Showing posts with label Khmer. Show all posts
Showing posts with label Khmer. Show all posts

Wednesday 20 November 2013

បង​ធំ​កំពុង​តែ​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់

Wednesday 30 October 2013

ក្រសួង​អប់រំ​​ទទួល​បាន​ថវិកា​បន្ថែម​ជិត​២០ភាគ​រយ​ពី​គម្រោង​ថវិកាជាតិ​ឆ្នាំ​២០១៤

ដោយ and - October 29, 2013

ក្រសួង​អប់រំ​បាន​ឲ្យដឹង​កាល​ពី​ម្សិលមិញ​ថា ខ្លួន​នឹង​ទទួល​បាន​ ថវិកាបន្ថែម​ជិត​២០​ភាគរយ​ពី​គម្រោង​​ថវិកា​​​ ៣,៥២​ពាន់​លាន​​របស់​រដ្ឋាភិបាល​​សម្រាប់​ឆ្នាំ២០១៤។​ សេចក្ដី​​ព្រាង​​​ ថវិកា​នេះ​ត្រូវ​បាន​​ខុទ្ទ​កាល័យ​លោក​​នា​យក​រដ្ឋ​មន្ត្រី ហ៊ុន សែន​  បានអនុម័ត​កាល​ពី​ថ្ងៃ​សុក្រ​ ប៉ុន្តែ​សេចក្ដី​លម្អិត​ផ្សេង​ៗទៀត​ពាក់​ ព័ន្ធ​នឹង​ចំនួន​ទឹក​ប្រាក់​ដែល​ត្រូវ​បាន​លៃ​ទុក​​សម្រាប់​ក្រសួង​​នីមួយ​ៗ ​គឺ​នៅ​មិន​ទាន់​ច្បាស់នៅឡើយ​​ទេ​។​​

លោក​ ហង្ស ជួន​ណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​ទើប​តែ​ង​តាំង​ថ្មី​  បាន​ឲ្យ​ដឹង​ថា ក្រសួង​​របស់​លោក​​​​នេះ​​​នឹង​ត្រូវ​បាន​ផ្ដល់​ថវិកា​​ ចំនួន​៣៣៥​លាន​ដុល្លារ​​សម្រាប់​ឆ្នាំ​ក្រោយ​ គឺ​កើន​​ពី​ចំនួន​២៨០​លាន​ ដុល្លារ​​ ក្នុង​ឆ្នាំ​២០១៣​។ លោក​បាន​មានប្រសាសន៍​ថា “យើង​បាន​ឮ​ថា​ នឹង​​មាន​​​ការ​​បង្កើន​ថវិកា​ សម្រាប់​​វិស័យ​អប់​រំ​។ ថវិកា​សម្រាប់​ឆ្នាំ២០១៤​គឺ​នឹង​កើន​ដល់​​៣៥៥​លាន​ ដុល្លារ​”។

ប្រសិន​បើ​​ត្រូវ​បាន​រដ្ឋសភា​ជាតិ​អនុម័ត​​នៅ​ចុង​ឆ្នាំ​នេះ​​ដូច​​ការ​ រំពឹង​​ទុក​មែន​នោះ​ វា​នឹង​ស្មើ​នឹ​ងការ​បង្កើន​ថវិកា​១៩,៦​ភាគ​រយ​​​ សម្រាប់ក្រសួង​ដែល​ទីភ្នាក់ងារ​​ផ្ដល់​ជំនួយ​និង​​សហជីព​គ្រូបង្រៀន​មើលឃើញ​ ថា មាន​បញ្ហា​ថវិកា​​ជា​យូរ​មក​ហើយ​នេះ។ ទោះ​ជា​យ៉ាង​ណា ​ថវិកា​សម្រាប់​ វិស័យ​អប់រំ​នេះ​​នៅ​​តែ​មាន​​​ចំនួន​តិច​ជាង​២​ភាគរយ​នៃ​ផលិត​ផល​​​ក្នុង​ ស្រុក​​សរុប​ (GDP) ដែល​ត្រូវ​បាន​​​ព្យាករ​​ទុក​សម្រាប់​ឆ្នាំ​​២០១៤​ ពោល​គឺ​១៧​ពាន់​​លាន​ ដុល្លារ​ បើ​តាម​ការ​ព្យាករ​​​​របស់​​​​​ធនា​​​​គារ​​​​ពិភព​លោក​។​ សហជីព  ប្រទេស​ផ្ដល់​ជំនួយ​ និង​​សូម្បីតែ​មន្ត្រី​ក្រសួង​​អប់រំ​​មួយ​ចំនួ​ន​បាន​ លើក​ឡើ​ងថា ថវិកា​មិន​ដល់​២​ភាគ​រយនៃ​ផលិត​ផល​ក្នុ​ងស្រុក​សរុប​​​នេះ​ គឺ​ ទាប​ពេក​ហើយ​។

កាលពី​ខែ​សីហា​ លោក​ ណាត ប៊ុន​រឿន រដ្ឋ​លេខាធិការក្រសួង​អប់​រំ​​បាន​លើក ​ឡើង​ថា វិស័យ​អប់​រំ​នេះ​​ត្រូវ​ការ​​ថវិកា​ដែល​ខ្លួន​បាន​ទទួល​​​យ៉ាង​តិច ​ទ្វេដង​ ដើម្បី​តម្លើង​ប្រាក់​ខែ​គ្រូបង្រៀន​។​ លោក​បាន​​មាន​ប្រសាសន៍​អំឡុង​សិក្ខា​សាលា​មួយ​ស្ដីពី​ផែនការ​រយៈ​ពេល​ប្រាំ​ ឆ្នាំ​ថ្មី​របស់​ក្រសួង​នេះ​ថា “ប្រសិន​បើ​យើង​ចង់​ឲ្យ​និស្សិត​បញ្ចប់​ការ​ សិក្សា​​មាន​គុណភាព យើង​ត្រូវ​ទទួ​ល​បាន​ធនធាន​មាន​គុណ​ភាព​ដែរ​​ មាន​ន័យ​ ថា យើង​ត្រូ​វ​មាន​​គ្រូបង្រៀន​​ ដែល​មាន​ប្រាក់​ខែ​ច្រើន​ជាង​មុន​ និង​ ទទួល​បាន​​ការ​​​​​បណ្ដុះបណ្ដាល​ច្រើន​ជាង​មុន​។ យើង​គួរ​តែ​​បញ្ចូល​​ ថវិកាចន្លោះ​ពី​៤ ទៅ​៦ភាគរយ​នៃ​ផលិត​ផល​​​ក្នុង​ស្រុក​​សរុប​”។

ក្រុម​អ្នករិះគន់​ក៏​បាន​រិះគន់​ការ​​ផ្ដល់​ថវិកា​ជាតិ​មិន​គ្រប់គ្រាន់​ សម្រាប់​វិស័យ​សង្គម​កិច្ច​​មួយ​ចំនួន ​ដូចជា​វិស័យ​អប់រំ​ និង​វិស័យ​សុខា​ភិបាល​ ផ្ទុយ​ពី​វិស័យ​ការពារជាតិ​ផង​ ដែរ​។ ក្រសួង​ការពារជាតិ និង​ក្រសួង​មហាផ្ទៃ​បាន​ទទួល​ថវិកា​សរុប​​ចំនួន​៤០០​លាន​ ដុល្លារ​ក្នុង​ឆ្នាំ២០១៣។
កាល​ពីម្សិលមិញ​ លោក ទៀ បាញ់​ រដ្ឋ​មន្ត្រី​ក្រសួង​ការពារជាតិ​បាន​ បដិសេធ​​មិន​​និយាយ​ថា តើ​ក្រសួង​របស់​​លោ​ក​បាន​ទទួល​ថវិកា​ចំនួ​ន​ ប៉ុន្មាន​ក្នុង​សេចក្ដី​ព្រាង​​​ថវិកា​ឆ្នាំ​២០១៤​ទេ  ក៏​ប៉ុន្តែ​បាន​ បញ្ជាក់​ថា ​វា​នឹង​​មិន​កើនឡើ​ងច្រើន​ឡើ​យ​។ លោក​បាន​មានប្រសាសន៍​ថា “ថវិកានឹង​មិន​​កើន​ឡើ​ងច្រើន​ទេ​ ព្រោះ​យើង​​ត្រូវ ​ការ​ [ថវិកា​] ​​​ត្រឹមតែ​​​បន្តិច​ទៀត​សម្រាប់​ស្បៀង​អាហារ​​​តែ​​​​ ប៉ុណ្ណោះ​” ដោយ​លោក​​បាន​បដិ-​សេធ​​​​​មិន​​បរិយាយ​លម្អិត​ឡើយ​។

រដ្ឋាភិបាល​គឺ​​​នៅ​តែ​មាន​ការ​​លាក់​លៀម​ច្រើនអំពី​សេចក្ដី​ព្រាង​​​ ថវិកា​នេះ​​ចាប់​តាំង​ពី​​ពេល​​​សេចក្ដី​ព្រាង​​នេះ​ឆ្លង​កាត់​​​​ការ​​​ អនុម័ត​​​​​អំឡុង​​​​​​​កិច្ច​ប្រជុំ​​​​​​គណៈ​​​រដ្ឋ​មន្ត្រី​ចាប់​តាំង​ពី ​ថ្ងៃ​សុក្រ​​មក​។ មន្ត្រី​នៅ​ឯ​​​ក្រសួង​ផ្សេង​ៗ​​ទៀត​​ រួម​ទាំង​ក្រសួង​សុខាភិបាល​ និង​ក្រសួង​ហិរញ្ញវត្ថុផង​​បាន​បដិសេធ​មិន​ធ្វើ ​អត្ថាធិប្បាយ​អំពី​​​ការ​លៃ​ទុក​ថវិកា​សម្រាប់​ក្រសួង​របស់​ខ្លួន​ទេ​។

លោក​ ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​ទីស្ដីការ​​គណៈរដ្ឋ​មន្ត្រី​​ បានឲ្យ​ដឹង​ថា សេចក្ដី​ព្រាង​នេះ​​ គឺ​ជា​​ឯកសារ​ផ្ទៃ​​​ក្នុង​​​​របស់​​ រដ្ឋាភិបាល​​រហូត​ទាល់តែ​គណៈរដ្ឋ​មន្ត្រី​​បញ្ជូន​វា​ទៅ​​រដ្ឋ​សភា​ជាតិ​​ សម្រាប់​ការ​អនុម័ត​រួច​​​។​​​​​រដ្ឋ​​​សភា​​មាន​កាតព្វកិច្ច​​អនុម័ត​វា​ តាម​ផ្លូវ​ច្បាប់​អំឡុង​សប្ដាហ៍​ទី១​នៃ​ខែ​វិច្ឆិកា​។ លោក​បាន​មានប្រសាសន៍​ថា “សេចក្ដី​ព្រាង​នេះ​​មិន​សម​ឲ្យ​សាធារណជន​ដឹង​​ទេ​ លុះត្រា​តែ​វា​​ត្រូវ​បាន​បញ្ជូន​ទៅ​​​ដល់​រដ្ឋ​សភា​សិន។ ក្នុង​ដំណាក់​កាល​ នេះ​ វា​នៅ​ជា​​កម្ម​-សិទ្ធិ​​​របស់​រដ្ឋាភិបាល​​​នៅ​ឡើយ​ទេ​”។
ទោះ​ជា​យ៉ាង​ណា​ គណបក្ស​ប្រឆាំង​តែ​ង​បាន​ចោទ​រដ្ឋាភិបា​ល​របស់​លោក​  ហ៊ុន​ សែន​ថា បាន​ធ្វើ​ឲ្យ​ដំណើរកា​​រ​ព្រាង​​​ថវិកា​​មាន​ភាព​​​​​​មិន​ ច្បាស់​លា​ស់​ និង​ថា​ បាន​​​ផ្ដល់​ពេល​វេលា​​តិច​តួច​​ពេក​សម្រាប់ការ​ពិភាក្សា​ដេញដោល​អំពី​ សេចក្ដី​ព្រាង​ច្បាប់​​ដ៏​សំខាន់​​​​នេះ​។

លោក​ យឹម សុវណ្ណ​ អ្នក​នាំពាក្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​​ បាន​ មានប្រសាសន៍​ថា “នៅ​រដ្ឋ​​​សភា​ជាតិ​​នៅ​​​ក្នុង​ប្រទេស​មួយ​ចំនួន​ គេ​ ពិភាក្សា​ដេញ​ដោល​​ [អំពី​ថវិកា​ជាតិ​] រយៈ​ពេល​រាប់​ខែ​ ប៉ុន្តែ​នៅ​ក្នុង​ ​ប្រទេស​នេះ​​ ពេល​ខ្លះ​​ គេ​ពិភាក្សា​ដេញដោល​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​ វា​មិន​គ្រប់​គ្រាន់​ឡើយ​”។

ឆ្នាំ​នេះ​រដ្ឋាភិបាល​​ក៏​បាន​គំរាម​​អនុម័ត​សេចក្ដី​​ព្រាង​ថវិកា​ឲ្យ​ បាន​មុន​ដំណាច់​ឆ្នាំ​នេះ​ មិន​​​​ថា  គណបក្ស​​​​សង្គ្រោះ​​​ជាតិ​​​​ព្រម​ទទួល​យក​​​​​អាសនៈ​​របស់​ខ្លួន​នៅ​រដ្ឋ​ សភា​ជាតិ​ ឬ​អត់​ផង​ដែរ​។ គណ​បក្ស​សង្គ្រោះ​ជាតិ​​នៅ​តែ​បដិ​សេធ​​មិន​ទទួល​ យក​អាសនៈ​ទាំង​៥៥​របស់​ខ្លួន​ដែល​​មាន​ចំនួន​ស្មើ​នឹង​ជិត​ពាក់​កណ្ដាល​​នៃ​ ​អាសនៈ​សភា​​ដើម្បី​សម្ដែង​​ការ​តវ៉ា​​ចំពោះ​ភាព​មិន​ប្រក្រតី​​ក្នុង​ការ​ បោះឆ្នោត​កាល​ពី​ខែ​កក្កដា​ ទេ​។

គណបក្សសង្គ្រោះ​ជាតិ​បាន​លើក​ឡើង​ថា រដ្ឋសភា​ឯកបក្ស​​ក្រោម​ការ​ដឹកនាំ​ របស់​គណបក្ស​ប្រជាជន​កម្ពុជា​ គឺ​មិន​ស្រប​ច្បាប់​ទេ​រហូត​ទាល់​តែ​​សមាជិក​ សភា​របស់​ខ្លួន​ព្រម​ចូល​រួម​​ប្រជុំ​ ហើយ​លោក​ យឹម​ សុវណ្ណ បាន​លើក​ឡើង​ថា  ការ​បោះឆ្នោត​អនុម័ត​​​​សេចក្ដី​ព្រាង​ថវិកា​​​​ដោយ​គ្មាន​វត្តមាន​របស់​​ តំណាង​រាស្ត្រ​ជាប់​ឆ្នោត​របស់​គណបក្ស​ខ្លួន​ គឺ​ជា​រឿង​មិន​​ស្រប​ច្បាប់​​ ​​ទេ​​​។

គួររំឭកថា កាល​ពី​ខែ​មករា​​ អង្គការ​​ Inter-national Budget  Partnership បាន​​ដាក់​ពិន្ទុឲ្យ​កម្ពុជា​​១៥​ពិន្ទុ​ក្នុង​ចំណោម​១០០​ ពិន្ទុ​ ក្នុង​ការ​ស្ទង់​មតិ​​អំពី​​ការ​ព្រាង​ថវិកា​ជាតិ​​ដោយ​បើក​ចំហ​ថ្មី​បំផុ​ត ​របស់​ខ្លួន​។ ពិន្ទុ​នេះ​ធ្វើ​ឲ្យ​កម្ពុជា​​ស្ថិត​នៅ​ក្នុង​​ចំណោម​​ប្រទេស ​មាន​ចំណាត់​ថ្នាក់​ទាប​បំផុត​ ដោយ​សារ​​​តែ​​​ព័ត៌មាន​អំពី​សេចក្ដី​ព្រាង​ ថវិកា​​​​​ដែល​រដ្ឋាភិ​បាល​​​កម្ពុជា​​​​​​​បាន​​​ផ្ដល់​ឲ្យ​សាធា​រណ​ជន​បាន ​ជ្រាប​ គឺ​ស្ទើរ​​​តែ​គ្មាន​សោះ​តែ​ម្ដង​៕ (សេរីវុធ)

Wednesday 18 September 2013

បែកធ្លាយបញ្ជី ឈ្មោះក្រៅផ្លូវការ គណៈរដ្ឋមន្ដ្រី សម្រាប់ អាណត្ដិទី៥

សូមចុចត្រង់នេះដើម្បីមើលព៌តមានដើមពី គេហទំព័រ ប្រភព ដើមអម្ពិល

ភ្នំពេញ ៖ បញ្ជីឈ្មោះក្រៅផ្លូវការ សម្រាប់ គណៈរដ្ឋមន្ដ្រី អាណត្ដិទី៥ ដែលគេដឹងថា ពិតភាគច្រើន ត្រូវបានបែកធ្លាយជាសាធារណៈ នៅលើបណ្ដាញទំនាក់ទំនង ហ្វេសប៊ុក នៅព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៣នេះ ។

យោងតាមបញ្ជីឈ្មោះក្រៅផ្លូវការ នៃសមាជិក គណៈរដ្ឋមន្រ្តីអាណត្តិទី៥ខាងមុខនេះ តំណែង​ឧបនាយករដ្ឋមន្ដ្រី ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី និងរដ្ឋលេខាធិការ  បានបង្ហាញឱ្យឃើញថា មានការផ្លាស់ប្ដូរ រដ្ឋមន្ដ្រីមួយចំនួនតូច ខណៈដែលរដ្ឋលេខាធិការ ក៏ត្រូវបានតែងតាំងបន្ថែម និងកាត់បន្ថយ នៅតាមក្រសួង ទាំងនោះផងដែរ ។

យ៉ាងណាក៏ដោយ នេះគ្រាន់តែជាបញ្ជី ឈ្មោះក្រៅផ្លូវការប៉ុណ្ណោះ សម្រាប់ អាណត្ដិទី៥ ប៉ុន្ដែវាអាចជាការពិតភាគច្រើន។

យោងតាមបញ្ជី ឈ្មោះទាំងនេះ ឧបនាយក រដ្ឋមន្ដ្រី មានចំនួន៩រូប ដូចអាណត្ដិទី៤ ដែរ រួមមានលោក ស ខេង លោកសុខ អាន លោកទៀ បាញ់ លោកគាត ឈន់ លោក ហោ ណាំហុង លោកស្រី ម៉ែន សំអន លោក ប៊ិន ឈិន លោកយឹម ឆៃលី និងលោកកែ គឹមយ៉ាន ។ ដោយឡែកទេសរដ្ឋមន្ដ្រី ទទួល បន្ទុកបេសកកម្មពិសេស មានចំនួន១១រូប រួមមាន លោកញឹម វណ្ណដា លោកឃុន ហាំង លោកលី ធុជ លោកច័ន្ទ សារុន លោកឱម យ៉ិនទៀង លោកអៀង ម៉ូលី លោក វ៉ា គឹម ហុង លោក យឹម ណុលឡា លោកសេរី កុសល លោកហ៊ឹម ឆែម និងលោក ជិន ប៊ុនសៀន។

សម្រាប់ក្រសួងការពារជាតិ រួមមាន ៖

លោកទៀ បាញ់ ជារដ្ឋមន្ដ្រី អមដោយ រដ្ឋលេខាធិការ ៥រូប រួមមាន លោកចាយ សាំងយុន លោកម៉ឹង សំផន លោកនាង ផាត លោកឯល វ៉ាន់ សារ៉ាត និងលោកស្រី ប៉ា ដាវីនី ។
ក្រសួងការបរទេស និងកិច្ចសហប្រតិបត្ដិការអន្ដរជាតិ មានលោកហោ ណាំហុង ជារដ្ឋមន្ដ្រី អមដោយរដ្ឋលេខាធិការ ៥រូប រួមមាន លោកឡុង វីសាលោ លោកអ៊ុច បូរិទ្ធ លោកកៅ គឹមហួន លោកអ៊ុង ស៊ាន និងលោកសឿង រដ្ឋថាវី ។

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានលោក អូន ព័ន្ធមុនីរ័ត្ន ជារដ្ឋមន្ដ្រីអមដោយរដ្ឋលេខា ធិការ ៦រូប រួមមាន លោក វង្សី វិស្សុត លោក ជូ វិចិត្រ លោកងួន សុខា លោកហ៊ាន សាហ៊ីប លោកងី តាយី លោកជូ គឹមឡេង។

ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ មានលោក អ៊ុក រ៉ាប៊ុន ជារដ្ឋមន្ដ្រី អមដោយ រដ្ឋលេខាធិការ ៥រូប រួមមានលោកយុទ្ធ ភូថង លោកទឹម គឹមស៊ា លោកទី សុគន្ធ លោកម៉ម អំណត់ និងលោកហោ ម៉ាស៊ីង ។

ក្រសួងមហាផ្ទៃ មានលោក ស ខេង ជារដ្ឋមន្ដ្រី អមដោយរដ្ឋលេខាធិការ ១០រូប រួមមាន លោកឯម សំអាន លោកព្រុំ សុខា លោកនុត សាអាន លោកសក់ សេដ្ឋា លោកងី ច័ន្ទ្រផល លោក ស្រីជូ ប៊ុនអេង លោកប៉ុល លឹម លោកតេង សាវង្ស លោកឌុល គឿន និងលោកអ៊ុក គឹមលេខ ។

ទីស្ដីការគណៈរដ្ឋមន្ដ្រី មានលោក សុខ អាន ជារដ្ឋមន្ដ្រី អមដោយរដ្ឋលេខាធិការ ១៦រូប រួមមានលោក ប៊ុន អ៊ុយ លោកស៊ូ ភិរិន្ទ លោកស្រី ឆាយ វ៉ាន់ឌឿន លោកចាន់ តានី លោកស្វាយ ស៊ីថា លោកសុខ ផេង លោកឃឹម បូ លោកជ្រា សុចិន្ដា លោកផៃ ស៊ីផាន លោកអ៊ិន វិរៈជាតិ លោកហ៊ឹង ថូរស៊ី លោកតឹក រ៉េតសម្រេច លោកកែវ រ៉េមី លោកប៊ុន សំបូរ លោកឃឹម រុស្ស៊ីដា និង លោកង៉ោ ហុងលី ។

ក្រសួងទេសចរណ៍ មានលោកថោង ខុន ជារដ្ឋមន្ដ្រី អមដោយរដ្ឋលេខាធិការ ៦រូប រួមមានលោក ស៊ូ ម៉ាត់ លោកលី ប៊ុនធឿន លោកគោស៊ុំ សារឿត លោកស្រី សម មុន្នីការ លោកទឹក ចិន្ដា និងលោកជា បូរ៉ា ។

ក្រសួងធម្មការ និងសាសនា មានលោក មិន ឃិន ជារដ្ឋមន្ដ្រី អមដោយរដ្ឋលេខាធិការ ៤រូប រួមមានលោក ផ្លោក ផន លោកសុះ មុះសិន លោករាវ រតនវឌ្ឍនោ លោកស្រី ទូច សារ៉ុម ។
ក្រសួងកិច្ចការនារី មានលោកស្រី អ៊ឹង កន្ថាផាវី ជារដ្ឋមន្ដ្រី អមដោយរដ្ឋលេខាធិការ ៨រូប រួមមានលោកស្រី ខេង សំរ៉ាថា លោក ស្រី ឃឹម ចំរើន លោកស្រី ចាន់ សូរីយ៍ លោក ស្រី អ៊ឹម ស៊ីថៃ លោកស្រី ស៊ី តេហ្វីន លោក ស្រី សាន អារុន  លោកកុប ម៉ារីយ៉ាស់ និង លោកស្រី ហ៊ូ សាមិត្ដ ។
ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានលោកអ៊ិត សំហេង  ជារដ្ឋមន្ដ្រី អម ដោយរដ្ឋលេខាធិការ ៤រូប រួមមានលោក ពេជ សោភ័ន លោកអូស្មាន ហាស្សាន់ លោក កាន់ ម៉ន និងលោកស្រីសឿង សរសុចិន្ដា។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានលោក ប្រាក់ សុខុន ជារដ្ឋមន្ដ្រី អម ដោយរដ្ឋលេខាធិការ ៦រូប រួមមានលោក សារ៉ាក់ខាន់ លោកខាយ ឃុនហេង លោក ឯក វណ្ណឌី លោកស្រីរស់ សូរុក្ខា លោកកាន ច័ន្ទមេត្ដា និងលោកស្រី ប្រាក់ ចាន់ណយ។

ក្រសួងសុខាភិបាល មានលោកម៉ម ប៊ុន ហេង ជារដ្ឋមន្ដ្រី អមដោយរដ្ឋលេខាធិការ ចំនួន៨រូប រួមមានលោក ហេង តៃគ្រី លោក អ៊ឹង ភិរុន លោកអេង ហួត លោកសុខ ផេង លោកស្រី តាន់ វួចឆេង លោកតែ គុយស៊ាង លោកជូ យិនស៊ីម និងលោកធា គ្រុយ ។

ក្រសួងសាធារណការនិងដឹកជញ្ជូន មាន លោកត្រាំ អ៊ីវតឹក ជារដ្ឋមន្ដ្រី អមដោយ រដ្ឋលេខាធិការ ៦រូប រួមមានលោក តូច ចាន់ កុសល លោកសួន រចនា លោកលឹម ស៊ីដេនីន លោកនូ សុវត្ថិ លោកសុខុម ភគវន្ដមុនី និង លោកស្រីមិន មាសាវី ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មាន លោកស្រី ភឿង លក្ខិណា ជារដ្ឋមន្ដ្រី អម ដោយរដ្ឋលេខាធិការ ៥រូប រួមមានលោក ឃឹម សារិទ្ធ លោកជុច ភឿង លោកមិញ កុលឌីវ៉ាន់ លោកអ៊ុក សុជាតិ និងលោកសោម សុគន្ធ ។

ក្រសួងអប់រំ យុវជននិងកីឡា មានលោក ហង់ ជួនណារ៉ុង ជារដ្ឋមន្ដ្រី អមដោយរដ្ឋ លេខាធិការ ៦រូប រួមមានលោក ពិត ចំណាន លោកណាត ប៊ុនរឿន លោកស្រីគឹម សេដ្ឋានី លោកស៊ាន បូរ៉ាត លោកអ៊ឹម កុដ លោកយក់ ង៉ុយ ។

ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវ នីតិសម្បទា មានលោក វង សូត ជារដ្ឋមន្ដ្រី  រួមមានរដ្ឋលេខាធិការចំនួន៨រូប លោកនឹម ថូត លោកយី យ៉ុន លោកសយ ស៊ីផុន លោក មុត ខៀវ លោកសែម សុខា លោកអាម៉ាត់ យ៉ះ យ៉ា លោកឃួន រ៉ាឌីន លោកស្រីខៀវ បុរី ។

ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិង សំណង់ មានលោកអ៊ឹម ឈុនលឹម ជារដ្ឋមន្ដ្រី អមដោយរដ្ឋលេខាធិការ៦រូប រួមមានលោក ឆាន់ សាផាន់ លោកលឹម វ៉ាន់ លោកស្រី អ៊ូ វិឌី លោកភឿង សុភ័ណ្ឌ លោកសរ សុវណ្ណ និងលោកប៉ែន សុផល ។

ក្រសួងបរិស្ថាន មានលោកសាយ សំអាល់ ជារដ្ឋមន្ដ្រី អមដោយរដ្ឋលេខាធិការ ៤រូប រួមមានលោក ខៀវ មុត លោកយិន គឹម ស៊ាន លោកសាបូ អូស្សាណូ និងលោកឃុន លក្ខ្សី ។
ក្រសួងធនធានទឹក និងឧតុនិយម មាន លោកលឹម គានហោ ជារដ្ឋមន្ដ្រី អមដោយ រដ្ឋលេខាធិការ ៥រូប  លោកវ៉េង សាខុន លោកតន់ វ៉ាន់ថារ៉ា លោកប៊ុន ហ៊ាន លោក ស្រី សេង វ៉ាន់សាយ  និងលោកថោ ជេដ្ឋា។

ក្រសួងព័ត៌មាន មានលោកខៀវ កាញារីទ្ធ ជារដ្ឋមន្ដ្រី អមដោយរដ្ឋលេខាធិការ ៧រូប រួមមាន លោកអ៊ុក ប្រាថ្នា លោកម៉ៅ អាយុទ្ធ លោកថាច់ ផែន លោកនូវ សុវត្ថិរ៉ូ លោកហោ សុភាព លោកជា ច័ន្ទបរិបូរណ៍ និងលោកស្រី ច័ន្ទ ធី ។
ក្រសួងយុត្ដិធម៌ មានលោកអង្គវង្ស វឌ្ឍានា ជារដ្ឋមន្ដ្រី អមដោយរដ្ឋលេខាធិការ ៥រូប រួមមានលោកហ៊ី សោភា លោកស្រី ច័ន្ទ សុធាវី លោកង៉ោ សុវណ្ណ លោកព្រហ្ម សិទ្ធត្រា និងលោកកើត រិទ្ធ ។

ក្រសួងទំនាក់ទំនងជាមួយព្រឹទ្ធសភា រដ្ឋ សភា និងអធិការកិច្ច មានលោកស្រី ម៉ែន សំអន ជារដ្ឋមន្ដ្រី អមដោយរដ្ឋលេខាធិការ ៦រូប រួមមាន លោកឆេង សារឿន លោក កង ណែម លោកលោកថាច់ ឃន លោកឌុច សុវណ្ណរី លោកស្រី សុភ័គ្គ ថាវី លោកស្រី សុខ វីឡាយ ។

ក្រសួងមុខងារសាធារណៈ មានលោក ពេជ្រ ប៊ុនធិន ជារដ្ឋមន្ដ្រី អមដោយរដ្ឋលេខា ធិការ ៤រូប រួមមានលោកយូ ស៊ុនឡុង លោក ប៉ុល ពិទូ លោកស្រី វ៉ាន់ ម៉ារ៉ា និងលោក យក់ ប៊ុណ្ណា ។

ក្រសួងពាណិជ្ជកម្ម មានលោកស៊ុន ចាន់ ថុល ជារដ្ឋមន្ដ្រី អមដោយរដ្ឋលេខាធិការ ៧រូប រួមមានលោក កឹម ស៊ីថន លោកប៉ាន សូស័ក្ដិ លោកអោក ប៊ុង លោកម៉ៅ ថូរ៉ា លោកឈួន ដារ៉ា លោកឌិត ទីណា លោកស្រី តឹក រ៉េតកម្រង ។

ក្រសួងឧស្សាហកម្មរ៉ែនិងថាមពល មាន លោកចម ប្រសិទ្ធ ជារដ្ឋមន្ដ្រី អមដោយ រដ្ឋលេខាធិការ៧រូប រួមមានលោកអ៊ិត ប្រាំង លោកសាត សាម៉ី លោកភោគ សុវណ្ណរិទ្ធ លោកឯក ស៊ុនចាន់ លោកហេង សុខគង់ លោកស្រី ឡាយ ណារិន និងលោកគឹម ទូច។

ក្រសួងផែនការ មានលោកឆាយ ថន ជា រដ្ឋមន្ដ្រី អមដោយរដ្ឋលេខាធិការ ៦រូប រួម មានលោក ហ៊ូ កាំងអេង លោកឆៃ វីរៈ លោកសន ស៊ីថន លោកទូច ថាវរៈ លោក ស្រី ប៉ែន សុភា និងលោកប៉ាន ប៊ុនធឿន ។

រដ្ឋលេខាធិការអាកាសចរណ៍ មានលោក ម៉ៅ ហាវ៉ាន់ណាល់ ជារដ្ឋលេខាធិការ ។

ក្រសួងអភិវឌ្ឍន៍ជនបទ មានលោក ជា សុផារ៉ា ជារដ្ឋមន្ដ្រី ៕

Wednesday 21 August 2013

យុវសិស្ស​នាំ​គ្នា​ចាប់​យក​មុខវិជ្ជា​សិក្សា​ពេញ​និយម​តែ​មើល​រំលង​ពី​ទីផ្សារ​ដ៏​តូច​ចង្អៀត

Wednesday, 21 August 2013 ជ័យ​ ភារុន និង ហង់ សុគន្ធា

នៅ​ស្រុក​ខ្មែរ មុខ​វិជ្ជា​ចិត្តវិទ្យា មាន​ទីផ្សារ​ការងារ​ទូលំ​ទូលាយ ដែល​សិស្ស​មាន​ឱកាស​ការងារ​ទាំង​ផ្នែក​រដ្ឋ និង​ឯកជន ព្រម​ទាំង​អង្គការ​នានា។ ពេល​ដែល​សិស្ស​កំពុង​ធ្វើ​សារណា មាន​អង្គការ​មក​មើល​ផ្ទាល់ ហើយ​យក​សិស្ស​ទៅ​ធ្វើ​ការ​តែ​ម្តង» នេះ​ជា​ប្រសាសន៍​របស់​លោក​សាស្ដ្រាចារ្យ សោម ច័ន្ទ សុវណ្ណតារា ដែល​ជា​អនុ​ប្រធាន​ដេប៉ាតឺម៉ង់​ចិត្តវិទ្យា​នៅ​សាកល​វិទ្យាល័យ ភូមិន្ទ ភ្នំពេញ។
ប្រាកដ​ណាស់ ក្រោយ​ពេល​ដែល​សិស្សា​នុ​សិស្ស​បញ្ចប់​ការ​សិក្សា​ទុតិយភូមិ ពួក​គេ​ភាគ​ច្រើន​នាំ​គ្នា​សម្រុក​ទៅ​សិក្សា​ផ្នែក​គណនេយ្យ គ្រប់​គ្រង​ពាណិជ្ជកម្ម ឬ​ហិរញ្ញវត្ថុ​ជាដើម។

បើ​យោង​តាម​ស្ថិតិ និស្សិត​កំពុង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​តាម​មុខ​ជំនាញ នាយកដ្ឋាន​ឧត្តមសិក្សា​នៃ​ក្រសួង អប់រំ យុវជន និង កីឡា បាន​ឲ្យ​ដឹង​ថា មុខ​ជំនាញ​ដែល​និស្សិត​អាហារូបករណ៍ និង​បង់​ថ្លៃ​ឆ្នាំ​សិក្សា ២០១០-២០១១ មាន​ច្រើន​ជាង​គេ​បង្អស់ គឺ​បរិញ្ញាបត្រ​ភាសា អង់គ្លេស ដែល​មាន​សិស្ស​សរុប ២២,២៣៥ នាក់ ហើយ​ចំណាត់​ថ្នាក់​លេខ ២ គឺ​គណនេយ្យ​ដែល​មាន​សិស្ស​រហូត​ដល់ ២០,២៨៩ នាក់ និង​លេខ​រៀង​ទីបី ផ្នែក គ្រប់គ្រង​ដែល​មាន​សិស្ស​ចំនួន ១៩,២៥៨ នាក់ ក្នុង​ចំណោម​សិស្ស ១៨៥,៩១៨ នាក់។

បើ​តាម​ការ​ប្រៀប​ធៀប​តាម​ចំណាត់​ថ្នាក់​នៃ​សកម្មភាព​សេដ្ឋកិច្ច​នៃ​ ព័ត៌មាន​ជ្រើសរើស​បុគ្គលិក និង​អ្នក​ស្វែង​រក​ការងារ​ធ្វើ​សរុប​ក្នុង​ឆ្នាំ ២០១០ ដល់​ខែ វិច្ឆិកា​ឆ្នាំ ២០១១ របស់​ព្រឹត្តិបត្រ​ការងារ​នៃ​ទីភ្នាក់ងារ​ជាតិ​មុខ​របរ និង​ការងារ បាន​ឲ្យ​ដឹង​ថា អ្នក​ស្វែង​រក​ការងារ​ផ្នែក​គណនេយ្យ សវនកម្ម និង​ពន្ធអាករ​មាន​ដល់​ទៅ ១៣,៥ ភាគរយ ខណៈ​ដែល​តម្រូវ​ការ​ទីផ្សារ​មាន​ត្រឹម ៥,៨ ភាគរយ។
ក្រៅ​ពី​ភាសា អង់គ្លេស​ដែល​ជា​ភាសា​គ្រឹះ​សម្រាប់​ចាប់​យក​ឱកាស​ការងារ តើ​ហេតុ​អ្វី​បាន​យុវសិស្ស​មិន​បង្វែរ​ទិស​ដៅ​របស់​ខ្លួន​ពី​គណនេយ្យ គ្រប់​គ្រង និង​ហិរញ្ញវត្ថុ​មក​ជ្រើស​យក​មុខវិជ្ជា រូបវិទ្យា ជីវវិទ្យា ប្រវត្ដិវិទ្យា ភូមិវិទ្យា សង្គមវិទ្យា ចិត្តវិទ្យា វិចិត្រ​សិល្បៈ និង​ផ្នែក​រដ្ឋបាល​សាធារណៈ​ដែល​ចំនួន​អ្នក​សិក្សា​ផ្នែក​នេះ​មិន​លើស​ពី ១ ពាន់​នៅ​ក្នុង​មួយ​ឆ្នាំ​សម្រាប់​ឆ្នាំ​សិក្សា ២០១០-២០១១?
ចំពោះ​ការ​ជ្រើស​រើស​មុខវិជ្ជា​សិក្សា​ដ៏​ជោរ​ជន់​នេះ កញ្ញា គីម ស៊ីនេត ទើប​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​គណនេយ្យ​បាន​សារភាព​ថា កញ្ញា​ពិត​ជា​សោក​ស្តាយ​នូវ​ជម្រើស​ថ្នាក់​បរិញ្ញាបត្រ​ណាស់ ដោយ​មិន​បាន​សិក្សា​នូវ​អ្វី​ដែល​ជា​ចំណង់​ចំណូល​ចិត្ដ​របស់​ខ្លួន។

ចំណែក​ឯ កញ្ញា ភឿក ចាន់រិទ្ធ ជា​សិស្ស​ទើប​បញ្ចប់​ការ​សិក្សា​អនុបណ្ឌិត​វិទ្យាសាស្ដ្រ ផ្នែក​គីមីវិទ្យា តាម​រយៈ​អាហារូបករណ៍​ពី​ប្រទេស ថៃ ដែល​កញ្ញា​មាន​គម្រោង​ចង់​ក្លាយ​ជា​អ្នក​ស្រាវជ្រាវ​វិទ្យាសាស្រ្ត​មួយ​រូប​ ទាក់​ទង​ទៅ​នឹង​មុខ​ជំនាញ​របស់​ខ្លួន និង​ជា​គ្រូ​បង្រៀន​ថ្នាក់​មហា​វិទ្យាល័យ។
បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ថ្នាក់ ទី១២ ក្នុង​ឆ្នាំ ២០០៣ កញ្ញា​បាន​សិក្សា​ផ្នែក គីមីវិទ្យា នៅ​សាកល​វិទ្យាល័យ ភូមិន្ទ ភ្នំពេញ ដែល​ពេល​នោះ​កញ្ញា​គិត​ថា ខ្លួន​នឹង​ធ្វើ​ជា​គ្រូ​បង្រៀន​គីមីវិទ្យា​មួយ​រូប។ ប៉ុន្ដែ​លុះ​ដល់​ឆ្នាំ​ទី៣ ទើប​កញ្ញា​ជ្រើស​រើស​យក​មុខ​ជំនាញ គីមីជីវៈ ដែល​វា​មិន​មែន​សុទ្ធ​តែ​ក្លាយ​ជា​គ្រូ​បង្រៀន​នោះ​ទេ។ ដោយ​ការ​ខិតខំ​ប្រឹង​ប្រែង​ទើប​កញ្ញា​ជាប់​អាហារូបករណ៍​ក្នុង​ឆ្នាំ ២០០៩។
កញ្ញា ពន្យល់​ថា៖ «ក្រោយ​ពី​បញ្ចប់​មុខ​ជំនាញ គីមីជីវៈ យើង​អាច​ធ្វើ​ការ​ក្នុង​មន្ទីរ​ពិសោធ ដូចជា​មន្ទីរពេទ្យ វិទ្យាស្ថាន​ស្រាវជ្រាវ​វិទ្យាសាស្រ្ត ឬ​យើង​អាច​ក្លាយ​ជា​គ្រូ​មហា​វិទ្យាល័យ។ ពួក​យើង​អាច​ធ្វើ​ការ​នៅ​ទី​ពិសោធ​ឧស្សាហកម្ម​ផ្សេងៗ»។

លោក សោម ច័ន្ទ សុវណ្ណតារា បាន​ពន្យល់​អំពី​ជម្រើស​ការងារ​របស់​និស្សិត​បញ្ចប់​ការ​សិក្សា​បរិញ្ញាបត្រ ឬ​អនុ​បណ្ឌិត ដូចជា ជា​អ្នក​ប្រឹក្សា​ចិត្តសាស្រ្ត​ធ្វើ​ការងារ​តាម​អង្គការ មន្ទីរពេទ្យ និង​ស្ថាប័ន​នានា​ក្នុង​មុខ​នាទី​ជា​គ្រូ​បង្រៀន ឬ​ក៏​អ្នក​ស្រាវជ្រាវ​ផ្នែក​ទីផ្សារ​ជាដើម។
មុខវិជ្ជា ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​និង​សារគមនាគមន៍ តូរ្យតន្រ្តី សង្គមកិច្ចវិទ្យា បរិស្ថាន បុរាណវិទ្យា និង នាដសាស្រ្ត ដែល​មុខវិជ្ជា​នីមួយៗ​មាន​សិស្ស​មិន​ដល់ ១៥០ នាក់​ក្នុង​ឆ្នាំ​សិក្សា ២០១០-២០១១។
ពាក់​ព័ន្ធ​នឹង​ការ​ជ្រើស​រើស​មុខវិជ្ជា​នេះ​ដែរ កញ្ញា អោម រតនា និស្សិត​ឆ្នាំទី១ ផ្នែក​ហិរញ្ញវត្ថុ បាន​សារភាព​ថា៖ «នៅ​ពេល​ត្រូវ​ជ្រើស​រើស​មុខវិជ្ជា​ទៅ​តាម​សៀវភៅ​ក្រហម ខ្ញុំ​ឃើញ​មុខ​វិជ្ជា​សារគមនាគមន៍​ផង​ដែរ ប៉ុន្តែ​ខ្ញុំ​មិន​ស្គាល់ ទើប​ខ្ញុំ​រើស​មុខ​ជំនាញ​ហិរញ្ញវត្ថុ​នេះ​ទៅ»។
ការ​ពិត​ណាស់ ការ​ទទួល​បាន​ព័ត៌មាន​គ្រប់​គ្រាន់​សម្រាប់​ការ​សម្រេច​ចិត្ត​ជ្រើស​រើស​មុខ ជំនាញ​ដ៏​សមស្រប​សម្រាប់​ខ្លួន​ពិត​ជា​សំខាន់ ពីព្រោះ​ការ​រើស​នូវ​ជំនាញ​ខុស​អាច​ធ្វើ​ឲ្យ​យើង​ខាត​បង់​ពេលវេលា និង​ប៉ះពាល់​ដល់​អនាគត​ទៀត​ផង។

ដោយ​ឡែក​យុវតី គុំ រស្មីមណី ជា​សិស្ស​ទើប​ប្រឡង​មធ្យម​ទុតិយភូមិ​ឆ្នាំ ២០១៣ ជ្រើស​រើស​ផ្នែក​បរិស្ថាន​បន្ទាប់​ពី​កញ្ញា​បាន​ស៊ើប​សួរ​ព័ត៌មាន​ពី​ មុខវិជ្ជា​មួយ​នេះ ហើយ​ឪពុក​របស់​កញ្ញា​បាន​ទូរស័ព្ទ​ទៅ​សាក់​សួរ​ព័ត៌មាន​ពី​សាកល​វិទ្យាល័យ ភូមិន្ទ ភ្នំពេញ ដោយ​ផ្ទាល់។

កញ្ញា​បាន​និយាយ​ថា៖ «ខ្ញុំ​ចូល​ចិត្ត​មុខវិជ្ជា​បរិស្ថាន ទំនាក់​ទំនង​បរទេស និង​គណនេយ្យ ប៉ុន្តែ​ក្រោយ​ពី​ទូរស័ព្ទ​សាក​សួរ​ព័ត៌មាន​ពី​សាលា​មក ទើប​ដឹង​ថា ផ្នែក​បរិស្ថាន​នេះ​មាន​តែ​សិស្ស​អាហារូបករណ៍ ៣០ នាក់​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ ហើយ​នៅ​ថ្ងៃ​អនាគត​ផ្នែក​មួយ​នេះ​នឹង​មាន​ទីផ្សារ​ការងារ​ទូលំ​ទូលាយ»។

ដើម្បី​បក​ស្រាយ​ឲ្យ​អស់​មន្ទិល​សង្ស័យ លោក កៀង រតនា សាកល​វិទ្យាធិការ​រង​នៃ​សាកល​វិទ្យាល័យ បញ្ញាសាស្ដ្រ​កម្ពុជា​បាន​ប្រាប់​ថា៖ «ចំពោះ​សិស្ស​ដែល​រៀន​មុខវិជ្ជា​មិន​ចាប់​អារម្មណ៍​យើង​ឲ្យ​គាត់​សិក្សា​ចប់ ​ចេញ​ទៅ​រក​បាន​ការងារ​ស្រួល និង​ចំណូល​ខ្ពស់ ហើយ​កាន់​តែ​មាន​តម្រូវ​ទីផ្សារ​ខ្ពស់​ដែល​អាច​ទាក់​ទាញ​យក​អ្នក​សិក្សា​ មុខវិជ្ជា​ពេញ​និយម​នានា»។

ជា​ចុង​ក្រោយ​លោក​គ្រូ​ផ្ដល់​យោបល់​ដល់​សិស្ស​ទាំង​អស់​ថា៖ «កុំ​ឲ្យ​គិត​តែ​រៀន​តាម​គ្នា គួរ​តែ​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ ឬ​សាលា ពីព្រោះ​ការ​ធ្វើ​តាម​គ្នា​គឺជា​កត្តា​ដែល​ធ្វើ​ឲ្យ​ការ​ចូល​រៀន​អស់ ៤ ឆ្នាំ​ខាត​បង់​គ្មាន​ប្រយោជន៍។ សិស្ស​ត្រូវ​ដឹង​ពី​សមត្ថភាព​ខ្លួន​ថា​ខ្លួន​ពូកែ​ខាង​ផ្នែក​អ្វី​ឲ្យ​ ច្បាស់ ពីព្រោះ​មាន​តែ​យើង​ខ្លួន​ឯង​ទេ​ដែល​អាច​ដឹង​ច្បាស់ និង​ចេះ​បង្កើត​បណ្ដាញ​ស្គាល់​គេ​ឲ្យ​បាន​ច្រើន»។

គួរ​បញ្ជាក់​ថា ក្នុង​ឆ្នាំ​សិក្សា ២០១២-២០១៣ នេះ មាន​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សរុប​មាន​ចំនួន ១០៧,៨៣៥ នាក់ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ពី​ក្រសួង អប់រំ យុវជន និង​កីឡា​អំពី​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា៕


Saturday 10 August 2013

សមាគម​គ្រូ​បង្រៀន​រិះគន់​ក្រសួង​អប់រំ​ពី​ការ​បែក​ធ្លាយ​វិញ្ញាសា​បាក់​ឌុប

ដោយ ដែន អយុធ្យា
2013-08-09 
 
លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ នៅ​ថ្ងៃ​សុក្រ ទី៩ ខែ​សីហា បាន​ទាត់​ចោល​លទ្ធផល​ប្រឡង​ សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​សញ្ញាបត្រ​បាក់​ឌុបឆ្នាំ​នេះ ព្រោះ​វិញ្ញាសា​ប្រឡង​បាន​បែក​ធ្លាយ​ស្ទើរ​គ្រប់​មុខ​វិជ្ជា។

ជាង​នេះ លោក​រិះគន់​ការ​កោះ​ប្រជុំ​គណៈ​មេ​ប្រយោគ ឬ​ប្រធាន​មណ្ឌល​ប្រឡង​នៅ​ទូទាំង​ប្រទេស​កម្ពុជា របស់ លោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រី​ក្រសួង​អប់រំ ក្រោយ​សម័យ​ប្រឡង​បាន​បញ្ចប់ មិន​អាច​លុប​លាង​ភាព​អាម៉ាស់​របស់​វិស័យ​អប់រំ​ទេ។

លោក រ៉ុង ឈុន និយាយ​ថា ធនធាន​យុវជន​ប្រទេស​កម្ពុជា នឹង​បន្ត​ធ្លាក់​ចុះ​ថែម​ទៀត​នា​ថ្ងៃ​អនាគត បើ​សូម្បី​វិញ្ញាសា​ប្រឡង​ក៏​ក្រសួង​អប់រំ មិន​អាច​ទប់ស្កាត់​មិន​ឲ្យ​បែក​ធ្លាយ​បាន​នោះ៖ «ថ្នាក់​ដឹក​នាំ​ក្រសួង ដែល​មិន​មាន​សេចក្តី​ក្លាហាន​មិន​ហ៊ាន​និយាយ​ការ​ពិត។ ហើយ​ខំ​និយាយ​តាម​សារព័ត៌មាន​វិទ្យុ ទូរទស្សន៍ ដើម្បី​លាក់​បាំង​នូវ​អ្វី​ដែល​ជា​ការ​ពិត។ ហើយ​អ្វី​ដែល​យើង​រក​ឃើញ​នេះ ការ​ដែល​យើង​រក​ឃើញ អ្វី​ដែល​បែក​ធ្លាយ ការ​ដែល​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នេះ គឺ​ជា​ប្រព័ន្ធ​តាំង​ពី​ថ្នាក់​ដឹក​នាំ​ក្រសួង​មួយ​ចំនួន ក៏​ចូល​រួម​ចំណែក​ក្នុង​បញ្ហា​ទាំងអស់​នេះ​ដែរ។ យើង​ចង់​ឲ្យ​ក្រសួង​ពិនិត្យ​មើល​ឡើង​វិញ​ចំពោះ​បញ្ហា​នេះ»

លោក​បន្ថែម​ថា ការ​បែក​ធ្លាយ​វិញ្ញាសា​ប្រឡង​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ហើយ លោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រី​ក្រសួង​អប់រំ ត្រូវ​តែ​ចុះ​ចេញ​ពី​តំណែង​ចំពោះ​កំហុស​ឆ្គង​ក្នុង​ការងារ​របស់​ខ្លួន

យ៉ាង​ណា​ក៏ដោយ លោក អ៊ឹង ង៉ោហុក ប្រធាន​នាយកដ្ឋាន​មធ្យមសិក្សា​នៃ​ក្រសួង​អប់រំ នៅ​តែ​ថ្លែង​ការពារ​ស្ថាប័ន​របស់​ខ្លួន ដោយ​ច្រាន​ចោល​ព័ត៌មាន​ចំពោះ​ការ​បែក​ធ្លាយ​វិញ្ញាសា​ប្រឡង​ឆ្នាំ​នេះ។ លោក​ថា ចំពោះ​ភាព​មិន​ប្រក្រតី​ផ្សេងៗ​នៅ​ក្រោយ​ការ​ប្រឡង​បាន​បញ្ចប់ ថ្នាក់​ដឹក​នាំ​ក្រសួង​អប់រំ បាន​កោះ​ប្រជុំ​ប្រធាន​មណ្ឌល និង​មេ​ប្រយោគ​នៅ​ទូទាំង​ប្រទេស ដើម្បី​វាយ​តម្លៃ​សភាពការណ៍​រួម​នៃ​ការ​ប្រឡង ប៉ុន្តែ​គ្មាន​ព័ត៌មាន​ពី​ភាព​មិន​ប្រក្រតី​កើត​ឡើង​នៅ​ថ្ងៃ​ប្រឡង​ទេ។

លោក អ៊ឹង ង៉ោហុក៖ «នៅ​ក្នុង​បំណែង​ចែក​របស់​ក្រសួងៗ​មាន​គណៈកម្មការ​ ត្រួត​ពិនិត្យ​តាម​ឋានានុក្រម គឺ​មាន​ធំ​ជាង​គេ​នៅ​តាម​រាជធានី​ខេត្ត​និមួយៗ គឺ​មាន​គណៈ​មេ​ប្រយោគ​ទូទាំង​ប្រទេស។ ដោយ​តាម​មណ្ឌល​មាន​ប្រធាន​មណ្ឌល មាន​អ្នក​ត្រួត​ពិនិត្យ​អគារ គឺ​មាន​ប្រធាន​ពួក រហូត​ដល់​អនុរក្ស។ ដូច្នេះ ការ​គ្រប់គ្រង គឺ​យើង​ធ្វើ​ការ​គ្រប់គ្រង​ទៅ​តាម​ឋានានុក្រម​ជាច្រើន​ដំណាក់​កាល។ ហើយ​ចំពោះ​ការ​ចោទ​ប្រកាន់​ចេះ​តែ​មាន​ការ​ចោទ​ប្រកាន់ ក៏ប៉ុន្តែ អ្វី​ដែល​យើង​កំពុង​ធ្វើ គឺ​កំពុង​តែ​ទប់ស្កាត់​កុំ​ឲ្យ​មាន​បញ្ហា​ហ្នឹង​កើត​ឡើង។ ហើយ​គ្មាន​របាយការណ៍​អ្វី​ពី​គណៈកម្មការ​តាម​លំដាប់​ថ្នាក់​ដូច​ខ្ញុំ​បាន​ រៀប​រាប់​អម្បាញ់មិញ​រាយការណ៍​ពី​បញ្ហា​ហ្នឹង​ទេ។ ដូច្នេះ បញ្ហា​នេះ​គ្រាន់​តែ​ជា​ការ​ចោទ​ប្រកាន់​តែ​ប៉ុណ្ណោះ»

ទោះ​ជា​បែប​នេះ​ក្តី ទាំង​បេក្ខជន​ប្រឡង និង​គ្រូ​អនុរក្ស​តាម​បន្ទប់​ប្រឡង បាន​វាយ​តម្លៃ​ថា ការ​បែក​ធ្លាយ​វិញ្ញាសា​ប្រឡង និង​ភាព​មិន​ប្រក្រតី​ក្នុង​បន្ទប់​ប្រឡង​ឆ្នាំ​នេះ បាន​កើត​មាន​ធ្ងន់ធ្ងរ​ជាង​ឆ្នាំ​កន្លង​ទៅ។ គ្រូ​អនុរក្ស​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ និង​តាម​ខេត្ត​មួយ​ចំនួន បាន​ឲ្យ​ដឹង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា ក្រោយ​ឃើញ​វិញ្ញាសា​ប្រឡង​បាន​បែក​ធ្លាយ ពួក​គាត់​ក៏​បង្ខំ​ចិត្ត​ទទួល​លុយ​ពី​បេក្ខជន ជា​ថ្នូរ​ឲ្យ​ពួក​គេ​អាច​បើក​ចម្លង​ចម្លើយ​វិញ្ញាសា​គ្មាន​ការ​ហាម​ឃាត់ ដូច​គ្នា​បទ​ចំរៀង "ទន្សោង​គោ​ព្រៃ តូច​ស៊ី​ដោយ​តូច ធំ​ស៊ី​ដោយ​ធំ"។

ការ​ប្រឡង​សញ្ញាបត្រ​បាក់​ឌុប ចាប់​ផ្ដើម​ពី​ថ្ងៃ​ច័ន្ទ ទី៥ និង​បញ្ចប់​នៅ​ថ្ងៃ​ពុធ ទី៧ ខែ​សីហា។ ក្រសួង​អប់រំ បាន​បញ្ជាក់​ថា សម័យ​ប្រឡង​ឆ្នាំ​នេះ​មាន​បេក្ខជន​ជាង ១០៧.៨៣៥​នាក់។ ហើយ​ការ​ប្រឡង​សញ្ញាបត្រ​នេះ សម្រាប់​មណ្ឌល​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល ប្រកាស​នៅ​ថ្ងៃ​ទី៣០ ខែ​សីហា និង​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​ប្រកាស​នៅ​ថ្ងៃ​ទី៣១ ខែ​សីហា ឆ្នាំ​២០១៣៕
 

Friday 2 August 2013

សហភាពអឺរ៉ុប ផ្តល់អាហារូបករណ៍ ដល់និស្សិតខ្មែរ ៤៦ រូប

ភ្នំពេញ: ​និស្សិត និង​បុគ្គលិក​បង្រៀន​របស់​កម្ពុ​ជា​ចំនួន ៤៦ រូប នឹង​ទទួលបាន​ប្រយោជន៍​ពី​កម្មវិធី​អាហារូបករណ៍​អ៊ី​រ៉ា​ស​មុ​ស​មុន​ឌុ​ស ( Erasmus Mundus) របស់​សហភាព​អឺរ៉ុប ដើម្បី​ទៅ​សិក្សា និង​ធ្វើ​បាឋកថា​នៅ​អឺរ៉ុប សម្រាប់​ឆ្នាំ​សិក្សា​២០១៣-២០១៤​។​
និស្សិត និង​បុគ្គលិក​ដែល​បាន​អាហារូបករណ៍​នេះ​បាន​ជួបជុំគ្នា​មុនពេល​ចេញដំណើរ​ទៅ​ សិក្សា គឺ​បាន​ធ្វើឡើង​នៅ​ស្ថានទូត​សហភាព​អឺរ៉ុប​នៅ​ទីក្រុង​ភ្នំពេញ កាលពី​យប់​ថ្ងៃទី​១​ខែសីហា ឆ្នាំ​២០១៣​។​
លោក ហ្ស ង់ ហ្វង់ ស័ រ កូ តាំង (Jean-Francois Cautain) ឯកអគ្គរាជទូត នៃ សហភាព អឺរ៉ុប ប្រចាំ ព្រះរាជាណាចក្រ កម្ពុជា បាន មានប្រសាសន៍ថា “ ខ្ញុំ មាន សេចក្តី រីករាយ ជា ពន្លឹក ដែល បានឃើញ និស្សិត និង បុគ្គលិក បង្រៀន របស់ កម្ពុ ជា ទាំងអស់ ទទួលបាន ប្រយោជន៍ ពី កម្មវិធី អាហារ រូបករណ៍ អ៊ី រ៉ា ស មុ ស មុន ឌុ ស របស់ សហភាព អឺរ៉ុប ” ។
លោក ហ្ស ង់ ហ្វង់ ស័ រ កូ តាំង (Jean-Francois Cautain) ឯកអគ្គរាជទូត នៃ សហភាព អឺរ៉ុប ប្រចាំ ព្រះរាជាណាចក្រ កម្ពុជា
​លោក ហ្ស​ង់​ហ្វង់​ស័​រ កូ​តាំង បាន​មានប្រសាសន៍​បន្តទៀតថា “​ដោយ​ទទួលបាន​នូវ​ឱកាស​ដ៏​មាន​សារៈសំខាន់ ដើម្បី​ទៅ​សិក្សា​នៅ​អឺរ៉ុប​នេះ និស្សិត​ដែល​ទទួលបាន​អាហារូបករណ៍ និង​មិន​ត្រឹមតែ​ទទួលបាន​ប្រយោជន៍​ពី​ការ​បាន​ចូលរៀន​ក្នុង​វគ្គ​សិក្សា​ ដែលមាន​កម្រិតស្តង់ដារ​ខ្ពស់ នៅតាម​បណ្តា​សកល​វិទ្យាល័យ​អឺរ៉ុប​ដែល​ល្បីល្បាញ​នានា នៅ​ទូទាំង​ពិភពលោក​ប៉ុណ្ណោះ​នោះទេ ប៉ុន្តែ​ពួកគេ​នឹង​ទទួលបាន​ប្រយោជន៍​ពីបទ​ពិសោធន៍​ផ្ទាល់ខ្លួន ក្នុងការ​ចែករំលែក និង​ស្វែងយល់​អំពី​វប្បធម៌​ខុសៗ​គ្នា​ផងដែរ​” ។​
​លោក​ច​ន សុវណ្ណារ៉ា អាយុ​២៦​ឆ្នាំ អតីត​និស្សិត​សកលវិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​បាន​ជាប់​អាហារូបករណ៍​ទៅ​រៀន​អនុបណ្ឌិត​ប្រព័ន្ធ​ផ្សព្វផ្សាយ នៅ​ប្រទេស​ព័រ​ទុយ​ហ្គា​ល់ បាន​និយាយថា “​នេះ​ជា​លើកទីមួយ​ដែល​ខ្ញុំ​បានជា​ប់​អាហារូបករណ៍​ផ្នែក​អនុបណ្ឌិត​នៅក្រៅ​ ប្រទេស ហើយ​អាច​ចំណេះដឹង​ទាំងអស់នោះ មកជួយ​ជ្រោមជ្រែង​ដល់​ប្រទេស​កម្ពុជា​យើង​វិញ​”​។  លោក​ច​ន សុវណ្ណារ៉ា រៀន​អនុបណ្ឌិត​ប្រព័ន្ធ​ផ្សព្វផ្សាយ ចំនួន ២ ឆ្នាំ​។​
លោក​ច​ន សុវណ្ណារ៉ា អាយុ​២៦​ឆ្នាំ អតីត​និស្សិត​សកលវិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​បាន​ជាប់​អាហារូបករណ៍​ទៅ​រៀន​អនុបណ្ឌិត​ប្រព័ន្ធ​ផ្សព្វផ្សាយ នៅ​ប្រទេស​ព័រ​ទុយ​ហ្គា​ល់
​លោក​ច​ន សុវណ្ណារ៉ា បាន​និយាយថា​បន្តទៀតថា “​ប្រទេស​កម្ពុជា​យើង​ជា​ប្រទេស​កំពុងអភិវឌ្ឍន៍ ដូច្នេះ​ខ្ញុំ​ទៅ​សិក្សា​នៅ​ប្រទេស​អភិវឌ្ឍន៍ ហើយ​ខ្ញុំ​នឹង​យក​បទពិសោធន៍​នៅ​ប្រទេស​ទាំងនោះ មកជួយ​ប្រទេស​យើង​វិញ​​ដើម្បី​ឲ្យ​ការអភិវឌ្ឍន៍​ដូច​ប្រទេស​គេ​ដែរ​”​។​
​លោកស្រី ភឿង ស​កុ​ណា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា មានប្រសាសន៍ថា នេះ​គឺជា​កម្មវិធី​ដ៏​ល្អ​មួយ ដែល​អាច​អនុញ្ញាត​ឲ្យ​និស្សិត​ខ្មែរ បាន​អាហារូបករណ៍​ចេញទៅ​សិក្សា និង​ចេញទៅ​ធ្វើការ​ផ្លាស់ប្តូ​រប​ទ​ពិសោធន៍ រៀនសូត្រ​បន្ថែមទៀត នូវ​ចំណេះវិជ្ជា​ថ្មីៗ ដែល​ទាក់ទង​នឹង​សេចក្តី​ឆ្លើយតប​របស់​កម្ពុជា ដូច្នេះ​ក្នុងនាម​យើង​ជា​ក្រសួង​អប់រំ​យុវជន​និង​កីឡា យើង​គាំទ្រ យើង​នឹង​ជំរុញ​ការផ្តល់​អាហារូបករណ៍​ឲ្យ​កាន់តែច្រើន​ទៀត សម្រាប់​ប្រទេស​យើង​។
​លោកស្រី ភឿង ស​កុ​ណា បាន​មានប្រសាសន៍​បន្តទៀតថា “​នេះ​ជា​រឿង​សំខាន់​សម្រាប់​យុវជន​ជំនាន់​ក្រោយ គឺជា​អ្វីដែល​គេ​អាច​រៀនសូត្រ​បន្ថែម​ថ្មី ហើយ​ចំពោះ​ប្រទេសជាតិ គឺ​សារសំខាន់​មួយទៀត​”​។
​លោកស្រី ភឿង ស​កុ​ណា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា
​លោកស្រី ភឿង ស​កុ​ណា បានបញ្ជាក់​បន្ថែមថា “​ពួក​ត្រូវ​ត្រឡប់មកវិញ​រួម​កម្លាំង​គ្នា កសាង​ប្រទេស​យើង តាម​អ្វីដែល​យើង​ចេះដឹង គឺ​សារសំខាន់​សម្រាប់​លើក​សេដ្ឋកិច្ចជាតិ លើក​ការអភិវឌ្ឍន៍​ឲ្យ​បាន​ទៅមុខ​”​។​
​សូមបញ្ជាក់ថា តាមរយៈ​កម្មវិធី​នេះ និស្សិត​កម្ពុជា​នឹងត្រូវ​ទៅ​បន្ត​ការសិក្សា​នៅក្នុង​កម្មវិធីសិក្សា​ ថ្នាក់បរិញ្ញាប័ត្រ ថ្នាក់អនុបណ្ឌិត ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោម​បណ្ឌិត នៅក្នុង​ប្រទេស​អូទ្រីស ប៊ែ​ល​ហ្សិ​ក ប៊ុលហ្គារី សាធារណៈរដ្ឋ​ឆេ​ក ហ្វាំ​ង​ឡង់ បារាំង អ៊ីតាលី ព័រទុយហ្កាល់ អេស្បាញ និង​ចក្រភព​អង់គ្លេស​។ មុខវិជ្ជា​ដែល​ពួកគេ​នឹងសិក្សា​រួមមាន វិទ្យាសាស្ត្រ​ផ្នែក បសុសត្វ ពាណិជ្ជកម្ម វិទ្យាសាស្ត្រ​កុំព្យូទ័រ សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អប់រំ វិស្វកម្ម បរិស្ថាន វិទ្យាសាស្ត្រ​ម្ហូបអាហារ សុខាភិបាល ព័ត៌មានវិទ្យា សហប្រតិបត្តិការ​អន្តរជាតិ បសុព្យាបាល និង​វិទ្យាសាស្ត្រ​ផ្នែក​ទឹក ។
និស្សិត និង​បុគ្គលិក​ដែល​បាន​អាហារូបករណ៍​អ៊ី​រ៉ា​ស​មុ​ស​មុន​ឌុ​ស របស់​សហភាព​អឺរ៉ុប ​បាន​ជួបជុំគ្នា​មុនពេល​ចេញដំណើរ​ទៅ​សិក្សា
​ចាប់តាំងពី​ឆ្នាំ ២០០៥ មក​គំរោង​ជំនួយ អ៊ី​រ៉ា​ស​មុ​ស​មុន​ឌុ​ស របស់​សហភាព​អឺរ៉ុប បានផ្តល់​អាហារ​រូបករណ៍​ដល់​និស្សិត និង​បុគ្គលិក​បង្រៀន​របស់​កម្ពុ​ជា​ចំនួន​ជាង ២០០ នាក់​ហើយ​។ កម្មវិធី​អាហារូបករណ៍ និង​ការផ្លាស់ប្តូរ​ការអប់រំ គឺជា​ឧបករណ៍​ចាំបាច់​ដែល​បំពេញបន្ថែម​លើ​ការគាំទ្រ​របស់​សហភាព​អឺរ៉ុប ដល់​វិស័យ​អប់រំ​នៅ​កម្ពុជា​។ សហភាព​អឺរ៉ុប​ផ្តល់ជំនួយ​ជា​ទឹកប្រាក់​ចំនួន​ជាង ១០ លាន​អឺរ៉ូ (១៣ លាន​ដុល្លារ​) ក្នុង​មួយឆ្នាំ​ដល់​វិស័យ​អប់រំ​សម្រាប់​គាំទ្រ​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ផ្តល់​លទ្ធភាព​ទទួលបាន​ការ​អប់រំ​ប្រកបដោយ​សមធម៌ ការលើកកម្ពស់​គុណភាព និង​ប្រសិទ្ធភាព​នៃ​សេវា​អប់រំ និង​ការបង្កើន​ការកសាង សមត្ថភាព​ដល់​បុគ្គលិក​អប់រំ​។ លើសពីនេះទៅទៀត​សហភាព​អឺរ៉ុប បាន​នឹង​កំពុងផ្តល់​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ ផ្តល់​គំរោង​មួយចំនួន​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​ធ្វើ​ឲ្យ​វិស័យ​អប់រំ​នៅ​កម្ពុជា ហើយ​គំរោង​ទាំងនោះ​ផ្តល់​ប្រយោជន៍​ដល់​ប្រជាជន​ដែល​ងាយ​រងគ្រោះ​ដោយផ្ទាល់ ។​
អ៊ី​ស​រ៉ា​ស​មុ​ស​មុន​ឌុ​ស គឺជា​កម្មវិធី​សហប្រតិបត្តិការ និង​ជា​ចល័តភាព​នៅក្នុង​វិស័យ​អប់​ឧ​ត្ត​មសិ​ក្សា ដែលមាន​គោលបំណង​លើកកម្ពស់​គុណភាព នៃ​ការអប់រំ​ឧ​ត្ត​ម​សិក្សា​របស់​អឺរ៉ុប និង​ជំរុញ​ឲ្យ​មានការ​សន្ទនា និង​ការស្វែងយល់​រវាង​មនុស្ស និង​វប្បធម៌​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​ប្រទេស​ទី​៣​។ ជា​បន្ថែម​វា​រួមចំណែក​ដល់​ការអភិវឌ្ឍន៍​ធនធានមនុស្ស និង​សមត្ថភាព​សហប្រតិបត្តិ​ការ​អន្តរជាតិ​របស់​គ្រឹះស្ថាន​អប់រំ​ឧ​ត្ត​មសិ​ ក្សា នៅក្នុង​ប្រទេស​ទី​៣ ដោយ​បង្កើន​ចល័តភាព​រវាង​សហភាព​អឺរ៉ុប និង​ប្រទេស​ទាំងនេះ​។ តួលេខ​ដែល​ត្រូវបាន​ចេញផ្សាយ​នៅក្នុង​ខែ​នេះ បាន​បង្ហាញថា នៅ​ទូទាំង​ពិភពលោក និស្សិត​ចំនួន​ជាង ៣ លាន​នាក់​បានទទួល​ប្រយោជន៍​ពី​ជំនួយ អ៊ី​រ៉ា​ស​មុ​ស​មុន​ឌុ​ស ចាប់តាំងពី​ពេលដែល​ការប្រកាស​ឲ្យ​អនុវត្ត​កម្មវិធី​ផ្លាស់ប្តូរ​នោះ​នៅ​ ឆ្នាំ​១៩៨៧​មក​ម្លេះ​៕
ប្រភពពី CEN

Read more: http://www.cambodiapage.info/kh/

Friday 26 July 2013

កម្ពុជា​នឹង​មាន​បក្ស​ប្រឆាំង​១​ខ្លាំង

ផែនទី​បោះឆ្នោត​ខេត្ត​ជា​សមរភូមិ​ចាញ់ ឈ្នះ

 130726_06

 Friday, 26 July 2013 ភ្នំពេញ ប៉ុស្តិ៍

ភ្នំពេញៈ យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នឹង​បញ្ចប់​នៅ​ថ្ងៃ​សុក្រ​នេះ។ ក្នុង​រយៈ​ពេល​មួយ​ខែ​នៃ​យុទ្ធនាការ​ឃោសនា​នេះ គេ​សង្កេត​ឃើញ​គូ​ប្រជែង​នយោបាយ កំណត់​យក​ខេត្ត​ធំៗ​ចំនួន ៦ ជា​ផែនទី​ប្រជែង​គ្នា​ដណ្តើម​សំឡេង​គាំទ្រ ដើម្បី​ឆ្ពោះ​ទៅ​រក​ជ័យ​ជម្នះ​ក្នុង​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ ២០១៣ នេះ។

ខេត្ត កំពង់ចាម
ជា​ខេត្ត​ដែល​មាន​ប្រជាប្រិយ បំផុត​មាន​អាសនៈ ១៨ និង​ជា​តំបន់​សម្បូរ​ដោយ​ខ្មែរ​អ៊ិស្លាម​ច្រើន​គួរសម។ កំពង់ចាម គឺជា​ខេត្ត​ក្នុង​ចំណោម​ខេត្ត​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ក្លា បំផុត កាល​ពី​ការ​បោះឆ្នោត ឃុំ-សង្កាត់ ឆ្នាំ ២០១២ (ជា​កន្លែង​ដែល​គណបក្ស​ក្រៅ​គណបក្ស​ប្រជាជន​កម្ពុជា អាច​ឈ្នះ ៤០ ភាគរយ​នៃ​អាសនៈ​សរុប)។ គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ចំនួន ១១ អាសនៈ នៅ​មណ្ឌល​នេះ កាល​ពី​ឆ្នាំ ២០០៨ ប៉ុន្តែ​ក្រុម​អ្នក​វិភាគ​រំពឹង​ថា គណបក្ស​ប្រឆាំង​នឹង​ដណ្តើម​បាន​ច្រើន​ជាង​មុន ក្នុង​ការ​បោះឆ្នោត​លើក​នេះ​។ ជា​សញ្ញា​កម្លាំង​ខ្លាំង​នៃ​ខេត្ត​នេះ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​ប្រធាន​សភា​/ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន លោក ហេង សំរិន ទាំង​ពីរ​នាក់​ឈរ​ជា​បេក្ខជន​នៅ​ក្នុង​ខេត្ត​នេះ​ហើយ​រដ្ឋ​មន្រ្តី ក្រសួង​ការ​បរទេស​លោក ហោ ណាំហុង ក៏​នៅ​ខេត្ត​នេះ​ដែរ។ ប្រធាន​គណបក្ស ហ៊្វុនស៊ិនប៉ិច ព្រះ​អង្គ​ម្ចាស់ រាជ​បុត្រី នរោត្តម អារុណរស្មី ក៏​កំពុង​ឈរ​ជា​បេក្ខជន​នៅ​ខេត្ត កំពង់ចាម​ដែរ​ហើយ​សង្ឃឹម រក្សា​អាសនៈ​ដែល​ឈ្នះ​ដោយ​អតីត​គណបក្ស នរោត្តម រណឫទ្ធិ ក្នុង​ឆ្នាំ ២០០៨ (ដែល​រួម​បញ្ចូល​ជាមួយ​គណបក្ស ហ៊្វុនស៊ិនប៉ិច)។

ខេត្ត ព្រៃវែង
បើ​ទោះ​ជា​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ៧ អាសនៈ​ក្នុង​ចំណោម​អាសនៈ ១១ នៅ​ខេត្ត ព្រៃវែង នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ ២០០៨ ដោយ​សារ​ការ​ធ្លាក់​ចុះ​ឥទ្ធិពល​របស់​គណបក្ស ហ៊្វុនស៊ិនប៉ិច ក៏​ដោយ ក៏​ខេត្ត​នេះ​គឺ​ជា​ខេត្ត​ប្រកួត​ប្រជែង​ខ្លាំង​បំផុត​នៅ​ក្នុង​ការ បោះឆ្នោត ឃុំ-សង្កាត់ នា​ឆ្នាំ ២០១២ រវាង​គណបក្ស​សិទ្ធិ​មនុស្ស​និង​គណបក្ស សម រង្ស៊ី ដែល​បាន​សំឡេង​ឆ្នោត​គាំទ្រ​សរុប​ចំនួន ២១០.២០៩ ទល់​នឹង ២៥៨.៧១៦ សំឡេង។ ដោយ​សារ​តែ​ឥឡូវ​នេះ​គណបក្ស​ទាំង​ពីរ​នេះ​បាន​រួម​បញ្ចូល​គ្នា​ទៅ​ជា​គណបក្ស ​សង្គ្រោះ​ជាតិ ខេត្ត ព្រៃវែង អាច​បង្ហាញ​ឲ្យ​ឃើញ​ថា ជា​ខេត្ត​ប្រកួត​ប្រជែង​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​រវាង​គណបក្ស​ប្រជាជន កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ។ ដោយ​សារ​តែ​ខេត្ត​នេះ​មាន​ទី​តាំង​នៅ​ជាប់​ព្រំដែន​វៀតណាម ក្រុម​អ្នក​សង្កេត​ការណ៍​គិត​ថា វោហារ​ស័ព្ទ​លើក​ឡើង​ប្រឆាំង​នឹង​អន្តោប្រវេសន៍ វៀតណាម របស់​គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹង​ទាក់​ទាញ​សម្រាប់​អ្នក​បោះឆ្នោត។

ខេត្ត សៀមរាប
បើ​ទោះ​ជា​ខេត្ត សៀមរាប ជា​ជំរំ​ខ្លាំង​មួយ​របស់​បក្ស​កាន់​អំណាច​យូរ មក​ហើយ​ក៏​ដោយ (គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ ៤​ក្នុង​ចំនួន ៦ នៅ​ទី​នេះ​ក្នុង​ឆ្នាំ ២០០៣ និង​កើន​ដល់ ៥ អាសនៈ​ក្នុង​ឆ្នាំ ២០០៨) ប៉ុន្តែ​ប្រសិន​បើ​យុទ្ធនាការ​ឃោសនា​ដ៏​ខ្លាំង​មួយ​របស់​គណបក្ស ប្រឆាំង ដែល​ធ្វើ​ឡើង​ថ្មីៗ​នេះ​មាន​ប្រសិទ្ធភាព នោះ​ខេត្ត​នេះ​អាច​ជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​មាន​ការ​ប្រកួត​ប្រជែង​ ខ្លាំង​ឡើង​។ អ្នក​គាំទ្រ​ប្រមាណ ១១ ម៉ឺន​នាក់ បាន​ចេញ​ស្វាគមន៍​លោក សម រង្ស៊ី នៅ​ទី​នោះ​កាល​ពី​ថ្ងៃ​ពុធ​ដោយ​បង្ហាញ​ឲ្យ​ឃើញ​ចំនួន​អ្នក​គាំទ្រ​ច្រើន​ជាង ​នៅ​ភ្នំពេញ (មូលដ្ឋាន​ខ្លាំង​របស់​បក្ស​នេះ) សម្រាប់​ការ​វិល​ត្រឡប់​មក​វិញ​ពី​ការ​រស់​នៅ​និរទេស​។
វោហារ​ស័ព្ទ​របស់​លោក សម រង្ស៊ី នៅ​ខេត្ត សៀមរាប មាន​បំណង​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ថា អាជីវកម្ម​របស់​«ជនជាតិ​វៀតណាម» មាន​ការ​គ្រប់​គ្រង​ខ្លាំង​ទៅ​លើ​វិស័យ​ទេសចរណ៍​ដែល​ផ្តល់​ប្រាក់​ចំណូល ច្រើន​ក្នុង​ខេត្ត​នេះ។ ក្រុម​អ្នក​វិភាគ ក៏​បាន​គិត​ដែរ​ថា ស្តង់ដារ​រស់​នៅ​ក្នុង​ខេត្ត សៀមរាប ដែល​ជា​ខេត្ត​ក្នុង​ចំណោម​ខេត្ត​ក្រីក្រ​នៅ​ប្រទេស​កម្ពុជា​នឹង​ជា​បញ្ហា​ សម្រាប់​ការ​បោះឆ្នោត​លើក​នេះ។

ខេត្ត កំពង់ស្ពឺ
បើ​ទោះ​ជា​ខេត្ត​តូច​មួយ (មាន​អាសនៈ​ចំនួន ៦) និង​ជា​ខេត្ត​មាន​ឥទ្ធិពល​គ្រប​ដណ្តប់​ខ្លាំង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ កាល​ពី​ការ​បោះឆ្នោត​ជាតិ​លើក​មុន​ក៏​ដោយ​ក៏​ក្រុម​អ្នក​សង្កេត​ការណ៍​មើល​ ឃើញ​ថា ខេត្ត កំពង់ស្ពឺ ជា​ខេត្ត​ដែល​ការ​ប្រកួត​ប្រជែង​រវាង​គណបក្ស​ធំៗ ទាំង​ពីរ​នឹង​បង្កើន​កំដៅ​សម្រាប់​ការ​បោះឆ្នោត​លើក​នេះ។ គណបក្ស​នានា​ក្រៅ​ពី​គណបក្ស​ប្រជាជន​កម្ពុជា អាច​ឈ្នះ ៣៣ ភាគរយ​នៃ​អាសនៈ​សរុប​នៅ​ទី​នេះ ក្នុង​ការ​បោះឆ្នោត ឃុំ សង្កាត់ ឆ្នាំ ២០១២។ នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ សង្កាត់ ឆ្នាំ​មុន គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស ដែល​រួម​បញ្ចូល​គ្នា​បាន​ឈ្នះ ៣៤ ភាគរយ​នៃ​សំឡេង​ឆ្នោត​សរុប ទល់​នឹង ៥៦ ភាគរយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​ការ​កើន​ឡើង ២៨ ភាគរយ​នៃ​សំឡេង​ដែល​បាន​ឈ្នះ​នៅ​ក្នុង​ការ​បោះឆ្នោត ឆ្នាំ ២០០៨​។ គូ​បដិបក្ខ​ចាស់ ក៏​នឹង​មក​ដឹក​នាំ​នៅ​ក្នុង​ខេត្ត កំពង់ស្ពឺ ផង​ដែរ គឺ​លោក ប៉ែន សុវណ្ណ អតីត​នាយក​រដ្ឋ​មន្រ្តី​ដំបូង​របស់​កម្ពុជា​បន្ទាប់​ពី​របប​ខ្មែរ​ក្រហម និង​ជា​គូបដិបក្ខ​របស់​លោក ហ៊ុន សែន ហើយ​លោក ប៉ែន សុវណ្ណ ឈរ​លំដាប់​លេខ​រៀង​ទី១ នៃ​បញ្ជី​បេក្ខជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ។
លោក ហ៊ុន ម៉ានី កូន​ប្រុស​ពៅ​លោក​នាយក​រដ្ឋ​មន្រ្តី ដែល​ជា​អ្នក​ជំនួស​សម្រាប់​ការ​កាន់​អំណាច គឺជា​បេក្ខជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្នុង​ខេត្ត​នេះ​ដែរ។ ជោគជ័យ​ក្នុង​ការ​បោះឆ្នោត​នេះ សម្រាប់​គាត់​ជា​សញ្ញា​បោះ​ជំហាន​នៃ​ជំនាន់​ថ្មី​ក្នុង​ការ​ដឹក​នាំ​របស់​ គណបក្ស​ប្រជាជន​កម្ពុជា។

រាជធានី ភ្នំពេញ
រាជធានី ភ្នំពេញ មាន​អាសនៈ​ចំនួន ១២ នឹង​ជា​សមរភូមិ​ប្រយុទ្ធ​មួយ​សម្រាប់​ការ​បោះឆ្នោត។ ក្នុង​ឆ្នាំ ២០០៣ ពាក់​កណ្តាល​នៃ​អាសនៈ​ទាំង​អស់ បាន​ទៅ​គណបក្ស សមរង្ស៊ី​ហើយ​គណបក្ស​ប្រជាជន​ឈ្នះ​បាន ៤ អាសនៈ​និង​គណបក្ស ហ្វ៊ុនស៊ិនប៉ិច បាន ២ អាសនៈ។
ជាមួយ​នឹង​ការ​បាត់​បង់​ទាំង​ស្រុង​របស់​គណបក្ស ហ៊្វុនស៊ិនប៉ិច នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ ២០០៨ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទទួល ៧ អាសនៈ ទល់​នឹង​គណបក្ស សម រង្ស៊ី ដែល​ទទួល​បាន​ចំនួន ៥ ក្នុង​ឆ្នាំ ២០០៨។ សម្រាប់​ការ​បោះឆ្នោត​លើក​នេះ ទម្ងន់​ខ្លាំង​មួយ​គឺ​នឹង​មាន​ដោយ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ស៊ីម និង​អតីត​អភិបាល​រាជធានី ភ្នំពេញ លោក កែប ជុតិមា កំពុង​ឈរ​ជា​បេក្ខជន​សម្រាប់​គណបក្ស​កាន់​អំណាច ខណៈ​តំណាង​រាស្រ្ត​ដ៏​មាន​ឥទ្ធិពល​របស់​គណបក្ស​សង្គ្រោះ​ជាតិ​គឺ លោក សុន ឆ័យ និង​អ្នក​នាំ​ពាក្យ​គណបក្ស​គឺ​លោក យឹម សុវណ្ណ ឈរ​ឈ្មោះ​នៅ​ទី​នេះ។

ខេត្ត កណ្តាល
ជា​ខេត្ត​មាន​អាសនៈ​ចំនួន ១១ ខេត្ត កណ្តាល​ជា​អាសនៈ​សភា​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ត្រូវ​អ្នក​សង្កេត​ការណ៍​មួយ​ចំនួន​គិត​ថា​ជា​«ខេត្ត​ដែល​ត្រូវ​ផ្តោត»​លើ​ ការ​បោះឆ្នោត​នេះ។ ក្នុង​ឆ្នាំ ២០០៨ គណបក្ស សម រង្ស៊ី ទទួល​បាន ៣ អាសនៈ។ ដៃ​គូ​គឺ​គណបក្ស​សិទ្ធិ​មនុស្ស​បាន ១ អាសនៈ​ដែរ​នៅ​ពេល​គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច បាត់បង់​អាសនៈ​ទាំង​អស់​ចំនួន ៣ នៅ​ក្នុង​ខេត្ត​នេះ។ បក្ស​ប្រឆាំង​សង្ឃឹម​ថា​នឹង​ដណ្តើម​អាសនៈ​ខ្លះ​ពី​អាសនៈ​ចំនួន ៧ របស់​គណបក្ស​ប្រជាជន​ដែល​ដើម្បី​កេរ្តិ៍​ឈ្មោះ លោក ហ៊ុន សែន គណបក្ស​កាន់​អំណាច​នឹង​ប្រឹង​ប្រែង​អស់​ពី​សមត្ថភាព៕ PS

Thursday 25 July 2013

តុលាការ​កំពូល​ជំនុំ​ជម្រះ​សំណុំ​រឿង ឈឿន ចាន់ថន

បញ្ជី​អ្នក​បោះឆ្នោត​មាន​លើស​ពី​ចំនួន​មនុស្ស​ពិត​ប្រាកដ

Thursday, 25 July 2013 David Boyle

ភ្នំពេញៈ សង្កាត់​ស្ទើរ​តែ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ មាន​អត្រា​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​លើស​ពី ១០០ ភាគរយ​ដែល​ស្មើ​នឹង​ឈ្មោះ​បន្ថែម​ជាង ១៤៥ ០០០ នាក់ ដោយ​សង្កាត់​មួយ មាន​ចំនួន​លើស​ពី ២០០ ភាគរយ។ នេះ​បើ​យោង​តាម​ការ​វិភាគ​លើ​ទិន្នន័យ​ប្រជាជន ដែល​មិន​ដែល​បាន​ឃើញ​កន្លង​មក​ត្រូវ​បាន​គេ​បញ្ចេញ​ឲ្យ​ដឹង។

ការ​វិភាគ​បន្ថែម​ទៀត​លើ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដែល​មាន​ជា​សាធារណៈ​រួច​ហើយ បាន​បង្ហាញ​ថា មាន​ឈ្មោះ​ជាន់​គ្នា​ជាង ២៥ ០០០ នាក់ ក្នុង​រាជធានី​ភ្នំពេញ បើ​ទោះ​បី​ជា គ.ជ.ប បាន​ធានា​កន្លង​មក​ថា ឈ្មោះ​ជាន់​គ្នា​នោះ បាន​លុប​ចោល​រួច​ហើយ​ក៏​ដោយ។ ទិន្នន័យ​នោះ ព្រម​ជាមួយ​នឹង​តួលេខ​ថ្នាក់​ឃុំ ដែល​លេច​ចេញ​ដែល​ភ្នំពេញ ប៉ុស្តិ៍ ទទួល​បាន បាន​គូស​ផែនទី​លម្អិត អំពី​ការ​ចុះ​ឈ្មោះ​ហួស​កម្រិត។ តួ​លេខ​ចុះ​ឈ្មោះ​បោះឆ្នោត​បំប៉ោង​ទាំង​នេះ បាន​ធ្វើ​ឲ្យ​មាន​ក្តី​បារម្ភ​ថា ការ​ក្លែង​បន្លំ​សន្លឹក​ឆ្នោត អាច​ធ្វើ​ទៅ​បាន​ក្នុង​តំបន់​ជាក់​លាក់​តាម​រយៈ​វិធីសាស្រ្ត​ជា​ច្រើន​គឺ ការ​ប្រើ​ឯកសារ​អត្តសញ្ញាណ​អ្នក​បោះឆ្នោត​បែប​ទំនើប​និង​ការ​បោះឆ្នោត​ច្រើន ​ដង។

ដូច​ចំនួន​ឈ្មោះ​ច្រើន​ក្នុង​រាជធានី ដែល​សង្កាត់ ៨៣ នៃ​សង្កាត់​ទាំង ៩៦ មាន​អត្រា​ចុះ​ឈ្មោះ​លើស​ពី ១០០ ភាគរយ ក្នុង​ខេត្ត​សំខាន់ៗ​មួយ​ចំនួន​នៅ​ទូទាំង​ប្រទេស​ក៏​កើត​មាន​បញ្ហា​ដូច​គ្នា ​ផង​ដែរ។ ក្នុង​ខេត្ត កំពង់ចាម អ្នក​បោះឆ្នោត​សរុប​ប្រហែល ១២៩ ០០០ នាក់​ច្រើន​ជាង​ប្រជាជន​ដែល​មាន​អាយុ​បោះឆ្នោត បាន​ចុះ​ឈ្មោះ​ក្នុង​ឃុំ​ចំនួន ១៣៧ នៃ​ឃុំ​ទាំង​អស់ ១៧៣។ ចំពោះ​ខេត្ត កណ្តាល និង​ខេត្ត ព្រៃវែង​វិញ ចំនួន​អ្នក​បោះឆ្នោត​លើស​ក្នុង​ឃុំ ១២២ នៃ ១២៧ ឃុំ មាន​ចំនួន​សរុប​ជាង ១១៤ ០០០ នាក់ សម្រាប់​ខេត្ត កណ្តាល និង​ក្នុង​ឃុំ ៩៦ នៃ ១១៦ ឃុំ មាន​ចំនួន​សរុប​ជាង ៦៤ ០០០ នាក់ សម្រាប់​ខេត្ត ព្រៃវែង។

ក្នុង​ករណី​មួយ​ចំនួន ការ​ប្រៀប​ធៀប​បញ្ជី​ចុះ​ឈ្មោះ​បោះឆ្នោត របស់ គ.ជ.ប នៅ​ចុង​ឆ្នាំ ២០១២ និង​ទិន្នន័យ​ឃុំ សង្កាត់​ដែល​ផលិត​ឡើង ដោយ​រដ្ឋាភិបាល និង​ឧបត្ថម្ភ​ដោយ​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហ​ប្រជាជាតិ​បាន​បង្ហាញ​ថា មាន​អ្នក​ចុះ​ឈ្មោះ​បន្ថែម​ស្មើ ៩០០០ នាក់ ក្នុង​ឃុំ សង្កាត់​នីមួយៗ។
ក្តី​បារម្ភ​ចម្បង​មួយ ចំពោះ​អ្នក​ឃ្លាំ​មើល​គឺ គ.ជ.ប បាន​ចេញ​ទម្រង់​ពាក្យ​បញ្ជាក់​អត្តសញ្ញាណ​សម្រាប់​ការ​បោះឆ្នោត ក្នុង​ចំនួន​ខ្ពស់​ខុស​ធម្មតា​គឺ​ជិត ៥០ ម៉ឺន​ច្បាប់​បន្ទាប់​ពី​រយៈ​ពេល​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​បិទ កាល​ពី​ចុង​ឆ្នាំ​មុន។ អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត បាន​ព្រមាន​ថា ទម្រង់​ទាំង​នេះ អាច​ប្រើ​ប្រាស់​ដោយ​ខុស​ឆ្គង​ដើម្បី​ទាមទារ​សិទិ្ធ​បោះឆ្នោត​ដោយ​ប្រើ​ ប្រាស់​ឈ្មោះ​ដែល​លើស​ទាំង​អស់​នោះ។

លោក​ស្រី Laura Thornton នាយក​នៃ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​បាន​ថ្លែង​ថា ការ​បិទ​ដែល​មាន​ឈ្មោះ​ច្រើន​ពេក​នៅ​លើ​បញ្ជី​អ្នក​បោះឆ្នោត ឈ្មោះ​ស្ទួន និង​ការ​ចេញ​លិខិត​បញ្ជាក់​អត្តសញ្ញាណ សម្រាប់​ការ​បោះឆ្នោត​ទាំង​អស់​នេះ​គឺជា​ការ​ក្រឡុក​ព័ត៌មាន​គួរ​ឲ្យ​ បារម្ភ។ លោក​ស្រី​បាន​បន្ថែម​ថា៖ «ក្តី​បារម្ភ​គឺ​ប្រសិន​បើ​អ្នក​មាន​ឈ្មោះ​បន្ថែម លើ​បញ្ជី​អ្នក​បោះឆ្នោត ដែល​អ្នក​ចង់​ទាញ​យក​ប្រយោជន៍ វិធី​ងាយ​ស្រួល​បំផុត មាន​លិខិត​បញ្ជាក់​អត្តសញ្ញាណ សម្រាប់​ការ​បោះឆ្នោត ដាក់​ឈ្មោះ​ជាន់​គ្នា​នោះ»។ «ដូច្នេះ ប្រសិន​បើ​គណបក្ស​ណា​មួយ​ចង់​ប្រើ​ឈ្មោះ​នោះ វា​ជា​វិធី​ងាយ​ស្រួល​បំផុត»។

បើ​ទោះ​បី​ជា​ទម្រង់​លិខិត​បញ្ជាក់​អត្តសញ្ញាណ​សម្រាប់​ការ​បោះឆ្នោត​ ត្រូវ​បាន​យក​មក​ប្រើ​ដើម្បី​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​អ្នក​បោះឆ្នោត​ក៏​ដោយ ក៏​ប៉ុន្តែ​លោក​ស្រី Thornton បាន​ពន្យល់​ថា ការ​ប្រើ​ប្រាស់​ស្រប​ច្បាប់​តែ​មួយ​គត់​លើ​ឈ្មោះ​រាប់​សែន​នោះ គឺ​ការ​ចេញ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​សម្រាប់​ការ​បោះឆ្នោត ក្នុង​ករណី​ដ៏​កម្រ​មួយ គឺ​អ្នក​ខ្លះ បាត់បង់​ឯកសារ​អត្តសញ្ញាណ​ដោយ​សារ​ចោរ​លួច ឬ​សំណាង​មិន​ល្អ។ លោក​ស្រី​បាន​លើក​ឡើង​ថា៖«​ការ​គិត​ថា មនុស្ស​ច្រើន​នាក់ ត្រូវ​ការ​លិខិត​បញ្ជាក់​នោះ វា​មិន​អាច​ទៅ​រួច​ទេ»។

វិធី​មួយ​ទៀត​ក្នុង​ការ​ប្រើ​ប្រាស់​ឈ្មោះ​បន្ថែម​នេះ​គឺ​មន្រ្តី​នៅ​ មណ្ឌល​បោះឆ្នោត មិន​ពិនិត្យ​ឯកសារ​អត្តសញ្ញាណ បើ​ទោះ​បី​ជា​នេះ ត្រូវ​បាន​ចាត់​ទុក​ថា ជា​រឿង​ប្រថុយ​ប្រថាន​ក៏​ដោយ ព្រោះ​ខុស​ពី​លិខិត​បញ្ជាក់​អត្តសញ្ញាណ​បោះឆ្នោត។ សកម្មភាព​បែប​នេះ អាច​សង្កេត​ឃើញ​ដោយ​អ្នក​ឃ្លាំ​មើល​មណ្ឌល​បោះឆ្នោត​។ «អ្វី​ដែល​នឹង​ទាក់​ទាញ​ភ្នែក​នោះ​គឺ​ថា​តើ​មាន​អ្វី​កើត​ឡើង នៅ​ថ្ងៃ​បោះឆ្នោត ថា​តើ​ចំនួន​អ្នក​បោះឆ្នោត ក្នុង​តំបន់​នោះ មាន​ប៉ុន្មាន និង​ថា​តើ​មនុស្ស​ប៉ុន្មាន​នាក់ នឹង​បោះឆ្នោត​ដោយ​ប្រើ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​ដើម្បី​បោះឆ្នោត​នោះ?»។

ប្រសិន​បើ​អ្នក​ដាក់​ពាក្យ​សុំ​មាន​សាក្សី​ពីរ នាក់ និង​រូបថត លិខិត​បញ្ជាក់​អត្តសញ្ញាណ សម្រាប់​ការ​បោះឆ្នោត អាច​ត្រូវ​បាន​ឯកភាព ដោយ​មេ​ឃុំ ចៅ​សង្កាត់ ដែល​ចំនួន​ជាង ៩៧ ភាគរយ​របស់​សមាជិក​នៃ​គណបក្ស​ប្រជាជន។

លោក ទេព នីថា អគ្គ​លេខាធិការ គ.ជ.ប បាន​អះអាង​ថា តួលេខ​ចេញ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​សម្រាប់​ការ​បោះឆ្នោត​ខ្ពស់ ចាប់​តាំង​ពី​ការ​ចុះ​ឈ្មោះ ត្រូវ​ចេញ​សម្រាប់​អ្នក​ទាំង​ឡាយ​ដែល​អាច​បាត់​បង់​អត្តសញ្ញាណ​របស់​ខ្លួន។ លោក​ថ្លែង​កាល​ពី​ម្សិលមិញ​ថា៖ «យើង​បាន​ចេញ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​សម្រាប់​បោះឆ្នោត​ចំនួន ៤៨ ម៉ឺន​នាក់ ចាប់​តាំង​ពី​ពេល​ចុះ​ឈ្មោះ។ ពី​ខែ​មករា រហូត​មក​ដល់​ពេល​នេះ យើង​កំពុង​បូក​សរុប ហើយ​នឹង​ទទួល​បាន​តួលេខ​ឆាប់ៗ»។ លោក នីថា បាន​បន្ថែម​ថា គ.ជ.ប បាន​លុប​ឈ្មោះ​ជាន់​គ្នា​ជា​ច្រើន​នាក់​ចេញ​ពី​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត បើ​ទោះ​បី​ជា​ឈ្មោះ​ខ្លះ​មិន​ត្រូវ​បាន​លុប​ចេញ ដោយ​សារ​អក្ខរាវិរុទ្ធ​ខុស​គ្នា​បន្តិច ដែល​ធ្វើ​ឲ្យ​ពិបាក​កំណត់​អត្តសញ្ញាណ​ក្តី។

ប៉ុន្តែ លោក នីថា បាន​បដិសេធ​មិន​ឆ្លើយ​សំណួរ អំពី​ឈ្មោះ​ជាន់​គ្នា​ក្នុង​រាជធានី​ភ្នំពេញ​ទេ ហើយ​លោក​ថាលោក​នឹង​ពិនិត្យ​មើល​តួលេខ​នៃ​ការ​ចុះ​ឈ្មោះ​ហួស​កម្រិត​មុន​ពេល​ផ្តល់​ការ​អត្ថា ធិប្បាយ។

អត្រា​ចុះ​ឈ្មោះ​ហួស​កម្រិត​នេះ​បាន​កើត​ឡើង ស្រប​គ្នា​នឹង​រឿង​ពីរ​យ៉ាង គឺ​ក្នុង​ខេត្ត​ដែល​មាន​អាសនៈ​ច្រើន និង​ខេត្ត​ដែល​គណបក្ស​ប្រឆាំង​ត្រូវ​បាន​ចាត់​ទុក​ថា មាន​ឱកាស​ឈ្នះ​ច្រើន​។ ក្នុង​ខេត្ត​ដាច់​ស្រយាល​របស់​គណបក្ស​ប្រជាជន​អត្រា​ចុះ​ឈ្មោះ​លើស​កម្រិត មាន​កម្រិត​ទាប​ខ្លាំង។
តាម​ចំនួន ឈ្មោះ​ចុះ​បញ្ជី លើស​ពី​តួលេខ​ប្រជាជន​របស់​រដ្ឋាភិបាល សង្កាត់​ក្នុង​រាជធានី​ភ្នំពេញ​លេច​ធ្លោ ដោយ​សង្កាត់ ទឹកថ្លា ក្នុង​ខណ្ឌ សែនសុខ មាន​ចំនួន ៩ ៤៧២ នាក់​(១៣៦,៩ ភាគរយ) ហើយ​សង្កាត់ ទន្លេ​បាសាក់ ក្នុង​ខណ្ឌ ចំការមន គឺ ៩១៩ ៧ (១៦៨,០ ភាគរយ)។

ទន្ទឹម​នឹង​នេះ​ភាគរយ​ខ្ពស់​នៃ​ការ​ចុះ​ឈ្មោះ​ហួស​កម្រិត​ត្រូវ​បាន​រក​ ឃើញ​ក្នុង ឃុំ ចាំងក្រាំង ខេត្ត ក្រចេះ ស្រុក ចិត្តបុរី (២០៩,៥ ភាគរយ) និង​សង្កាត់ ចតុមុខ ខណ្ឌ ដូនពេញ​គឺ (២០២,៣ ភាគរយ​)។ ប៉ុន្តែ​ក្នុង​រាជធានី​ភ្នំពេញ សង្កាត់ ១២ នៃ​សង្កាត់ ៤១ មាន​អត្រា​ចុះ​ឈ្មោះ​លើស​ពី ១៣៥ ភាគរយ។ ក្នុង​សង្កាត់​ទាំង​នេះ​ដែល​ស្ថិត​ក្នុង​ទីក្រុង បក្ស​ប្រឆាំង​មាន​លទ្ធភាព លើស​មធ្យម​បនិ្តច។
ម្យ៉ាង​ទៀត អ្នក​បោះឆ្នោត​សរុប ២២ ៥២១ នាក់ ដែល​បាន​ចុះ​ឈ្មោះ​លើ​បញ្ជី គ.ជ.ប សម្រាប់​រាជធានី​ភ្នំពេញ មាន​ឈ្មោះ​ដូច​គ្នា មាន​ថ្ងៃ​ខែ​ឆ្នាំ​កំណើន​ដូច​គ្នា និង​ភេទ​ដូច​គ្នា​ផង​ដែរ។

ក្នុង​សេចក្តី​ថ្លែងការណ៍​ដែល​ចេញ​ផ្សាយ​កាល​ពី​ខែ​មេសា គ.ជ.ប បាន​ប្រកាស​ថា៖ «ចំពោះ​ឈ្មោះ​ជាន់​គ្នា​ដែល​បាន​រក​ឃើញ​ក្នុង​បញ្ជី​អ្នក​បោះឆ្នោត ២០១១ ដោយ​អង្គការ​ខុម ហ្វ្រែល..គ.ជ.ប មិន​បាន​លុប​ចោល​ទាំង​ស្រុង​ទេ ព្រោះ គ.ជ.ប​លុប​តែ​ឈ្មោះ​ដែល​មាន​ទិន្នន័យ​តែ​មួយ។

លោក សុន ឆ័យ បេក្ខជន​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ភ្នំពេញ​បាន​ថ្លែង​ថា គណបក្ស​របស់​លោក​បាន​រក​ឃើញ​ករណី​ដែល​ឈ្មោះ​បុគ្គល​នោះ​លេច​ឡើង​ជា​ច្រើន​ លើក ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត ហើយ​យុទ្ធសាស្រ្ត​ដដែល​នេះ​បាន​រារាំង​គណបក្ស​ប្រឆាំង​មិន​ឲ្យ​ឈ្នះ​តំណែង​ មេ​ឃុំ ចៅ​សង្កាត់ ក្នុង​រាជធានី ភ្នំពេញ ក្នុង​ការ​បោះឆ្នោត​ឆ្នាំ ២០១២។ លោក​បាន​បន្ត​ថា៖ «ជោគជ័យ​នេះ​បាន​ផ្តល់​គំនិត​មួយ​ទៀត ដល់​ពួកគេ គឺ​គេ​ធ្វើ​ដូច​គ្នា​សម្រាប់​ការ​បោះឆ្នោត​នេះ ដូច្នេះ គេ​បង្កើត​ចំនួន​អ្នក​បោះឆ្នោត​បន្ថែម»។ នេះ​ជា​រឿង​គួរ​ឲ្យ​បារម្ភ​ខ្លាំង​នៅ​ពេល​នេះ»។

លោក សេង ម៉ាឌី ព្រឹទ្ធ​សមាជិក​គណបក្ស សម រង្ស៊ី ថ្លែង​ថា លោក​ភ្ញាក់​ផ្អើល បន្ទាប់​ពី​បាន​ស្តាប់​អំពី​តួលេខ​ខ្ពស់​នេះ​ប៉ុន្តែ​លោក​បាន​ដឹង​រួច​ហើយ​ តាម​គ្នា។ លោក​បន្ត​ថា​៖«ខ្ញុំ​ជា​ពលរដ្ឋ​ម្នាក់​ក្នុង​នោះ ខ្ញុំ​ឃើញ​ឈ្មោះ​ខ្ញុំ​ក្នុង​សង្កាត់​ពីរ​ខុស​គ្នា ហើយ​ខ្ញុំ​ចាប់​អារម្មណ៍​ណាស់ លើ​អ្នក​ដែល​បោះឆ្នោត​ឲ្យ​ខ្ញុំ នៅ​កន្លែង​ផ្សេង​ទៀត»៕ TK

Monday 22 July 2013

បទវិភាគ៖ ល្បិច​សាមកុក​របស់​លោក​ ហ៊ុន​ សែន​ បរាជ័យ

ដោយ តាំង សារ៉ាដា (Radio Free Asia/22/07/2013)

លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ធ្លាប់​មាន​ប្រសាសន៍​ថា​ លោក​ប្រើ​លិ្បច​យុទ្ធសាស្រ្ត​ តាម​បែប​សាម​កុក​របស់​ចិន​ ក្នុង​ការ​បំបែកបំបាក់​គូ​ប្រកួត​។ លោក​អួតអាង​ថា​ ដោយ​ប្រើ​ល្បិច​ចិន​នេះ​ លោក​បាន​ទទួល​ជោគជ័យ​ ក្នុង​ការ​បំផ្លាញ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ (Funcinpec) អោយ​ខ្ទេចខ្ទី​។ 

ចំណែក​លោក​ សម រង្ស៊ី​ ដែល​ជា​មេ​បក្ស​ប្រឆាំង​ដ៏​ធំ​នា​ពេល​នេះ​វិញ​ ក៏​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ប្រកាស​ថា ​លោក​បាន​ខ្ចី​ដៃ​ប្រើ​​ដើម្បី​បន្ថយ​អំណាច​ត​ថ្លៃ​របស់​គណបក្ស​ ហ៊្វុនស៊ិនប៉ិច​ និង​ដើម្បី​ជួយ​លោក​ និង​គណបក្ស​លោក​ អោយ​អាច​ជិះ​សេះ​លែង​ដៃ​បាន​​ក្នុង​កិច្ច​ការ​សភា​ និង​កិច្ចការ​ដឹក​នាំ​រដ្ឋាភិបាល​ដែរ​។​

តើ​យុទ្ធសាស្ត្រ​សាមកុក​ចិន​នេះ​ អាច​ជួយ​អោយ​លោក​ ហ៊ុន​ សែន​ បំផ្លាញ​អ្នក​នយោបាយ​ខ្មែរ​បាន​ដោយ​ជោគជ័យ​ជានិច្ច​ ឬ​ក៏​តម្រិះ​នេះ​ អាច​ជិះ​ក​ឯង​វិញ​នៅ​ថ្ងៃ​ណា​មួយ​?​

លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ មិន​គ្រាន់​តែ​ទទួល​រង​ឥទ្ធិពល​របស់​ចិន​នា​សម័យ​បច្ចុប្បន្ន​នេះ​ទេ​ លោក​សារភាព​ថា ​លោក​ក៏​បាន​ប្រើ​ល្បិច​យុទ្ធសាស្រ្ត​ពី​បុរុម​បុរាណ​របស់​ចិន​ ក្នុង​ការ​កំទេច​ក្រុម​អ្នក​នយោបាយ​ណា​ដែល​ប្រឆាំង​នឹង​លោក​ដែរ​។​ នោះ​គឺ​ល្បិច​ក្នុង​សង្គ្រាម​សាមកុក​ ដែល​ភាគ​ច្រើន​ជា​ល្បិច​បំបែកបំបាក់​ បំផ្លាញ​កំទេច​ និង​ទិញ​ទឹកចិត្ត​ ដើម្បី​គ្រប់គ្រង​ទៅ​លើ​ក្រុម​មន្រ្តី​បក្ស​ជំទាស់​។
យោង​តាម​ប្រវត្តិសាស្ត្រ​ប្រទេស​ចិន​ នៅ​អំឡុង​ឆ្នាំ​ ១៨៤​ ដល់​ ២៨០​ នៃ​រាជ្ជកាល​ស្តេច​ហាន​ ក្រុម​ស្តេច​ចិន​ និង​មេទ័ព​ចិន ​បាន​ប្រើ​ល្បិច​គ្រប់​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន​ក្នុង​ការ​ធ្វើ​ ចុម្បាំង​ ដើម្បី​ដណ្តើម​ទឹកដី​គ្នា​ទៅ​វិញ​ទៅ​មក​។

លោក​ ហ៊ុន សែន​ ធ្លាប់​បាន​សារភាព​ថា​ លោក​ជា​អ្នក​បំផ្លាញ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ដែល​ធ្លាប់​ជា​បក្ស​កាន់​អំណាច​ឲ្យ​ទៅ​ជា​ចម្រៀកៗ​ នៅ​មុន​ការ​ធ្វើ​រដ្ឋ​ប្រហារ​បង្ហូរ​ឈាម​មួយ​ កាល​ពី​ដើម​ខែ​កក្កដា​ ឆ្នាំ​ ១៩៩៧​។​ មិន​តែ​ប៉ុណ្ណោះ​លោក​ ហ៊ុន សែន​ ក៏​ធ្លាប់​គំរាម​ជា​សាធារណៈ​ដែរ​ថា​ ជន​ណា​ក៏​ដោយ​ បក្ស​ណា​ក៏​ដោយ​ ដែល​ហ៊ាន​លូក​ដៃ​ចូល​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​គណបក្ស​ប្រជាជន​នោះ​ នឹង​មាន​វាសនា​ដូច​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ជា​មិន​ខាន​៖ 

«​ខ្ញុំ​និយាយ​ អំពី​រឿង​ហ៊្វុនស៊ិនប៉ិច​ចុះ​ ហ៊្វុនស៊ិនប៉ិច​ខ្ញុំ​ទទួល​ស្គាល់​។​ មូលហេតុ​អី​ដែល​ខ្ញុំ​ធ្វើ​ ដោយសារ​ហ៊្វុនស៊ិនប៉ិច​ ពូកែ​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​គណបក្ស​ប្រជាជន​ច្រើន​ពេក​។​ អ៊ីចឹង​ ខែ​មេសា​ ឆ្នាំ​១៩៩៧​ ខ្ញុំ​បាន​ធ្វើ​ឲ្យ​ហ៊្វុនស៊ិនប៉ិច​មួយ​ទៅ​ជា ​១១​ហ៊្វុនស៊ិនប៉ិច​ ហើយ​តាំង​ពី​ហ្នឹង​មក​ ហ៊្វុនស៊ិនប៉ិច​ បាន​ចុះ​ខ្សោយ​។​ បើ​សិន​ពេល​នោះ​ ហ៊្វុនស៊ិនប៉ិច​មិន​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​គណបក្ស​ប្រជាជន​ ខ្ញុំ​នឹង​មិន​ធ្វើ​ហ៊្វុនស៊ិនប៉ិច​ទេ​។​ ប៉ុន្តែ​ពេលនេះ​ ខ្ញុំ​បញ្ជាក់​ថា​ អ្នកណា​ក៏​ដោយ​ បក្សណា​ក៏​ដោយ​ បើ​ហ៊ាន​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​គណបក្ស​ប្រជាជន​ អ្នក​ឯង​នឹង​មិន​បាន​សុខ​ទេ​។​ ខ្ញុំ​នឹង​ចូល​ទៅ​ដល់​ជម្រក​ចុង​ក្រោយ​របស់​អ្នក​ឯង​តែ​ម្តង​»​។
កំទេច​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ អោយ​ហិនហោច​ប៉ុណ្ណឹង​ហើយ​ ក៏​លោក​ ហ៊ុន សែន​ នៅ​មិន​ទាន់​អស់​ចិត្ត​ទៀត​។​ លោក​ត្រូវ​បំផ្លាញ​មេ​គណបក្ស​នេះ​ទៀត​ គឺ​ព្រះអង្គ​ម្ចាស់​នរោត្តម​ រណឫទ្ធិ​។​ នៅ​ឆ្នាំ​​២០០៧​ លោក​ ហ៊ុន សែន​ ត្រូវ​គេ​ឯង​ដឹង​ថា​ អាច​ជា​អ្នក​នៅ​ពី​ក្រោយ​ នៃ​ការ​បង្កើត​ច្បាប់​ឯកពន្ធភាព​ ដែល​គេ​ហៅ​ថា ​ច្បាប់​ដាក់​ទោស​អ្នក​មាន​ប្រពន្ធ​ពីរ​។​ ច្បាប់​នេះ​ទំនង​មាន​គោល​បំណង​តែ​មួយ​គត់​ក្នុង​ការ​ឆ្ពោះ​ទៅ​រក​ការ​ដាក់​ ទោស​ព្រះអង្គ​ម្ចាស់​ នរោត្តម​ រណឫទ្ធិ​ ដោយសារ​មាន​មហេសី​ដល់​ទៅពីរ​។

នៅ​ពេល​នោះ​ អ្នក​ម្នាង​ ម៉ារី រណឫទ្ធិ​ បាន​ដាក់​ពាក្យ​បណ្តឹង​ប្តឹង​ព្រះអង្គម្ចាស់​ នរោត្តម រណឫទ្ធិ​ ពី​បទ​មាន​មហេសី​ពីរ​  ហើយ​លោក​ ហ៊ុន សែន​ អាច​ជា​អ្នក​បញ្ឆេះ​ឲ្យ​មន្រ្តី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ជាន់​ខ្ពស់​ផ្សេងៗ​ទៀត​ប្តឹង​ព្រះអង្គ​ពី​បទ​លួច​លក់​ទី​ស្នាក់ការ​គណបក្ស​ ក្នុង​តំលៃ​ ​៣.៦​លាន​​ដុល្លារថែមទៀត​។​ ពេលនោះ​ តុលាការ​រាជធានី​ភ្នំពេញ​បាន​ កាត់ទោស​ព្រះអង្គម្ចាស់​ នរោត្តម​ រណឫទ្ធិ​ អោយ​ជាប់​ពន្ធនាគារ​ចំនួន​ ១៨​ខែ​។​

ដើម្ប​គេច​ផុត​ពី​ការ​ជាប់​ពន្ធនាគារ​ ព្រះអង្គម្ចាស់​ នរោត្តម រណឫទ្ធិ​ នៅ​គ្រា​នោះ​បាន​ភៀស​ព្រះកាយ​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី​ រស់​នៅ​ជា​មួយ​ស្រី​ក្មេង​ថ្មី​របស់​ព្រះអង្គ​។​ ល្បិច​បុរាណ​ចិន​ ក្នុង​ការ​បំបែក​បំបាក់​ត្រង់​ចំណុច​នេះ​ លោក​ ហ៊ុន សែន​ ទំនង​ជា​លេង​បាន​យ៉ាង​ល្អ​។​ គោលបំណង​នៃ​ល្បិច​សាមកុក​ របស់​លោក​ ហ៊ុន សែន​ ដែល​លោក​បាន​រចនា​ក្បួន​ពេលនោះ​ គឺ​ដើម្បី​បំផ្លាញ​ និង​លុប​ឈ្មោះ​ព្រះអង្គម្ចាស់​ នរោត្តម​ រណឫទ្ធិ​ ចេញ​ពី​បញ្ជី​នយោយបាយ​តែ​ម្តង​។​
នៅ​ឆ្នាំ​​២០០៨​ លោក​ ហ៊ុន សែន​ ទទួល​ជោគជ័យ​ធំ​ទៅ​តាម​បំណង​ប្រាថ្នា​របស់​លោក​មែន​ គឺ​ព្រះអង្គម្ចាស់​ នរោត្តម​ រណឫទ្ធិ​ បាន​សម្រេច​ចិត្ត​ឈប់​ធ្វើ​នយោបាយ​ គឺ​លា​ចាក​ពី​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​។​

ចំពោះ​ករណី​របស់​ប្រធាន​គណបក្ស​ជំទាស់​វិញ​ ក៏​ស្រដៀង​ករណី​របស់​សម្តេច​ក្រុមព្រះ​ នរោត្តម​ រណឫទ្ធិ​ ដែរ​។​ នៅ​ឆ្នាំ​​២០០៥​ លោក​ សម រង្ស៊ី​ បាន​និរទេស​ខ្លួន​ចេញ​ពី​កម្ពុជា​ ក្រោយ​ពី​រដ្ឋសភា​បាន​ដក​អភ័យឯកសិទ្ធ​តំណាងរាស្រ្ត​របស់​លោក​ ដោយសារ​លោក​បាន​ចោទ​ប្រកាន់​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ថា​មាន​អំពើ​ពុករលួយ​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ ហើយ​បាន​ចោទ​លោក​ ហ៊ុន សែន​ ថា​ជា​អ្នក​នៅ​ពី​ក្រោយ​នៃ​ការ​សម្លាប់​លោក​ ជា​ វិជ្ជា​ ប្រធាន​សហជីព​សេរី​កម្មករ​។​ ពេលនោះ​ តុលាការ​កម្ពុជា​បាន​កាត់ទោស​ឲ្យ​លោក សម​ រង្ស៊ី​ ជាប់​គុក​ ១៨​ខែ​។​

នៅ​ដើម​ខែ​កុម្ភៈ​ ឆ្នាំ​២០០៦​ លោក​ សម រង្ស៊ី​ បាន​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ​ ដោយសារ​លោក​បាន​ដក​បណ្តឹង​ ឈប់​ប្តឹង​លោក​ ហ៊ុន​ សែន​ នៅ​តុលាការ​ក្រុង​ញូវ​យ៉ក​ សហរដ្ឋអាមេរិក​ ពី​បទ​គប់​គ្រាប់​បែក​មុខ​រដ្ឋសភា​ កាល​ពី​ឆ្នាំ​​១៩៩៧​ ហើយ​ពេលនោះ​ លោក​ សម រង្ស៊ី​ បាន​សរសេរ​លិខិត​មួយ​សុំទោស​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន​ ថា​លោក​ខុស​ហើយ​ មិនសម​ធ្វើ​ដូច្នេះ​ទេ​។​ ក្រោយ​មក​បន្តិច​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ស្នើ​ឲ្យ​ព្រះ​មហាក្សត្រ​លើកលែង​ទោស​ឲ្យ​លោក​ សម​ រង្ស៊ី​ ចូល​ប្រទេស​កម្ពុជា​វិញ​។
នៅ​ក្នុង​ខ្សែ​អាត់​សំឡេង​របស់​លោក​ ហ៊ុន សែន​ ដែល​បែកធ្លាយ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​ (Facebook)​ កាល​ពី​ដើម​ខែ​កក្កដា​ ឆ្នាំ​ ២០១៣​ លោក​ ហ៊ុន សែន​ និយាយ​ក្តែងៗ​ថា​ ការ​អនុញ្ញាត​ឲ្យ​លោក​ សម​ រង្ស៊ី​ វិល​ចូល​ប្រទេស​កម្ពុជា​វិញ​កាល​ពី​ឆ្នាំ​​២០០៦​ នោះ​ គឺ​លោក​ជា​អ្នក​ធ្វើ​អន្តរាគមន៍​ ដោយសារ​ពេលនោះ​ លោក​ចង់​ខ្ចី​ដៃ​លោក​ សម រង្ស៊ី​ ដើម្បី​កែ​រដ្ឋ​ធម្មនុញ្ញ​ពី​រូបមន្ត​ពីរ​ភាគ​បី​ ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ មក​រូបមន្ត​ ៥០​ភាគរយ​បូក​មួយ​វិញ​ ដើម្បី​បន្ថយ​អំណាច​តថ្លៃ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ដែល​ស្ថិត​ក្នុង​រដ្ឋាភិបាល​ចម្រុះ​​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​៖

«លើក ​មុន​តុលាការ​កាត់​ឲ្យ​ជាប់​គុក​ ខ្ញុំ​ជា​អ្នក​អន្តរាគមន៍​ឲ្យ​ចូល​មក​វិញ​ តែ​មិនមែន​អត់​ប្រយោជន៍​ទេ​ គឺ​មក​ដើម្បី​ប្រើ​ដៃ​សម រង្ស៊ី​ ជួយ​រំដោះ​ខ្លួន​ពី​ រណឫទ្ធិ​ បាន​សេចក្តី​ថា​ មក​ជួយ​កែ​រដ្ឋ​ធម្មនុញ្ញ​ បាន​ខ្ញុំ​ឲ្យ​មក​។​ និយាយ​ឲ្យ​ច្បាស់​ត្រង់ៗ​ជាមួយ​គ្នា​។​ អ្នក​ដែល​លើក​អំណាច​ថ្វាយ​​គណបក្ស​ប្រជាជន​ ចុងក្រោយ​បំផុត​ គឺ​ សម​ រង្ស៊ី​ នេះ​ឯង​ បើ ​សម រង្ស៊ី​ ទុក​ពីរ​ភាគ​បី​ រណឫទ្ធិ​ នៅ​តែ​សង្កត់​ក្បាល​យើង​ងាប់​។​ អ៊ីចឹង​តម្រូវ​ការ​ពេលនោះ​ យក​ សម​ រង្ស៊ី​ ចូល​ស្រុក​សុំ​ការ​លើកលែង​ទោស​ឲ្យ​ ដើម្បី​ជួយ​កែ​រដ្ឋ​ធម្មនុញ្ញ​ទេ​។​ ដំណាក់កាល​មួយ​ ប្រើ​ដៃ ​រណឫទ្ធិ​ កំចាត់​សម​ រង្ស៊ី​ សិន​ ពី​ព្រោះ ​ប៉ាប៉ា​ យើង​ស្នើ​រូបមន្ត​បី​ភាគី​ ឯ​គណបក្ស​យើង​តែ​ពីរ​ភាគី​។​ ថ្ងៃ​ទី​៥​ ខែ​វិច្ឆិកា​ ចេញ​អា​បី​ភាគី​ ហើយ​ថ្ងៃ​ទី​៦​ វិច្ឆិកា​ ចេញ​លទ្ធផល​ពិត​ និង​លទ្ធផល​មិនពិត​ វា​ទាត់​ប្រឡែង​ដូច​បាល់​អ៊ីចឹង​។​ ប៉ុន្តែ​ចុង​បញ្ចប់​ គេ​យក​ រណឫទ្ធិ​ បង្កើត​រដ្ឋាភិបាល​ទ្វេ​ភាគី​ ហើយ​ដាក់​ សម​ រង្ស៊ី​ ឲ្យ​នៅ​ក្រៅ​។​ រួច​ហើយ​ទាញ​យក​ដៃ​ សម​ រង្ស៊ី​ មក​កែ​រដ្ឋ​ធម្មនុញ្ញ​ ដើម្បី​បន្ថយ​អំណាច​តថ្លៃ​របស់​ហ៊្វុនស៊ិនប៉ិច​។​ អាហ្នឹង​និយាយ​ឲ្យ​ក្បួន​អស់​ខ្នាត ​តិច​ទៅ​ចុះ​។​ ប៉ុន្តែ​បើ​សិន​អ្នក​ឯង​អត់​ចេះ​លេង​ល្បែង​សាមកុក​ កុំ​ទាន់​អាល​លេង​ជាមួយ​ ហ៊ុន សែន​។​ ពេលខ្លះ​ ខុង ម៉ីង​ មិន​ទាន់​ធ្វើ​ ស៊ឺម៉ាអ៊ី​ មិន​ទាន់​ធ្វើ​ត្រូវ​ ហ៊ុន សែន​ ធ្វើ​នៅ​សតវត្ស​ទី ២១​ ឯណេះ​វិញ​ទេ​ ពីព្រោះ​កាល​នោះ​ ចាប់ផ្តើម​ឡើង​គេ​វ៉ៃ​គ្នា​ទេ​ ល្បិច​វ៉ៃ​​គ្នា​ទេ​។​ តែ​នេះ​ជា​ល្បិច​ក្នុង​ល្បិច​នៃ​ការ​យក​ប្រៀប​នៅ​ក្នុង​ល្បែង​ប្រជាធិបតេយ្យ ​»​។

រូប​មន្ត​ពីរ​ភាគ​បី​ ជា​រូបមន្ត​ដែល​បង្កើត​រដ្ឋាភិបាល​ចម្រុះ​​ជាមួយ​គណបក្ស​ផ្សេង​ ដែល​មាន​អសនៈ​ក្នុង​រដ្ឋ​សភា​ ហើយ​រូបមន្ត ​៥០​ភាគរយ​បូក​មួយ​ ជា​រូបមន្ត​ ដែល​គណបក្ស​មាន​អសនៈ​ច្រើន​ជាង​គេ​ក្នុង​រដ្ឋសភា​អាច​បង្កើត​រដ្ឋាភិបាល​ ខ្លួន​ឯង​បាន​ដោយមិន​ចាំបាច់​មាន​ការ​ចូលរួម​ពី​បក្ស​ផ្សេង​។​
ដូច្នេះ​ល្បែង​នយោបាយ​តាម​ក្បួន​សាមកុក​ ហាក់​ត្រូវ​បាន​លោក​ ហ៊ុន​ សែន​ យក​មក​លេង​យ៉ាង​មាន​ប្រសិទ្ធភាព​ជា​បន្តបន្ទាប់​ ដើម្បី​ធ្វើ​ឲ្យ​ក្រុម​ប្រឆាំង​ចុះ​ទន់ខ្សោយ​។​ ក៏​ប៉ុន្តែ​ តើ​ក្បួន​សាមកុក​របស់​លោក​ ហ៊ុន​ សែន​ នៅ​ខែ​កក្កដា​ ឆ្នាំ​២០១៣​ នេះ​ អាច​ធ្វើ​អោយ​លោក​មាន​ជ័យជំនះ​ទៀត​ ឬ​នេះ​ជា​ចំណេះ​ជិះ​ក​ឯង​ ដែល​នាំ​អោយ​លោក​ទទួល​បរាជ័យ​នៅ​ចុង​បញ្ចប់​ទៅ​វិញ​?

លោក​ ហ៊ុន​ សែន​ ធ្លាប់​ស្រែក​ប្រកាស​នៅ​ចំពោះ​មុខ​ក្រុម​មន្រ្តី​គណបក្ស​ប្រជាជន​កម្ពុជា​ថា ​ គ្មាន​ផ្លូវ​ណា​ ដែល​បើក​ឲ្យ​មេ​បក្ស​ប្រឆាំង​ចូល​ប្រទេស​កម្ពុជា​វិញ​នោះ​ទេ​។​  ប៉ុន្តែ​ឥឡូវ​ លោក​ សម​ រង្ស៊ី​ កំពុង​មាន​វត្តមាន​នៅ​កម្ពុជា​ ទំនង​ជា​ដោយសារ​សម្ពាធ​របស់​ប្រទេស​មហា​អំណាច​ ហើយ​សម្ពាធ​នេះ​បាន​បង្ខំ​ឲ្យ​លោក​ ហ៊ុន​ សែន​ ត្រូវ​តែ​បើក​ផ្លូវ​ឲ្យ​លោក​ សម​ រង្ស៊ី​ ចូល​ស្រុក​វិញ​។​

ក្បួន​សាមកុក​របស់​លោក​ ហ៊ុន​ សែន​ ពេល​នេះ​ ប្រហែល​ជា​បែង​ខុស​ក្រឡា​បន្តិច​។​ ក្បួន​នេះ​អាច​លេង​ជោគជ័យ​ទៅ​បាន​ ប្រសិនបើ​ពិភពលោក​នេះ​ បិទជិត​ហើយ​គ្មាន​ការ​ឃ្លាំ​មើល​របស់​អន្តរជាតិ​។​ ប៉ុន្តែ​ក្នុង​សតវត្ស​ទី​២១​ ដូច្នេះ​អ្វីៗ​ កាន់​តែ​បើក​ចំហរ​ ដោយសារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ ប្រព័ន្ធ​អ៊ីនធឺណែត​ សម្ពាធ​របស់​មហាជន​ និង​ស​ម្ពាធ​របស់​បណ្តា​ប្រទេស​មហា​អំណាច​ ដែល​សេដ្ឋកិច្ច​កម្ពុជា​ត្រូវការ​ពឹងពាក់​បណ្តា​ប្រទេស​ទាំងនោះ​ដែរ​។​

បរាជ័យ ​ក្បាច់​សាមកុក​ គឺ​ជា​បរាជ័យ​ដ៏​ធំ​បំផុត​របស់​លោក​ ហ៊ុន​ សែន​ ដោយសារ​សម្ពាធ​របស់​មហា​អំណាច​អាមេរិក​ ដែល​នឹង​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​ក្រោយ​ការ​បោះឆ្នោត​ ប្រសិនបើ​គ្មាន​មេ​បក្ស​ប្រឆាំង​ចូលរួម​ការ​បោះឆ្នោត​។  ទីពីរ​ លោក​ ហ៊ុន​ សែន​ ទំនង​អាច​ខ្លាច​ប្រឡាក់​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​របស់​អាមេរិក​ ដែល​តំណាង​រាស្រ្ត​សហរដ្ឋអាមេរិក​ គំរាម​ដាក់​រូប​លោក​​ក្នុង​បញ្ជី​ឈ្មោះ​នៃ​ក្រុម​មេ​ដឹកនាំ​អាក្រក់​បំផុត​ លើ​ពិភពលោក​។​

លោក​ ហ៊ុន​ សែន​ ក៏​ទំនង​ជា​ខ្លាច​សហរដ្ឋអាមេរិក ​ប្រមូល​កៀរគរ​ប្រទេស​ជា​មិត្ត​របស់​អាមេរិក​ទាំងអស់ ​អោយ​កាត់ផ្តាច់​ជំនួយ​សេដ្ឋកិច្ច​ និង​កាត់​បន្ថយ​ទំនាក់ទំនង​ជាមួយ​កម្ពុជា​។​ ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក​ និង​សហភាព​អឺរ៉ុប​មក​លើ​កម្ពុជា​ អាច​ជា​ការ​បញ្ឈប់​មិនអោយ​ប្រទេស​កម្ពុជា​ នាំ​ផលិតផល​សម្លៀកបំពាក់​កាត់ដេរ​ចូល​ក្នុង​ប្រទេស​របស់​ពួកគេ​។​ ពេលនោះ​ កម្មករ​ប្រមាណ ​៧០​ម៉ឺន​នាក់​នៅ​កម្ពុជា ​នឹង​អត់​ការងារ​ធ្វើ​។​ គួបផ្សំ​នឹង​យុវជន​កំពុង​អត់​ការងារ​ធ្វើ​ស្រាប់​រាប់ម៉ឺន​នាក់​ផង​នោះ​ កម្ពុជា​អាច​នឹង​កើត​មាន​ភាពចលាចល​សង្គម​។​ នោះ​ហើយ​ ទំនង​ជា​ក្តី​បារម្ភ​ធំ​មួយ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​​ និង​ទីបី​ ការ​បង្រួបបង្រួម​នៃ​គណបក្ស​ប្រឆាំង​ទាំងពីរ​ អោយ​ទៅ​ជា​គណបក្ស​សង្គ្រោះជាតិ​នេះ​ បាន​ធ្វើ​អោយ​កំលាំង​ប្រឆាំង​កាន់​តែ​មាន​អនុភាព​ និង​មាន​សន្ទុះ​កាន់​តែ​ខ្លាំង​។​

ម៉្យាងទៀត​ លោក​ កឹម​ សុខា​ បាន​អះអាង​ម្តង​ហើយ​ម្តង​ទៀត​ថា​ មន្រ្តី​គណបក្ស​ប្រឆាំង​​ដែល​នៅ​សេសសល់​ពេល​នេះ​ សុទ្ធ​តែ​ជា​មន្រ្តី​ដែល​លែង​ចុះ​ញ៉ម​តាម​ការ​អូសទាញ​ តាម​ល្បិច​បុរាណ​ចិន​របស់​លោក​ ហ៊ុន​ សែន​ ទៀត​ហើយ​៖ «​យើង​ខ្ញុំ​ស៊ូ​ ប៉ុណ្ណឹង​ហើយ​ រឿង​អី​ចុង​ក្រោយ​យើង​ខ្ញុំ​ទៅ​ធ្វើ​អំពើ​ថោកទាប​ ដូច​អ្នក​នយោបាយ​ខ្លះ​។​ យើងខ្ញុំ​មិន​អាច​ធ្វើ​បាន​ទេ​ យើង​ខ្ញុំ​បញ្ជាក់​ ហើយ​គឺ​ទិញ​មិន​លក់​ សម្លុត​មិន​ខ្លាច​ ពាក់ព័ន្ធ​នឹង​ថ្នាក់​មន្រ្តី​បន្ទាប់ៗ​។​ ខ្ញុំ​ឃើញ​ថា​អស់​លោក​ទាំង​ហ្នឹង​មាន​មេរៀន​ច្រើន​ហើយ​។​ អ្នក​ដែល​ទៅ​ហ្នឹង​ គេ​យក​ទៅ​ទុក​ឯណា​ គឺ​ទុក​នៅ​ធុង​សំរាម​។​ គេ​មិន​ដែល​ប្រើ​ឲ្យ​ធ្វើ​អី​ផង​ ហើយ​បើ​គេ​ប្រើ​ គឺ​ប្រើ​គ្រាន់​តែ​ឲ្យ​មក​ជេរ​ មក​បញ្ចោរ​ មក​បង្កាច់​ មក​បង្ខូច​អ្នក​ដែល​ដឹកនាំ​ពី​មុន​មក​តែ​ប៉ុណ្ណឹង​។​ ដូច្នេះ​ហើយ​ វា​អត់​មាន​តំលៃ​។​ គូ​ប្រកួត​របស់​យើង​ដែល​គេ​ដឹង​ខ្លួន​ គេ​ភ័យ​ខ្លួន​ថា​ ចាញ់​គេ​អត់​មាន​ធម៌​សូត្រ​ទៀត​ អ៊ីចឹង​ហើយ​គេ​ចេះ​តែ​ឆ្កឹះ​ឆ្កៀល​ គេ​ចេះ​តែ​បង្កើត​ពាក្យ​ចចាមអារ៉ាម​ ថា​យើង​អ៊ីចេះ​ យើង​អ៊ីចុះ​។​ ប៉ុន្តែ​មេរៀន​នេះ​ដដែល​ៗ​ទេ​ អត់​មក​បំបែក​ សម ​រង្ស៊ី​ កឹម​ សុខា​ បាន​ទេ​ ទិញ​មិន​លក់​ សម្លុត​មិន​ខ្លាច​ ដូច្នេះ​ហើយ​ឲ្យ​ច្បាស់​ត្រង់​ហ្នឹង​»។

ប្រសិន​បើ​ទ្រឹស្តី ​«​ទិញ​មិន​លក់​ សម្លុត​មិន​ខ្លាច​»​ ដែល​លោក​ កឹម​ សុខា​ អះអាង​នេះ​ ជា​អ្វី​ដែល​លោក​ និង​សមាជិក​គណបក្ស​របស់​លោក​ប្រកាន់​យក​ដោយ​ខ្ជាប់ខ្ជួន​នោះ​ ល្បិច​បុរាណ​ចិន​សាមកុក​របស់​លោក​ ហ៊ុន​ សែន​ នឹង​ទទួល​បរាជ័យ​ ហើយ​ចំណេះ​នេះ​នឹង​ជិះ​ក​ឯង​វិញ​ជា​មិន​ខាន​៕

Monday 8 July 2013

កម្ពុជា: និស្សិត​កម្ពុជា​បាន​អាហារូបករណ៍ ​Fulbright ត្រៀមខ្លួន​​ទៅ​រៀន​នៅ​អាមេរិក











កម្ពុជា​បង្កើត​សមាគម​អ្នក​ប្រវត្តិសាស្ត្រ

ដោយ សូត្រ សុខប្រាថ្នា
2013-07-07
 
ទី​បំផុត​សមាគម​អ្នក​ប្រវត្តិសាស្ត្រ​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​ហើយ នៅ​ល្ងាច​ថ្ងៃ​៥ កក្កដា ឆ្នាំ​២០១៣។ សម្រាប់​ប្រវត្តិសាស្រ្ត គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​សង្គម។

ទីប្រឹក្សា ​រដ្ឋាភិបាល ​​លោក​បណ្ឌិត ស៊ន សំណាង​ ដែល​ជា​ប្រធាន​សមាគម​​អ្នក​ប្រវត្តិសាស្ត្រ​កម្ពុជា បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ឱ្យ​ដឹង​ថា ការ​បង្កើត​សមាគម​អ្នក​ប្រវត្តិសាស្ត្រ​កម្ពុជា មាន​គោល​បំណង​ក្នុង​ការ​បណ្តុះបណ្តាល​​កា​រស្រាវ​ជ្រាវ ការ​ផ្សព្វផ្សាយ​ផ្នែក​ប្រវត្តិសាស្ត្រ​ឱ្យ​កាន់​តែ​មាន​ភាព​ទូលំ​ទូលាយ​ពី​ ថ្នាក់​ឧត្ដមសិក្សា​រហូត​ដល់​វិទ្យាល័យ ដើម្បី​បង្កើន​ស្នាដៃ​ក្នុង​ការ​សរសេរ​ប្រវត្តិសាស្រ្ត​ប្រកប​ដោយ​ភាព​ ត្រឹមត្រូវ និង​ដើម្បី​រួម​ចំណែក​​នៅ​ក្នុង​ការ​អភិវឌ្ឍ​សង្គម។

លោក ស៊ន សំណាង៖ «ដើម្បី​នឹង​ផ្សព្វផ្សាយ បង្កើន​ការ​យល់​ដឹង​ដល់​សាធារណជន​យើង ដល់​យុវជន​ជំនាន់​ក្រោយ​របស់​យើង។ គេ​តែង​តែ​និយាយ​ថា ប្រជាជាតិ​មួយ​ដែល​មិន​ស្គាល់​អតីតកាល​របស់​ខ្លួន​នោះ មិន​ស្គាល់​បច្ចុប្បន្នកាល នឹង​មិន​ដឹង​ថា ខ្លួន​កំពុង​ធ្វើ​អ្វី?ដូច្នេះ​អ្វី​ដែល​យើង​កំពុង​ធ្វើ​នេះ គឺ​ថា​យើង​ចង់​ឱ្យ​សាធារណជន​ខ្មែរ ឬ​យុវជន​ខ្មែរ​យើង​យល់​កាន់​តែ​ច្បាស់​សម្រាប់​អតីតកាល»

សម្រាប់​អនុប្រធាន​​ដេប៉ាតឺម៉ង់​ប្រវត្តិសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ ភូមិន្ទ​ភ្នំពេញ លោក​សាស្ត្រាចារ្យ វង់ សុធារ៉ា ដែល​ជា​អនុ​ប្រធាន​សមាគម​អ្នក​ប្រវត្តិសាស្ត្រ​កម្ពុជា បាន​បញ្ជាក់​ពី​អារម្មណ៍​សប្បាយ​រីករាយ​សម្រាប់​ការ​បង្កើត​នូវ​សមាគម​អ្នក​ ប្រវត្តិសាស្រ្ត​កម្ពុជា​នេះ​ឡើង ដោយសារ​លោក​ធ្លាប់​មាន​ការ​គម្រោង​ផ្តួច​ផ្តើម​ក្នុង​ការ​បង្កើត​ម្ដង​រួច​ ហើយ ប៉ុន្តែ​មិន​អាច​ចេញ​ជា​រូបរាង ដោយ​សារ​ខ្វះ​មធ្យោបាយ​ផ្សេងៗ។ ប៉ុន្តែ​ពេល​នេះ​អ្នក​ដែល​ចូល​ចិត្ត​ក្នុង​ការ​ស្រាវជ្រាវ​អាច​ពង្រីង​នូវ​ សមត្ថភាព​របស់​ខ្លួន​បាន តាម​រយៈ​ការ​បង្កើត​សមាគម​អ្នក​ប្រវត្តិសាស្ត្រ​កម្ពុជា​នេះ៖ «ពិត​ខ្ញុំ​មាន​អារម្មណ៍​រំភើប​សប្បាយ​រីករាយ​​នៅ​ពេល​សមាគម​អ្នក​ប្រវត្តិសាស្ត្រ​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​បាន»

លោក​បាន​បន្ថែម​ទៀត​ថា ដោយសារ​កន្លង​មក​មជ្ឈដ្ឋាន​ទូទៅ​ដូច​ជា​មិន​សូវ​បាន​សិក្សា​ស្រាវជ្រាវ ឬ​យល់​ដឹង​ឱ្យ​បាន​ត្រឹមត្រូវ​អំពី​ប្រវត្តិសាស្ត្រ​ជាតិ មិន​តែ​ប៉ុណ្ណោះ រវាង​គ្រូ​នៅ​ឧត្ដមសិក្សា និង​គ្រូ​នៅ​វិទ្យាល័យ​ក៏​មាន​ការ​បង្រៀន​ប្រវត្តិសាស្ត្រ​ខុស​គ្នា ហើយ​សមាគម​នេះ អាច​ជា​ការ​ផ្ដល់​មធ្យោបាយ​ងាយ​ស្រួល​ក្នុង​ការ​ទំនាក់ទំនង​គ្នា​ទៀត​ផង។

លោក វង់ សុធារ៉ា៖ «មជ្ឈដ្ឋាន​ទូទៅ​ទាំង​គ្រូ ទាំង​ប្រជាជន​សាមញ្ញ ហាក់​ដូច​ជា​មិន​ទាន់​បាន​យល់​ដឹង​ឱ្យ​បាន​ស៊ី​ជម្រៅ ឬ​មួយ​ក៏​ឱ្យ​បាន​ត្រឹមត្រូវ​អំពី​ប្រវត្តិសាស្ត្រ​របស់​ជាតិ​យើង ហើយ​ក្នុង​ចំណោម​គ្រូ​ដែល​បង្រៀន​នៅ​ចំណេះ​ដឹង​ទូទៅ និង​នៅ​សាកលវិទ្យាល័យ នៅ​មាន​ការ​បង្ហាត់​បង្រៀន​អំពី​ខ្លឹមសារ​ប្រវត្តិសាស្ត្រ​ខ្មែរ​ក៏​ខុស​ ដែរ»

ស្រដៀង​គ្នា​នេះ ប្រធាន​មូលនិធិ​កេរដំណែល​ខ្មែរ​លោក​បណ្ឌិត ចិន្ត ច័ន្ទរតនា បាន​លើក​ឡើង​ថា លោក​មាន​ការ​សប្បាយ​រីករាយ​ជា​ខ្លាំង​​ការ​ដែល​សមាគម​អ្នក​ប្រវត្តិសាស្ត្រ​ កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង ពីព្រោះ​ដោយសារ​ការ​ចូលរួម​ពី​សំណាក់​សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ ដែល​មាន​មាន​ជំនាញ​ខាង​ប្រវត្តិសាស្រ្ត​បាន​រួម​គ្នា​ជា​ធ្លុង​មួយ​សម្រាប់​ រៀបចំ​ការ​ស្រាវជ្រាវ​ប្រវត្តិសាស្រ្ត​ប្រកប​ទៅ​ដោយ​ភាព​សុក្រិត។

លោក ចិន្ត ច័ន្ទរតនា៖ «ទី​១ សមាគម​នេះ​ត្រូវ​បាន​ផ្ដួចផ្ដើម និង​រៀបចំ​ដោយ​សុទ្ធសឹង​តែ​មាន​អ្នក​ប្រាជ្ញ អ្នក​ស្រាវជ្រាវ លោកសាស្រ្តាចារ្យ ក៏​ដូច​ជា​និស្សិត​ដែល​មាន​ឆន្ទៈ ក៏​ដូច​ជា​គោលបំណង​រួម​ក្នុង​ការ​បង្កើត ឬ​ធ្វើ​អ្វី​មួយ​ឱ្យ​ជា​ធ្លុង​មួយ​ក្នុង​ការ​ចងក្រង ប្រមូល​ឯកសារ​ជា​ច្រើន​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ ហើយ​ឯកសារ​ទាំង​នោះ ជា​ពិសេស​ដែល​ពាក់ព័ន្ធ​នឹង​ប្រវត្តិសាស្ត្រ​ខ្មែរ​នោះ​គឺ​មាន​ភាព​សុក្រឹត»

សមាគម​អ្នក​ប្រវត្តិសាស្ត្រ​កម្ពុជា ត្រូវ​បាន​ទទួល​ការ​អនុញ្ញាត​ជា​ផ្លូវ​ការ​ពី​ក្រសួង​មហាផ្ទៃ នៃ​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៨ មិថុនា ឆ្នាំ​២០១៣ ហើយ​បច្ចុប្បន្ន​មាន​ទីស្នាក់ការ​កណ្ដាល​នៅ​អគារ​លេខ ៨ ផ្លូវ ១៧៣ សង្កាត់​អូឡាំពិក ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ៕

បទ​វិភាគ៖ តើ​បក្ស​កាន់​អំណាច​អាច​រក្សា​អាសនៈ​សភា​៩០​កៅអី​បាន​ឬ​ទេ?

 ដោយ វណ្ណ វិចារ

ចាប់​ពី​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ មក គណបក្ស​ប្រជាជន​កម្ពុជា បាន​ចូល​រួម​ដឹក​នាំ​រដ្ឋាភិបាល​អស់ ៤​អាណត្តិ​ទៅ​ហើយ ​បើ​ទោះ​បី​បក្ស​នេះ​ចាញ់​ឆ្នោត​កាល​ពី​ការ​បោះ​ឆ្នោត​លើក​ដំបូង​ក្ដី។ គណបក្ស​ប្រជាជន​កម្ពុជា កើន​​អាសនៈ​ជា​លំដាប់​ពី ៦៦ នៅ​ឆ្នាំ​១៩៩៨ បន្ទាប់​មក ៧២ នៅ​ឆ្នាំ​២០០៣ និង​រហូត​ដល់ ៩០​អាសនៈ នៅ​ឆ្នាំ​២០០៨។

តើ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី​៥ នៅ​ឆ្នាំ​២០១៣ នេះ​គណបក្ស​កាន់​អំណាច​អាច​បង្កើន​ចំនួន​អាសនៈ​ជា​បន្ត​ទៀត ឬ​យ៉ាង​ណា?

ធាតុ​ពិត​ការ​កើន​ឡើង​នៃ​ចំនួន​អាសនៈ​សភា​របស់​គណបក្ស​កាន់​អំណាច មិន​មែន​បាន​មក​ដោយ​ការ​ប្រជែង​ផ្នែក​ផ្សព្វផ្សាយ​គោលនយោបាយ​ឡើយ ​តែ​ជា​លទ្ធផល​ដែល​បាន​មក​ពី​ការ​ប៉ែង​ជើង​គូប្រជែង ឬ​ដៃគូ​រដ្ឋាភិបាល​ចម្រុះ គឺ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ប៉ុណ្ណោះ។ គណបក្ស​កាន់​អំណាច មិន​អាច​ទាញ​សំឡេង​ឆ្នោត​ពី​បក្ស​ប្រឆាំង​បាន​ទេ ដោយសារ​តែ​បក្ស​ប្រឆាំង​ក៏​កើន​សំឡេង​គាំទ្រ​ដែរ ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ។

គេ​នៅ​ចាំ​បាន​ថា ​កាល​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៨ គណបក្ស​ប្រជាជន​កម្ពុជា យក​ឈ្នះ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បាន ដោយសារ​ហ្វ៊ុនស៊ិនប៉ិច បែក​រង្គោះរង្គើ ​និង​ចាញ់​ការ​ប្រយុទ្ធ​បង្ហូរ​ឈាម​កណ្តាល​ទីក្រុង​ភ្នំពេញ​ ក្នុង​ព្រឹត្តិការណ៍​ថ្ងៃ​ទី​៥ ទី​៦ ខែ​កក្កដា ឆ្នាំ​១៩៩៧។

មន្ត្រី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មួយ​ចំនួន បាន​ស្លាប់ ហើយ​ខ្លះ​ទៀត​ក៏​ចុះ​ចូល​នឹង​គណបក្ស​ប្រជាជន​កម្ពុជា អម​ទៅ​ដោយ​អ្នក​គាំទ្រ​ទៅ​ជា​មួយ​ផង។ មិន​តែ​ប៉ុណ្ណោះ គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​ទទួល​ឥស្សរជន​មួយ​ចំនួន​ពី​គណបក្ស​សេរី​និយម​ព្រះពុទ្ធ​សាសនា​របស់​ លោក សឺន សាន ដែរ។
កាល​ឆ្នាំ​នោះ​ដែរ លោក ហ៊ុន សែន មាន​ប្រជាប្រិយភាព​ខ្លាំង ដោយសារ​បង្កើត​នយោបាយ ឈ្នះ ឈ្នះ នាំ​ខ្មែរ​ក្រហម​ចូល​ស្រុក និង​បាន​មេដាយ​សន្តិភាព​ជា​លើក​ដំបូង ការ​សាងសង់​សាលារៀន​ស្ទើរ​គ្រប់​ទី​កន្លែង​ជា​ដើម។ រី​ឯ​គូ​ប្រកួត​របស់​លោក ហ៊ុន សែន កាល​នោះ គឺ​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ហាក់​មិន​សូវ​មាន​ប្រជាប្រិយភាព និង​ថ្វី​មាត់​ដូច​លោក ហ៊ុន សែន ឡើយ។

លុះ​ដល់​ឆ្នាំ​២០០៣ គូប្រជែង​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​ជា​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដដែល។ ហ៊្វុនស៊ិនប៉ិច កាល​នោះ​ចុះ​ខ្សោយ​ចាញ់​គណបក្ស​ប្រជាជន​កម្ពុជា ដោយសារ​តែ​វិបត្តិ​ជម្លោះ​ផ្ទៃ​ក្នុង។ មន្ត្រី​ធំៗ មាន​ឥទ្ធិពល​មួយ​ចំនួន​ បាន​ចុះ​ចូល​គណបក្ស​ប្រឆាំង សម រង្ស៉ី​ និង​អ្នក​ខ្លះ​បន្ត​ចូល​គណបក្ស​ប្រជាជន​កម្ពុជា ទាំង​ចំហ និង​សម្ងាត់។ អ្នក​បោះ​ឆ្នោត​ក៏​បែក​សំឡេង អ្នក​ខ្លះ​បោះ​ឆ្នោត​ឲ្យ​គណបក្ស សម រង្ស៉ី ​អ្នក​ខ្លះ​បន្ត​បោះ​ឆ្នោត​ឲ្យ​ហ៊្វុនស៊ិនប៉ិច ​និង​អ្នក​ខ្លះ​ទៀត បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន។

កាល​នោះ​បើ​គណបក្ស​ហ៊្វុនស៊ិនប៉ិច រួម​បញ្ចូល​គ្នា​នឹង​គណបក្ស សម រង្ស៉ី ក៏​គណបក្ស​ប្រជាជន​កម្ពុជា ​មិន​អាច​បាន​កៅអី​សភា​ដល់​ទៅ ៧២​អាសនៈ​ដែរ ​នេះ​បើ​ផ្អែក​តាម​រូបមន្ត​បែង​ចែក​អាសនៈ​សភា។ អ្នក​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០០៣ ក៏​មើល​មិន​សូវ​ឃើញ​ពី​ចំណុច​អវិជ្ជមាន​របស់​មន្ត្រី​រដ្ឋាភិបាល ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ។

រហូត​ដល់​ឆ្នាំ​២០០៨ គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​ឆ្នោត​គគ្រឹកគគ្រេង​សំបើម​ណាស់។ ការ​ឈ្នះ​ឆ្នោត​នេះ មិន​មែន​ជា​រឿង​ចៃដន្យ​ទេ តែ​ជា​សន្លឹក​ឆ្នោត​ដ៏​ច្រើន​សន្ធឹក​ដែល​បាន​មក​ពី​ការ​បែកបាក់​គណបក្ស​ ហ៊្វុនស៊ិនប៉ិច ​ជា​ពីរ។ ម្ខាង​ជា​គណបក្ស​ជាតិ​និយម​ដឹកនាំ​ដោយ​សម្រេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ និង​ម្ខាង​ទៀត​ជា​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​ដឹក​នាំ​ដោយ​លោក ញឹក ប៊ុនឆៃ។
នៅ​ឆ្នាំ​២០០៨ នោះ លោក កឹម សុខា ដែល​ធ្លាប់​កាន់​ការ​ជា​អ្នក​តំណាងរាស្ត្រ​គណបក្ស​សេរី​និយម​ព្រះពុទ្ធ​ សាសនា​របស់​លោក សឺន សាន នោះ ក៏​ឆ្លៀត​ឱកាស​បង្កើត​គណបក្ស​សិទ្ធិ​មនុស្ស​បាន​ចំណេញ ៣​កៅអី​នឹង​គេ​ដែរ។ ឆ្នាំ​២០០៨ ក៏​ជា​ឆ្នាំ​ដែល​សេដ្ឋកិច្ច​ឡើង​ខ្ពស់ លោក ហ៊ុន សែន ក៏​ប្រើ​យុទ្ធសាស្ត្រ​រុញ​ទូក​បណ្ដោយ​ទឹក ថ្លែង​ថា លោក​គ្រប់​គ្រង​បាន​ល្អ បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន ដី​នៅ​តែ​ឡើង​ថ្លៃ​ជាដើម។ ម្យ៉ាង ថៃ​លើក​ទ័ព​ចូល​ប្រាសាទ​ព្រះវិហារ ជា​មូល​ហេតុ​មួយ​នាំ​ពលរដ្ឋ​បោះ​ឆ្នោត​ឲ្យ​លោក ហ៊ុន សែន ដែរ។ ម្ចាស់​ឆ្នោត​ភាគ​ច្រើន​ជឿ​ថា ក្នុង​ចំណោម​បេក្ខជន​នាយក​រដ្ឋមន្ត្រី​ពី​គណបក្ស​ធំៗ មាន​តែ​លោក ហ៊ុន សែន ទេ ដែល​មាន​ជំនាញ​ប្រើ​ទ័ព និង​ថ្នឹក​ខាង​ចម្បាំង​ដែល​អាច​រំដោះ​ប្រាសាទ​ព្រះវិហារ ពី​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃ​បាន។

ចំណែក​នៅ​ឆ្នាំ​២០១៣ នេះ គណបក្ស​ប្រជាជន​កម្ពុជា ទំនង​ដូចជា​មិន​បាន​បញ្ចេញ​ឥទ្ធិពល​ណា​មួយ​លេច​ធ្លោ ដែល​អាច​ឲ្យ​ចំនួន​អ្នក​បោះ​ឆ្នោត​កើន​ឡើង​សោះ​ឡើយ។ មួយ​អាណត្តិ​ចុង​ក្រោយ​នេះ គណបក្ស​កាន់​អំណាច បាន​ធ្វេសប្រហែស​លើ​បញ្ហា​មួយ​ចំនួន ដូចជា​ការ​ហុច​ដង​ដាវ​ឲ្យ​បក្ស​ប្រឆាំង​កាប់​ផ្ទួនៗ។ ប្រការ​ទាំង​នេះ មាន​ជាអាទិ៍ ការ​ផ្ដល់​ដី​សម្បទាន បង្កើត​ជា​ទំនាស់​ដីធ្លី​គ្រប់​ទី​កន្លែង​មិន​ទាន់​មាន​ដំណោះ​ស្រាយ​សមរម្យ អ្នក​តវ៉ា​ដីធ្លី​ត្រូវ​បាន​បង្ក្រាប​ដោយ​ហិង្សា​ពី​សំណាក់​សមត្ថកិច្ច។ មនុស្ស​ស្លាប់​ជាង ​៣០០​នាក់ នៅ​កោះ​ពេជ្រ ដោយ​មិន​មាន​អ្នក​ទទួល​ខុស​ត្រូវ។

អំពើ​អយុត្តិធម៌​សង្គម ឧទាហរណ៍​ករណី​អ្នកស្រី ​យ៉ោម បុប្ផា និង​ករណី​លោក ឈូក បណ្ឌិត ដែល​បាន​បាញ់​ប្រហារ​កម្មករ​នៅ​បាវិត។ ករណី​ចាប់​ខ្លួន​លោក​ ម៉ម សូណង់ដូ ដាក់​គុក​ជាដើម។ ក្នុង​នោះ​សង្គម​ស៊ីវិល​រក​ឃើញ​ថា ​ម្ចាស់​ដីធ្លី​និង​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ជិត ៥០០​នាក់ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ដោយ​អយុត្តិធម៌។

ម្យ៉ាង​វិញ​ទៀត ការ​រីក​ចំរើន​នៃ​បច្ចេកវិទ្យា​ក៏​ជា​មូលហេតុ​ដែល​នាំ​ឲ្យ​គណបក្ស​កាន់​ អំណាច​ធ្លាក់​ប្រជាប្រិយភាព​ដែរ។ អ្នក​ប្រើ​អ៊ីនធឺណិត ដែល​មាន​និន្នាការ​ប្រឆាំង​រដ្ឋាភិបាល ក៏​បាន​គាស់​កកាយ​រូបភាព​រឿងរ៉ាវ​សកម្ម​ផ្សេងៗ​ផ្សព្វផ្សាយ​កាន់​តែ​ច្រើន​ ឡើង។

ព្រឹត្តិការណ៍​ដែល​ឆក់​យក​បេះ​ដូង​យុវវ័យ​ឲ្យ​គិត​ថា រដ្ឋាភិបាល​ដែល​នាំ​ដោយ​គណបក្ស​ប្រជាជន​មិន​ល្អ​ច្រើន​នោះ រួម​មាន​អាជ្ញាធរ​បង្ក្រាប​អ្នក​តវ៉ា​យ៉ាង​ព្រៃផ្សៃ ព្រឹត្តិការណ៍​បាញ់​ប្រហារ​គ្នា​ថ្ងៃ​ទី​៥-​៦ កក្កដា ព្រឹត្តិការណ៍​វាយ​បង្ក្រាប​ហ្វូង​បាតុករ រួម​ទាំង​វាយ​សំពង​លើ​ព្រះ​សង្ឃ​កាល​ពី​ឆ្នាំ​១៩៩៨ ។ល។

ក្រៅ​ពី​នោះ អំពើ​ពុករលួយ​ក៏​ជា​មូលហេតុ​ចម្បង​ដែល​នាំ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា បាត់​បង់​ជំនឿ​ចិត្ត​ពី​សាធារណជន​ដែរ។ បើ​តាម​តួលេខ​ស្រាវជ្រាវ ​កម្ពុជា​នៅ​តែ​ជាប់​ជា​ប្រទេស​មាន​អំពើ​ពុករលួយ​លំដាប់​លេខ​រៀង​ទី​១៥៧ ក្នុង​ចំណោម​ប្រទេស​ជាង ១៧០ ទូទាំង​ពិភពលោក។ គ្រាន់​តែ​ភ្ញាក់​ពី​ដេក​ក្រឡេក​មើល​ផ្លូវ​ថ្នល់​ដែល​សង់​មិន​បាន​មួយ​ឆ្នាំ ​ឡើង​រលួយ​វល់​នោះ​ ក៏​គេ​គិត​ថា ពុក​រលួយ​បាត់​ហើយ គេ​មិន​ចាំ​បាច់​គិត​ដល់​ជីវភាព​ដ៏​ធូរធារ​របស់​មន្ត្រី​ធំៗ ដែល​ជិះ​ឡាន​ទំនើប ចាយ​វាយ​សុទ្ធតែ​ ដុល្លារ តែ​ប្រាក់​ខែ​ត្រឹម​មួយ​លាន​ពីរ​លាន​រៀល​នោះ​ទេ។

ទន្ទឹម​នឹង​នោះ​ការ​រឹង​មាំ​នៃ​កម្លាំង​ប្រមូល​ផ្តុំ​របស់​គណបក្ស​ ប្រឆាំង ក៏​ជា​មូលហេតុ​នាំ​ឲ្យ​បក្ស​កាន់​អំណាច​ចុះ​អន់​ថយ​ដែរ។ បក្ស​ប្រឆាំង​បាន​បង្ហាញ​គោលនយោបាយ ៧​ចំណុច គួរ​ឲ្យ​ទាក់​ទាញ​សម្រាប់​អ្នក​ក្រ និង​មន្ត្រី​រាជការ​ដែល​មាន​ប្រាក់​ខែ​ទាប និង​មិន​មាន​ឱកាស​ប្រព្រឹត្ត​ពុករលួយ។ ចង់​មិន​ចង់​កម្លាំង​ប៉ូលិស ទាហាន គ្រូ​បង្រៀន ដែល​មាន​ប្រាក់​ខែ​ចាយ សល់​ថ្ងៃ​ផង​នោះ ក៏​គង់​គិត​ថា តើ​គាត់​គួរ​យក​ប្រាក់​ខែ​ច្រើន ឬ​ធ្វើ​ការ​ក្រោម​ឥទ្ធិពល​អំពើ​ពុក​រលួយ​តទៅ​ទៀត?

កាល​ពី​ពេល​បោះ​ឆ្នោត​មុនៗ ឲ្យ​តែ​ជិត​ដល់​ពេល​ឃោសនា​គណបក្ស​ប្រជាជន​កម្ពុជា តែង​ប្រារព្ធ​ពិធី​បញ្ចូល​សមាជិក​បក្ស​ថ្មី កន្លែង​ខ្លះ​បញ្ចូល​រហូត​ដល់​រាប់​ពាន់​នាក់ តែ​ឥឡូវ​ហាក់​ដូច​ជា​ស្ងាត់​ទៅ​វិញ។មួយ​វិញ​ទៀត គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​បង្ហាញ​គោលនយោបាយ ឬ​កម្មវិធី​កំណែ​ទម្រង់​ណា​ថ្មី​ប្លែក ​គួរ​ជា​ទី​ទាក់​ទាញ​ម្ចាស់​ឆ្នោត​ទេ។ ពលរដ្ឋ​ភាគ​ច្រើន​ចង់​បាន​តុលាការ​យុត្តិធម៌ ចង់​បាន​ការងារ​ធ្វើ​សម​រម្យ​អ្នក​ធ្វើ​ការងារ​រដ្ឋ​ចង់​បាន​ប្រាក់​ហូប​ ឆ្អែត​ជា​ដើម។

តែ​គណបក្ស​កាន់​អំណាច​ឃោសនា​តែ​រឿង​ដដែល ​ដូច​ជា​ការ​លើក​សរសើរ​សមិទ្ធផល​ដែល​ធ្វើ​រួច មាន​ស្ពាន ផ្លូវ សាលារៀន​ជាដើម។ គណបក្ស​ប្រជាជន​ប្រហែល​ជា​ភ្លេច​គិត​ហើយ​មើល​ទៅ​ថា សមិទ្ធផល​ដែល​រដ្ឋាភិបាល​សាងសង់​មួយ​ចំនួន​មិន​សូវ​មាន​គុណភាព​នោះ​ឡើយ។

ទោះ​យ៉ាង​ណា​ក៏ដោយ បក្ស​កាន់​អំណាច​បាន​លេង​ល្បិច​ជា​ច្រើន ដូច​ជា​ការ​ចាក់​បំបែក​មេ​បក្ស​ប្រឆាំង សម រង្ស៉ី និង​លោក កឹម សុខា តាម​រយៈ​អាយ៉ៃ​ឆ្លើយឆ្លង។ ការ​បង្កើត​ច្បាប់​ប្រឆាំង​អ្នក​ដែល​មិន​ទទួល​ស្គាល់​របប​ខ្មែរ​ក្រហម។ បាតុកម្ម​ប្រឆាំង​លោក កឹម សុខា ដែល​ដឹក​នាំ​ដោយ​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជុំ ម៉ី ព្រម​ទាំង​បណ្ដឹង​ពីរ​ប្រឆាំង​លោក កឹម សុខា ដែល​មជ្ឈដ្ឋាន​មួយ​ចំនួន​ចាត់​ទុក​ថា ជា​រឿង​នយោបាយ។ ប៉ុន្តែ​បក្ស​ប្រឆាំង​នៅ​តែ​ដើរ​ឆ្ពោះ​ទៅ​មុខ​មិន​ថយ​ក្រោយ​ ទេ។

នៅ​ដំណាក់កាល​ឃោសនា​បោះ​ឆ្នោត​នេះ គណបក្ស​កាន់​អំណាច​បាន​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ស្ដីទី​ក្រសួង​ព័ត៌មាន ចេញ​លិខិត​មួយ​ហាម​ឃាត់ ​មិន​ឲ្យ​វិទ្យុ FM ក្នុង​ស្រុក​ផ្សាយ​បន្ត​នូវ​កម្មវិធី​ផ្សាយ​របស់​វិទ្យុ​អន្តរជាតិ​ទេ។ បម្រាម​នេះ ​ធ្វើ​ឲ្យ​មាន​ការ​ខឹងសម្បា​យ៉ាង​ខ្លាំង​ពី​ស្រទាប់​មហាជន​ទូទៅ​អ្នក​កាន់​ ជើង​បក្ស​ប្រឆាំង និង​អ្នក​កាន់​ជើង​បក្ស​កាន់​អំណាច​រហូត​ដល់​អ្នក​ខ្លះ​ចង់​ធ្វើ​បាតុកម្ម​ ថែម​ទៀត។ ស្រប​គ្នា​នោះ សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ព្រម​ទាំង​សហរដ្ឋអាមេរិក​ផង​នោះ ក៏​ផ្ទុះ​ប្រតិកម្ម​ដៀល​ថា រាជរដ្ឋាភិបាល​ជាន់​ឈ្លី​រដ្ឋធម្មនុញ្ញ និង​រំលោភ​បំពាន​សិទ្ធិ​ពលរដ្ឋ​ដែរ។ ដោយ​ឃើញ​សភាពការណ៍​មិន​ស្រួល ក្រសួង​ព័ត៌មាន​ក៏​ចេញ​លិខិត​មួយ​លុប​ចោល​បម្រាម​នេះ​យ៉ាង​តក់ក្រហល់​ដែរ។ តាម​រយៈ ​បម្រាម​របស់​ក្រសួង​ព័ត៌មាន​នេះ ក៏​កាន់​តែ​ធ្វើ​ឲ្យ​បក្ស​ប្រឆាំង​កើន​ប្រជាប្រិយភាព​ថែម​ទៀត។
មូលហេតុ​ចុង​ក្រោយ​មួយ​ទៀត​ គឺ​ការ​រួម​បញ្ចូល​គ្នា​របស់​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច និង​បក្ស​ជាតិ​និយម ការ​រួម​បញ្ចូល​គ្នា​រវាង​គណបក្ស សម រង្ស៉ី និង​គណបក្ស​សិទ្ធិ​មនុស្ស​នោះ ក៏​ត្រូវ​បាន​សង្គម​ស៊ីវិល​បញ្ជាក់​ថា ចំនួន​អាសនៈ​សភា​របស់​គណបក្ស​ទាំង​នោះ មាន​ការ​កើន​ឡើង ដោយ​ផ្អែក​តាម​រូបមន្ត​គណនា​រក​កៅអី​សភា​ដែរ។

ប្រការ​ទាំង​អស់​នេះ​ហើយ ​ដែល​ធ្វើ​ឲ្យ​គេ​ពិបាក​ជឿ​ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​ឈ្នះ​ឆ្នោត​រហូត​ដល់ ៩០​កៅអី ដូច​អាណត្តិ​មុន​ណាស់។ តែ​គណបក្ស​កាន់​អំណាច ទំនង​ជា​នឹង​ឈ្នះ​ឆ្នោត​ដដែល ហើយ​មិន​ច្រើន​ទេ ​គឺ​អាច​ប្រដំប្រសងគ្នា​នឹង​បក្ស​ប្រឆាំង​ប៉ុណ្ណោះ។ ម្យ៉ាង​ទៀត បើ​សិន​ជា​មិន​មាន​ការ​កែ​ទម្រង់​នយោបាយ​ក្រសោប​ចិត្ត​រាស្ត្រ​ឲ្យ​បាន​ទេ​ នោះ គណបក្ស​ប្រជាជន​កម្ពុជា អាច​នឹង​បាត់​បង់​អំណាច​នៅ​អាណត្តិ​បន្ទាប់​ក៏​អាច​ថា​បាន៕

Official Resume of H.E. Dr. SAR Sokha, Deputy Prime Minister and Minister (April 2024)

    CURRICULUM VITAE   1.            Surname - Given Name :    SAR SOKHA   7.            FAMILY STATUS: a.        Spouse: KE SOUNSO...