស់​លោក​សាម៉ាក់​(Samak)​ ត្រូវ​បាន​រំលំ​ដោយ​ពួក​អាវ​លឿង​ដែល​បាន​កាន់កាប់​ទីស្នាក់ការ​របស់​ រដ្ឋាភិបាល​នៅ​ខែ​សីហា និង​អាកាសយានដ្ឋាន​នៅ​ទីក្រុង​បាងកក​នៅ​ខែ​ធ្នូ។ ក្រោយ​មក​ទៀត រដ្ឋាភិបាល​លោក​សុមឆៃ(Somchai) ដែល​ជា​ប្អូនថ្លៃ​របស់​លោក​ថាក់ស៊ីន ក៏​បាន​ដួល​រលំ​ដូច​គ្នា ក្រោយ​ពី​តុលាការ​បាន​សម្រេចចិត្ត​រំលាយ​ចោល​គណបក្ស​របស់​លោក​ គឺ​បក្ស​អំណាច​ប្រជាជន។

បន្ទាប់​មក​ទៀត លោក​អាភីស៊ីត​(Abhisit) ដែល​ជា​សត្រូវ​របស់​លោក​ថាក់ស៊ីន និង​ដែល​បាន​ដឹក​នាំ​ប្រទេស​រហូត​ដល់​ការ​បោះឆ្នោត​ខែ​កក្កដា​ឆ្នាំ​២០១១ បាន​ឋិត​នៅ​ក្រោម​ការ​អុក​ឡុក​របស់​ពួក​អាវ​ក្រហម​វិញ​ម្តង។ ពួក​អាវ​ក្រហម​ដែល​ស្និទ្ធ​នឹង​លោក​ថាក់ស៊ីន​បាន​ធ្វើ​បាតុកម្ម​ធំ​នៅ​ឆ្នាំ ​២០១០​នៅ​កណ្តាល​ទីក្រុង​បាងកក រហូត​ដល់​បាន​ជំរុញ​ឱ្យ​មាន​ការ​វាយ​បង្ក្រាប​ពី​សំណាក់​កង​ទ័ព។ កាល​ណោះ អន្តរាគមន៍​របស់​យោធា​បាន​បណ្តាល​ឱ្យ​មាន​ស្លាប់​៩១​នាក់ និង​របួស​១ ៩០០​នាក់។

ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រទេស​ថៃ​បាន​វិល​មក​ឋិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​បក្ស​ពួក​លោក​ ថាក់ស៊ីន​វិញ​ម្តង។ គណបក្ស​ភឿ​ថៃ​ដែល​ដឹក​នាំ​ដោយ​ប្អូន​ស្រី​របស់​លោក​ថាក់ស៊ីន គឺ​លោកស្រី​យីនឡាក់(Yingluck) បាន​ឈ្នះ​ឆ្នោត​នៅ​ខែ​កក្កដា​ឆ្នាំ​២០១១ ហើយ​លោកស្រី​យីនឡាក់​បាន​ក្លាយ​ជា​នាយករដ្ឋមន្ត្រី ដឹកនាំ​រដ្ឋាភិបាល​ចម្រុះ​មួយ​ដែល​ចូលរួម​ដោយ​គណបក្ស​ចំនួន​ប្រាំ។

យ៉ាង​ណា​ក៏​ដោយ លោកស្រី​នាយករដ្ឋមន្ត្រី​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​ជា​អាទិភាព​ជា​ច្រើន។
ម្យ៉ាង គឺ​បញ្ហា​សេដ្ឋកិច្ច​ជាពិសេស​ក្រោយ​គ្រោះ​ទឹកជំនន់​ដ៏​កាច​មួយ​មិន​ដែល​មាន​ កាល​ពី​ឆ្នាំ​ទៅ​មិញ។ ម្យ៉ាង​ទៀត គឺ​ការ​ផ្សះផ្សា​ជាតិ រវាង​អ្នក​មាន​និង​អ្នក​ក្រ រវាង​អ្នក​ទីក្រុង​និង​អ្នក​ស្រុក​ស្រែ​ចម្ការ រវាង​ពួក​អាវ​លឿង​និង​ពួក​អាវ​ក្រហម រវាង​ពួក​អ្នក​ស្អប់​និង​អ្នក​ស្រឡាញ់​ថាក់​ស៊ីន៕

No comments:

Opinion: Confucius Institute Enhances Chinese Language Education, Cultural Exchange in NW Cambodia

  Please read from the Phnom Penh Post Please read from the Cambodianess  Confucius institutes have been playing a vital role in promoting C...